លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ហេតុអ្វីចាំបាច់ចូលរួមកិច្ចប្រជុំនៅឯសាលប្រជុំ?

ហេតុអ្វីចាំបាច់ចូលរួមកិច្ចប្រជុំនៅឯសាលប្រជុំ?

 រៀង​រាល់​សប្ដាហ៍ សាក្សី​ព្រះ​យេហូវ៉ា​មាន​កិច្ច​ប្រជុំ​ពីរ​ដង​នៅ​ឯ​កន្លែង​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ ហៅ​ថា​សាល​ប្រជុំ។ តើ​ពួក​គេ​ធ្វើ​អ្វី​នៅ​ទី​នោះ ហើយ​តើ​ប្អូន​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ?

 តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ?

 សាល​ប្រជុំ​ជា​មជ្ឈមណ្ឌល​សម្រាប់​សិក្សា ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អប់រំ​ពី​គម្ពីរ។ កិច្ច​ប្រជុំ​នៅ​ទី​នោះ​អាច​ជួយ​ប្អូន:

  •   ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ

  •   ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​កើត​ឡើង​នៅ​សព្វ​ថ្ងៃ

  •   ឲ្យ​ទៅ​ជា​មនុស្ស​ប្រសើរ​ជាង

  •    ឲ្យ​រក​បាន​មិត្ត​ភក្តិ​ល្អ

 តើ​ប្អូន​ដឹង​ទេ? កន្លែង​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា​សាល​ប្រជុំ ដោយ​សារ​នៅ​ទី​នោះ​ច្រើន​តែ​មាន​ការ​ពិគ្រោះ ឬ​ការ​ពិភាក្សា​អំពី​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថាយ ៦:៩, ១០; ២៤:១៤; លូកា ៤:៤៣

 ហេតុ​អ្វី​ប្អូន​គួរ​ចូល​រួម?

 ព័ត៌មាន​នៅ​ឯ​កិច្ច​ប្រជុំ​នឹង​ជួយ​ប្អូន។ ការ​ពិគ្រោះ​អំពី​គោល​ការណ៍​គម្ពីរ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នឹង​ជួយ​ប្អូន​«​ឲ្យ​បាន​ប្រាជ្ញា​»។ (​សុភាសិត ៤:៥​) នេះ​មាន​ន័យ​ថា​គម្ពីរ​បរិសុទ្ធ​ពិត​ជា​អាច​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ក្នុង​ជីវិត ហើយ​ក៏​អាច​ជួយ​ប្អូន​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដូច​ជា​៖

 ជា​ឧទាហរណ៍ មាន​ការ​ថ្លែង​សុន្ទរកថា​ខ្លះ​នៅ​ឯ​កិច្ច​ប្រជុំ​ចុង​សប្ដាហ៍​របស់​យើង ដែល​មាន​ចំណង​ជើង​ដូច​ជា​៖

  •   ហេតុ​អ្វី​ត្រូវ​ឲ្យ​គម្ពីរ​ដឹក​នាំ​ផ្លូវ?

  •   តើ​យើង​អាច​រក​ជំនួយ​នៅ​ឯ​ណា​ពេល​មាន​ទុក្ខ​លំបាក?

  •   តើ​រាជាណាចក្រ​របស់​ព្រះ​កំពុង​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

 ប្អូន​ស្រី​ប៊្រេនដា​រៀប​រាប់​ថា​៖​«​សិស្ស​រួម​ថ្នាក់​ខ្ញុំ​ម្នាក់​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ។ គាត់​អង្គុយ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​យើង ហើយ​យើង​បាន​ឲ្យ​គាត់​មើល​សៀវភៅ​ជា​មួយ​គ្នា។ ក្រោយ​ចប់​កិច្ច​ប្រជុំ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ពិត​ជា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ចម្លើយ​របស់​អ្នក​ដែល​ចូល​រួម​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ គាត់​ក៏​បាន​និយាយ​ដែរ​ថា នៅ​វិហារ​របស់​គាត់​មិន​មាន​សៀវភៅ​សិក្សា​ដូច​ពួក​យើង​ទេ​»។

 តើ​ប្អូន​ដឹង​ទេ? ការ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ​គឺ​ឥត​គិត​ថ្លៃ ហើយ​គ្មាន​ការ​រៃ​អង្គាសប្រាក់​ទេ។

 ការ​សេព​គប់​សំណេះសំណាល​គ្នា​នឹង​លើក​ទឹក​ចិត្ត​ប្អូន។ គម្ពីរ​ប្រាប់​មូលហេតុ​មួយ​ដែល​គ្រិស្ត​សាសនិក​គួរ​ប្រជុំ​គ្នា គឺ​ដើម្បី​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​ហេប្រឺ ១០:២៤, ២៥​) ការ​សេព​គប់​ល្អ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ និង​ដែល​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​ខ្លួន នោះ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ពិភព​លោក​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

 ប្អូន​ស្រី​អេលីហ្សា​រៀប​រាប់​ថា​៖​«​បន្ទាប់​ពី​រវល់​ពេញ​មួយ​ថ្ងៃ ខ្ញុំ​ហត់​នឿយ​និង​អស់​កម្លាំង​ណាស់ តែ​មនុស្ស​នៅ​សាល​ប្រជុំ​តែង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល។ នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ហើយ​អាច​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ស្អែក​បាន​»។

 តើ​ប្អូន​ដឹង​ទេ? សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក មាន​ក្រុម​ជំនុំ​ជាង​១២០.០០០ ហើយ​មាន​កិច្ច​ប្រជុំ​នៅ​ជាង​៦០.០០០​កន្លែង។ រៀង​រាល់​ឆ្នាំ ជា​មធ្យម​សាល​ប្រជុំ​ប្រហែល​១.៥០០​បាន​ត្រូវ​សាង​សង់​ឡើង ដោយ​សារ​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​មាន​ចំនួន​កាន់​តែ​ច្រើន។ a

a ដើម្បី​ស្គាល់​កន្លែង​កិច្ច​ប្រជុំ សូម​ចូល​ទៅ​កាន់​ទំព័រ​«​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​»​ រួច​ចុច​ពាក្យ​«​រក​ទី​តាំង​នៅ​តំបន់​លោក​អ្នក​»។