លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើគម្ពីរអាចជួយខ្ញុំយ៉ាងដូចម្ដេច? ភាគទី២: ធ្វើឲ្យការអានគម្ពីរជាអ្វីដែលសប្បាយរីករាយ

តើគម្ពីរអាចជួយខ្ញុំយ៉ាងដូចម្ដេច? ភាគទី២: ធ្វើឲ្យការអានគម្ពីរជាអ្វីដែលសប្បាយរីករាយ

 ប្អូន​ប្រុស​វ័យ​ជំទង់​ម្នាក់​ឈ្មោះ​វីល​រៀប​រាប់​ថា​៖​«​ការ​អាន​គម្ពីរ​អាច​ជា​អ្វី​ដែល​គួរ​ឲ្យ​ធុញ បើ​អ្នក​មិន​ដឹង​របៀប​អាន​ត្រឹម​ត្រូវ​»។

 តើ​ប្អូន​ចង់​ដឹង​អំពី​វិធី​ពិសេស​ដែល​ធ្វើ​ឲ្យ​ការ​អាន​គម្ពីរ​ជា​អ្វី​ដែល​សប្បាយ​រីករាយ​ឬ​ទេ? អត្ថបទ​នេះ​នឹង​ជួយ​ប្អូន។

 ធ្វើ​ឲ្យ​បទ​គម្ពីរ​រស់​រវើក

 សូម​ជក់​ចិត្ត​នឹង​អ្វី​ដែល​ប្អូន​អាន។ ប្អូន​អាច​ធ្វើ​តាម​យោបល់​នេះ​៖

  1.  ១. ជ្រើស​រើស​កំណត់​ហេតុ​គម្ពីរ​មួយ​ដែល​ប្អូន​ចង់​សិក្សា។ ប្អូន​អាច​ជ្រើស​រើស​ព្រឹត្តិការណ៍​មួយ​ពី​សៀវភៅ​ដំណឹង​ល្អ ឬ​ប្អូន​អាច​ជ្រើស​រើស​កំណត់​ហេតុ​មួយ​ពី​អំណាន​គម្ពីរ​បែប​ល្ខោន​និយាយ ដែល​មាន​នៅ​ក្នុង​jw.org/km។

  2.  ២. អាន​កំណត់​ហេតុ​ដែល​ប្អូន​បាន​ជ្រើស​រើស។ ប្អូន​អាច​អាន​ដោយ​ខ្លួន​ឯង ឬ​អាន​ឮ​ៗ​ជា​មួយ​នឹង​មិត្ត​ភក្តិ​ឬ​ក្រុម​គ្រួសារ។ ប្អូន​អាច​ជ្រើស​រើស​អ្នក​ណា​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ពោល ហើយ​ឲ្យ​អ្នក​ឯ​ទៀត​ដើរ​តួ​ផ្សេង​ៗ។

  3.  ៣. សាក​ធ្វើ​តាម​យោបល់​ដូច​ត​ទៅ​នេះ​៖

    •   គូរ​រូប​អំពី​ព្រឹត្តិការណ៍​ដែល​ប្អូន​អាន ឬ​គូរ​រូប​តាម​លំដាប់​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង។ សូម​ប្រើ​កំណត់​ខ្លី​ៗ​ដើម្បី​ពណ៌នា​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ឈុត​នីមួយ​ៗ។

    •   គូរ​តារាង។ ជា​ឧទាហរណ៍ ពេល​ប្អូន​អាន​អំពី​បុគ្គល​ស្មោះ​ត្រង់​ណា​ម្នាក់ សូម​គូរ​ភ្ជាប់​គុណ​សម្បត្តិ​របស់​គាត់​ជា​មួយ​នឹង​អ្វី​ដែល​គាត់​បាន​ធ្វើ ព្រម​ទាំង​ពរ​ដែល​គាត់​បាន​ទទួល។

    •   ធ្វើ​ឲ្យ​កំណត់​ហេតុ​ទៅ​ជា​រឿង​ថ្មី។ សូម​និយាយ​ព្រឹត្តិការណ៍​នោះ​តាម​ទស្សនៈ​ផ្សេង​ៗ ហើយ​រួម​បញ្ចូល​«​បទ​សម្ភាសន៍​»​ជា​មួយ​នឹង​តួ​សំខាន់​ៗ និង​អស់​អ្នក​ដែល​មាន​វត្តមាន​នៅ​ក្នុង​ហេតុ​ការណ៍​នោះ។

    •   បើ​តួ​អង្គ​មួយ​ក្នុង​កំណត់​ហេតុ​បាន​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ សូម​ស្រមៃ​គិត​អំពី​លទ្ធផល​ផ្សេង​ទៀត។ ជា​ឧទាហរណ៍ ពេល​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​លោក​យេស៊ូ។ (​ម៉ាកុស ១៤:៦៦​-​៧២​) តើ​ពេត្រុស​អាច​ប្រព្រឹត្ត​ប្រសើរ​ជាង​យ៉ាង​ណា​ក្នុង​ស្ថានភាព​នោះ?

    •   បើ​ប្អូន​មាន​គំនិត​ច្នៃ​ប្រឌិត សូម​សរសេរ​សាច់​រឿង​ដោយ​ផ្អែក​លើ​កំណត់​ហេតុ​ក្នុង​គម្ពីរ។ សូម​រួម​បញ្ចូល​មេ​រៀន​ដែល​ប្អូន​អាច​រៀន​ពី​កំណត់​ហេតុ​នោះ​ផង​ដែរ។—រ៉ូម ១៥:៤

      ប្អូន​អាច​ធ្វើ​ឲ្យ​កំណត់​ហេតុ​គម្ពីរ​ហាក់​ដូច​ជា​កំពុង​កើត​ឡើង​នៅ​ជុំ​វិញ​ប្អូន!

 វិភាគ!

 បើ​ប្អូន​វិភាគ​យ៉ាង​ល្អិត​ល្អន់ ប្អូន​អាច​រក​ឃើញ​ចំណេះ​ដ៏​មាន​តម្លៃ​ក្នុង​កំណត់​ហេតុ។ ជួន​កាល ការ​គិត​ពាក្យ​មួយ​ឬ​ពីរ​ក្នុង​កំណត់​ហេតុ​គម្ពីរ​ក៏​សំខាន់​ដែរ។

 ជា​ឧទាហរណ៍ សូម​ប្រៀប​ធៀប​ម៉ាថាយ ២៨:៧ ជា​មួយ​នឹង​ម៉ាកុស ១៦:៧

  •    ហេតុ​អ្វី​ម៉ាកុស​សរសេរ​យ៉ាង​ជាក់​លាក់​ថា​លោក​យេស៊ូ​នឹង​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម​«​និង​ពេត្រុស​»​?

  •  តម្រុយ: ម៉ាកុស​មិន​បាន​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​ដោយ​ផ្ទាល់​ភ្នែក​ទេ។ គាត់​ទំនង​ជា​ទទួល​ព័ត៌មាន​ពី​ពេត្រុស។

  •  ចំណេះ​វិសេស: ហេតុ​អ្វី​ពេត្រុស​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ ពេល​ឮ​ថា​លោក​យេស៊ូ​ចង់​ជួប​គាត់​ម្ដង​ទៀត? (​ម៉ាកុស ១៤:៦៦​-​៧២​) តើ​តាម​របៀប​ណា​លោក​យេស៊ូ​បង្ហាញ​ថា​លោក​ជា​មិត្ត​ពិត​របស់​ពេត្រុស? តើ​ប្អូន​អាច​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ធ្វើ​ជា​មិត្ត​ពិត​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

 ពេល​ប្អូន​ធ្វើ​ឲ្យ​បទ​គម្ពីរ​រស់​រវើក​និង​វិភាគ​យ៉ាង​ល្អិត​ល្អន់ នោះ​ប្អូន​នឹង​កាន់​តែ​សប្បាយ​រីករាយ​ក្នុង​ការ​អាន​គម្ពីរ!