លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើខ្ញុំគួរធ្វើយ៉ាងណាពេលខូចចិត្តព្រោះស្នេហា?

តើខ្ញុំគួរធ្វើយ៉ាងណាពេលខូចចិត្តព្រោះស្នេហា?

 ប្អូន​ស្ទីវើន​បាន​រៀប​រាប់​ថា​៖​«​ក្រោយ​ពី​ខ្ញុំ​និង​សង្សារ​បែក​គ្នា ខ្ញុំ​ឈឺ​ចុក​ចាប់​ពើត​ផ្សា​ខ្លាំង​ណាស់។ នេះ​គឺ​ជា​ការ​ឈឺ​ចាប់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​»។

 តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ​ទេ? បើ​ធ្លាប់​មែន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​បាន។

 អារម្មណ៍​ដែល​ប្អូន​អាច​មាន

 ការ​បែក​បាក់​ស្នេហា​ធ្វើ​ឲ្យ​ឈឺ​ចាប់​ទាំង​សង​ខាង។

  •   បើ​ប្អូន​ជា​អ្នក​សុំ​បែក ប្អូន​ប្រហែល​យល់​អារម្មណ៍​របស់​ចាស្មីន ដែល​រៀប​រាប់​ថា​៖​«​ការ​ធ្វើ​ឲ្យ​បុគ្គល​ដែល​យើង​ស្រឡាញ់​ឈឺ​ចិត្ត គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ណាស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​រឿង​ដូច​នោះ​មិន​កើត​ឡើង​ម្ដង​ទៀត​ទេ​»។

  •   បើ​ប្អូន​ត្រូវ​គេ​សុំ​បែក ប្អូន​ប្រហែល​ជា​យល់​មូលហេតុ​ដែល​អ្នក​ខ្លះ​ប្រាប់​ថា​បទ​ពិសោធន៍​នោះ​ដូច​ជា​ស្លាប់​ទាំង​រស់។ ប្អូន​ស្រី​ជេនណិត​បាន​ប្រាប់​ថា​៖​«​តាម​ពិត ខ្ញុំ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​នេះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ខឹង ធ្លាក់​ទឹក​ចិត្ត ត្រូវ​គេ​បដិសេធ ហើយ​ក៏​ធ្លាប់​សុំ​ត្រូវ​គ្នា​វិញ​ដែរ។ ដូច្នេះ ជិត​មួយ​ឆ្នាំ​ឯ​ណោះ​ទើប​ខ្ញុំ​ធ្វើ​ចិត្ត​បាន​»។

 សរុប​សេចក្ដី​៖ ការ​បែក​បាក់​ស្នេហា​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ខ្ទេច​ខ្ទាំ​និង​អស់​សង្ឃឹម។ ដូច​អ្នក​សរសេរ​គម្ពីរ​ម្នាក់​បាន​ប្រាប់​ថា​៖​«​ចិត្ត​ខ្ទេច​ខ្ទាំ​ធ្វើ​ឲ្យ​អស់​កម្លាំង​រលីង​»។—សុភាសិត ១៧:២២

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

  •  និយាយ​ជា​មួយ​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​មាន​គំនិត​ចាស់​ទុំ។ គម្ពីរ​ចែង​ថា​៖​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។ (​សុភាសិត ១៧:១៧​) ពេល​ប្អូន​ប្រាប់​អារម្មណ៍​របស់​ប្អូន​អស់​ពី​ចិត្ត​ទៅ​ឪពុក​ម្ដាយ​ឬ​មិត្ត​ភក្ដិ​ដែល​មាន​គំនិត​ចាស់​ទុំ នោះ​អាច​ជួយ​ប្អូន​ឲ្យ​មាន​ទស្សនៈ​ផ្សេង​ចំពោះ​រឿង​នេះ។

     ប្អូន​ជេនណិត​បាន​រៀប​រាប់​ថា​៖​«​អស់​ប៉ុន្មាន​ខែ​ខ្ញុំ​បាន​ផ្ដាច់​ខ្លួន​ពី​អ្នក​ឯ​ទៀត ហើយ​មិន​ចង់​ប្រាប់​អារម្មណ៍​ដល់​អ្នក​ណា​ទេ។ ប៉ុន្តែ ពេល​ខ្ញុំ​ទទួល​ជំនួយ​ពី​មិត្ត​ភក្ដិ ហើយ​បើក​ចិត្ត​ប្រាប់​អារម្មណ៍​ខ្ញុំ​ដល់​គាត់ ខ្ញុំ​បាន​ធូរ​ចិត្ត​ខ្លាំង​ណាស់​»។

  •  ទាញ​មេ​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង។ សុភាសិត​មួយ​ទៀត​ក្នុង​គម្ពីរ​បាន​ចែង​ថា​៖​«​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​និង​ការ​យល់​ដឹង​»។ (​សុភាសិត ៤:៥ ​) បទ​ពិសោធន៍​ឈឺ​ចាប់​នេះ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង និង​ដឹង​របៀប​ដែល​យើង​អាច​យក​ឈ្នះ​ការ​ខក​ចិត្ត។

     ប្អូន​ស្ទីវើន​បាន​រៀប​រាប់​ថា​៖​«​ក្រោយ​ខ្ញុំ​បែក​បាក់​ស្នេហា មិត្ត​ម្នាក់​បាន​សួរ​ខ្ញុំ​ថា​៖‹តើ​ឯង​បាន​ទាញ​មេ​រៀន​អ្វី​ពី​ទំនាក់​ទំនង​នេះ? តើ​បទ​ពិសោធន៍​នេះ​អាច​ជួយ​ឯង​យ៉ាង​ណា​ពេល​ឯង​មាន​សង្សារ​ថ្មី?›​»។

  •  អធិដ្ឋាន។ គម្ពីរ​ចែង​ថា​៖​«​ចូរ​ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ជួយ​អ្នក​»។ (​ចម្រៀង​សរសើរ​ព្រះ ៥៥:២២​) សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​ធ្វើ​ចិត្ត​បាន​ឡើង​វិញ ហើយ​មាន​ទស្សនៈ​ទូលាយ​ជាង​ចំពោះ​ការ​បែក​បាក់​ស្នេហា។

     ប្អូន​ស្រី​ម៉ា​ស្យា​បាន​រៀប​រាប់​ថា​៖​«​សូម​អធិដ្ឋាន​ជា​ទៀង​ទាត់ ព្រោះ​ព្រះ​យេហូវ៉ា​យល់​ពី​ការ​ឈឺ​ចាប់​របស់​អ្នក ហើយ​លោក​ស្គាល់​ពី​ស្ថានភាព​របស់​អ្នក​ច្បាស់​ជាង​អ្នក​ទៅ​ទៀត​»។

  •  សូម​ជួយ​អ្នក​ឯ​ទៀត។ គម្ពីរ​ចែង​ថា​៖​«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។ (​ភីលីព ២:៤​) ពេល​អ្នក​ជួយ​អ្នក​ឯ​ទៀត​កាន់​តែ​ច្រើន នោះ​អារម្មណ៍​ឈឺ​ចាប់​នឹង​ឆាប់​រសាយ ហើយ​អ្នក​នឹង​មាន​ទស្សនៈ​ផ្សេង​ចំពោះ​រឿង​បែក​បាក់​ស្នេហា។

     ប្អូន​ស្រី​អេវលិន​បាន​រៀប​រាប់​ថា​៖​«​ការ​បែក​គ្នា​គឺ​ប្រៀប​ដូច​ជា​ទី​បញ្ចប់​នៃ​ពិភព​លោក ហើយ​វា​ឈឺ​ជាង​ការ​ឈឺ​ចាប់​ខាង​រូប​កាយ​ទៅ​ទៀត។ ប៉ុន្តែ ខ្ញុំ​ឃើញ​ថា​វា​អាច​ធូរ​ស្រាល​ឡើង​បាន គ្រាន់​តែ​ត្រូវ​ការ​ពេល​ឲ្យ​វា​ជា​សះ​ស្បើយ​»។