សៀវភៅម៉ាថាយ ២៤:១-៥១

  • សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​គ្រិស្ត (​១​-​៥១)

    • សង្គ្រាម ការ​អត់​ឃ្លាន ការ​រញ្ជួយ​ដី (​)

    • ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ (​១៤)

    • ទុក្ខ​វេទនា​ជា​ខ្លាំង (​២១, ២២)

    • សញ្ញា​សម្គាល់​របស់​កូន​មនុស្ស (​៣០)

    • ដើម​ល្វា​តូច (​៣២​-​៣៤)

    • ដូច​សម័យ​ណូអេ (​៣៧​-​៣៩)

    • ចូរ​ចាំ​យាម (​៤២​-​៤៤)

    • ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​និង​ខ្ញុំ​បម្រើ​អាក្រក់ (​៤៥​-​៥១)

២៤  ក្រោយ​មក ពេល​លោក​យេស៊ូ​កំពុង​ចាក​ចេញ​ពី​វិហារ នោះ​អ្នក​កាន់​តាម​លោក​បាន​ចូល​មក​ជិត ដើម្បី​បង្ហាញ​សំណង់​ផ្សេង​ៗ​នៃ​វិហារ។ ២  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ឃើញ​អ្វី​ៗ​ទាំង​នេះ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ថ្ម​ទាំង​អស់​នៅ​ទី​នេះ​នឹង​ត្រូវ​ទម្លាក់​ដល់​ដី ហើយ​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ទេ​»។+ ៣  ពេល​ដែល​លោក​កំពុង​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ នោះ​អ្នក​កាន់​តាម​លោក​បាន​មក​ឯ​លោក​ដោយ​ឡែក​ពី​គេ រួច​សួរ​ថា​៖ ​«​សូម​ប្រាប់​យើង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្ត​មាន*របស់​លោក+ និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។*+ ៤  លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​រាល់​គ្នា​ឡើយ+ ៥  ព្រោះ​មនុស្ស​ជា​ច្រើន​នឹង​មក​ដោយ​អាង​ឈ្មោះ​ខ្ញុំ* ហើយ​បំភាន់​មនុស្ស​ជា​ច្រើន ដោយ​ពោល​ថា​៖ ‹ខ្ញុំ​ជា​គ្រិស្ត›។+ ៦  អ្នក​នឹង​ឮ​សូរ​សង្គ្រាម ហើយ​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម តែ​កុំ​ភ័យ​ស្លុត​ឡើយ ព្រោះ​ការ​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង។ ក៏​ប៉ុន្តែ ទី​បញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។+ ៧  ​«​ព្រោះ​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ+ ក៏​នឹង​មាន​ការ​អត់​ឃ្លាន+ ថែម​ទាំង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ផង។+ ៨  ការ​ទាំង​អស់​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក។* ៩  ​«​រួច​មក មនុស្ស​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រង​ទុក្ខ​វេទនា+ ក៏​នឹង​សម្លាប់​អ្នក​រាល់​គ្នា+ ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ។+ ១០  នៅ​ពេល​នោះ​ដែរ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល ក្បត់​គ្នា ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។ ១១  ម្យ៉ាង​ទៀត អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ជា​ច្រើន​នាក់ នឹង​លេច​មក​បំភាន់​មនុស្ស​ជា​ច្រើន។+ ១២  បន្ថែម​ទៅ​ទៀត ដោយ​សារ​ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង នោះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ។ ១៣  ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។+ ១៤  ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ+ រួច​ទី​បញ្ចប់​នឹង​មក​ដល់។ ១៥  ​«​ដូច្នេះ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ក្រឡេក​ទៅ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស កំពុង​ឈរ​នៅ​កន្លែង​បរិសុទ្ធ ដូច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​ដានីយ៉ែល+ (​ចូរ​អ្នក​អាន​ប្រើ​សមត្ថភាព​វែក​ញែក​) ១៦  នោះ​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ។+ ១៧  អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​ទ្រព្យ​សម្បត្តិ​ចេញ​ពី​ផ្ទះ​ឡើយ ១៨  ហើយ​អ្នក​ណា​ដែល​នៅ​ស្រែ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន​ដែរ។ ១៩  នៅ​គ្រា​នោះ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ដែល​នៅ​បំបៅ​កូន​ត្រូវ​វេទនា​ណាស់! ២០  ចូរ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ត្រូវ​រត់​គេច​ខ្លួន​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ។ ២១  ព្រោះ​នៅ​គ្រា​នោះ នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង+ ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ។+ ២២  តាម​ការ​ពិត ប្រសិន​បើ​ព្រះ​មិន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​អ្នក​ណា​នឹង​ត្រូវ​សង្គ្រោះ​ឡើយ។ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង នោះ​ព្រះ​នឹង​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី។+ ២៣  ​«​នៅ​ពេល​នោះ បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹មើល! គ្រិស្ត​នៅ​ទី​នេះ!›+ ឬ​‹នៅ​ទី​នោះ!› កុំ​ជឿ​ឲ្យ​សោះ។+ ២៤  ពី​ព្រោះ​នឹង​មាន​អ្នក​ក្លែង​ខ្លួន​ជា​គ្រិស្ត និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត+លេច​មក ហើយ​ពួក​គេ​នឹង​បង្ហាញ​សញ្ញា​សម្គាល់​និង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​បំភាន់+ទាំង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ប្រសិន​បើ​អាច​បំភាន់​បាន។ ២៥  មើល! ខ្ញុំ​បាន​ព្រមាន​អ្នក​រាល់​គ្នា​ទុក​ជា​មុន​ហើយ។ ២៦  ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹មើល! លោក​នៅ​តំបន់​ស្ងាត់​ជ្រងំ› កុំ​ចេញ​ទៅ​ឡើយ ឬ​បើ​គេ​ថា​៖ ‹មើល! លោក​នៅ​កន្លែង​សម្ងាត់› កុំ​ជឿ​ឲ្យ​សោះ។+ ២៧  ព្រោះ​វត្ត​មាន*របស់​កូន​មនុស្ស នឹង​ប្រៀប​ដូច​ជា​ផ្លេក​បន្ទោរ ដែល​ភ្លឺ​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច។+ ២៨  សាក​សព​នៅ​ទី​ណា សត្វ​ឥន្ទ្រី​នឹង​ប្រមូល​គ្នា​នៅ​ទី​នោះ។+ ២៩  ​«​បន្ទាប់​ពី​ទុក្ខ​វេទនា​នៅ​គ្រា​នោះ​ចប់​ភ្លាម ដួង​អាទិត្យ​នឹង​ទៅ​ជា​ងងឹត+ ដួង​ខែ​នឹង​លែង​ភ្លឺ ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ពី​លើ​មេឃ ហើយ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន។+ ៣០  រួច​មក សញ្ញា​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​កុល​សម្ព័ន្ធ​ទាំង​ឡាយ​នៅ​ផែនដី​នឹង​គក់​ទ្រូង​ដោយ​ក្ដី​ទុក្ខ​ព្រួយ+ ហើយ​ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស+មក​លើ​ពពក​នៅ​លើ​មេឃ ទាំង​មាន​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ។+ ៣១  នៅ​ពេល​នោះ លោក​នឹង​ចាត់​បណ្ដា​ទេវតា​របស់​លោក ព្រម​ជា​មួយ​នឹង​សំឡេង​ត្រែ​លាន់​ឮ​យ៉ាង​ខ្លាំង ហើយ​បណ្ដា​ទេវតា​ទាំង​នោះ​នឹង​ទៅ​ប្រមូល​អ្នក​ដែល​លោក​បាន​រើស​តាំង​ពី​ទិស​ខាង​ជើង ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង។+ ៣២  ​«​ចូរ​ទាញ​យក​មេ​រៀន​ពី​ឧទាហរណ៍​អំពី​ដើម​ល្វា​តូច​ដូច​ត​ទៅ​នេះ​៖ កាល​ដែល​មែក​ខ្ចី​របស់​វា​ទៅ​ជា​ទន់ ហើយ​លាស់​ស្លឹក អ្នក​ដឹង​ភ្លាម​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។+ ៣៣  ដូច​គ្នា​ដែរ កាល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​អស់​នេះ ចូរ​ដឹង​ថា​កូន​មនុស្ស​នៅ​ជិត​មាត់​ទ្វារ​ហើយ។+ ៣៤  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ជំនាន់​នេះ​នឹង​មិន​កន្លង​បាត់​ឡើយ ទាល់​តែ​ការ​ទាំង​អស់​នេះ​កើត​ឡើង។ ៣៥  មេឃ​និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ។+ ៣៦  ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ+ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប+ ៣៧  ពី​ព្រោះ​វត្តមាន*របស់​កូន​មនុស្ស+ នឹង​ដូច​សម័យ​ណូអេ។+ ៣៨  ព្រោះ​មនុស្ស​នៅ​សម័យ​នោះ មុន​ទឹក​ជំនន់​មក​ដល់ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ+ ៣៩  ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ។+ ពេល​កូន​មនុស្ស​មាន​វត្តមាន ក៏​នឹង​ដូច​គ្នា​ដែរ។ ៤០  នៅ​ពេល​នោះ នឹង​មាន​បុរស​ពីរ​នាក់​នៅ​ស្រែ​ចម្ការ ហើយ​ម្នាក់​នឹង​ត្រូវ​យក​ទៅ តែ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល ៤១  ក៏​នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ ហើយ​ម្នាក់​នឹង​ត្រូវ​យក​ទៅ តែ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល។+ ៤២  ដូច្នេះ ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​លោក​ម្ចាស់​របស់​អ្នក​នឹង​មក​វិញ​នៅ​ថ្ងៃ​ណា​ឡើយ។+ ៤៣  ​«​ចូរ​ដឹង​ថា បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា​ចោរ​នឹង​មក​នៅ​យាម​ណា*+ នោះ​ម្ចាស់​ផ្ទះ​មុខ​ជា​ចាំ​យាម​មិន​ឲ្យ​ចោរ​ចូល​ផ្ទះ​គាត់​ទេ។+ ៤៤  ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ+ ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន។ ៤៥  ​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា* ដែល​ម្ចាស់​បាន​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​នៅ​ពេល​ត្រឹម​ត្រូវ?+ ៤៦  ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គល​ហើយ! ប្រសិន​បើ​ម្ចាស់​មក​ដល់ ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន។+ ៤៧  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក។ ៤៨  ​«​ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​អាក្រក់ ហើយ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ម្ចាស់​ខ្ញុំនៅ​បង្អង់​យូរ›+ ៤៩  រួច​ចាប់​ផ្ដើម​វាយ​ខ្ញុំ​បម្រើ​គ្នី​គ្នា ហើយ​ស៊ី​ផឹក​ជា​មួយ​នឹង​មនុស្ស​ប្រមឹក​ស្រា ៥០  នោះ​ម្ចាស់​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹក​ស្មាន និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង+ ៥១  ហើយ​ម្ចាស់​របស់​គាត់​នឹង​ដាក់​ទោស​គាត់​យ៉ាង​ធ្ងន់​បំផុត ក៏​រាប់​បញ្ចូល​គាត់​ក្នុង​ចំណោម​មនុស្ស​លាក់​ពុត។ នៅ​ទី​នោះ គាត់​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​វត្តមាន​»​
ឬ​«​ចុង​បញ្ចប់​នៃ​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
នេះ​សំដៅ​លើ​ការ​តាំង​ខ្លួន​ជា​អ្នក​មាន​ឋានៈ​និង​មាន​អំណាច​របស់​គ្រិស្ត
ប្រៀប​ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ពេល​សម្រាល​កូន
មើល​និយម​ន័យ​ពាក្យ​«​វត្តមាន​»​
មើល​និយម​ន័យ​ពាក្យ​«​វត្តមាន​»​
ឬ​«​ម៉ោង​ណា​នៅ​ពេល​យប់​»​
ឬ​«​មាន​ប្រាជ្ញា​»​