លោតទៅអត្ថបទ

ហេតុអ្វីឪពុកម្ដាយខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំមានពេលសប្បាយខ្លះ?

ហេតុអ្វីឪពុកម្ដាយខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំមានពេលសប្បាយខ្លះ?

សូម​ស្រមៃ​គិត​អំពី​រឿង​ដូច​ខាង​ក្រោម​នេះ:

ប្អូន​ចង់​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​មួយ ប៉ុន្តែ​ប្អូន​មិន​ប្រាកដ​ថា​ឪ​ពុក​ម្ដាយ​របស់​ប្អូន​នឹង​អនុញ្ញាត​ឲ្យ​ទៅ​ឬ​អត់។ តើ​ជម្រើស​មួយ​ណា​ដែល​ប្អូន​នឹង​ជ្រើស​រើស?

  1. ១.  មិន​សួរ​ហើយ​ទៅ​តែ​ម្ដង

  2. ២.  មិន​សួរ​ហើយ​មិន​ទៅ

  3. ៣.  សួរ​ហើយ​ចាំ​ចម្លើយ

 ១. មិន​សួរ​ហើយ​ទៅ​តែ​ម្ដង

 មូលហេតុ​ដែល​ប្អូន​ប្រហែល​ជា​គិត​ដូច្នេះ: ដោយ​សារ​ប្អូន​ចង់​ឲ្យ​មិត្ត​ភក្ដិ​ប្អូន​កោត​ស្ងើច​ថា​ប្អូន​ជា​មនុស្ស​ឯករាជ្យ។ ប្រហែល​ជា​ប្អូន​គិត​ថា ប្អូន​មាន​ប្រាជ្ញា​ច្រើន​ជាង​ឪ​ពុក​ម្ដាយ​ឬ​ក៏​ប្អូន​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ទស្សនៈ​របស់​ពួក​គាត់។—សុភាសិត ១៤:១៨

 លទ្ធផល: មិត្ត​របស់​ប្អូន​ប្រហែល​ជា​នឹង​កោត​ស្ងើច​ប្អូន​មែន ប៉ុន្តែ ពួក​គេ​ក៏​នឹង​រៀន​អ្វី​មួយ​អំពី​ប្អូន​ដែរ ថា​ប្អូន​គឺ​ជា​មនុស្ស​មិន​ស្មោះ​ត្រង់។ បើ​សិន​ជា​ប្អូន​កុហក ឬ​ក៏​បោក​ប្រាស់​ឪ​ពុក​ម្ដាយ​ប្អូន នោះ​ប្អូន​ក៏​ប្រហែល​ជា​នឹង​បោក​ប្រាស់​មិត្ត​របស់​ប្អូន​ដែរ។ ហើយ​បើ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ដឹង ពួក​គេ​នឹង​មាន​អារម្មណ៍​ឈឺ​ចិត្ត ហើយ​ទំនង​ជា​លែង​អនុញ្ញាត​ឲ្យ​ប្អូន​ចេញ​ទៅ​ក្រៅ​ទៀត!—សុភាសិត ១២:១៥

 ២. មិន​សួរ​ហើយ​មិន​ទៅ

 មូលហេតុ​ដែល​ប្អូន​ប្រហែល​ជា​គិត​ដូច្នេះ: ប្អូន​គិត​អំពី​ការ​អញ្ជើញ​នោះ ហើយ​សម្រេច​ចិត្ត​ថា​កម្ម​វិធី​នោះ​មិន​សាក​សម​នឹង​គោល​ការណ៍​របស់​ប្អូន ហើយ​ថា​ការ​អញ្ជើញ​នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្អូន​មាន​ការ​សេពគប់​មិន​ល្អ។ (កូរិនថូស​ទី១ ១៥:៣៣; ភីលីព ៤:៨) ម្យ៉ាង​វិញ​ទៀត ប្អូន​ប្រហែល​ជា​ចង់​ទៅ ប៉ុន្តែ​ប្អូន​គ្មាន​ចិត្ត​ក្លាហាន​សុំ​ការ​អនុញ្ញាត​ពី​ឪ​ពុក​ម្ដាយ។

 លទ្ធផល: បើ​សិន​ជា​ប្អូន​មិន​ទៅ​ដោយ​សារ​ប្អូន​ដឹង​ថា​នោះ​មិន​ល្អ ប្អូន​ប្រហែល​ជា​នឹង​អាច​ផ្ដល់​ចម្លើយ​យ៉ាង​មាន​ទំនុក​ចិត្ត​ដល់​អ្នក​ដែល​អញ្ជើញ​នោះ។ ប៉ុន្តែ បើ​សិន​ជា​ប្អូន​មិន​ទៅ​គ្រាន់​តែ​ដោយ​សារ​ខ្វះ​ចិត្ត​ក្លាហាន​ក្នុង​ការ​សុំ​ការ​អនុញ្ញាត​ពី​ឪ​ពុក​ម្ដាយ ចុង​ក្រោយ​ប្អូន​ប្រហែល​ជា​អង្គុយ​នៅ​ផ្ទះ​ទាំង​មាន​អារម្មណ៍​ថា​ខ្លួន​ប៉ុណ្ណោះ​ដែល​គ្មាន​ឱកាស​សប្បាយ​ដូច​គេ។

 ៣. សួរ​ហើយ​ចាំ​ចម្លើយ

 មូលហេតុ​ដែល​ប្អូន​ប្រហែល​ជា​គិត​ដូច្នេះ: ប្អូន​ទទួល​ស្គាល់​សិទ្ធ​អំណាច​របស់​ឪ​ពុក​ម្ដាយ ហើយ​គោរព​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់។ (កូឡុស ៣:២០) ប្អូន​ស្រឡាញ់​ឪ​ពុក​ម្ដាយ​របស់​ប្អូន ហើយ​មិន​ចង់​ធ្វើ​ឲ្យ​ពួក​គាត់​ឈឺ​ចិត្ត​ដោយ​ធ្វើ​អ្វី​មួយ​លួច​លាក់​ពី​ក្រោយ​ខ្នង​ពួក​គាត់​ទេ។ (សុភាសិត ១០:១) ប្អូន​ក៏​ប្រហែល​ជា​មាន​ឱកាស​ប្រាប់​មូលហេតុ​ដល់​ពួក​គាត់​ដែរ។

 លទ្ធផល: ឪ​ពុក​ម្ដាយ​របស់​ប្អូន​នឹង​មាន​អារម្មណ៍​ថា ប្អូន​ស្រឡាញ់​និង​គោរព​ពួក​គាត់។ ហើយ​ពួក​គាត់​ប្រហែល​ជា​នឹង​យល់​ព្រម បើ​ពួក​គាត់​ចាត់​ទុក​ការ​ស្នើ​សុំ​របស់​ប្អូន​ថា​សម​ហេតុ​ផល។

ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ប្រហែល​ជា​មិន​យល់​ព្រម?

ដូច​ឆ្មាំ​សមុទ្រ ឪ​ពុក​ម្ដាយ​របស់​ប្អូន​អាច​ដឹង​ទុក​ជា​មុន​អំពី​គ្រោះ​ថ្នាក់

 សូម​គិត​មូលហេតុ​មួយ: ជា​ឧទាហរណ៍ បើ​ប្អូន​ចង់​ហែល​ទឹក​ប្អូន​ទំនង​ជា​ចង់​ហែល​នៅ​កន្លែង​ដែល​មាន​ឆ្មាំ​សមុទ្រ។ ហេតុ​អ្វី? ដោយ​សារ​ខណៈ​ពេល​ដែល​ប្អូន​កំពុង​ហែល​ទឹក​សប្បាយ ប្អូន​ពិបាក​កត់​សម្គាល់​អំពី​គ្រោះ​ថ្នាក់។ ប៉ុន្តែ ឆ្មាំ​សមុទ្រ​អាច​ដឹង​ទុក​ជា​មុន​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ឡើង។ ស្រដៀង​គ្នា​ដែរ ដោយ​សារ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​មាន​ប្រាជ្ញា​និង​បទ​ពិសោធន៍​ច្រើន​ជាង ដូច្នេះ​ពួក​គាត់​ប្រហែល​ជា​អាច​ដឹង​អំពី​គ្រោះ​ថ្នាក់​ផ្សេងៗដែល​ប្អូន​មិន​ដឹង។ ដូច​ឆ្មាំ​សមុទ្រ មិន​មែន​ឪ​ពុក​ម្ដាយ​ប្អូន​មិន​ចង់​ឲ្យ​ប្អូន​សប្បាយ​ទេ ប៉ុន្តែ​គោល​បំណង​ពួក​គាត់​ចង់​ជួយ​ប្អូន​ឲ្យ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​ផ្សេងៗដែល​អាច​បណ្ដាល​ឲ្យ​ប្អូន​លែង​មាន​ភាព​សប្បាយ​ទៀត។

 មូលហេតុ​មួយ​ទៀត: ឪ​ពុក​ម្ដាយ​របស់​ប្អូន​ពិត​ជា​ចង់​ការ​ពារ​ប្អូន​ខ្លាំង​ណាស់។ សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​ពួក​គាត់​ឲ្យ​យល់​ព្រម​នៅ​ពេល​ដែល​អាច​ធ្វើ​បាន ហើយ​បដិសេធ​នៅ​ពេល​ដែល​ពួក​គាត់​ដឹង​ថា​ត្រូវ​ធ្វើ​ដូច្នេះ។ ពេល​ដែល​ប្អូន​សុំ​ការ​អនុញ្ញាត​ពី​ពួក​គាត់​ដើម្បី​ធ្វើ​អ្វី​មួយ ពួក​គាត់​នឹង​សួរ​ខ្លួន​ឯង​ថា​បើ​ពួក​គាត់​យល់​ស្រប​តាម​ការ​ស្នើ​សុំ​នោះ តើ​នឹង​មាន​លទ្ធផល​អ្វី​នៅ​ពេល​ក្រោយ។ ពួក​គាត់​នឹង​យល់​ព្រម​ចំពោះ​ខ្លួន​ឯង​និង​ប្អូន លុះ​ត្រា​តែ​ពួក​គាត់​ដឹង​ប្រាកដ​ថា​មិន​មាន​ផល​អាក្រក់​កើត​ឡើង​ចំពោះ​ប្អូន។

តើ​តាម​របៀប​ណា​ប្អូន​អាច​មាន​ឱកាស​ច្រើន​ជាង​ដើម្បី​ទទួល​ការ​អនុញ្ញាត

អ្វី​ដែល​ប្អូន​អាច​ធ្វើ

 ចូរ​និយាយ​ការ​ពិត: សូម​សួរ​ខ្លួន​ឯង: ‹ហេតុ​អ្វី​ខ្ញុំ​ពិត​ជា​ចង់​ទៅ? តើ​ការ​ចូល​រួម​នោះ​ជា​ការ​កំសាន្ត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​បំផុត ឬ​គ្រាន់​តែ​ដោយ​សារ​ខ្ញុំ​ចង់​ធ្វើ​តាម​មិត្ត​ស្រករ​គ្នា​ប៉ុណ្ណោះ? ឬ​ព្រោះ​តែ​មាន​បុគ្គល​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​នៅ​ទី​នោះ​ដែរ?› សូម​ប្រាប់​ការ​ពិត​ទៅ​កាន់​ឪ​ពុក​ម្ដាយ​របស់​ប្អូន។ ពួក​គាត់​ក៏​ធ្លាប់​ឆ្លង​កាត់​គ្រា​យុវវ័យ​ដែរ ហើយ​ពួក​គាត់​ស្គាល់​ប្អូន​ច្បាស់។ ដូច្នេះ​ពួក​គាត់​ទំនង​ជា​នឹង​ដឹង​មូលហេតុ​ពិត​ប្រាកដ​ដែល​ប្អូន​ចង់​ទៅ ទោះ​ជា​ប្អូន​មិន​ប្រាប់​ក៏​ដោយ។ តែ​បើ​ប្អូន​ប្រាប់​ការ​ពិត ពួក​គាត់​នឹង​សប្បាយ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​ប្អូន ហើយ​ប្អូន​នឹង​ទទួល​ផល​ប្រយោជន៍​ពី​ប្រាជ្ញា​របស់​ពួក​គាត់។ (សុភាសិត ៧:១, ២) ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​ប្អូន​មិន​ស្មោះ​ត្រង់ ប្អូន​នឹង​ទៅ​ជា​មនុស្ស​ដែល​គេ​លែង​ទុក​ចិត្ត ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​ប្អូន​បាត់​បង់​ឱកាស​ទទួល​ការ​អនុញ្ញាត។

 ការ​ចេះ​លៃ​ពេល​ឲ្យ​បាន​ល្អ: សូម​កុំ​សួរ​ពួក​គាត់​នៅ​ពេល​ដែល​ពួក​គាត់​ទើប​តែ​ត្រ​លប់​ពី​ធ្វើ​ការ ឬ​ក៏​ពេល​ដែល​ពួក​គាត់​កំពុង​គិត​អំពី​បញ្ហា​ផ្សេង។ សូម​សួរ​ពួក​គាត់​នៅ​ពេល​ដែល​ពួក​គាត់​មាន​អារម្មណ៍​ស្រួល។ ប៉ុន្តែ​សូម​កុំ​ចាំ​រហូត​ជិត​ដល់​ពេល​ទើប​សួរ ហើយ​បង្ខំ​ឲ្យ​ពួក​គាត់​ផ្ដល់​ចម្លើយ​ភ្លាមៗ។ ឪ​ពុក​ម្ដាយ​របស់​ប្អូន​នឹង​មិន​សប្បាយ​ចិត្ត​ទេ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រញាប់​ប្រញាល់។ សូម​សួរ​ឲ្យ​បាន​លឿន​ដើម្បី​ពួក​គាត់​អាច​មាន​ពេល​គិត។

 សូម​រៀប​ចំ​ពាក្យ: សូម​និយាយ​ឲ្យ​ប្រាកដ។ សូម​ពន្យល់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ប្អូន​ចង់​ធ្វើ។ ឪ​ពុក​ម្ដាយ​របស់​ប្អូន​នឹង​មិន​មាន​អារម្មណ៍​ស្រួល​ទេ​ពេល​ប្អូន​ឆ្លើយ​ថា «ខ្ញុំ​អត់​ដឹង​ទេ» ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គាត់​សួរ​ប្អូន​ថា៖«តើ​អ្នក​ណា​ខ្លះ​នឹង​ចូល​រួម?» «តើ​នឹង​មាន​មនុស្ស​ដែល​មាន​វ័យ​ចាស់​ជាង​ទទួល​ខុស​ត្រូវ​ក្នុង​កម្ម​វិធី​នោះ​ឬ​ទេ?» ឬ «តើ​ពេល​ណា​ប្អូន​នឹង​ត្រ​លប់​មក​ផ្ទះ​វិញ?»

 សូម​មាន​ទស្សនៈ​ត្រឹម​ត្រូវ: កុំ​ចាត់​ទុក​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ដូច​ជា​សត្រូវ​ឡើយ។ តែ​សូម​ចាត់​ទុក​ពួក​គាត់​ជា​ក្រុម​តែ​មួយ ព្រោះ​ពួក​គាត់​មិន​មែន​សត្រូវ​របស់​ប្អូន​ទេ តែ​ជា​អ្នក​ជួយ​ប្អូន​វិញ។ បើ​សិន​ជា​ប្អូន​ចាត់​ទុក​ឪ​ពុក​ម្ដាយ​ប្រៀប​ដូច​ជា​មិត្ត ប្អូន​ទំនង​ជា​និយាយ​ជា​មួយ​នឹង​ពួក​គាត់​ដោយ​ប្រើ​ពាក្យ​សប្បុរស​ហើយ​ពួក​គាត់​ក៏​ស្រួល​អនុញ្ញាត​ឲ្យ​ប្អូន​ទៅ​ដែរ។

 សូម​បង្ហាញ​ឪ​ពុក​ម្ដាយ​របស់​ប្អូន​ថា​ប្អូន​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ដើម្បី​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​និង​គោរព​តាម​ការ​សម្រេច​ចិត្ត​នោះ។ បើ​សិន​ជា​ប្អូន​ធ្វើ​ដូច្នេះ ពួក​គាត់​នឹង​គិត​ថា​ប្អូន​មាន​ទំនួល​ខុស​ត្រូវ ហើយ​នេះ​នឹង​ស្រួល​ឲ្យ​ពួក​គាត់​យល់​ព្រម​តាម​សំណូម​ពរ​របស់​ប្អូន​ជាង។