លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើគម្ពីរអាចជួយខ្ញុំយ៉ាងដូចម្ដេច? ភាគទី១: សិក្សាគម្ពីរ

តើគម្ពីរអាចជួយខ្ញុំយ៉ាងដូចម្ដេច? ភាគទី១: សិក្សាគម្ពីរ

 ប៊្រីអាណា​រៀប​រាប់​ថា​៖​«​ខ្ញុំ​ព្យាយាម​អាន​គម្ពីរ ប៉ុន្តែ​ខ្ញុំ​ឆាប់​ធុញ​ព្រោះ​វែង​ពេក!​»។

 តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច្នេះ​ទេ? អត្ថបទ​នេះ​អាច​ជួយ​ប្អូន​បាន!

 ហេតុ​អ្វី​គួរ​អាន​គម្ពីរ?

 តើ​ប្អូន​គិត​ថា​ការ​អាន​គម្ពីរ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទេ? បើ​មែន នោះ​មិន​ចម្លែក​ទេ។ ប្អូន​ប្រហែល​ជា​គិត​ថា​គម្ពីរ​ជា​សៀវភៅ​ដែល​មាន​ជាង​មួយ​ពាន់​ទំព័រ ពេញ​ទៅ​ដោយ​អក្សរ​តូច​ៗ និង​គ្មាន​រូប​ភាព ហើយ​មិន​សប្បាយ​ដូច​មើល​ទូរទស្សន៍​និង​វីដេអូ​ទេ!

 ប៉ុន្តែ សូម​គិត​ដូច​នេះ: បើ​ប្អូន​បាន​ប្រទះ​ឃើញ​ប្រអប់​កំណប់​ទ្រព្យ​ដ៏​ធំ​មួយ​ពី​បុរាណ តើ​ប្អូន​មិន​ចង់​បើក​មើល​អ្វី​ដែល​មាន​នៅ​ក្នុង​នោះ​ទេ​ឬ?

 គម្ពីរ​ប្រៀប​ដូច​ជា​ប្រអប់​កំណប់​ទ្រព្យ​នោះ។ គម្ពីរ​មាន​ប្រាជ្ញា​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​នឹង​ជួយ​ប្អូន​ឲ្យ

  •   ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ

  •   ចុះ​សម្រុង​នឹង​ឪពុក​ម្ដាយ

  •   រក​បាន​មិត្ត​ភក្តិ​ល្អ

  •   បន្ធូរ​ការ​តាន​តឹង​ចិត្ត

 ហេតុ​អ្វី​សៀវភៅ​បុរាណ​នេះ​មាន​ប្រយោជន៍​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ? ដោយ​សារ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) នេះ​មាន​ន័យ​ថា​ឱវាទ​ក្នុង​គម្ពីរ​មក​ពី​ប្រភព​ល្អ​បំផុត​ដែល​ប្អូន​អាច​រក​បាន។

គម្ពីរ​ជា​ប្រអប់​កំណប់​ទ្រព្យ​ដែល​មាន​ប្រាជ្ញា​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន

 តើ​ខ្ញុំ​គួរ​អាន​គម្ពីរ​តាម​របៀប​ណា?

 វិធី​ទី​១ គឺ​អាន​គម្ពីរ​ពី​ដើម​ដល់​ចប់។ នោះ​នឹង​ជួយ​ប្អូន​ឲ្យ​យល់​ខ្លឹម​សារ​នៃ​ព័ត៌មាន​ក្នុង​គម្ពីរ។ មាន​វិធី​ជា​ច្រើន​ដើម្បី​អាន​តាម​របៀប​នេះ។ សូម​ពិចារណា​ឧទាហរណ៍​ពីរ​៖

  •    ប្អូន​អាច​អាន​សៀវភៅ​ទាំង​៦៦​ក្បាល​ក្នុង​គម្ពីរ​តាម​លំដាប់​លំដោយ គឺ​ពី​លោកុប្បត្តិ​ដល់​ការ​បើក​បង្ហាញ។

  •    ប្អូន​អាច​អាន​គម្ពីរ​តាម​លំដាប់​ពេល​វេលា គឺ​អាន​តាម​លំដាប់​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង។

 យោបល់: ក្នុង​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៧ នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី មាន​លំដាប់​ពេល​វេលា​អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ជីវិត​លោក​យេស៊ូ​នៅ​ផែនដី។

 វិធី​ទី​២ គឺ​ដោយ​ជ្រើស​រើស​អាន​កំណត់​ហេតុ​ដែល​ទាក់​ទង​នឹង​ការ​ពិបាក​ដែល​ប្អូន​កំពុង​ប្រឈម​មុខ។ ជា​ឧទាហរណ៍​៖

  •   តើ​ប្អូន​ចង់​មាន​មិត្ត​ភក្តិ​ដែល​ប្អូន​អាច​ទុក​ចិត្ត​បាន​ឬ​ទេ? សូម​អាន​កំណត់​ហេតុ​អំពី​យ៉ូណាថាន​និង​ដាវីឌ។ (​សាំយូអែល​ទី​១ ជំពូក​ទី ១៨​-​២០​) រួច​សូម​ប្រើ​ក្រដាស​លំហាត់​«​របៀប​រក​បាន​មិត្ត​ភក្តិ​ស្មោះ​ត្រង់​»​ ដើម្បី​រៀន​មេ​រៀន​ល្អ​ៗ​ពី​កំណត់​ហេតុ​នោះ។

  •   តើ​ប្អូន​ចង់​មាន​ជំហរ​រឹង​មាំ​ជាង​ដើម្បី​យក​ឈ្នះ​ការ​ល្បួង​ឬ​ទេ? សូម​អាន​កំណត់​ហេតុ​អំពី​របៀប​ដែល​យ៉ូសែប​បាន​យក​ឈ្នះ​ការ​ល្បួង។ (​លោកុប្បត្តិ ជំពូក​ទី ៣៩​) រួច​សូម​ប្រើ​ក្រដាស​លំហាត់​«​របៀប​យក​ឈ្នះ​ការ​ល្បួង...យ៉ូសែប ភាគ​ទី​១​»​ និង​«​ការ​ចោទ​ប្រកាន់​មិន​ពិត! យ៉ូសែប ភាគ​ទី​២​»​ ដើម្បី​រៀន​មេ​រៀន​ល្អ​ៗ​ពី​កំណត់​ហេតុ​នោះ។

  •   តើ​ប្អូន​ចង់​ដឹង​ទេ​ថា​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​ប្អូន​យ៉ាង​ណា? សូម​អាន​បទ​ពិសោធន៍​របស់​នេហេមា។ (​នេហេមា ជំពូក​ទី ២​) រួច​សូម​ប្រើ​ក្រដាស​លំហាត់​«​ព្រះ​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​»​ ដើម្បី​រៀន​មេ​រៀន​ល្អ​ៗ​ពី​កំណត់​ហេតុ​នោះ។

 យោបល់: ពេល​ប្អូន​អាន​គម្ពីរ សូម​នៅ​កន្លែង​ស្ងាត់​ដើម្បី​ប្អូន​ស្រួល​ផ្ចង់​អារម្មណ៍។

 វិធី​ទី​៣ គឺ​ដោយ​ជ្រើស​រើស​កំណត់​ហេតុ​ណា​មួយ ឬ​ជំពូក​ណា​មួយ​ក្នុង​សៀវភៅ​ទំនុក​តម្កើង រួច​សូម​អាន បន្ទាប់​មក​រំពឹង​គិត​អំពី​របៀប​ដែល​ប្អូន​អាច​អនុវត្ត​តាម។ ក្រោយ​ពី​អាន​រួច សូម​សួរ​ខ្លួន​នូវ​សំណួរ​ដូច​នេះ​៖

  •    ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បញ្ចូល​ព័ត៌មាន​នេះ​ក្នុង​គម្ពីរ?

  •    តើ​នេះ​បង្ហាញ​អ្វី​ខ្លះ​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា ឬ​អំពី​របៀប​ដែល​លោក​ធ្វើ​អ្វី​មួយ?

  •    តើ​ខ្ញុំ​អាច​ធ្វើ​តាម​ព័ត៌មាន​នេះ​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច?

 យោបល់: សូម​ប្រើ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​សម្រាប់​សិក្សា ដើម្បី​មើល​វីដេអូ ផែនទី​ និង​លក្ខណៈ​ផ្សេង​ទៀត​ដែល​នឹង​ជួយ​ប្អូន​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ប្អូន​អាន។