លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ចុះយ៉ាងណា បើអ្នកឯទៀតនិយាយដើមខ្ញុំ?

ចុះយ៉ាងណា បើអ្នកឯទៀតនិយាយដើមខ្ញុំ?

 មូលហេតុ​ដែល​ការ​និយាយ​ដើម​ធ្វើ​ឲ្យ​ឈឺ​ចិត្ត

 ការ​និយាយ​ដើម​ខ្លះ​គឺ​ក្នុង​បំណង​ធ្វើ​បាប​ប្អូន ជា​ឧទាហរណ៍​ការ​និយាយ​កុហក​ក្នុង​បំណង​បំផ្លាញ​កេរ្ដិ៍​ឈ្មោះ​ប្អូន។ ទោះ​ជា​ការ​និយាយ​កុហក​នោះ​មិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់​ក៏​ដោយ នេះ​នៅ​តែ​អាច​ធ្វើ​ឲ្យ​ប្អូន​ឈឺ​ចិត្ត ជា​ពិសេស​អ្នក​ដែល​និយាយ​រឿង​នោះ គឺ​ជា​បុគ្គល​ដែល​ប្អូន​គិត​ថា​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ប្អូន!—ទំនុក​តម្កើង ៥៥:១២​-​១៤

 ប្អូន​ស្រី​អាសស្លី​បាន​រៀប​រាប់​ថា​៖«​ខ្ញុំ​បាន​ដឹង​ថា មាន​មិត្ត​ម្នាក់​កំពុង​និយាយ​ដើម​ខ្ញុំ​ពី​ក្រោយ​ខ្នង គាត់​និយាយ​ថា ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់! ខ្ញុំ​មិន​យល់​សោះ​ថា ហេតុ​អ្វី​គាត់​និយាយ​បែប​នេះ​»។

 ការ​ពិត: មិន​មែន​ជា​រឿង​សប្បាយ​ទេ ពេល​ដែល​ដឹង​ថា​មាន​អ្នក​ណា​ម្នាក់​និយាយ​មិន​ល្អ​ពី​ប្អូន ទោះ​ជា​អ្នក​ដែល​និយាយ​នោះ​ជា​មិត្ត​ជិត​ស្និទ្ធ ឬ​មិន​មែន​ក៏​ដោយ។

 ចំណុច​មិន​ល្អ​នោះ​គឺ ប្អូន​មិន​តែង​តែ​អាច​រា​រាំង​អ្នក​ឯ​ទៀត​មិន​ឲ្យ​និយាយ​ដើម​ប្អូន​បាន​ឡើយ

 មាន​មូលហេតុ​ផ្សេង​ៗ​ដែល​មនុស្ស​និយាយ​អំពី​គ្នា នេះ​រួម​បញ្ចូល

 ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មោះ។ មនុស្ស​គឺ​ជា​ភាវរស់​មួយ​ប្រភេទ​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។ ដូច្នេះ ជា​ការ​ធម្មតា​ទេ​ដែល​យើង​ចូល​ចិត្ត​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត និង​និយាយ​អំពី​អ្នក​ឯ​ទៀត។ តាម​ពិត គម្ពីរ​លើក​ទឹក​ចិត្ត យើង​ឲ្យ​បង្ហាញ​ការ​«​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​»។—ភីលីព ២:៤

 ប្អូន​ស្រី​ប៊ីអាន់កា​បាន​រៀប​រាប់​ថា​៖«​មនុស្ស​គឺ​ជា​ប្រធានបទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​និយាយ​»។

 ប្អូន​ស្រី​ខេធី​បាន​រៀប​រាប់​ថា​៖«​ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ចូល​ចិត្ត​ចង់​ដឹង​រឿង​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ផ្សេង​ៗ ហើយ​និយាយ​រឿង​ពួក​គេ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​ទេ តែ ខ្ញុំ​គ្រាន់​តែ​គិត​ថា​វា​ជា​រឿង​សប្បាយ​ប៉ុណ្ណោះ​»។

 ពេល​ទំនេរ។ នៅ​សម័យ​គម្ពីរ មាន​មនុស្ស​ដែល​«​មិន​ធ្វើ​អ្វី​ទេ​ក្រៅ​ពី​និយាយ​ឬ​ស្ដាប់​រឿង​ថ្មី​ៗ​ប៉ុណ្ណោះ​»។ (​សកម្មភាព ១៧:២១​) មនុស្ស​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ!

 ប្អូន​ស្រី​យ៉ូអាន់​បាន​រៀប​រាប់​ថា​៖«​ជួន​កាល​ពេល​ដែល​គ្មាន​រឿង​អ្វី​និយាយ មនុស្ស​បង្កើត​រឿង​ណា​មួយ​ដើម្បី​ពួក​គេ​អាច​មាន​អ្វី​និយាយ​គ្នា​»។

 ការ​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង។ មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​គម្ពីរ​ព្រមាន​យើង​កុំ​ឲ្យ​ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​អ្នក​ឯ​ទៀត។ (​កាឡាទី ៦:៤​) គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ខ្លះ​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ចាប់​ផ្ដើម​និយាយ​អ្វី​ដែល​មិន​ល្អ​អំពី​អ្នក​ឯ​ទៀត។

 ប្អូន​ប្រុស​ហ្វៀល​បាន​រៀប​រាប់​ថា​៖«​ធម្មតា យើង​អាច​ស្គាល់​ថា អ្នក​ដែល​និយាយ​ដើម​គេ​នោះ​ជា​មនុស្ស​បែប​ណា តាម​រយៈ​ពាក្យ​សំ​ដី​ដែល​ពួក​គេ​បាន​និយាយ។ នេះ​មាន​ន័យ​ថា នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ភាគ​ច្រើន​គឺ​មាន​តែ​ការ​ច្រណែន​ប៉ុណ្ណោះ។ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​សប្បាយ​ចិត្ត ពួក​គេ​និយាយ​ពាក្យ​ចចាម​អារ៉ាម​ដែល​មិន​ល្អ​អំពី​អ្នក​ឯ​ទៀត ហើយ​ខំ​ប្រាប់​ខ្លួន​ឯង​ថា ខ្លួន​គឺ​ប្រសើរ​ជាង​បុគ្គល​ដែល​គាត់​ច្រណែន​នោះ។

 ការ​ពិត: មិន​ថា​ប្អូន​ចូល​ចិត្ត ឬ​ក៏​មិន​ចូល​ចិត្ត​នោះ​ទេ មនុស្ស នឹង និយាយ​អំពី​អ្នក​ឯ​ទៀត ពួក​គេ​ក៏​និយាយ​អំពី​ប្អូន​ដែរ។

 ចំណុច​ល្អ​នោះ​គឺ ប្អូន​អាច​ចាត់​វិធានការ​ផ្សេង​ៗ​ចំពោះ​ការ​និយាយ​ដើម

 ប្អូន​ប្រហែល​ជា​មិន​អាច​ឃាត់​អ្នក​ឯ​ទៀត​មិន​ឲ្យ​និយាយ​ពី​ប្អូន​នោះ​ទេ ប៉ុន្តែ​ប្អូន​អាច​ជ្រើស​រើស​ថា ប្អូន​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​ការ​និយាយ​នោះ។ បើ​ប្អូន​ឃើញ​ថា​ពាក្យ​ចចាម​អារ៉ាម​សាយភាយ​ពាស​ពេញ​នោះ យ៉ាង​ហោច​ណាស់​ប្អូន​មាន​ជម្រើស​ពីរ។

 ជម្រើស​ទី១: មិន​អើពើ​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នោះ។ ភាគ​ច្រើន វិធី​ល្អ​បំផុត​នោះ គឺ​ទុក​ឲ្យ​គេ​និយាយ​រឿង​នោះ​ដោយ​មិន​ចាំ​បាច់​រវី​រវល់​នឹង​ពាក្យ​ចចាម​អារ៉ាម​នោះ​ឡើយ ជា​ពិសេស​បើ​ពាក្យ​ចចាម​អារ៉ាម​នោះ​គឺ​ជា​ពាក្យ​ផ្ដេស​ផ្ដាស។ សូម​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី​ល្ងើ​ទេ​»។—សាស្ដា ៧:៩

 ប្អូន​ស្រី​អេលីស​បាន​រៀប​រាប់​ថា​៖«​មាន​ពាក្យ​ចចាម​អារ៉ាម​មួយ​បាន​លេច​ឮ​ថា ខ្ញុំ​កំពុង​ទាក់​ទង​ប្រុស​ម្នាក់​ដែល​ខ្ញុំ​មិន​ដែល​ជួប​ពី​មុន​សោះ! រឿង​នេះ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់ ខ្ញុំ​ចង់​តែ​សើច​ទេ​»។

 ប្អូន​ស្រី​អាលីសាន់​បាន​រៀប​រាប់​ថា​៖«​ការ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​គឺ​ជា​អាវុធ​ដ៏​ល្អ​បំផុត​ដើម្បី​ទប់​ទល់​នឹង​ការ​និយាយ​មិន​ល្អ។ ទោះ​ជា​ពាក្យ​ចចាម​អារ៉ាម​នោះ​លេច​ឮ​យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ មនុស្ស​តិច​ណាស់​ដែល​ជឿ​ពាក្យ​ចចាម​អារ៉ាម​នោះ។ រឿង​ពិត​អំពី​អ្នក​នឹង​ត្រូវ​លាត​ត្រដាង។

 យោបល់: សូម​សរសេរ​ក្នុង​ក្រដាស (១) តើ​គេ​និយាយ​អ្វី​អំពី​ប្អូន ហើយ (២) តើ​រឿង​នោះ​ធ្វើ​ឲ្យ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា។ ពេល​ណា​ដែល​ប្អូន​បាន​«​រំពឹង​គិត​នៅ​ក្នុង​ចិត្ត​»​អំពី​មូលហេតុ​ទាំង​ពីរ​នោះ​ហើយ នេះ​ប្រហែល​ជា​ងាយ​ស្រួល​ជាង​ឲ្យ​ប្អូន​បំភ្លេច​រឿង​នោះ។—ទំនុក​តម្កើង ៤:៤

 ជម្រើស​ទី២: ទៅ​ជួប​មនុស្ស​ដែល​បាន​និយាយ​ដើម​ប្អូន។ ក្នុង​ករណី​ខ្លះ ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពាក្យ​ចចាម​អារ៉ាម​នោះ​គឺ​ជា​រឿង​ធ្ងន់​ដែល​ពិត​ជា​ត្រូវ​ការ​ឲ្យ​ប្អូន​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​បាន​និយាយ​ដើម​ប្អូន​នោះ។

 ប្អូន​ស្រី​អេលីស​ដែល​បាន​រៀប​រាប់​ខាង​លើ​បាន​បន្ត​ថា​៖«​បើ​អ្នក​ទៅ​ជួប​មនុស្ស​ដែល​បាន​និយាយ​ដើម​អ្នក នោះ​ពួក​គេ​នឹង​ដឹង​ថា​រឿង​ដែល​ពួក​គេ​និយាយ​បាន​ឮ​ទៅ​ដល់​អ្នក។ បន្ថែម​ទៅ​ទៀត បើ​អ្នក​ទៅ​ជួប​នឹង​អ្នក​ដែល​និយាយ​ដើម​នោះ ប្រហែល​ជា​អ្នក​អាច​ដោះ​ស្រាយ​បញ្ហា ហើយ​អាច​ស្រុះ​ស្រួល​ជា​មួយ​នឹង​គាត់​ទៀត​ផង​»។

 មុន​នឹង​ទៅ​ជួប​នឹង​អ្នក​ដែល​និយាយ​ដើម​ប្អូន សូម​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​ដូច​ខាង​ក្រោម​នេះ ហើយ​សូម​សួរ​ខ្លួន​នូវ​សំនួរ​ទាំង​នេះ។

  •   «​អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្ដាប់​រឿង នោះ​រាប់​ជា​ការ​ចំ​កួត​ហើយ​»។ (​សុភាសិត ១៨:១៣​) ‹តើ​ខ្ញុំ​ពិត​ជា​ស្គាល់​ការ​ពិត​ទាំង​អស់​ឬ? តើ​អ្នក​ដែល​បាន​និយាយ​ប្រាប់​ខ្ញុំ​អំពី​រឿង​នោះ ប្រហែល​ជា​អាច​យល់​ខុស​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឮ​ទេ?›

  •   «​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង​»។ (​យ៉ាកុប ១:១៩​) ‹តើ​នេះ​ជា​ពេល​ល្អ​ទេ​ដែល​ឲ្យ​ខ្ញុំ​ទៅ​ជួប​នឹង​អ្នក​ដែល​និយាយ​ដើម​ខ្ញុំ? តើ​ខ្ញុំ​ពិត​ជា​បាន​ពិចារណា​ឲ្យ​ប្រាកដ​ទេ​ថា រឿង​ដែល​ខ្ញុំ​នឹង​ទៅ​ជួប​គាត់​នេះ ជា​រឿង​សំខាន់? ឬ​ក៏​ល្អ​ជាង​បើ​ទុក​ឲ្យ​ពេល​វេលា​កន្លង​ទៅ ហើយ​ចាំ​រហូត​ដល់​ខ្ញុំ​ត្រជាក់​ចិត្ត​សិន?›

  •   «​អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។ (​ម៉ាថាយ ៧:១២​) ‹បើ​ខ្ញុំ​ជា​អ្នក​ដែល​និយាយ​ដើម​គេ​វិញ តើ​ខ្ញុំ​ចង់​ឲ្យ​គេ​មក​ជួប​ខ្ញុំ​ដោយ​របៀប​ណា? តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ? តើ​ពាក្យ​សម្ដី និង​ឥរិយា​បទ​បែប​ណា​ដែល​អាច​មាន​ប្រសិទ្ធភាព​ជាង​គេ?›

 យោបល់: មុន​នឹង​ទៅ​ជួប​អ្នក​ដែល​និយាយ​ដើម​ប្អូន សូម​សរសេរ​អ្វី​ដែល​ប្អូន​ចង់​និយាយ។ បន្ទាប់​មក រង់​ចាំ​ពីរ​បី​សប្ដាហ៍ រួច​អាន​អ្វី​ដែល​ប្អូន​បាន​សរសេរ​ម្ដង​ទៀត ហើយ​មើល​ថា​តើ​មាន​អ្វី​ដែល​ប្អូន​ចង់​ផ្លាស់​ប្ដូរ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម​ពិភាក្សា​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ ឬ​មិត្ត​ដែល​មាន​ភាព​ចាស់​ទុំ អំពី​អ្វី​ដែល​ប្អូន​បាន​សរសេរ​នោះ ហើយ​សុំ​យោបល់​ពី​ពួក​គាត់។

 ការ​ពិត: ដូច​ជា​រឿង​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត ការ​និយាយ​ដើម​គឺ​ជា​អ្វី​មួយ​ដែល​ប្អូន​មិន​អាច​គ្រប់​គ្រង​បាន។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ប្អូន​ត្រូវ​ឲ្យ​វា​គ្រប់​គ្រង​លើ​ប្អូន​ដែរ!