លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើការជេរពិតជាអាក្រក់ខ្លាំងឬ?

តើការជេរពិតជាអាក្រក់ខ្លាំងឬ?

ប្អូន​ប្រុស​គ្រិស្តតូហ្វើ​ដែល​មាន​អាយុ​១៧​ឆ្នាំ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​តែង​តែ​លឺ​ពាក្យ​ជេរ​ជា​រឿយ​ៗ ដូច្នេះ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​នេះ​ស្ដាប់​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ខ្ញុំ​»។

ប្អូន​ស្រី​រេបិកា​ដែល​មាន​អាយុ​១៩​ឆ្នាំ​បាន​និយាយ​ថា​៖​«​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​តែង​តែ​ប្រើ​ពាក្យ​ជេរ នេះ​ពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​មាន​ទម្លាប់​អាក្រក់​នេះ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​បំបាត់​ចោល​ទម្លាប់​នេះ​»។

 សំណួរ​ចម្លើយ

  •   តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ឮ​អ្នក​ឯ​ទៀត​ប្រើ​ពាក្យ​ជេរ?

    •  ខ្ញុំ​មិន​មិន​ភ្ញាក់​ផ្អើល​ទេ ព្រោះ​នេះ​ជា​រឿង​ធម្មតា​ហើយ​សម្រាប់​ខ្ញុំ។

    •  ពេល​ខ្លះ​ខ្ញុំ​ទើស​ចិត្ត​ដែរ ប៉ុន្តែ​ខ្ញុំ​ទទួល​យក​បាន។

    •  ខ្ញុំ​មិន​ចូល​ចិត្ត​ពាក្យ​ជេរ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​ពិបាក​ទទួល​យក​ណាស់។

  •   តើ​អ្នក​ប្រើ​ពាក្យ​ជេរ​ច្រើន​ប៉ុណ្ណា?

    •  មិន​ធ្លាប់

    •  ម្ដង​ម្កាល

    •  ជា​ញឹក​ញយ

  •   តាម​ទស្សនៈ​របស់​អ្នក តើ​អ្នក​គិត​ថា​ការ​ប្រើ​ពាក្យ​អាក្រក់​ជា​រឿង​តូច​តាច​ឬ​ជា​រឿង​ធ្ងន់​ធ្ងរ?

    •  ជា​រឿង​តូច​តាច

    •  ជា​រឿង​ធ្ងន់​ធ្ងរ

 មូលហេតុ​ដែល​រឿង​នេះ​សំខាន់

 តើ​អ្នក​គិត​ថា​ការ​ប្រើ​ពាក្យ​ជេរ​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ?​ អ្នក​ប្រហែល​ជា​និយាយ​ថា​៖‹មិន​មែន​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ ដោយ​សារ​នៅ​ក្នុង​ពិភព​លោក​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នេះ​ជា​ច្រើន​ដែល​យើង​ត្រូវ​ព្រួយ​បារម្ភ ម្យ៉ាង​ទៀត​អ្នក​ណា​ក៏​ជេរ​ដែរ!›។ ប៉ុន្តែ តើ​ការ​គិត​បែប​នេះ​ត្រឹម​ត្រូវ​ទេ?

 មាន​មនុស្ស​ជា​ច្រើន​បាន​បដិសេធ​មិន​ប្រើ​ពាក្យ​សម្ដី​អាក្រក់ ព្រោះ​ពួក​គេ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​អ្នក​ឯ​ទៀត​មិន​ធ្លាប់​គិត។ ជា​ឧទាហរណ៍:

  •  ការ​ប្រើ​ពាក្យ​អាក្រក់​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា។ ពាក្យ​សម្ដី​ដែល​អ្នក​និយាយ​បង្ហាញ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ ការ​ប្រើ​ពាក្យ​សម្ដី​អាក្រក់​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ តើ​អ្នក​ជា​មនុស្ស​បែប​នេះ​ឬ?

     គម្ពីរ​ចែង​ថា​៖​«​អ្វី​ៗ​ដែល​ចេញ​ពី​មាត់ នោះ​ចេញ​ពី​ក្នុង​ចិត្ត​មក​»។—ម៉ាថាយ ១៥:១៨

    ការ​ប្រើ​ពាក្យ​អាក្រក់​គឺ​ប្រៀប​ដូច​ជា​ការ​បំពុល​ខ្យល់​អាកាស។ ដូច្នេះ​យើង​មិន​ចង់​ទទួល​ឥទ្ធិពល​មិន​ល្អ ឬ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ឥទ្ធិពល​មិន​ល្អ​ពី​ការ​ប្រើ​ពាក្យ​អាក្រក់​នោះ​ទេ។

  •  ការ​ជេរ​អាច​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​គិត​មិន​ល្អ​ចំពោះ​អ្នក។ សៀវភៅ (​Cuss Control​) រៀប​រាប់​ថា​៖​«​របៀប​ដែល​យើង​និយាយ​អាច​បង្ហាញ​ថា​អ្នក​ណា​គួរ​ជា​មិត្ត​ភក្តិ​របស់​យើង ហើយ​យើង​គួរ​ទទួល​ការ​គោរព​ច្រើន​ប៉ុណ្ណា​ពី​ក្រុម​គ្រួសារ​និង​អ្នក​រួម​ការ​ងារ ហើយ​នេះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែរ។ ការ​មាន​ទំនាក់​ទង​ល្អ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ទទួល​ការ​ងារ​ថ្មី តំណែង​ថ្មី​និង​របៀប​ដែល​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​មក​លើ​យើង​»។ សៀវភៅ​នោះ​ក៏​បាន​ប្រាប់​ទៀត​ថា​៖​«​តើ​អ្នក​នឹង​មាន​ទំនាក់​ទំនង​បែប​ណា​ជា​មួយ​អ្នក​ឯ​ទៀត បើ​អ្នក​មិន​ប្រើ​ពាក្យ​ជេរ?​»។

     គម្ពីរ​ចែង​ថា​៖​«​ចូរ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល . . . ពាក្យ​ប្រមាថ​មើល​ងាយ​»។—អេភេសូរ ៤:៣១

  •  ការ​ជេរ​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​អ្នក​ទេ។ សៀវភៅ​របស់​លោក អាឡិច ផាកឃើ​ដែល​មាន​ចំណង​ជើង​ថា (​How Rude!​) បាន​រៀប​រាប់​ថា​៖​«​បុគ្គល​ដែល​តែង​តែ​ជេរ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ធុញ​»។ គាត់​បាន​បន្ថែម​ទៀត​ថា​៖​«​ការ​ប្រើ​ពាក្យ​ជេរ​មិន​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មើល​ទៅ​ជា​អ្នក​ចេះ​ដឹង កំប្លែង និង​មាន​ប្រាជ្ញា​នោះ​ទេ។ បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​និយាយ​មិន​ច្បាស់​លាស់ និង​មិន​ចេះ​គិត​មុន​នឹង​និយាយ នេះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​គិត​គូរ​របស់​អ្នក​»។

     គម្ពីរ​ចែង​ថា​៖​«​កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ​»។—អេភេសូរ ៤:២៩

 អ្វី​ដែល​អ្នក​អាច​ធ្វើ

  •  កំណត់​គោល​ដៅ។ សូម​ព្យាយាម​ឈប់​ប្រើ​ពាក្យ​អាក្រក់​ក្នុង​រយៈ​ពេល​មួយ​ខែ​ឬ​តិច​ជាង។ អ្នក​គួរ​តាម​ដាន​មើល​ការ​រីក​ចម្រើន​របស់​អ្នក​នៅ​លើ​តារាង​ឬ​ប្រតិទិន។ ដើម្បី​យក​ឈ្នះ​ទម្លាប់​មិន​ល្អ​នេះ អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​តាម​ជំហាន​បន្ថែម​ទៀត​ដែរ។ ជា​ឧទាហរណ៍:

  •  ជៀស​វាង​ការ​កម្សាន្ត​ណា​ដែល​រួម​បញ្ចូល​ការ​ប្រើ​ពាក្យ​អាក្រក់។ គម្ពីរ​ចែង​ថា​៖​«​ការ​សេព​គប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។ (​កូរិនថូស​ទី​១ ១៥:៣៣ កំណត់​សម្គាល់​) ​«​ការ​សេព​គប់​»​មិន​គ្រាន់​តែ​ជា​ទំនាក់​ទំនង​រវាង​បុគ្គល​ម្នាក់​និង​បុគ្គល​ម្នាក់​ទៀត​នោះ​ទេ តែ​នេះ​ក៏​រួម​បញ្ចូល​ការ​កម្សាន្ត​ដែរ​ដូច​ជា រឿង​ដែល​អ្នក​មើល ចម្រៀង​ដែល​អ្នក​ស្ដាប់ និង​ហ្គេម​វីដេអូ​ដែល​អ្នក​លេង។ ប្អូន​ប្រុស​ខេណិត​ដែល​មាន​អាយុ​១៧​ឆ្នាំ​បាន​និយាយ​ថា​៖​«​ពេល​ខ្លះ​យើង​ច្រៀង​តាម​ចម្រៀង​ដែល​យើង​ចូល​ចិត្ត​ដោយ​មិន​ខ្វល់​ថា​ក្នុង​ចម្រៀង​នោះ​មាន​ពាក្យ​ជេរ​ទេ ដោយ​សារ​តែ​បទ​នោះ​មាន​ភ្លេង​ពីរោះ​»។

  •  ចូរ​បង្ហាញ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​អ្នក​មាន​ភាព​ចាស់​ទុំ។ បុគ្គល​ខ្លះ​ប្រើ​ពាក្យ​ជេរ​ដោយ​សារ​ពួក​គេ​គិត​ថា នេះ​ធ្វើ​ឲ្យ​ពួក​គេ​មើល​ទៅ​ជា​មនុស្ស​ពេញ​វ័យ។ ប៉ុន្តែ​ការ​ពិត​គឺ​ផ្ទុយ​ពី​នេះ។ គម្ពីរ​ចែង​ថា បុគ្គល​ដែល​មាន​ភាព​ចាស់​ទុំ​«​ប្រើ​ប្រាស់​សមត្ថភាព​យល់​ដឹង . . . សមត្ថភាព​នោះ​បាន​ត្រូវ​បង្វឹក​បង្ហាត់​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។ (​ហេប្រឺ ៥:១៤​) ពួក​គេ​នឹង​មិន​កែ​ប្រែ​ខ្នាត​តម្រា​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​«​កោត​សរសើរ​»​នោះ​ទេ។

 មែន​ហើយ ពាក្យ​អាក្រក់​បង្ខូច​ចិត្ត​គំនិត។ សៀវភៅ (​Cuss Control​) បាន​រៀប​រាប់​ថា ពិភព​លោក​គឺ​អាក្រក់​ស្រាប់​ទៅ​ហើយ ​«​ដូច្នេះ​ពេល​មនុស្ស​ប្រើ​ពាក្យ​អាក្រក់ នោះ​ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​អាក្រក់​ថែម​ទៀត។ ចូរ​រួម​ចំណែក​ក្នុង​ការ​បំបាត់​ពាក្យ​អាក្រក់។ ធ្វើ​ដូច​នេះ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ជាង​អំពី​ខ្លួន​ឯង ហើយ​អ្នក​ឯ​ទៀត​ក៏​មាន​អារម្មណ៍​ល្អ​ចំពោះ​អ្នក​ដែរ​»។