លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើខ្ញុំត្រូវធ្វើអ្វីក្រោយពីទទួលការជ្រមុជទឹក? ភាគទី២៖ ចូររក្សាចិត្តស្មោះឥតងាករេ

តើខ្ញុំត្រូវធ្វើអ្វីក្រោយពីទទួលការជ្រមុជទឹក? ភាគទី២៖ ចូររក្សាចិត្តស្មោះឥតងាករេ

 គម្ពីរ​ចែង​ថា ​«​ព្រះ​យេហូវ៉ា​នឹង​មិន​ហួងហែង​អ្វី​ល្អ​ៗ​ឡើយ ពី​អស់​អ្នក​ដែល​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»។ (​ចម្រៀង​សរសើរ​ព្រះ ៨៤:១១​) តើ​«​ការ​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»​មាន​ន័យ​អ្វី? គឺ​មាន​ន័យ​ថា​ប្អូន​កំពុង​រស់​នៅ​ស្រប​តាម​ការ​សន្យា​ចំពោះ​ព្រះ​យេហូវ៉ា នៅ​ពេល​ដែល​ប្អូន​ប្រគល់​ខ្លួន​ជូន​លោក។ (​អ្នក​ទូន្មាន ៥:៤, ៥​) ក្រោយ​ពី​បាន​ទទួល​ការ​ជ្រមុជ​ទឹក តើ​ប្អូន​អាច​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​យ៉ាង​ដូច​ម្ដេច?

ក្នុង​អត្ថបទ​នេះ

 ចូរ​បន្ត​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ទាំង​ឡាយ

 យោបល់​ក្នុង​គម្ពីរ​៖ ​«​យើង​ត្រូវ​ចូល​រាជាណាចក្រ​ព្រះ​ដោយ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន​»។—សកម្មភាព ១៤:២២

 តើ​ខ​គម្ពីរ​នេះ​មាន​ន័យ​យ៉ាង​ណា​៖ គឺ​ជា​ការ​ពិត​ណាស់ គ្រិស្ត​សាសនិក​ទាំង​អស់​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត។ បញ្ហា​ដែល​ប្អូន​នឹង​ប្រឈម​មុខ ដូច​ជា​ការ​ចំអក​មើល​ងាយ ឬ​ប្រឆាំង​ដោយ​សារ​តែ​ប្អូន​ជា​គ្រិស្ត​សាសនិក។ បង​ប្អូន​ផ្សេង​ទៀត​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​មនុស្ស​ទាំង​អស់​កំពុង​តែ​ជួប ដូច​ជា​បញ្ហា​ខាង​លុយ​កាក់ ឬ​បញ្ហា​ខាង​សុខភាព។

 អ្វី​ដែល​នឹង​កើត​ឡើង​៖ ជួន​កាល​កាលៈទេសៈ​ក្នុង​ជីវិត​របស់​ប្អូន​ផ្លាស់​ប្ដូរ ហើយ​ធ្វើ​ឲ្យ​ប្អូន​ពិបាក​ទទួល​យក។ គម្ពីរ​ចែង​ថា ការ​អាក្រក់​អាច​កើត​ឡើង​ដល់​មនុស្ស​ទាំង​អស់។ មិន​ថា​ជា​គ្រិស្ត​សាសនិក ឬ​មិន​មែន​ជា​គ្រិស្ត​សាសនិក។—អ្នក​ទូន្មាន ៩:១១

 អ្វី​ដែល​ប្អូន​អាច​ធ្វើ​៖ ដោយ​ដឹង​ថា ប្អូន​នឹង​ជួប​បញ្ហា​ជា​មិន​ខាន ដូច្នេះ​ប្អូន​អាច​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នោះ។ ចូរ​ចាត់​ទុក​ថា​នោះ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​ជំនឿ​របស់​ប្អូន​រឹង​មាំ ហើយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ថែម​ទៀត។ (​យ៉ាកុប ១:២, ៣​) ពេល​នោះ​ប្អូន​ក៏​អាច​និយាយ​ដូច​សាវ័ក​ប៉ូល​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភីលីព ៤:១៣

 រឿង​ពិត។«​មិន​យូ​ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក បង​ប្រុស​របស់​ខ្ញុំ​បាន​ចេញ​ពី​សេចក្ដី​ពិត ប៉ា​ម៉ាក់​ក៏​ឈឺ ហើយ​ខ្ញុំ​ក៏​ឈឺ​ដែរ។ នោះ​វា​ជា​ការ​ងាយ​ណាស់​ដែល​អាច​ឲ្យ​ខ្ញុំ​ចុះ​ចាញ់ ហើយ​ភ្លេច​សន្យា​ពេល​ខ្ញុំ​ប្រគល់​ខ្លួន​ជូន​ព្រះ​ថា ខ្ញុំ​និង​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​ខ្ញុំ​ចំពោះ​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ ប៉ុន្តែ​ការ​ប្រគល់​ខ្លួន​ជូន​លោក​ពិត​ជា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នោះ​វិញ​»។ ខារិន

 យោបល់​៖ សូម​រៀន​អំពី​យ៉ូសែប។ ប្អូន​អាច​អាន​អំពី​ជីវិត​របស់​គាត់​នៅ​សៀវភៅ​ដើម​កំណើត ជំពូក​៣៧​និង​៣៩​ដល់​៤១។ សូម​ពិចារណា​អំពី​៖ តើ​យ៉ូសែប​បាន​ជួប​ទុក្ខ​លំបាក​អ្វី​ខ្លះ​ដែល​ស្មាន​មិន​ដល់? ហើយ​តើ​គាត់​បាន​ប្រព្រឹត្ត​យ៉ាង​ណា​នៅ​ពេល​ដែល​គាត់​ជួប​ទុក្ខ​លំបាក​ទាំង​នោះ? តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូសែប​យ៉ាង​ដូច​ម្ដេច?

 ត្រូវ​ការ​ជំនួយ​បន្ថែម?

 ចូរ​បន្ត​ទប់​ទល់​នឹង​ការ​ល្បួង​ឲ្យ​ធ្វើ​ខុស

 យោបល់​ក្នុង​គម្ពីរ​៖ ​«​ប៉ុន្តែ មនុស្ស​ម្នាក់​ៗ​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម​»។ (​យ៉ាកុប ១:១៤​)

 តើ​ខ​គម្ពីរ​នេះ​មាន​ន័យ​យ៉ាង​ណា​៖ យើង​ទាំង​អស់​គ្នា​មាន​ការ​ល្បួង​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន បើ​សិន​យើង​មិន​ចេះ​ទប់​ចិត្ត​ទេ នោះ​នឹង​នាំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ខុស។

 តើ​អ្វី​នឹង​កើត​ឡើង​៖ ក្រោយ​ពី​បាន​ទទួល​ការ​ជ្រមុជ​ទឹក ប្អូន​នឹង​ជួប​ការ​ល្បួង​ពី ​«​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​»។ (​ពេត្រុស​ទី​២ ២:១៨​) ប្អូន​ប្រហែល​ជា​មាន​ការ​ល្បួង​ឲ្យ​រួម​ភេទ​មុន​រៀប​ការ។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ​៖ គិត​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​មុន​ពេល​មាន​ការ​ល្បួង​នាំ​ឲ្យ​ធ្វើ​ខុស ធ្វើ​ដូច្នេះ ពេល​ជួប​ការ​ល្បួង​ប្អូន​នឹង​មិន​ចុះ​ចាញ់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ឡើយ។ សូម​ចាំ​នូវ​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ​»។ (​ម៉ាថាយ ៦:២៤​) ប្អូន​អាច​ជ្រើស​រើស​អ្នក​ណា​ដែល​ជា​ម្ចាស់​របស់​ប្អូន​បាន។ សូម​ឲ្យ​ប្អូន​ជ្រើស​រើស​យក​ព្រះ​យេហូវ៉ា។ មិន​ថា​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​ប្អូន​ខ្លាំង​ប៉ុណ្ណា​ទេ ប្អូន​អាច​ជ្រើស​រើស​មិន​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ។—កាឡាទី ៥:១៦

 យោបល់​៖ រៀន​សម្គាល់​ភាព​ខ្លាំង​និង​ភាព​ទន់​ខ្សោយ​របស់​ខ្លួន ហើយ​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​ជួយ​ឲ្យ​ប្អូន​មាន​គុណ​សម្បត្តិ​ល្អ​ៗ។ ចូរ​ជៀស​ចេញ​ពី​មនុស្ស ទី​កន្លែង ឬ​កាលៈទេសៈ​ណា​ដែល​នាំ​ឲ្យ​ប្អូន​ធ្វើ​ខុស។—ចម្រៀង​សរសើរ​ព្រះ ២៦:៤, ៥

 ត្រូវ​ការ​ជំនួយ​បន្ថែម?

 ចូរ​បន្ត​ពង្រឹង​ចិត្ត​ខ្នះ​ខ្នែង​របស់​ប្អូន

 យោបល់​ក្នុង​គម្ពីរ​៖ ​«​បង្ហាញ​ចិត្ត​ឧស្សាហ៍​ដូច​កាល​ពី​ដើម . . . រហូត​ដល់​ទី​បញ្ចប់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​ខ្ជិល​ឡើយ​»។—ហេប្រឺ ៦:១១, ១២

 តើ​ខ​គម្ពីរ​នេះ​មាន​ន័យ​យ៉ាង​ណា​៖ អ្នក​ដែល​មិន​ផ្ដោត​អារម្មណ៍​លើ​កិច្ច​ការ​របស់​ខ្លួន អាច​នាំ​ឲ្យ​កាត់​បន្ថយ​កិច្ច​បម្រើ ហើយ​ក្លាយ​ទៅ​ជា​មនុស្ស​ខ្ជិល។

 តើ​អ្វី​នឹង​កើត​ឡើង​៖ ប្អូន​ពិត​ជា​រំភើប​ចិត្ត និង​ពោ​ពេញ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ក្រោយ​ពី​ប្អូន​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពោរ​ពេញ​ចំពោះ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​បន្តិច​ក្រោយ​មក ប្អូន​ប្រហែល​ជា​មាន​ការ​ពិបាក​ឲ្យ​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្អូន​ធ្លាក់​ទឹក​ចិត្ត​ហើយ​ចិត្ត​ខ្នះ​ខ្នែង​របស់​ប្អូន​ក៏​ថយ​ទៅ។—កាឡាទី ៥:៧

 អ្វី​ដែល​ប្អូន​អាច​ធ្វើ​៖ សូម​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​ពេល​ខ្លះ​ចិត្ត​មិន​ចង់​ធ្វើ​ក៏​ដោយ។ (​កូរិនថូស​ទី​១ ៩:២៧​) ទន្ទឹម​នឹង​ពេល​នោះ​ដែរ ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដើម្បី​ស្គាល់​លោក​ឲ្យ​កាន់​តែ​ច្បាស់​ជាង ដោយ​និយាយ​ជា​មួយ​លោក​តាម​រយៈ​ការ​អធិដ្ឋាន​ជា​ញឹក​ញាប់។ ហើយ​បន្ត​បង្កើន​ចំណង​មិត្តភាព​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​និង​បម្រើ​លោក។

 យោបល់​៖ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ប្អូន​ខ្លាំង​ណាស់ ហើយ​បម្រុង​នឹង​ជួយ​ប្អូន។ សូម​កុំ​គិត​ថា លោក​មិន​សប្បាយ​ចិត្ត​ដោយ​សារ​ប្អូន​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​មួយ​រយៈ​នោះ​ឡើយ។ គម្ពីរ​ចែង​ថា​៖ ​«​លោក​ផ្ដល់​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំពោះ​អ្នក​ដែល​ខ្សោយ លោក​ផ្ដល់​កម្លាំង​ខ្លាំង​ក្លា​ដល់​ពួក​គេ​»។ (​អេសាយ ៤០:២៩​) លោក​គង់​តែ​និង​ផ្ដល់​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​ប្អូន ដើម្បី​ប្អូន​មាន​ចិត្ត​ខ្នះ​ខ្នែង​មក​វិញ។

 ត្រូវ​ការ​ជំនួយ​បន្ថែម?

 សរុប​សេចក្ដី​៖ បើ​ប្អូន​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ នោះ​ប្អូន​នឹង​ធ្វើ​ឲ្យ​ចិត្ត​ព្រះ​យេហូវ៉ា​ត្រេក​អរ! (​សុភាសិត ២៧:១១​) ព្រះ​យេហូវ៉ា​នឹង​សប្បាយ​រីករាយ​ដែល​ប្អូន​ជ្រើស​រើស​នៅ​ខាង​លោក ហើយ​លោក​នឹង​ផ្ដល់​អ្វី​ៗ​ដែល​ប្អូន​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ការ​វាយ​ប្រហារ​របស់​សាថាន។