សៀវភៅម៉ាថាយ ៦:១-៣៤

  • សុន្ទរកថា​នៅ​លើ​ភ្នំ (​១​-​៣៤)

    • កុំ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​មុខ​អ្នក​ឯ​ទៀត (​១​-​៤)

    • របៀប​អធិដ្ឋាន (​៥​-​១៥)

      • សេចក្ដី​អធិដ្ឋាន​គំរូ (​៩​-​១៣)

    • ការ​តម​អាហារ (​១៦​-​១៨)

    • ទ្រព្យ​សម្បត្តិ​នៅ​ផែនដី​និង​នៅ​ស្ថាន​សួគ៌ (​១៩​-​២៤)

    • ឈប់​ខ្វល់​ខ្វាយ (​២៥​-​៣៤)

      • បន្ត​ស្វែង​រក​រាជាណាចក្រ​ព្រះ​ជា​មុន (​៣៣)

 ​«​ចូរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​មុខ​មនុស្ស​ដើម្បី​ឲ្យ​គេ​ឃើញ​ឡើយ+ ពី​ព្រោះ​បើ​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទទួល​រង្វាន់​ពី​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ។ ២  ម្ល៉ោះ​ហើយ ពេល​ដែល​អ្នក​ធ្វើ​ទាន កុំ​ផ្លុំ​ត្រែ​មុន​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​មនុស្ស​លាក់​ពុត​ធ្វើ​នៅ​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​កោត​សរសើរ​ពួក​គេ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បានទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ៣  ប៉ុន្តែ​អ្នក​វិញ កាល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​អំពី​អ្វី​ដែល​ដៃ​ស្ដាំ​កំពុង​ធ្វើ​ឡើយ ៤  ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​ទាន​ដោយ​ស្ងាត់​កំបាំង រួច​បិតា​របស់​អ្នក​ដែល​កំពុង​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក។+ ៥  ​«​ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​រាល់​គ្នា​អធិដ្ឋាន អ្នក​មិន​ត្រូវ​ធ្វើ​ដូច​មនុស្ស​លាក់​ពុត​ទេ+ ពី​ព្រោះ​ពួក​គេ​ចូល​ចិត្ត​ឈរ​អធិដ្ឋាន​ក្នុង​សាលា​ប្រជុំ និង​នៅ​កាច់​ជ្រុង​ផ្លូវ​ធំ​ៗ ដើម្បី​ឲ្យ​មនុស្ស​ឃើញ។+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ៦  ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​ចង់​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន ហើយ​បិទ​ទ្វារ រួច​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ស្ងាត់​កំបាំង។+ នោះ​បិតា​របស់​អ្នក​ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក។ ៧  ប៉ុន្តែ ពេល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ​ដូច​ជន​ជាតិ​ដទៃ​ឡើយ ព្រោះ​ពួក​គេ​នឹក​ស្មានថា ព្រះ​នឹង​ស្ដាប់​ពួក​គេ​ដោយ​សារបាន​ពោល​ពាក្យ​ជា​ច្រើន។ ៨  ម្ល៉ោះ​ហើយ កុំ​ធ្វើ​តាម​ពួក​គេ​ឡើយ ព្រោះ​ព្រះ​ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ+ មុន​ដែល​អ្នក​សុំ​ទៅ​ទៀត។ ៩  ​«​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖+ ​«​‹ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក+បាន​បរិសុទ្ធ។*+ ១០  សូម​ឲ្យ​រាជាណាចក្រ+របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា+របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ។+ ១១  សូម​ផ្ដល់​អាហារ*ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ។+ ១២  សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដូច​យើង​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ដែរ។*+ ១៣  សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ*+ តែ​សូម​សង្គ្រោះ*យើង​ឲ្យ​រួច​ពី​មេកំណាច​វិញ›។+ ១៤  ​«​ពី​ព្រោះ​បើ​អ្នក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត នោះ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។+ ១៥  ក៏​ប៉ុន្តែ បើ​អ្នក​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ។+ ១៦  ​«​កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ+ ឈប់​ធ្វើ​មុខ​ស្រងូត​ដូច​មនុស្ស​លាក់​ពុត ពី​ព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​មុខ​មិន​ស្អាត ដើម្បី​ឲ្យ​មនុស្ស​ឃើញ​ថា​ពួក​គេ​កំពុង​តម​អាហារ។+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ១៧  ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ កាល​ណា​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល* ហើយ​លុប​មុខ​ផង ១៨  ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា​អ្នក​រាល់​គ្នា​កំពុង​តម​អាហារ​ឡើយ តែ​ដើម្បី​ឲ្យ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ទី​ស្ងាត់​កំបាំង​ឃើញ​វិញ។ នោះ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក​រាល់​គ្នា។ ១៩  ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី+ ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​ចោរ​ចូល​លួច។ ២០  ប៉ុន្តែ ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ+ ជា​កន្លែង​ដែល​គ្មាន​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ+ ហើយ​គ្មាន​ចោរ​ចូល​លួច​ឡើយ។ ២១  ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ។ ២២  ​«​ភ្នែក​ជា​ចង្កៀង​នៃ​រូប​កាយ។+ ប្រសិន​បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​របស់​តែ​មួយ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​បាន​ភ្លឺ។ ២៣  ប៉ុន្តែ បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​ដោយ​ចិត្ត​ច្រណែន*+ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​ងងឹត​វិញ។ ប្រសិន​បើ​ពន្លឺ​ដែល​នៅ​ក្នុង​អ្នក​ជា​ភាព​ងងឹត​វិញ នោះ​អ្នក​នឹង​ងងឹត​ក្រៃ​លែង! ២៤  ​«​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ ហើយ​ស្អប់​ម្ចាស់​មួយ+ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ។+ ២៥  ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ខ្វល់​ខ្វាយ+អំពី​ជីវិត*ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ​ឬ​ផឹក ហើយ​ឈប់​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ឡើយ។+ ជីវិត​មាន​តម្លៃ​ជាង​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់ មែន​ទេ?+ ២៦  ចូរ​សង្កេត​មើល​សត្វ​ស្លាប​នៅ​លើ​មេឃ+ ព្រោះ​វា​មិន​សាប​ព្រោះ ច្រូត​កាត់ ឬ​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក​ឡើយ តែ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា។ តើ​អ្នក​រាល់​គ្នា​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទេ​ឬ? ២៧  ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុជីវិត​របស់​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច*បាន​ទេ?+ ២៨  ម្យ៉ាង​ទៀត ហេតុ​អ្វី​អ្នក​ខ្វល់​ខ្វាយ​អំពី​សម្លៀក​បំពាក់? ចូរ​ទាញ​យក​មេ​រៀន​ពី​របៀប​ដែល​ផ្កា​នៅ​ឯ​វាល​ដុះ​ឡើង។ វា​មិន​ធ្វើ​ការ​នឿយ​ហត់​ទេ ក៏​មិន​ត្បាញ​រវៃ​ដែរ។ ២៩  ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​សាឡូម៉ូន+កាល​ដែល​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កាមួយ​ទង​បែប​នោះ​ផង។ ៣០  អ្នក​មាន​ជំនឿ​តិច​អើយ បើ​ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល​នៅ​ថ្ងៃ​នេះ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​នៅ​ថ្ងៃ​ស្អែក តើ​ព្រះ​នឹង​មិន​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា​ទេ​ឬ? ៣១  ដូច្នេះ កុំ​ខ្វល់​ខ្វាយ​ឲ្យ​សោះ+ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?›+ ៣២  ព្រោះ​របស់​ទាំង​អស់​នេះ​ជា​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែង​រក។ បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នេះ។ ៣៣  ​«​ដូច្នេះ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក។+ ៣៤  ម្ល៉ោះ​ហើយ កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ+ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ។

កំណត់សម្គាល់

ឬ​«​បាន​ត្រូវ​លើក​តម្កើង​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​
ន័យ​ត្រង់​«​សូម​លុប​បំណុល​របស់​យើង​ចោល ដូច​យើង​បាន​លុប​បំណុល​របស់​អ្នក​ឯ​ទៀត​ចោល​ដែរ​»​
ន័យ​ត្រង់​«​កុំ​នាំ​យើង​ឲ្យ​ជួប​សេចក្ដី​ល្បួង​ឡើយ​»​
ឬ​«​រំដោះ​»​
ជនជាតិ​យូដា​មាន​ទម្លាប់​លាប​ប្រេង​លើ​ក្បាល​ដើម្បី​សម្អិត​សម្អាង​ខ្លួន​ឲ្យ​ឃើញ​ស្អាត​បាត
ន័យ​ត្រង់​«​ភ្នែក​របស់​អ្នក​គឺ​ទុច្ចរិត​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​សូម្បី​តែ​មួយ​ហត្ថ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤