លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ហេតុអ្វីខ្ញុំគួរអធិដ្ឋាន?

ហេតុអ្វីខ្ញុំគួរអធិដ្ឋាន?

 យោង​តាម​ការ​ស្ទង់​មតិ​នៅ​អាម៉េរិក មនុស្ស​ពេញ​វ័យ​អធិដ្ឋាន ប៉ុន្តែ​មាន​តែ​ពាក់​កណ្ដាល​ក្នុង​ចំណោម​ពួក​គេ​ដែល​អធិដ្ឋាន​ជា​ទៀង​ទាត់។ ដូច្នេះ មនុស្ស​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ឆ្ងល់​ថា ‹តើ​ការ​អធិដ្ឋាន​គ្រាន់​តែ​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ​ជាង ឬ​ក៏​មាន​អ្វី​លើស​ពី​នេះ​ទេ?›។

 តើ​ការ​អធិដ្ឋាន​ជា​អ្វី?

 ការ​អធិដ្ឋាន​គឺ​ជា​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់។ តើ​នេះ​មាន​ន័យ​អ្វី? ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត តែ​«​លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»​ទេ។ (​សកម្មភាព ១៧:២៧​) តាម​ការ​ពិត គម្ពីរ​មាន​សេចក្ដី​អញ្ជើញ​ពិសេស​ថា​៖​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ាកុប ៤:៨

 តើ​តាម​របៀប​ណា​ប្អូន​អាច​ចូល​ទៅ​ជិត​ព្រះ?

  •   វិធី​មួយ​គឺ​តាម​រយៈ​ការ​អធិដ្ឋាន នេះ​ជា​របៀប​ដែល​ប្អូន​និយាយ​ទៅ​កាន់​ព្រះ។

  •   វិធី​មួយ​ទៀត​គឺ​តាម​រយៈ​ការ​សិក្សា​គម្ពីរ នេះ​ជា​របៀប​ដែល​ព្រះ​«​និយាយ​»​មក​កាន់​ប្អូន។

 ការ​អធិដ្ឋាន​និង​សិក្សា​គម្ពីរ នឹង​ជួយ​ប្អូន​ឲ្យ​បណ្ដុះ​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ។

 យេរេមី​រៀប​រាប់​ថា​៖«ការ​និយាយ​ទៅ​កាន់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ​»។

 មីរ៉េនដា​រៀប​រាប់​ថា​៖«ការ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​ដែល​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ត នោះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​»។

 តើ​ព្រះ​កំពុង​ស្ដាប់​យើង​ទេ?

 ទោះ​ជា​ប្អូន​ជឿ​ព្រះ ហើយ​អធិដ្ឋាន​ទៅ​លោក​ក៏​ដោយ ប្អូន​ប្រហែល​ពិបាក​ជឿ​ថា​ព្រះ​កំពុង​ស្ដាប់​ប្អូន។ ប៉ុន្តែ គម្ពីរ​ប្រាប់​ថា​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុក​តម្កើង ៦៥:២​) គម្ពីរ​ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ​»​ដែរ។ ហេតុ​អ្វី? ​«​ពី​ព្រោះ​លោក​រមែង​គិត​អំពី​អ្នក​»។ពេត្រុស​ទី​១ ៥:៧

 សូម​គិត​អំពី​សំណួរ​នេះ : តើ​ប្អូន​ចំណាយ​ពេល​និយាយ​ជា​មួយ​នឹង​មិត្ត​ជិត​ស្និទ្ធ​ជា​ទៀង​ទាត់​ទេ? ប្អូន​ក៏​អាច​ធ្វើ​ដូច្នេះ​ជា​មួយ​នឹង​ព្រះ​ដែរ។ សូម​អធិដ្ឋាន​ទៅ​លោក​ជា​ទៀង​ទាត់ ហើយ​ប្រើ​ឈ្មោះ​របស់​លោក​គឺ​យេហូវ៉ា។ (​ទំនុក​តម្កើង ៨៦:៥​-​៧; ៨៨:៩​) តាម​ការ​ពិត គម្ពីរ​អញ្ជើញ​ប្អូន​ឲ្យ​«​អធិដ្ឋាន​ឥត​ឈប់​ឈរ​»។—ថែស្សាឡូនិច​ទី​១ ៥:១៧

 ម៉ូស៊ី​បាន​រៀប​រាប់​ថា​៖«​សេចក្ដី​អធិដ្ឋាន​គឺ​ជា​ការ​សន្ទនា​ជា​មួយ​នឹង​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ដែល​ខ្ញុំ​អាច​និយាយ​ជា​មួយ​អស់​ពី​ចិត្ត​»។

 ខារិន​បាន​រៀប​រាប់​ថា​៖«​ខ្ញុំ​និយាយ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​កប់​ជ្រៅ​ក្នុង​ចិត្ត​ខ្ញុំ ដូច​ខ្ញុំ​និយាយ​ជា​មួយ​នឹង​ម្ដាយ​និង​មិត្ត​ជិត​ស្និទ្ធ​»។

 តើ​ខ្ញុំ​អាច​អធិដ្ឋាន​អំពី​អ្វី?

 គម្ពីរ​ចែង​ថា​៖​«​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់​»។—ភីលីព ៤:៦

 តើ​នេះ​មាន​ន័យ​ថា​ប្អូន​អាច​អធិដ្ឋាន​ទៅ​ព្រះ​អំពី​បញ្ហា​របស់​ប្អូន​បាន​ឬ​ទេ? បាន! គម្ពីរ​ចែង​ថា​៖​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក​»។—ទំនុក​តម្កើង ៥៥:២២

 មែន​ហើយ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ប្អូន ប្អូន​មិន​គួរ​និយាយ​តែ​អំពី​បញ្ហា​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ។ ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ចាន់ថេល​បាន​និយាយ​ថា​៖​«​បើ​ខ្ញុំ​ចេះ​តែ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ប៉ុណ្ណោះ នោះ​ចំណង​មិត្តភាព​របស់​ខ្ញុំ​និង​លោក​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។ ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​និយាយ​អរគុណ​លោក​ជា​មុន​សិន ហើយ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​និយាយ​អរគុណ​លោក​»។

 សូម​គិត​អំពី​សំណួរ​នេះ : តើ​មាន​អ្វី​ខ្លះ​ដែល​ប្អូន​ចង់​អរគុណ​ព្រះ? តើ​ប្អូន​អាច​រក​ចំណុច​បី​យ៉ាង​ដែល​ប្អូន​ចង់​អរគុណ​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​នេះ​ឬ​ទេ?

 អានីតា​បាន​រៀប​រាប់​ថា​៖​«​ទោះ​ជា​អ្វី​នោះ​ធម្មតា​ក៏​ដោយ យើង​អាច​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា ដូច​ជា​ការ​សរសើរ​លោក​ដែល​បង្កើត​ផ្កា​ដ៏​ស្រស់​ស្អាត​»។

 ប្រាយអេន​រៀប​រាប់​ថា​៖​«​ពេល​អ្នក​កោត​ស្ងើច​អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ឬ​ក៏​មាន​បទ​គម្ពីរ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត នោះ​អ្នក​អាច​អរគុណ​ព្រះ​យេហូវ៉ា​»។