ជូនចំពោះគ្រិស្តសាសនិកនៅក្រុងភីលីព ៤:១-២៣

  • សាមគ្គីភាព អរ​សប្បាយ និង​គំនិត​ត្រឹម​ត្រូវ (​១​-​៩)

    • កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ (​៦, ៧)

  • ការ​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ផ្សេង​ៗ​របស់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព (​១០​-​២០)

  • ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ​ចុង​ក្រោយ (​២១​-​២៣)

 ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ចង់​ជួប​ខ្លាំង​ណាស់ បង​ប្អូន​ជា​អំណរ និង​ជា​មកុដ​របស់​ខ្ញុំ។+ ចូរ​កាន់​ជំហរ​មាំ​មួន+តាម​របៀប​នេះ ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ២  ខ្ញុំ​សូម​ដាស់​តឿន​អឺរ៉ូឌា​និង​ស៊ីនទីច​ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់។+ ៣  ចំណែក​អ្នក​ដែល​ជា​អ្នក​រួម​ការងារ​យ៉ាង​ស្មោះ​ជា​មួយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​សូម​ឲ្យ​អ្នក​បន្ត​ជួយ​ស្ត្រី​ទាំង​ពីរ​នេះ​ដែរ។ ពួក​នាង​និង​ក្លេមេន ព្រម​ទាំង​អ្នក​ឯ​ទៀត បាន​រួម​ត​ស៊ូ​ជា​មួយ​នឹង​ខ្ញុំ​ដើម្បី​ដំណឹង​ល្អ។ ឈ្មោះ​របស់​ពួក​អ្នក​ទាំង​នេះ​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត។+ ៤  ចូរ​អរ​សប្បាយ​ជា​និច្ច​ដោយ​សារ​លោក​ម្ចាស់។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ចុះ!+ ៥  ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល។+ លោក​ម្ចាស់​នៅ​ជិត។ ៦  កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ+ តែ​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ។+ ៧  យ៉ាង​នេះ សេចក្ដី​សុខ​សាន្ត+របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត+និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ។ ៨  ជា​ចុង​ក្រោយ បង​ប្អូន​អើយ អ្វី​ៗ​ដែល​ពិត អ្វី​ៗ​ដែល​ថ្លៃ​ថ្នូរ អ្វី​ៗ​ដែល​សុចរិត អ្វី​ៗ​ដែល​បរិសុទ្ធ អ្វី​ៗ​ដែល​គួរ​ឲ្យ​ស្រឡាញ់ អ្វី​ៗ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ អ្វី​ៗ​ដែល​ប្រកប​ដោយ​គុណធម៌ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ ចូរ​បន្ត​ពិចារណា*អំពី​អ្វី​ៗ​ទាំង​នោះ។+ ៩  អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​រៀន ឃើញ ឮ និង​ទទួល​ពី​ខ្ញុំ ចូរ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ+ ហើយ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ១០  ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​ក្នុង​នាម​ជា​អ្នក​បម្រើ​លោក​ម្ចាស់ ព្រោះ​នៅ​ទី​បំផុត​អ្នក​រាល់​គ្នា​ចាប់​ផ្ដើម​គិត​អំពី​ខ្ញុំ​ម្ដង​ទៀត។+ អ្នក​រាល់​គ្នា​ពិត​ជា​បាន​គិត​អំពី​ខ្ញុំ​មែន តែ​មិន​មាន​ឱកាស​បង្ហាញ​ឲ្យ​ឃើញ​ទេ។ ១១  ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​សារ​ខ្ញុំខ្វះ​ខាត​ទេ ព្រោះ​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ទោះ​ជា​ខ្ញុំ​នៅ​ក្នុង​កាលៈទេសៈ​ណាក៏​ដោយ។+ ១២  ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​តែ​បន្តិច​បន្តួច+ ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​បរិបូរ។ ខ្ញុំ​បាន​រៀន​អាថ៌​កំបាំង​អំពី​របៀប​ស្កប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់​និង​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ទោះ​ជា​ឆ្អែត ឬ​ឃ្លាន​ក្ដី ទោះ​ជា​មាន​បរិបូរ ឬ​ខ្វះ​ខាត​ក្ដី។ ១៣  ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ។+ ១៤  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​បាន​ធ្វើ​ល្អ ដោយ​រួម​ចំណែក​ក្នុង​ទុក្ខ​វេទនា​របស់​ខ្ញុំ។ ១៥  តាម​ការ​ពិត អ្នក​រាល់​គ្នា​នៅ​ក្រុង​ភីលីព​ក៏​ដឹង​ដែរ​ថា ពេល​ដំបូង​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​អំពី​ដំណឹង​ល្អ និង​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​តំបន់​ម៉ាសេដូន គ្មាន​ក្រុម​ជំនុំ​ណា​មួយ​រួម​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ការ​ឲ្យ​និង​ការ​ទទួល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ+ ១៦  ពី​ព្រោះ​កាល​ដែល​ខ្ញុំ​នៅ​ក្រុង​ថែស្សាឡូនិច អ្នក​រាល់​គ្នា​បាន​ផ្ញើ​ជំនួយ​ឲ្យ​ខ្ញុំ​ដល់​ទៅ​ពីរ​ដង ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ។ ១៧  ខ្ញុំ​មិន​មែន​ចង់​បាន​អំណោយ​ពី​អ្នក​រាល់​គ្នា​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ដែល​បង្កើន​កម្រៃ​ដល់​អ្នក​រាល់​គ្នា។ ១៨  ក៏​ប៉ុន្តែ ខ្ញុំ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​ការ ហើយ​មាន​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ខ្ញុំ​មាន​សព្វ​គ្រប់​អស់​ហើយ ខ្ញុំ​បាន​ទទួល​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​តាម​រយៈ​អេប៉ាប្រូឌីត+ មាន​ដូច​ជា​គ្រឿង​ក្រអូប+ និង​គ្រឿង​បូជា​ដែល​ព្រះ​ពេញ​ចិត្ត។ ១៩  ហេតុ​នេះ​ហើយ ព្រះ​របស់​ខ្ញុំ​ដែលមាន​ទ្រព្យ​យ៉ាង​ច្រើន​លើស​លប់​នឹង​ផ្ដល់​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ+ តាម​រយៈ​គ្រិស្ត​យេស៊ូ។ ២០  សូម​ឲ្យ​ព្រះ​ដែល​ជា​បិតា​របស់​យើង​ប្រកប​ដោយ​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។ ២១  ខ្ញុំ​សូម​ផ្ដាំ​សួរ​សុខ​ទុក្ខ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​ដែរ។ ២២  ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​គ្នា ជា​ពិសេស​អស់​អ្នក​ដែល​ជា​អ្នក​ផ្ទះ​របស់​សេសារ*+ សូម​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា។ ២៣  សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។

កំណត់សម្គាល់

ឬ​«​រំពឹង​គិត​»​
ន័យ​ត្រង់​«​អធិរាជ​»​