សុភាសិត ១៤:១-៣៥

  • មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​យល់​ពី​ភាពល្វីងជូរ​ចត់​របស់​ខ្លួន (​១០)

  • ផ្លូវ​មួយ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ផ្លូវ​ត្រឹម​ត្រូវ អាច​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់ (​១២)

  • មនុស្ស​ឆោត​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ (​១៥)

  • អ្នក​មាន​សម្បូរ​មិត្ត​ភក្ដិ​ណាស់ (​២០)

  • ចិត្ត​ស្ងប់​នាំ​ឲ្យ​មាន​សុខភាព​ល្អ (​៣០)

១៤  ស្ត្រី​ដែល​ពិត​ជា​មាន​ប្រាជ្ញា​នឹង​ពង្រឹង​ក្រុម​គ្រួសារ​របស់​នាង+តែ​ស្ត្រី​ល្ងង់​ខ្លៅ*នឹង​បំផ្លាញ​ក្រុម​គ្រួសារ​ដោយ​ដៃ​របស់​នាង​ផ្ទាល់។  ២  មនុស្ស​ដែល​ដើរ​ក្នុង​ផ្លូវ​ទៀង​ត្រង់​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ាប៉ុន្តែ មនុស្ស​ដែល​ដើរ​ក្នុង​ផ្លូវ​វៀច​វេរ*ប្រមាថ​មើល​ងាយ​លោក។  ៣  សម្ដី​អួតអាង​របស់​មនុស្ស​ល្ងង់​ខ្លៅ*ប្រៀប​ដូច​ជា​រំពាត់តែ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​នឹង​ជួយ​ការ​ពារ​ពួក​គេ។  ៤  កន្លែង​ណា​ដែល​គ្មាន​សត្វ​គោ នោះ​ប្រដាប់​ដាក់​ចំណី​តែង​តែ​ស្អាត​ល្អ។ ប៉ុន្តែ កម្លាំង​របស់​សត្វ​គោ​នាំ​ឲ្យ​បាន​ផល​ជា​បរិបូរ។  ៥  សាក្សី​ស្មោះ​ត្រង់​នឹង​មិន​និយាយ​កុហក​ទេតែ​សាក្សី​ក្លែង​ក្លាយ​និយាយ​កុហក​ជា​និច្ច។+  ៦  មនុស្ស​មាន​អំណួត*ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​បាន​សោះ។ ប៉ុន្តែ អ្នក​ដែល​មាន​ការ​យល់​ដឹង​បាន​ចំណេះ​យ៉ាង​ងាយ​ស្រួល។+  ៧  ចូរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ល្ងង់​ខ្លៅ*ព្រោះ​អ្នក​នឹង​មិន​បាន​ចំណេះ​ពី​មាត់​របស់​គេ​ឡើយ។+  ៨  ប្រាជ្ញា​ជួយ​មនុស្ស​ឈ្លាស​វៃ​ឲ្យ​យល់​ច្បាស់​អំពី​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរចំណែក​ឯ​មនុស្ស​ល្ងី​ល្ងើ​ត្រូវ​គេ​បោក​បញ្ឆោត*​ដោយ​សារ​តែ​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន។+  ៩  ពេល​មនុស្ស​ល្ងង់​ខ្លៅ*ធ្វើ​ខុស ពួក​គេ​ចាត់​ទុក​ថា​ជា​រឿង​អស់​សំណើច+រីឯ​ពួក​មនុស្ស​ទៀង​ត្រង់ ពួក​គេ​សុខ​ចិត្ត​ស្រុះ​ស្រួល​គ្នា​វិញ។ ១០  មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​យល់​ពី​ភាព​ល្វីង​ជូរ​ចត់​របស់​ខ្លួនហើយ​អំណរ​ក្នុង​ចិត្ត​ខ្លួន អ្នក​ក្រៅ​មិន​អាច​យល់​បាន​ទេ។ ១១  ផ្ទះ​របស់​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ចោល+តែ​ត្រសាល​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ចម្រុង​ចម្រើន​ឡើង។ ១២  មាន​ផ្លូវ​មួយ​ដែល​មនុស្ស​មើល​ទៅ​ហាក់​ដូច​ជា​ផ្លូវ​ត្រឹម​ត្រូវ+តែ​នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។+ ១៣  ទោះ​ជា​មនុស្ស​សើច​ក៏​ដោយ ក្នុង​ចិត្ត​គាត់​ប្រហែល​ជា​ឈឺ​ចាប់ហើយ​ការ​អរ​សប្បាយ​ប្រហែល​ជា​ចប់​ទៅ​វិញ​ដោយ​ក្ដី​ទុក្ខ​សោក។ ១៤  មនុស្ស​ដែល​ចចេស​ធ្វើ​តាម​តែ​ចិត្ត នឹង​ទទួល​ផល​ពី​ការ​ដែល​ខ្លួន​ប្រព្រឹត្ត+ប៉ុន្តែ មនុស្ស​ល្អ​នឹង​ទទួល​បាន​រង្វាន់​ពី​ការ​ប្រព្រឹត្ត​ល្អ​របស់​ខ្លួន។+ ១៥  មនុស្ស​ឆោត*ជឿ​គ្រប់​ពាក្យ​ទាំង​អស់តែ​មនុស្ស​ឈ្លាស​វៃ​រមែង​គិត​ពិចារណា​ជា​មុន​សិន។+ ១៦  មនុស្ស​ដែល​មាន​ប្រាជ្ញា​ប្រុង​ប្រយ័ត្ន​ជា​និច្ច ហើយ​មិន​ធ្វើ​អំពើ​អាក្រក់​ឡើយ។ តែ​មនុស្ស​ល្ងី​ល្ងើ​ចេះ​តែ​ធ្វេស​ប្រហែស* ថែម​ទាំង​ទុក​ចិត្ត​ខ្លួន​ឯង​ហួស​ហេតុ​ពេក។ ១៧  មនុស្ស​ដែល​រហ័ស​ខឹង​តែង​តែ​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ+ចំណែក​ឯ​មនុស្ស​ដែល​ចេះ​គិត​វែង​ឆ្ងាយ នោះ​នឹង​ត្រូវ​គេ​ស្អប់​វិញ។ ១៨  មនុស្ស​ឆោត*នឹង​បាន​ភាព​ល្ងង់​ខ្លៅ​ទុក​ជា​មត៌កតែ​មនុស្ស​ឈ្លាស​វៃ​នឹង​បាន​ចំណេះ​ទុក​ជា​មកុដ។+ ១៩  មនុស្ស​អាក្រក់​នឹង​ឱន​គោរព​នៅ​ចំពោះ​មុខ​មនុស្ស​ល្អហើយ​មនុស្ស​ទុច្ចរិត​នឹង​ក្រាប​ខ្លួន​នៅ​ខ្លោង​ទ្វារ​របស់​មនុស្ស​សុចរិត។ ២០  អ្នក​មាន​សម្បូរ​មិត្ត​ភក្ដិ​ណាស់+ចំណែក​ឯ​អ្នក​ក្រ សូម្បី​តែ​អ្នក​ជិត​ខាង​ក៏​ស្អប់​គាត់​ដែរ។+ ២១  អ្នក​ណា​ដែល​មើល​ងាយ​អ្នក​ជិត​ខាង អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គងតែ​អ្នក​ណា​ដែល​បង្ហាញ​ចិត្ត​មេត្តា​ដល់​មនុស្ស​ទន់​ទាប អ្នក​នោះ​មាន​សុភមង្គល។+ ២២  អស់​អ្នក​ដែល​រៀប​ផែន​ការ​អាក្រក់​នឹង​ត្រូវ​វង្វេងតែ​អស់​អ្នក​ដែល​តាំង​ចិត្ត​ធ្វើ​អំពើ​ល្អ​នឹង​ទទួល​បាន​សេចក្ដី​ស្រឡាញ់*​និង​សេចក្ដី​ស្មោះ​ត្រង់។+ ២៣  អស់​ទាំង​ការងារ​នឿយ​ហត់​សុទ្ធ​តែ​មាន​ប្រយោជន៍ប៉ុន្តែ អ្នក​ដែល​បាន​តែ​សម្ដី​ប៉ុណ្ណោះ នឹង​ធ្លាក់​ខ្លួន​ក្រ។+ ២៤  ទ្រព្យ​សម្បត្តិ​ជា​មកុដ​របស់​មនុស្ស​មាន​ប្រាជ្ញាតែ​មនុស្ស​ល្ងង់​ខ្លៅ​បាន​តែ​ភាព​ល្ងី​ល្ងើ​ប៉ុណ្ណោះ។+ ២៥  សាក្សី​ដែល​និយាយ​ពាក្យ​ពិត​នឹង​ជួយ​ការ​ពារ​ជីវិត​មនុស្ស។ ប៉ុន្តែ ជន​បោក​បញ្ឆោត​ពោល​តែ​ពាក្យ​កុហក។ ២៦  អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក+ហើយ​នោះ​នឹង​ទៅ​ជា​ទី​ពឹង​ជ្រក​សម្រាប់​កូន​ៗ​របស់​គាត់។+ ២៧  ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​បាន​ជីវិតហើយ​ជួយ​ឲ្យ​បែរ​ចេញ​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ ២៨  ស្ដេច​បាន​រុង​រឿង​ដោយ​សារ​មាន​ប្រជារាស្ត្រ​ច្រើន។+ ផ្ទុយ​ទៅ​វិញ បើ​គ្មាន​ប្រជា​រាស្ត្រ​ទេ អ្នក​គ្រប់​គ្រង​លែង​មាន​អំណាច​ទៀត។ ២៩  មនុស្ស​ដែល​មិន​រហ័ស​ខឹង ជា​មនុស្ស​មាន​សមត្ថភាព​វែក​ញែក​ខ្ពស់+តែ​មនុស្ស​ដែល​មិន​ចេះ​អត់​ធ្មត់​បង្ហាញ​ចេញ​តែ​ភាព​ល្ងង់​ខ្លៅ។+ ៣០  ចិត្ត​ស្ងប់​នាំ​ឲ្យ​មាន​សុខភាព​ល្អតែ​ចិត្ត​ច្រណែន​ប្រៀប​ដូច​ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​ពុក​រលួយ។+ ៣១  អ្នក​ណា​ដែល​បោក​ប្រាស់​មនុស្ស​ទន់​ទាប អ្នក​នោះ​មើល​ងាយ​ព្រះ​ដែល​ជា​អ្នក​បង្កើត+តែ​អ្នក​ណា​ដែល​បង្ហាញ​ចិត្ត​មេត្តា​ចំពោះ​មនុស្ស​ក្រី​ក្រ អ្នក​នោះ​លើក​តម្កើង​ព្រះ។+ ៣២  មនុស្ស​ទុច្ចរិត​នឹង​វិនាស​ទៅ ព្រោះ​តែ​អំពើ​អាក្រក់​របស់​ខ្លួនតែ​មនុស្ស​សុចរិត​នឹង​ទទួល​បាន​ការ​ការ​ពារ​ដោយ​សារ​គាត់​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។+ ៣៣  មនុស្ស​ដែល​មាន​ការ​យល់​ដឹង​មិន​អួត​ថា​ខ្លួន​មាន​ប្រាជ្ញា​ទេ+តែ​មនុស្ស​ល្ងី​ល្ងើ​ចូល​ចិត្ត​អួត​អំពី​អ្វី​ដែល​ខ្លួន​ដឹង។ ៣៤  អំពើ​សុចរិត​នាំ​ឲ្យ​បណ្ដា​រាស្ត្រ​ថ្កុំ​ថ្កើង+តែ​អំពើ​ខុស​ឆ្គង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាប់​ឱន​កិត្តិយស។ ៣៥  ស្ដេច​ពេញ​ចិត្ត​អ្នក​បម្រើ​ដែល​យល់​ឆ្លុះ​ជ្រៅ+តែ​ស្ដេច​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​បម្រើ​ដែល​បង្ក​តែ​រឿង​អាម៉ាស់។+

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​ក្រ​វិច​ក្រ​វៀន​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​មនុស្ស​ដែល​ចូល​ចិត្ត​ចំអក​ឲ្យ​គេ​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មនុស្ស​ល្ងី​ល្ងើ​បោក​បញ្ឆោត​អ្នក​ឯ​ទៀត​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​ខ្វះ​បទ​ពិសោធន៍​»​
ឬ​«​មនុស្ស​ល្ងី​ល្ងើ​ចេះ​តែ​ខឹង​»​
ឬ​«​ខ្វះ​បទ​ពិសោធន៍​»​
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​