អ្នកទូន្មាន ៧:១-២៩

  • កេរ្ដិ៍​ឈ្មោះ​ល្អ​និង​ថ្ងៃ​ស្លាប់ (​១​-​៤)

  • ការ​ស្ដី​បន្ទោស​ពី​មនុស្ស​មាន​ប្រាជ្ញា (​៥​-​៧)

  • ពេល​បញ្ចប់​ប្រសើរ​ជាង​ពេល​ចាប់​ផ្ដើម (​៨​-​១០)

  • ប្រយោជន៍​ពី​ការ​មាន​ប្រាជ្ញា (​១១, ១២)

  • ថ្ងៃ​ល្អ​និង​ថ្ងៃ​អាក្រក់ (​១៣​-​១៥)

  • ជៀស​វាង​ធ្វើ​ជ្រុល​ពេក (​១៦​-​២២)

  • ការ​សង្កេត​មើល​ដោយ​អ្នក​ទូន្មាន (​២៣​-​២៩)

 កេរ្តិ៍​ឈ្មោះ​ល្អ​គឺ​ប្រសើរ​ជាង​ប្រេង​មាន​តម្លៃ+ ហើយ​ថ្ងៃ​ស្លាប់​គឺ​ប្រសើរ​ជាង​ថ្ងៃ​កើត។ ២  ទៅ​ផ្ទះ​ដែល​មាន​គេ​កាន់​ទុក្ខ នោះ​ប្រសើរ​ជាង​ទៅ​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀង+ ព្រោះ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​របស់​មនុស្ស​ទាំង​អស់។ ដូច្នេះ មនុស្ស​ដែល​នៅ​រស់​គួរ​ចាំ​ទុក​ក្នុង​ចិត្ត។ ៣  ការ​មាន​ទុក្ខ​ព្រួយ​ល្អ​ជាង​ការ​សើច​សប្បាយ+ ព្រោះ​ទឹក​មុខ​ក្រៀម​ក្រំ​នាំ​ឲ្យ​ចិត្ត​ស្រស់ថ្លា​ឡើង។+ ៤  ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ផ្ទះ​ដែល​មាន​គេ​កាន់​ទុក្ខ។ ប៉ុន្តែ ចិត្ត​របស់​មនុស្ស​ល្ងី​ល្ងើ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​កម្សាន្ត​សប្បាយ។+ ៥  ស្ដាប់​មនុស្ស​មាន​ប្រាជ្ញា​ស្ដី​បន្ទោស+ ប្រសើរ​ជាង​ស្ដាប់​មនុស្ស​ល្ងី​ល្ងើ​ច្រៀង។ ៦  ព្រោះ​សំឡេង​សើច​សប្បាយ​របស់​មនុស្ស​ល្ងី​ល្ងើ ដូច​ជា​សូរ​ដើម​បន្លា​ដែល​កំពុង​ឆេះ​នៅ​ក្រោម​ឆ្នាំង+ ហើយ​នេះ​ក៏​អសារ​ឥត​ការ​ដែរ។ ៧  ការ​សង្កត់​សង្កិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា​ប្រព្រឹត្ត​ដូច​មនុស្ស​ឆ្កួត ហើយ​សំណូក​នាំ​ឲ្យ​ចិត្ត​គំនិត​ខូច​អាក្រក់។+ ៨  ពេល​បញ្ចប់​ប្រសើរ​ជាង​ពេល​ចាប់​ផ្ដើម។ ចិត្ត​អត់​ធ្មត់​ល្អ​ជាង​ចិត្ត​អំណួត។+ ៩  កុំ​ឆាប់​ទើស​ចិត្ត+ ព្រោះ​កំហឹង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងង់​ខ្លៅ។*+ ១០  កុំ​សួរ​ថា​៖ ​«​ហេតុ​អ្វី​ពី​មុន​ល្អ​ជាង​បច្ចុប្បន្ន?​»។ បើ​អ្នក​សួរ​ដូច្នេះ អ្នក​គ្មាន​ប្រាជ្ញា​ទេ។+ ១១  ពេល​មនុស្ស​ដែល​មាន​ប្រាជ្ញា​ទទួល​បាន​មត៌ក នេះ​ជា​អ្វី​ដ៏​ល្អ។ ប្រាជ្ញា​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​នៅ​រស់។* ១២  ព្រោះ​ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ+ ដូច​ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ដែរ។+ ប៉ុន្តែ ការ​មាន​ចំណេះ​និង​ប្រាជ្ញា​គឺ​ប្រសើរ​ជាង ដោយ​សារ​នោះ​រមែង​ជួយ​រក្សា​ជីវិត​របស់​អ្នក​ដែល​មាន​អ្វី​ទាំង​នោះ។+ ១៣  សូម​ពិចារណា​អំពី​ស្នា​ដៃ​របស់​ព្រះ​ពិត ព្រោះ​តើ​អ្នក​ណា​អាច​តម្រង់​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​វៀច​ទេ?+ ១៤  នៅ​ថ្ងៃ​ល្អ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ*+ តែ​នៅ​ថ្ងៃ​លំបាក* ចូរ​ដឹង​ថា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទាំង​ថ្ងៃ​ល្អ​ទាំង​ថ្ងៃ​អាក្រក់+ ដើម្បី​កុំ​ឲ្យ​មនុស្ស​អាច​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​អនាគត។+ ១៥  ក្នុង​ជីវិត​អសារ​ឥត​ការ​របស់​ខ្ញុំ+ ខ្ញុំ​បាន​ឃើញ​អ្វី​ៗ​ទាំង​អស់។ ខ្ញុំ​បាន​ឃើញ​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ ទោះ​ជា​គេ​ប្រព្រឹត្ត​អំពើ​សុចរិត​ក៏​ដោយ+ ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ទុច្ចរិត​ដែល​រស់​នៅ​យូរ​អង្វែង ទោះ​ជា​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្ដី។+ ១៦  កុំ​ធ្វើ​ខ្លួន​សុចរិត​ហួស​ហេតុ​ពេក+ ហើយ​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ។+ ហេតុ​អ្វី​អ្នក​ចង់​នាំ​អន្តរាយ​ដល់​ខ្លួន?+ ១៧  កុំ​ធ្វើ​អំពើ​ទុច្ចរិត​ហួស​ល្បត់ ហើយ​កុំ​ប្រព្រឹត្ត​អំពើ​ល្ងង់​ខ្លៅ។*+ តើ​អ្នក​ចង់​ស្លាប់​មុន​អាយុ​ឬ?+ ១៨  ជា​ការ​ល្អ​បំផុត​បើ​អ្នក​ស្ដាប់​ការ​ព្រមាន​ទាំង​ពីរ​នេះ ហើយ​កុំ​បដិសេធ​ណា​មួយ​ឡើយ+ ព្រោះ​អ្នក​ដែល​កោត​ខ្លាច​ព្រះ​នឹង​ធ្វើ​តាម​ការ​ព្រមាន​ទាំង​ពីរ​នេះ។ ១៩  ប្រាជ្ញា​ធ្វើ​ឲ្យ​មនុស្ស​ឈ្លាស​វៃ​មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​មនុស្ស​ដែល​មាន​អំណាច​១០​នាក់​នៅ​ក្នុង​ក្រុង​ទៅ​ទៀត។+ ២០  ព្រោះ​នៅ​ផែនដី គ្មាន​មនុស្ស​សុចរិត​ណា​ម្នាក់​ដែល​តែង​តែ​ធ្វើ​ល្អ​ជា​និច្ច ហើយ​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ។+ ២១  កុំ​គិត​ច្រើន​ពេក​អំពី​ពាក្យ​ទាំង​អស់​ដែល​មនុស្ស​និយាយ។+ ពុំ​នោះ​សោត អ្នក​នឹង​ឮ​ពួក​អ្នក​បម្រើ​និយាយ​អាក្រក់​អំពី​អ្នក។* ២២  ព្រោះ​អ្នក​ដឹង​ជាក់​ក្នុង​ចិត្ត​ហើយ​ថា ខ្លួន​អ្នក​ផ្ទាល់​ក៏​បាន​និយាយ​អាក្រក់​អំពី​គេ​ជា​ច្រើន​ដង​ដែរ។+ ២៣  ខ្ញុំ​បាន​ប្រើ​ប្រាជ្ញា​ត្រិះរិះ​អំពី​អ្វី​ទាំង​អស់​នេះ ហើយ​ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ខំ​ឲ្យ​បាន​ប្រាជ្ញា​ច្រើន​ជាង​»។ ប៉ុន្តែ ប្រាជ្ញា​គឺ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ណាស់។ ២៤  អ្វី​ៗ​ដែល​បាន​កើត​ឡើង នោះ​នៅ​ឆ្ងាយ​ពេក ហើយ​ក៏​ជ្រៅ​ហួស​ពី​ការ​នឹក​ស្មាន។ តើ​អ្នកណា​អាច​យល់​បាន?+ ២៥  ខ្ញុំ​បាន​សម្រេច​ចិត្ត​សិក្សា ស្រាវ​ជ្រាវ ស្វែង​រក​ប្រាជ្ញា​និង​ដើមហេតុ​នៃ​អ្វី​ៗ​ទាំង​ឡាយ ហើយ​ខំ​ស្វែង​យល់​អំពី​ការ​ប្រព្រឹត្ត​ទុច្ចរិត​របស់​មនុស្ស​ល្ងី​ល្ងើ និង​ទង្វើ​ផ្ដេស​ផ្ដាស​របស់​មនុស្ស។+ ២៦  បន្ទាប់​មក ខ្ញុំ​បាន​រក​ឃើញ​ថា​៖ អ្វី​ដែល​អាក្រក់​ជាង​សេចក្ដី​ស្លាប់​គឺ ស្ត្រី​ដែល​ប្រៀប​ដូច​ជា​សំណាញ់​របស់​នាយ​ព្រាន ហើយ​ចិត្ត​របស់​នាង​ដូច​ជា​អួន ឯ​ដៃ​របស់​នាង​ដូច​ជា​ច្រវាក់។ អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពិត​ពេញ​ចិត្ត​នឹង​ជៀស​ចេញ​ពី​នាង+ តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ជាប់​អន្ទាក់​របស់​នាង​វិញ។+ ២៧  អ្នក​ទូន្មាន​ពោល​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ។+ ខ្ញុំ​បាន​ស៊ើប​អង្កេត​រឿង​មួយ​ហើយ​មួយ​ទៀត​ដើម្បី​ដឹង​ការ​ពិត។ ២៨  ប៉ុន្តែ រឿង​ដែល​ខ្ញុំ​ខំ​ព្យាយាម​ស្វែង​យល់ បែរ​ជា​គ្មាន​ចម្លើយ។ ក្នុង​ចំណោម​មនុស្ស​១.០០០​នាក់ ខ្ញុំ​ឃើញ​មាន​បុរស​ទៀង​ត្រង់​ម្នាក់ តែ​មិន​ឃើញ​មាន​ស្ត្រី​ទៀង​ត្រង់​ណា​ម្នាក់​សោះ។ ២៩  អ្វី​មួយ​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បាន​រក​ឃើញ​គឺ​៖ ព្រះ​ពិត​បាន​បង្កើត​មនុស្សជាតិ​មក​ជា​មនុស្ស​ទៀង​ត្រង់+ តែ​ពួក​គេ​ទេ​ជា​អ្នក​ដែល​គិត​ធ្វើ​គម្រោង​ជា​ច្រើន​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កំហឹង​ជា​សញ្ញា​សម្គាល់​របស់​មនុស្ស​ល្ងង់​ខ្លៅ​»​
ន័យ​ត្រង់​«​អស់​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​»​
ឬ​«​ថ្ងៃ​អន្តរាយ​»​
ន័យ​ត្រង់​«​ចូរ​ប្រព្រឹត្ត​ដោយ​គុណធម៌​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ន័យ​ត្រង់​«​ដាក់​បណ្ដាសា​អ្នក​»​