ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី ៦:១-១៨

  • ចូរ​បន្ត​រែក​ពុន​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក (​១​-​១០)

    • ទទួល​ផល​តាម​អ្វី​ដែល​គេ​សាប​ព្រោះ (​៧, ៨)

  • ការ​កាត់​ចុង​ស្បែក​គ្មាន​ប្រយោជន៍ (​១១​-​១៦)

    • ការ​បង្កើត​ជា​ថ្មី (​១៥)

  • សេចក្ដី​បញ្ចប់ (​១៧, ១៨)

 បង​ប្អូន​អើយ ទោះ​ជា​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ជា​គ្រិស្ត​សាសនិក​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ព្យាយាម​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត។+ ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន​ផង+ ក្រែង​លោ​អ្នក​ត្រូវ​ល្បួង​ដែរ។+ ២  ចូរ​បន្ត​រែក​ពុន​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក+ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​បំពេញ​ច្បាប់​គ្រិស្ត​គ្រប់​ជំពូក។+ ៣  ព្រោះ​ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​សំខាន់ តែ​តាម​ពិត​ខ្លួន​មិន​មែន​ជា​អ្វី​សោះ+ អ្នក​នោះ​កំពុង​បញ្ឆោត​ខ្លួន​ហើយ។ ៤  ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន+ រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ខ្លួន​ផ្ទាល់ ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។+ ៥  ព្រោះ​ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន។*+ ៦  ម្យ៉ាង​ទៀត ចូរ​ឲ្យ​អ្នក​ណា​ដែល​ទទួល​ការ​បង្រៀន*ពី​បណ្ដាំ​របស់​ព្រះ និង​អ្នក​ដែល​បាន​បង្រៀន​សេចក្ដី​នោះ ចែក​រំលែក​អ្វី​ៗ​ល្អ​ទាំង​អស់​ជា​មួយ​គ្នា។+ ៧  កុំ​ច្រឡំ​ឡើយ បញ្ឆោត​ព្រះ​មិន​បាន​ទេ។ ព្រោះ​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ។+ ៨  ពី​ព្រោះ​អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ អ្នក​នោះ​នឹង​ទទួល​ផល​ជា​សេចក្ដី​ហិន​វិនាស​ពី​រូប​កាយ។ ប៉ុន្តែ អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ អ្នក​នោះ​នឹង​ទទួល​ផល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ពី​ឫទ្ធានុភាព​របស់​ព្រះ។+ ៩  ដូច្នេះ យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ ព្រោះ​នៅ​ពេល​កំណត់​យើង​នឹង​ទទួល​ផល បើ​យើង​មិន​រសាយ​ចិត្ត​ទេ។*+ ១០  ម្ល៉ោះ​ហើយ ដរាប​ណា​យើង​មាន​ឱកាស នោះ​ចូរ​យើង​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេស​ដល់​បង​ប្អូន​រួម​ជំនឿ។ ១១  មើល! ខ្ញុំ​បាន​សរសេរ​អក្សរ​ធំ​ៗ​ទៅ​កាន់​អ្នក​រាល់​គ្នា​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ ១២  អស់​អ្នក​ដែល​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ពេញ​ចិត្ត​នឹង​សម្បក​ក្រៅ​របស់​ពួក​គេ គឺ​ជា​អ្នក​ដែល​ខំ​ជំរុញ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុង​ស្បែក ដើម្បី​កុំ​ឲ្យ​គេ​បៀត​បៀន​ខ្លួន​ដោយ​សារ​បង្គោល​ទារុណកម្ម*របស់​គ្រិស្ត។ ១៣  ព្រោះ​សូម្បី​តែ​ពួក​អ្នក​ដែល​ទទួល​ការ​កាត់​ចុង​ស្បែក​ក៏​មិន​ធ្វើ​តាម​ច្បាប់​ដែរ+ ប៉ុន្តែ​ពួក​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុង​ស្បែក ដើម្បី​ឲ្យ​ពួក​គេ​អាច​អួត​អំពី​សម្បក​ក្រៅ​របស់​អ្នក​រាល់​គ្នា។ ១៤  ក៏​ប៉ុន្តែ ខ្ញុំ​នឹង​មិន​អួត​អំពី​អ្វី​ក្រៅ​ពី​បង្គោល​ទារុណកម្ម*របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​ឡើយ។+ ចំពោះ​ខ្ញុំ ពិភព​លោក​បាន​ស្លាប់​ហើយ* ចំពោះ​ពិភព​លោក ខ្ញុំ​ក៏​បាន​ស្លាប់​ដែរ។ ១៥  ព្រោះ​ការ​កាត់​ចុង​ស្បែក​ឬ​មិន​កាត់ នោះ​មិន​សំខាន់​ឡើយ+ តែ​អ្វី​ដែល​ពិត​ជា​សំខាន់ គឺ​ព្រះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មនុស្ស​ថ្មី។+ ១៦  ចំណែក​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​នៃ​ការ​ប្រព្រឹត្ត​នេះ ពោល​គឺ​អ៊ីស្រាអែល​នៃ​ព្រះ សូម​ឲ្យ​បាន​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​មេត្តា​ករុណា។+ ១៧  ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​អ្នក​ណា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ទៀត ព្រោះ​នៅ​លើ​រូប​កាយ​ខ្ញុំ​មាន​ស្លាកស្នាម​ដែល​សម្គាល់​ថា​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​លោក​យេស៊ូ។+ ១៨  បង​ប្អូន​អើយ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ អាមេន។

កំណត់សម្គាល់

ឬ​«​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»​
នេះ​សំដៅ​លើ​ការ​បង្រៀន​ដោយ​មាត់​ទទេ
ឬ​«​មិន​ឈប់​ព្យាយាម​ទេ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​
ឬ​«​បាន​ត្រូវ​ប្រហារ​ជីវិត​លើ​បង្គោល​ឈើ​ហើយ​»​