លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ាកុប ៤:៨

តើព្រះពិតជាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងឬទេ?

តើព្រះពិតជាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងឬទេ?

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ឬ​ទេ? មិន​មែន​តែ​អ្នក​ទេ​ដែល​មាន​អារម្មណ៍​បែប​នេះ។ មនុស្ស​ជា​ច្រើន​បាន​អធិដ្ឋាន​ទៅ​ព្រះ​អំពី​បញ្ហា​មួយ​ចំនួន។ ប៉ុន្តែ​បញ្ហា​របស់​ពួក​គេ​នៅ​តែ​មាន តើ​នេះ​មាន​ន័យ​ថា ព្រះ​មិន​អើពើ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ? មិន​មែន​ទេ! គម្ពីរ​បញ្ជាក់​ថា​ព្រះ​ស្ដាប់​យើង នៅ​ពេល​ដែល​យើង​អធិដ្ឋាន​ទៅ​លោក​ដោ​យ​របៀប​ត្រឹម​ត្រូវ។ សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​បាន​ចែង​អំពី​រឿង​នេះ។

ព្រះ​កំពុងស្ដាប់​អ្នក។

«​ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់​»។—ទំនុកតម្កើង ៦៥:២

មនុស្ស​ខ្លះ​អធិដ្ឋាន​ដោ​យ​សារ​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្បើយ ទោះ​ជា​ការ​ពិត ពួក​គេ​មិន​ជឿ​ថា​មាន​នរណា​ស្ដាប់​ក៏​ដោយ។ ប៉ុន្តែ​យើង​មិន​អធិដ្ឋាន ដោ​យ​សារ​នេះ​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្រួល ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​របស់​យើង​ប៉ុណ្ណោះ​ទេ។ គម្ពីរ​បញ្ជាក់​ថា​៖ ​«​ព្រះ​យេហូវ៉ា * ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោ​យ​ពិត​ត្រង់ . . . ទ្រង់​នឹង​ឮ​ពាក្យ​អំពាវនាវ​របស់​គេ​»។—ទំនុកតម្កើង ១៤៥:១៨, ១៩

ហេតុ​នេះ​ហើយ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​គោរព​ប្រណិប័តន៍​លោក។ ដោ​យ​សេចក្ដី​ស្រឡាញ់​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​អធិដ្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូល​អង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​វិញ​»។ (​យេរេមី [​យេរេមា​] ២៩:១២, ខ.ស.​)

ព្រះ​ចង់ឲ្យ​អ្នក​អធិដ្ឋាន​ទៅ​លោក។

«​ចូរ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»។—រ៉ូម ១២:១២

គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​«​អធិដ្ឋាន​ជានិច្ច​»​និង​«​បន្ត​អធិដ្ឋាន​នៅ​គ្រប់​ឱកាស​»។ ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក។—ម៉ាថាយ ២៦:៤១; អេភេសូរ ៦:១៨

ហេតុ​អ្វី​ព្រះ​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក? សូម​ពិចារណា: តើ​មាន​ឪពុក​ម្ដាយ​ណា​ដែល​មិន​ចង់​ឮ​កូន​តូច​របស់​គាត់​និយាយ​ថា​៖ ​«​ប៉ា​ជួយ​កូន​ផង​បាន​ទេ​»​? តាម​ការ​ពិត ឪពុក​ម្នាក់​ប្រហែល​ជា​ដឹង​ថា កូន​របស់​គាត់​ត្រូវ​ការ​អ្វី​ឬ​មាន​អារម្មណ៍​យ៉ាង​ណា​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ពាក្យ​ទាំង​នេះ នោះ​បង្ហាញ​គាត់​ថា​កូន​របស់​គាត់​ទុក​ចិត្ត​គាត់ ហើយ​មាន​អារម្មណ៍​ស្និទ្ធ​ស្នា​ល​នឹង​គាត់។ ស្រដៀង​គ្នា​ដែរ ពេល​ដែល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា យើង​បង្ហាញ​លោក​ថា យើង​ទុក​ចិត្ត​លោក​ហើយ​ចង់​ចូល​ទៅ​ជិត​លោក។—សុភាសិត ១៥:៨; យ៉ាកុប ៤:៨

ព្រះ​រមែង​គិតអំពី​អ្នក។

«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពី​ព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី​១ ៥:៧

ព្រះ​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក​ដោយ​សារ​លោក​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​នឹង​យើង។ លោក​ដឹង​អំពី​កង្វល់​និង​បញ្ហា​ទាំង​អស់​របស់​យើង ហើយ​លោក​ចង់​ជួយ​យើង។

ក្នុង​ជីវិត​របស់​ស្ដេច​ដាវីឌ​គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ ហើយ​បាន​ប្រាប់​លោក​អំពី​គំនិត​និង​អារម្មណ៍​របស់​គាត់។ (​ទំនុកតម្កើង ២៣:១​-​៦​) តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ដាវីឌ? ព្រះ​ស្រឡាញ់​ដាវីឌ​និង​ស្ដាប់​ការ​អធិដ្ឋាន​ជា​ច្រើន​របស់​គាត់។ (​សកម្មភាព ១៣:២២​) ស្រដៀង​គ្នា​ដែរ ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ពី​ព្រោះ​លោក​រមែង​គិត​អំពី​យើង។

‹ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​តែង​តែ​ស្ដាប់​សំឡេង​ខ្ញុំ›

ពាក្យ​ខាង​លើ​នេះ​បាន​ត្រូវ​សរសេរ​ដោ​យ​អ្នក​តែង​ទំនុក​តម្កើង​ម្នាក់​ក្នុង​គម្ពីរ។ គាត់​ដឹង​ថា​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ហើយ​នេះ​បាន​ជួយ​គាត់​ខ្លាំង​ណាស់។ គាត់​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ ហើយ​មាន​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​ពេល​មាន​ការ​លំបាក​និង​ទុក្ខ​ព្រួយ​ក្នុង​ជីវិត។—ទំនុកតម្កើង ១១៦:១​-​៩

នៅ​ពេល​ដែល​យើង​ប្រាកដ​ថា ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​នោះ​យើង​នឹង​បន្ត​អធិដ្ឋាន​ទៅ​លោក។ សូម​ពិចារណា​បទ​ពិសោធ​របស់​ភេត្រូ​ដែល​រស់​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ។ គាត់​បាន​បាត់​បង់​កូន​ប្រុស​របស់​គាត់​ដែល​មាន​អាយុ​១៩​ឆ្នាំ​ដោ​យ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ដោ​យ​ទុក្ខ​សោក ភេត្រូ​បាន​អធិដ្ឋាន​ទៅ​ព្រះ​អស់​ពី​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​គ្រាំ​ទ្រ​ពី​លោក។ តើ​មាន​អ្វី​កើត​ឡើង? ភេត្រូ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​តាម​រយៈ​ការ​សម្រាល​ទុក្ខ​និង​ការ​គ្រាំ​ទ្រ​ដែល​ខ្ញុំ​បាន​ទទួល​ពី​បង​ប្អូន​រួម​ជំនឿ​»។

ជា​ច្រើន​ដង​យើង​ឃើញ​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​រយៈ​ការ​សម្រាល​ទុក្ខ​និង​ការ​គ្រាំ​ទ្រ​ពី​មិត្ត​ភក្ដិ​ដែល​ស្រឡាញ់​យើង

ទោះ​ជា​កូន​ប្រុស​របស់​គាត់​មិន​បាន​រស់​ឡើង​វិញ​ក៏​ដោ​យ ប៉ុន្តែ​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​ភេត្រូ​និង​ក្រុម​គ្រួសារ​របស់​គាត់​ខ្លាំង​ណាស់។ ប្រពន្ធ​របស់​គាត់​ម៉ារៀ​ខាមែន​រំលឹក​ថា​៖ ​«​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​ព្រួយ​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​យល់​ចិត្ត​ខ្ញុំ ពី​ព្រោះ​ពេល​ដែល​ខ្ញុំ​អធិដ្ឋាន​ទៅ​លោក ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​និង​ចិត្ត​ស្ងប់​»។

គម្ពីរ​និង​បទ​ពិសោធ​ផ្ទាល់​ខ្លួន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​ពិត​ជា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​មែន។ ប៉ុន្តែ​ក៏​បង្ហាញ​ដែរ​ថា ព្រះ​មិន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​នោះ​ឡើយ។ ហេតុ​អ្វី​ព្រះ​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​ខ្លះ តែ​មិន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​ខ្លះ​ទៀត?

^ វគ្គ 5 យេហូវ៉ា​គឺ​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។—ទំនុកតម្កើង ៨៣:១៨