សៀវភៅយ៉ូហាន ៨:១២-៥៩

  • បិតា​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ (​១២​-​៣០)

    • លោក​យេស៊ូ​ជា​«​ពន្លឺ​បំភ្លឺ​ពិភព​លោក​»​ (​១២)

  • កូន​ចៅ​របស់​អាប្រាហាំ (​៣១​-​៤១)

    • «​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»​ (​៣២)

  • កូន​របស់​មេកំណាច (​៤២​-​៤៧)

  • លោក​យេស៊ូ​និង​អាប្រាហាំ (​៤៨​-​៥៩)

 ១២  រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក។+ អ្នក​ណា​ដែល​កាន់​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​ភាព​ងងឹត​ឡើយ ប៉ុន្តែ​គាត់​នឹង​មាន​ពន្លឺ+ដែល​នាំ​ឲ្យ​បាន​ជីវិត​»។ ១៣  ដូច្នេះ ពួក​ផារិស៊ី​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​អ្នក​កំពុង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្លួន​អ្នក។ ការ​បញ្ជាក់​របស់​អ្នក​គឺ​មិន​ពិត​ទេ​»។ ១៤  លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្លួន​ខ្ញុំ​ក៏​ដោយ ការ​បញ្ជាក់​របស់​ខ្ញុំ​គឺ​ពិត ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ដឹង​ថា​ខ្ញុំ​នឹង​ទៅ​ណា។+ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ឡើយ ក៏​មិន​ដឹង​ថា​ខ្ញុំនឹង​ទៅ​ណា​ដែរ។ ១៥  អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ដោយ​មើល​សម្បក​ក្រៅ។*+ ខ្ញុំ​មិន​វិនិច្ឆ័យ​មនុស្ស​ណា​ម្នាក់​ឡើយ។ ១៦  ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​គឺ​យុត្តិធម៌ ពី​ព្រោះ​ខ្ញុំ​មិន​មែន​វិនិច្ឆ័យ​តែ​ម្នាក់​ឯង​ឡើយ តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​វិនិច្ឆ័យ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។+ ១៧  ម្យ៉ាង​ទៀត ច្បាប់*របស់​អ្នករាល់​គ្នាចែង​ថា​៖ ‹ការ​បញ្ជាក់​របស់​សាក្សី​ពីរ​នាក់​គឺ​ជា​ការ​ពិត›។+ ១៨  សាក្សី​ម្នាក់​គឺ​ខ្ញុំ ដែល​បញ្ជាក់​អំពី​ខ្លួន​ខ្ញុំ ហើយ​សាក្សី​ម្នាក់​ទៀត​គឺ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក លោក​ក៏​បញ្ជាក់​អំពី​ខ្ញុំ​ដែរ​»។+ ១៩  ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​បិតា​របស់​អ្នក​នៅ​ឯ​ណា?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ ហើយ​ក៏​មិន​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។+ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ​មែន នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ​»។+ ២០  លោក​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ កាល​ដែល​លោក​កំពុង​បង្រៀន​ក្នុង​វិហារ​នៅ​កន្លែង​ឃ្លាំង​ប្រាក់។+ ប៉ុន្តែ គ្មាន​អ្នក​ណា​បាន​ចាប់​លោក​ទេ ពី​ព្រោះ​វេលា​របស់​លោក​មិន​ទាន់​មក​ដល់​នៅ​ឡើយ។+ ២១  ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​នឹង​ចេញ​ទៅ រួច​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ភាព​ខុស​ឆ្គង​នៅ​ឡើយ។+ កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ​»។+ ២២  ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា​៖ ​«​តើ​គាត់​នឹង​សម្លាប់​ខ្លួន​ឬ? ពី​ព្រោះ​គាត់​និយាយ​ថា​៖ ‹កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›​»។ ២៣  ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​មក​ពី​ផែនដី តែ​ខ្ញុំ​មក​ពី​ស្ថាន​លើ។+ អ្នក​រាល់​គ្នា​មក​ពី​ពិភព​លោក​នេះ តែ​ខ្ញុំ​មិន​មក​ពី​ពិភព​លោក​នេះ​ទេ។ ២៤  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ការ​ខុស​ឆ្គង​នៅ​ឡើយ។ ព្រោះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​អ្នក​ដែល​ត្រូវ​មក​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ការ​ខុស​ឆ្គង​នៅ​ឡើយ​»។ ២៥  ដូច្នេះ ពួក​គេ​ក៏​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ។ ២៦  ខ្ញុំ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​នឹង​និយាយ​អំពី​អ្នក​រាល់​គ្នា ហើយ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​នឹង​វិនិច្ឆ័យ។ ការ​ពិត លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​គឺ​ពិត​ត្រង់ ហើយ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​លោក ជា​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ក្នុង​ពិភព​លោក​»។+ ២៧  ពួក​គេ​មិន​បាន​យល់​ថា លោក​កំពុង​មាន​ប្រសាសន៍​អំពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ។ ២៨  រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ព្យួរ​កូន​មនុស្ស​ឡើង+ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​ជា​អ្នក​នោះ​ហើយ+ ក៏​នឹង​ដឹង​ថា​ខ្ញុំ​មិន​ធ្វើ​អ្វី​សោះ​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​ឡើយ+ ប៉ុន្តែ​ខ្ញុំ​និយាយ​អ្វី​ៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ។ ២៩  លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។ លោក​មិន​បាន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត​»។+ ៣០  កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក។ ៣១  បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជនជាតិ​យូដា​ដែល​ជឿ​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ជា​និច្ច នោះ​អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន ៣២  ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត+ ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»។+ ៣៣  ពួក​គេ​តប​ទៅ​លោក​ថា​៖ ​«​យើង​ជា​កូន​ចៅ​របស់​អាប្រាហាំ យើង​មិន​ដែល​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ណា​សោះ។ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព›?​»។ ៣៤  លោក​យេស៊ូ​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង។+ ៣៥  ម្យ៉ាង​ទៀត ខ្ញុំ​បម្រើ​មិន​នៅ​ជាប់​ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ​ជា​រៀង​រហូត​ទេ តែ​បុត្រ​នៅ​ជាប់​ជា​រៀង​រហូត​វិញ។ ៣៦  ដូច្នេះ ប្រសិន​បើ​បុត្រ​នោះ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព​ពិត​មែន។ ៣៧  ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំ ប៉ុន្តែ​អ្នក​រាល់​គ្នា​កំពុង​រក​សម្លាប់​ខ្ញុំ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ឡើយ។ ៣៨  ខ្ញុំ​និយាយ​អំពី​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយនឹងបិតា​របស់​ខ្ញុំ+ តែ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា​»។ ៣៩  ពួក​គេ​តប​ទៅ​លោក​ថា​៖ ​«​អាប្រាហាំ​ជា​ឪពុក​របស់​យើង​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំមែន+ អ្នក​ច្បាស់​ជា​ធ្វើ​តាម​អ្វី​ដែល​អាប្រាហាំ​បាន​ធ្វើ។ ៤០  ប៉ុន្តែ ឥឡូវ​នេះ​អ្នក​រាល់​គ្នា​កំពុង​រក​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។+ អាប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ៤១  អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់​គ្នា​ធ្វើ​»។ ពួក​គេ​ជម្រាប​លោក​ថា​៖ ​«​យើង​មិន​មែន​ជា​កូន​ឥត​ស្រប​ច្បាប់*ទេ យើង​មាន​បិតា​តែ​មួយ គឺ​ព្រះ​»។ ៤២  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​ព្រះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ស្រឡាញ់​ខ្ញុំ+ ព្រោះ​ខ្ញុំ​បាន​មក​ពី​ព្រះ ក៏​នៅ​ទី​នេះ​ដោយ​សារ​ព្រះ។ ខ្ញុំ​មិន​មែន​មក​ដោយ​គំនិត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៤៣  ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ? ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្ដី​បង្រៀន​របស់​ខ្ញុំ។ ៤៤  មេកំណាច*ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ឪពុក​អ្នក។+ មេកំណាច​ជា​ឃាតករ​តាំង​ពី​ដើម​ដំបូង+ ហើយ​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ ពី​ព្រោះ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ។ ពេល​ដែល​មេកំណាច​ភូត​ភរ អ្នក​នោះ​និយាយ​តាម​ចរិត​លក្ខណៈ​របស់​ខ្លួន ពី​ព្រោះ​មេកំណាច​ជា​អ្នក​ភូត​ភរ ព្រម​ទាំង​ជា​ឪពុក​នៃ​ការ​ភូត​ភរ​ទៀត​ផង។+ ៤៥  ក៏​ប៉ុន្តែ ពេល​ខ្ញុំ​និយាយ​សេចក្ដី​ពិត អ្នក​រាល់​គ្នា​បែរ​ជា​មិន​ជឿ​ខ្ញុំ​ទៅ​វិញ។ ៤៦  ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​អាច​បង្ហាញ​ភ័ស្តុតាង​ថា​ខ្ញុំ​ធ្វើ​អំពើ​ខុស​ឆ្គង? ប្រសិន​បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? ៤៧  អ្នក​ណា​ដែល​មក​ពី​ព្រះ អ្នក​នោះ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ។+ ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ដោយ​សារ​អ្នក​រាល់​គ្នា​មិន​មក​ពី​ព្រះ​ឡើយ​»។+ ៤៨  ជនជាតិ​យូដា​តប​ទៅ​លោក​ថា​៖ ​«​តើ​យើង​មិន​បាន​និយាយ​ត្រឹម​ត្រូវ​ទេ​ថា​៖ ‹អ្នក​ជា​ជន​ជាតិ​សាម៉ារី+ ហើយ​ក៏​មាន​វិញ្ញាណ​កំណាច​ចូល›?​»។+ ៤៩  លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​មាន​វិញ្ញាណ​កំណាច​ចូល​ទេ តែ​ខ្ញុំ​លើក​កិត្តិយស​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បង្ខូច​កិត្តិយស​ខ្ញុំ។ ៥០  ខ្ញុំ​មិន​រក​ការ​លើក​តម្កើង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ+ តែ​មាន​លោក​ម្នាក់​ដែល​ចង់​ឲ្យ​ខ្ញុំ​ទទួល​ការ​លើក​តម្កើង ហើយ​លោក​ជា​អ្នក​វិនិច្ឆ័យ។ ៥១  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ​»។+ ៥២  ជនជាតិ​យូដា​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ឥឡូវ​យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​វិញ្ញាណ​កំណាច​ចូល​មែន។ អាប្រាហាំ​បាន​ស្លាប់ ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ស្លាប់​ដែរ ប៉ុន្តែ​អ្នក​បែរ​ជា​និយាយ​ថា​៖ ‹ប្រសិន​បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ›។ ៥៣  អ្នក​មិន​មែន​ធំ​ជាង​អាប្រាហាំ ជា​បុព្វ​បុរស​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទេ មែន​ទេ? ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ស្លាប់​ដែរ។ តើ​អ្នក​អះអាង​ថា​ខ្លួន​អ្នក​ជា​អ្នក​ណា?​»។ ៥៤  លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ ការ​លើក​តម្កើង​នោះ​គ្មាន​តម្លៃ​ទេ។ គឺ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ+ ជា​លោក​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា​ជា​ព្រះ​របស់​អ្នក។ ៥៥  ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្គាល់​លោក​ទេ+ តែ​ខ្ញុំ​ស្គាល់​លោក។+ ប្រសិន​បើ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​មិន​ស្គាល់​លោក​ទេ ខ្ញុំ​ក៏​ជា​អ្នក​ភូត​ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ​ខ្ញុំ​ស្គាល់​លោក ហើយ​កំពុង​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក។ ៥៦  អាប្រាហាំ​ដែល​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​ជា​ខ្លាំង ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​គ្រា​របស់​ខ្ញុំ ហើយ​គាត់​បាន​ឃើញ ក៏​ត្រេក​អរ​ផង​»។+ ៥៧  ជនជាតិ​យូដា​បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​អ្នក​មាន​អាយុ​មិន​ទាន់​បាន​៥០​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​អាប្រាហាំ?​»។ ៥៨  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មុន​អាប្រាហាំ​កើត​មក មាន​ខ្ញុំ​ហើយ​»។+ ៥៩  ឮ​ដូច្នោះ ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​គប់​លោក​យេស៊ូ ប៉ុន្តែ​លោក​បាន​លាក់​ខ្លួន រួច​ចេញ​ពី​វិហារ​ទៅ។

កំណត់សម្គាល់

ឬ​«​វិនិច្ឆ័យ​តាម​ទស្សនៈ​របស់​មនុស្ស​»​
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ឬ​«​កូន​កើត​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​