សៀវភៅយ៉ូហាន ៣:១-៣៦

  • លោក​យេស៊ូ​និង​នីកូដេម (​១​-​២១)

    • កើត​ម្ដង​ទៀត (​៣​-​៨)

    • ព្រះ​បាន​ស្រឡាញ់​ពិភព​លោក (​១៦)

  • ការ​ផ្សព្វ​ផ្សាយ​ចុង​ក្រោយ​របស់​យ៉ូហាន​អំពី​លោក​យេស៊ូ (​២២​-​៣០)

  • លោក​ដែល​មក​ពី​ស្ថាន​លើ (​៣១​-​៣៦)

 មាន​បុរស​ផារិស៊ី​ម្នាក់​ឈ្មោះ​នីកូដេម+ គាត់​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​របស់​ជនជាតិ​យូដា។ ២  គាត់​មក​ជួប​លោក​យេស៊ូ​នៅ​ពេល​យប់+ ហើយ​ជម្រាប​ថា​៖ ​«​រ៉ាប៊ី*+ យើង​ដឹង​ថា​លោក​ជា​អ្នក​បង្រៀន​ដែល​មក​ពី​ព្រះ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន+ដែល​លោក​ធ្វើ​ទេ លុះ​ត្រា​តែ​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​នោះ​»។+ ៣  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​កើត​ម្ដង​ទៀត+ អ្នក​នោះ​មិន​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ​»។+ ៤  នីកូដេម​សួរ​លោក​ថា​៖ ​«​តើ​មនុស្ស​វ័យ​ចាស់​ម្នាក់​អាច​កើត​ម្ដង​ទៀត​ដូច​ម្ដេច​បាន? គាត់​មិន​អាច​ចូល​ក្នុង​ផ្ទៃ​ម្ដាយ​ម្ដង​ទៀត ហើយ​កើត​មក​បាន​ឡើយ មែន​ទេ?​»។ ៥  លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​កើត​ពី​ទឹក+និង​ពី​ឫទ្ធានុភាព​របស់​ព្រះ។+ ៦  អ្វី​ដែល​កើត​ពី​សាច់​ឈាម​គឺ​ជា​កូន​របស់​មនុស្ស ហើយ​អ្វី​ដែល​កើត​ពី​ឫទ្ធានុភាព​របស់​ព្រះ​គឺ​ជា​កូន​របស់​ព្រះ។ ៧  កុំ​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា​អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត ធ្វើ​ឲ្យ​អ្នក​ងឿង​ឆ្ងល់​ឡើយ។ ៨  ខ្យល់​បក់​ទៅ​ទិស​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​ខ្យល់ តែ​មិន​ដឹង​ថា​ខ្យល់​នោះ​មក​ពី​ណា​និង​កំពុង​បក់​ទៅ​ណា​ទេ។ ម្ល៉ោះ​ហើយ អស់​អ្នក​ដែល​កើត​ពី​ឫទ្ធានុភាព​របស់​ព្រះ​ក៏​ដូច្នោះ​ដែរ​»។+ ៩  នីកូដេម​តប​ទៅ​លោក​ថា​៖ ​«​តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?​»។ ១០  លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​អ្នក​ជា​អ្នក​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល តើ​អ្នក​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ? ១១  ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា យើង​និយាយ​អំពី​អ្វី​ដែល​យើង​ដឹង ហើយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​អ្វី​ដែល​យើង​បាន​ឃើញ។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​សក្ខី​ភាព​ពី​យើង​ទេ។ ១២  ពេល​ដែល​ខ្ញុំ​ប្រាប់​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ទម្រាំ​តែ​ខ្ញុំ​ប្រាប់​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ស្ថាន​សួគ៌ អ្នក​រាល់​គ្នា​ច្បាស់​ជា​មិន​ជឿ​ទេ។ ១៣  ម្យ៉ាង​ទៀត គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ+ មាន​តែ​លោក​ដែល​បាន​ចុះ​ពី​ស្ថាន​សួគ៌​ប៉ុណ្ណោះ+ គឺ​កូន​មនុស្ស។ ១៤  ដូច​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​តំបន់​ស្ងាត់​ជ្រងំ+ នោះ​កូន​មនុស្ស​ក៏​នឹង​ត្រូវ​លើក​ឡើង​ដូច្នោះ​ដែរ+ ១៥  ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លោក អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ១៦  ​«​ពី​ព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ*+របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ។+ ១៧  ព្រោះ​ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ចូល​ក្នុង​ពិភព​លោក មិន​មែន​ដើម្បី​វិនិច្ឆ័យ​ពិភព​លោក​ទេ តែ​ដើម្បី​ឲ្យពិភព​លោក​អាច​ត្រូវ​សង្គ្រោះ​តាម​រយៈ​បុត្រ​របស់​លោក។+ ១៨  អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ។+ ឯ​អ្នក​ណា​ដែល​មិន​បង្ហាញ​ជំនឿ អ្នក​នោះ​បាន​ត្រូវ​វិនិច្ឆ័យ​រួច​ហើយ ពី​ព្រោះ​អ្នក​នោះ​មិន​បាន​បង្ហាញ​ជំនឿ​លើ​នាម​នៃ​បុត្រ​តែ​មួយ​របស់​ព្រះ​ទេ។+ ១៩  នេះ​ជា​មូលដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ ពោល​គឺ​ពន្លឺ​បាន​ចូល​ក្នុង​ពិភព​លោក+ តែ​មនុស្ស​បាន​ស្រឡាញ់​ភាព​ងងឹត​ជា​ជាង​ពន្លឺ​នោះ ព្រោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ទុច្ចរិត។ ២០  ពី​ព្រោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​ទម្លាប់ អ្នក​នោះ​ស្អប់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ឡើយ ដើម្បី​កុំ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ត្រូវ​លាត​ត្រដាង។ ២១  ប៉ុន្តែ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មក​ឯ​ពន្លឺ+ ដើម្បី​ស​ឲ្យ​ឃើញ​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គឺ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»។ ២២  ក្រោយ​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បាន​ទៅ​ឯ​ជនបទ​ក្នុង​តំបន់​យូឌា។ នៅ​ទី​នោះ លោក​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គាត់ ហើយ​បណ្ដា​ជន​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ។+ ២៣  ចំណែក​យ៉ូហាន​វិញ គាត់​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ​នៅ​អ៊ីណន​ជិត​សាលិម ពី​ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន+ ហើយ​មាន​មនុស្ស​មក​ឥត​ដាច់ ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ+ ២៤  ព្រោះ​ពេល​នោះ​យ៉ូហាន​មិន​ទាន់​ត្រូវ​គេ​ដាក់​គុក​ទេ។+ ២៥  នៅ​ពេល​មួយ ពួក​អ្នក​កាន់​តាម​យ៉ូហាន​មាន​ជម្លោះ​ជា​មួយ​នឹង​ជនជាតិ​យូដា​ម្នាក់ អំពី​រឿង​លាង​សម្អាត​ឲ្យ​បរិសុទ្ធ។ ២៦  ដូច្នេះ ពួក​គាត់​បាន​មក​ឯ​យ៉ូហាន ហើយ​ប្រាប់​គាត់​ថា​៖ ​«​រ៉ាប៊ី បុរស​ដែល​បាន​នៅ​ជា​មួយ​នឹង​អ្នក​ឯ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ ដែល​អ្នក​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ឲ្យ​នោះ+ សូម​មើល! គាត់​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ ហើយ​មនុស្ស​ទាំង​អស់​កំពុង​ទៅ​ឯ​គាត់​»។ ២៧  យ៉ូហាន​តប​ថា​៖ ​«​គ្មាន​អ្នក​ណា​ម្នាក់​អាច​ទទួល​អ្វី​សោះ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ទទួល​ពី​ស្ថាន​សួគ៌។ ២៨  អ្នក​រាល់​គ្នា​ជា​សាក្សី​ដែល​ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ+ តែ​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​មុន​លោក›។+ ២៩  កូន​ក្រមុំ​នៅ​ជា​មួយ​នឹង​អ្នក​ណា អ្នក​នោះ​ជា​កូន​កំលោះ​ហើយ។+ ក៏​ប៉ុន្តែ មិត្ត​ភក្ដិ​របស់​កូន​កំលោះ​ត្រេក​អរ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឮ​សំឡេង​របស់​កូន​កំលោះ។ ដូច្នេះ ខ្ញុំ​មាន​អំណរ​ខ្លាំង​ក្រៃ​លែង។ ៣០  លោក​ត្រូវ​តែ​ចម្រើន​ឡើង​ត​ទៅ​ទៀត តែ​ខ្ញុំ​ត្រូវ​តែ​បន្ត​ថយ​ចុះ​»។ ៣១  លោក​ដែល​មក​ពី​ស្ថាន​លើ+គឺ​ធំ​ជាង​អ្នក​ឯ​ទៀត​ទាំង​អស់។ អ្នក​ដែល​មក​ពី​ផែនដី គឺ​មក​ពី​ផែនដី ហើយ​និយាយ​តែ​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ផែនដី។ លោក​ដែល​មក​ពី​ស្ថាន​សួគ៌​គឺ​ធំ​ជាង​អ្នក​ឯ​ទៀត​ទាំង​អស់។+ ៣២  លោក​ធ្វើ​ការ​បញ្ជាក់​អំពី​អ្វី​ដែល​លោក​បាន​ឃើញ​និង​បាន​ឮ+ តែ​គ្មាន​មនុស្ស​ណា​ម្នាក់​ព្រម​ទទួល​ការ​បញ្ជាក់​របស់​លោក​ឡើយ។+ ៣៣  អ្នក​ណា​ដែល​បាន​ទទួល​ការ​បញ្ជាក់​របស់​លោក ក៏​បាន​បោះ​ត្រា*ថា​ព្រះ​គឺ​ពិត​ត្រង់​មែន។+ ៣៤  ពី​ព្រោះ​លោក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក មាន​ប្រសាសន៍​តាម​ប្រសាសន៍​របស់​ព្រះ+ ព្រោះ​ព្រះ​ឲ្យ​ឫទ្ធានុភាព​របស់​លោក​ដោយ​ចិត្ត​ទូលាយ។* ៣៥  បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក+ ហើយ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​បុត្រ​លោក។+ ៣៦  អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ+ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ​វិញ។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​លោក​គ្រូ​»​
ន័យ​ត្រង់​«​កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់​»​
ឬ​«​បាន​បញ្ជាក់​»​
ឬ​«​ដោយ​គ្មាន​កម្រិត​»​