សៀវភៅយ៉ូហាន ១៧:១-២៦

  • សេចក្ដី​អធិដ្ឋាន​ចុង​ក្រោយ​របស់​លោក​យេស៊ូ​ជា​មួយ​នឹង​ពួក​សាវ័ក (​១​-​២៦)

    • ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​ព្រះ (​)

    • គ្រិស្ត​សាសនិក​ពិត​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ទេ (​១៤​-​១៦)

    • «​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»​ (​១៧)

    • «​ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក​»​ (​២៦)

១៧  លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ រួច​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ វេលា​បាន​មក​ដល់​ហើយ។ សូម​តម្កើង​បុត្រ​លោក ដើម្បី​បុត្រ​លោក​អាច​តម្កើង​លោក។+ ២  លោក​បាន​ប្រគល់​ឲ្យ​បុត្រ​លោក​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់+ ដើម្បី​បុត្រ​លោក​អាច​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ដល់​អស់​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​បុត្រ​លោក។+ ៣  អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ត្រូវ​ស្គាល់​លោក*ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់+ និង​ត្រូវ​ស្គាល់​យេស៊ូ​គ្រិស្ត​ដែល​លោក​បាន​ចាត់​ឲ្យ​មក។+ ៤  ខ្ញុំ​បាន​តម្កើង​លោក​នៅ​ផែនដី+ ដោយ​បាន​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ធ្វើ។+ ៥  ដូច្នេះ បិតា​អើយ ឥឡូវ​នេះ​សូម​តម្កើង​ខ្ញុំ​ឲ្យ​នៅ​ក្បែរ​លោក គឺ​ឲ្យខ្ញុំ​មាន​សិរី​រុង​រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្បែរ​លោក កាល​ដែល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ។+ ៦  ​«​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក រួច​ប្រគល់​ឲ្យ​ខ្ញុំ ខ្ញុំ​បាន​បង្ហាញ​នាម​របស់​លោក​ឲ្យ​ពួក​គាត់​ស្គាល់។+ ពួក​គាត់​ជា​របស់​លោក ហើយ​លោក​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ខ្ញុំ។ ពួក​គាត់​បាន​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក។ ៧  ឥឡូវ​ពួក​គាត់​ដឹង​ថា អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ សុទ្ធ​តែ​មក​ពី​លោក។ ៨  ពី​ព្រោះ​គ្រប់​ទាំង​ប្រសាសន៍​ដែល​លោក​បាន​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​បាន​ឲ្យ​ពួក​គាត់+ ហើយ​ពួក​គាត់​បាន​ទទួល​យក​ប្រសាសន៍​ទាំង​នោះ ក៏​ដឹង​ប្រាកដ​ថា​ខ្ញុំ​បាន​មក​ជា​តំណាង​លោក+ ហើយ​ពួក​គាត់​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៩  ខ្ញុំ​សូម​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់។ ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពិភព​លោក​ទេ ប៉ុន្តែ​អំពី​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពី​ព្រោះ​ពួក​គាត់​ជា​របស់​លោក។ ១០  អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន ជា​របស់​លោក ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​មាន ជា​របស់​ខ្ញុំ+ ហើយ​ខ្ញុំ​បាន​ត្រូវ​តម្កើង​ក្នុង​ចំណោម​ពួក​គាត់។ ១១  ​«​ខ្ញុំ​មិន​នៅ​ក្នុង​ពិភព​លោក​ទៀត​ទេ ប៉ុន្តែ​ពួក​គាត់​នៅ​ក្នុង​ពិភព​លោក+ តែ​ខ្ញុំ​នឹង​ទៅ​ឯ​លោក។ បិតា​បរិសុទ្ធ​អើយ សូម​ការ​ពារ​ពួក​គាត់+ដោយ​យល់​ដល់​នាម​របស់​លោក ដែល​លោក​បាន​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ ដូច​យើង​រួម​គ្នា​តែ​មួយ​ដែរ។+ ១២  ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​គាត់ ខ្ញុំ​ធ្លាប់​ការ​ពារ​ពួក​គាត់+ដើម្បី​នាម​របស់​លោក ដែល​លោក​បាន​ឲ្យ​ខ្ញុំ។ ដោយ​សារ​ខ្ញុំ​បាន​ការ​ពារ​ពួក​គាត់ នោះ​គ្មាន​ពួក​គាត់​ណា​ម្នាក់​បាន​បាត់​បង់​ឡើយ+ លើក​លែង​តែ​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ*+ ដើម្បី​ឲ្យ​បទ​គម្ពីរ​ក្លាយ​ជា​ការ​ពិត។+ ១៣  ប៉ុន្តែ ឥឡូវ​ខ្ញុំ​នឹង​ទៅ​ឯ​លោក ហើយ​ខ្ញុំ​កំពុង​និយាយ​អ្វី​ៗ​ទាំង​នេះ​ក្នុង​ពិភព​លោក ដើម្បី​ឲ្យ​ពួក​គាត់​ពោរ​ពេញ​ដោយ​អំណរ​របស់​ខ្ញុំ។+ ១៤  ខ្ញុំ​បាន​ឲ្យ​បណ្ដាំ​របស់​លោក​ដល់​ពួក​គាត់ ប៉ុន្តែ​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ ពី​ព្រោះ​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ+ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ។ ១៥  ​«​ខ្ញុំ​មិន​សុំ​លោក​ឲ្យ​យក​ពួក​គាត់​ចេញ​ពី​ពិភព​លោក​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​លោក​ការ​ពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេកំណាច។+ ១៦  ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ+ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ។+ ១៧  សូម​ញែក​ពួក​គាត់​ចេញ​ជា​បរិសុទ្ធ តាម​រយៈ​សេចក្ដី​ពិត។+ ឯ​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត។+ ១៨  ខ្ញុំ​បាន​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ដូច​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​ពិភព​លោក​ដែរ។+ ១៩  ខ្ញុំ​កំពុង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដើម្បី​ពួក​គាត់។ យ៉ាង​នេះ ពួក​គាត់​អាច​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​រយៈ​សេចក្ដី​ពិត។ ២០  ​«​ខ្ញុំ​មិន​គ្រាន់​តែ​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​សុំ​ធ្វើ​សំណូម​អំពី​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​លើ​ខ្ញុំ ដោយ​សារ​ពាក្យ​របស់​ពួក​គាត់​ផង​ដែរ។ ២១  ហេតុ​ដូច្នេះ ពួក​គាត់​អាច​រួម​គ្នា​តែ​មួយ+ ដូច​លោក​ដែល​ជា​បិតា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក។+ យ៉ាង​នោះ ពួក​គាត់​ក៏​អាច​រួប​រួម​ជា​មួយ​នឹង​យើង​ដែរ ដើម្បី​ឲ្យ​ពិភព​លោក​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ២២  ខ្ញុំ​បាន​តម្កើង​ពួក​គាត់ ដូច​លោក​បាន​តម្កើង​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ ដូច​យើង​រួម​គ្នា​តែ​មួយ។+ ២៣  ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់ ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពិត​ប្រាកដ ប្រយោជន៍​ឲ្យ​ពិភព​លោក​ដឹង​ថា លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ដឹង​ថា​លោក​ស្រឡាញ់​ពួក​គាត់ ដូច​លោក​ស្រឡាញ់​ខ្ញុំ​ដែរ។ ២៤  បិតា​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​ខ្ញុំ​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ+ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ឃើញ​សិរី​រុង​រឿង​ដែល​លោក​បានឲ្យខ្ញុំ ពី​ព្រោះ​លោក​បាន​ស្រឡាញ់​ខ្ញុំ​មុន​កំណើត​ពិភព​លោក។+ ២៥  បិតា​សុចរិត​អើយ ពិភព​លោក​នេះ​ពិត​ជា​មិន​ស្គាល់​លោក​ទេ+ តែ​ខ្ញុំ​ស្គាល់​លោក+ ហើយ​អ្នក​ទាំង​នេះ​ដឹង​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ២៦  ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​បង្ហាញ​ឲ្យ​ស្គាល់​ត​ទៅ​ទៀត+ ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ និង​ដើម្បី​ឲ្យ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់​»។+

កំណត់សម្គាល់

ឬ​«​ត្រូវ​មាន​ចំណេះ​អំពី​លោក​»​
ន័យ​ត្រង់​«​កូន​នៃ​ការ​បំផ្លាញ​»​