សៀវភៅយ៉ូហាន ១៣:១-៣៨

  • លោក​យេស៊ូ​លាង​ជើង​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក (​១​-​២០)

  • លោក​យេស៊ូ​បញ្ជាក់​ថា​យូដាស​ជា​អ្នក​ក្បត់ (​២១​-​៣០)

  • បញ្ញត្តិ​ថ្មី (​៣១​-​៣៥)

    • «​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»​ (​៣៥)

  • លោក​យេស៊ូ​ប្រាប់​ពេត្រុស​ថា​គាត់​នឹង​មិន​ទទួល​ស្គាល់​លោក (​៣៦​-​៣៨)

១៣  មុន​បុណ្យ​រំលង លោក​យេស៊ូ​ដឹង​ថា​វេលា​ដែល​លោក​ត្រូវ​ចេញ​ពី​ពិភព​លោក​នេះ​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌+ បាន​មក​ដល់​ហើយ។+ ដោយ​សារ​លោក​ស្រឡាញ់​ពួក​អ្នក​ដែល​ជា​របស់​លោក ដែល​នៅ​ក្នុង​ពិភព​លោក​នេះ នោះ​លោក​ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត។+ ២  កាល​ដែល​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​កំពុង​បរិភោគ មេកំណាច*បាន​ធ្វើ​ឲ្យ​យូដាស​អ៊ីស្ការីយ៉ុត+ ជា​កូន​ស៊ីម៉ូន មាន​គំនិត​ក្បត់​លោក​រួច​ហើយ។+ ៣  លោក​យេស៊ូ​ដឹង​ថា​បិតា​នៅ​ស្ថាន​សួគ៌​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​លោក ហើយ​ដឹង​ថា​លោក​មក​ពី​ព្រះ ក៏​នឹង​ទៅ​ឯ​ព្រះ​វិញ។+ ៤  លោក​យេស៊ូ​បាន​ក្រោក​ឡើង​ពី​តុ​អាហារ ហើយ​ដោះ​សម្លៀក​បំពាក់​ក្រៅ​ចេញ។ រួច​មក លោក​យក​កន្សែង​មក​ក្រវាត់​ចង្កេះ។+ ៥  បន្ទាប់​មក លោក​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ​ធំ​មួយ ហើយ​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួក​អ្នក​កាន់​តាម ក៏​បាន​យក​កន្សែង​ដែល​ក្រវាត់​ចង្កេះ មក​ជូត​ជើង​ពួក​គាត់​ឲ្យ​ស្ងួត។ ៦  កាល​ដែល​លោក​មក​ឯ​ស៊ីម៉ូន​ពេត្រុស នោះ​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​លាង​ជើង​របស់​ខ្ញុំ​ឬ?​»។ ៧  លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​ឥឡូវនេះ អ្នក​មិន​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ការ​ទាំង​នេះ អ្នក​នឹង​យល់​»។ ៨  ពេត្រុស​និយាយ​ទៅ​លោក​ថា​៖ ​«​លោក​មិន​ត្រូវ​លាង​ជើង​ខ្ញុំ​ទេ​»​។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​បើ​ខ្ញុំ​មិន​លាង​ជើង​របស់​អ្នក​ទេ+ អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ឡើយ​»។ ៩  ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​កុំ​លាង​តែ​ជើង​ខ្ញុំ​ប៉ុណ្ណោះ តែ​សូម​លាង​ទាំង​ដៃ​ទាំង​ក្បាល​របស់​ខ្ញុំ​ផង​»។ ១០  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ងូត​ទឹក​ហើយ រូប​កាយ​ទាំង​មូល​របស់​អ្នក​នោះ​គឺ​ស្អាត ដូច្នេះ​គាត់​មិន​ត្រូវ​ការ​លាង​អ្វី​ក្រៅ​ពី​ជើង​របស់​គាត់​ទេ។ អ្នក​រាល់​គ្នា​គឺ​ស្អាត​ហើយ តែ​មិន​មែន​គ្រប់​គ្នា​ទេ​»។ ១១  លោក​ដឹង​ហើយ​ថា អ្នក​ណា​នឹង​ក្បត់​លោក។+ ហេតុ​នោះ​ហើយ​បាន​ជា​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ​»។ ១២  បន្ទាប់​ពី​លោក​លាង​ជើង​របស់​ពួក​គាត់​រួច លោក​ក៏​ពាក់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​វិញ។ រួច​លោក​អង្គុយ​នៅ​តុ​ម្ដង​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​យល់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ទេ? ១៣  អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា​‹លោក​គ្រូ›​និង​‹លោក​ម្ចាស់› ហើយ​ជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ដូច្នេះ ព្រោះ​ខ្ញុំ​ជា​គ្រូ​និង​ជា​ម្ចាស់​មែន។+ ១៤  ដូច្នេះ ប្រសិន​បើ​ខ្ញុំ​ជា​ម្ចាស់​និង​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា+ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ*លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។+ ១៥  ព្រោះ​ខ្ញុំ​បាន​ទុក​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា។+ ១៦  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​បម្រើ​គឺ​មិន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ធំ​ជាង​អ្នក​ដែល​ចាត់​អ្នក​នោះ​ឲ្យ​ទៅ​ដែរ។ ១៧  ឥឡូវ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ តែ​បើ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល។+ ១៨  ខ្ញុំ​មិន​មែន​និយាយ​អំពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។ ប៉ុន្តែ នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​៖+ ‹អ្នក​ដែល​ធ្លាប់​បរិភោគ​នំ​ប៉័ង​របស់​ខ្ញុំ បាន​លើក​កែង​ជើង​ទាស់​នឹង​ខ្ញុំ​វិញ›។+ ១៩  ឥឡូវ​នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​មុន​ការ​ទាំង​នោះ​កើត​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា ខ្ញុំ​ជា​អ្នក​នោះ ពេល​ការ​ទាំង​នោះ​កើត​ឡើង។+ ២០  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ អ្នក​នោះ​ក៏​ទទួល​ខ្ញុំ​ដែរ។+ ឯ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។+ ២១  ក្រោយ​ពី​លោក​យេស៊ូ​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ​ហើយ លោក​ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត រួច​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។+ ២២  ពួក​អ្នក​កាន់​តាម​លោក​ចាប់​ផ្ដើម​មើល​មុខ​គ្នា ដោយ​មិន​ដឹង​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ឡើយ។+ ២៣  មាន​អ្នក​កាន់​តាម​ម្នាក់​ដែល​កំពុង​អង្គុយ​នៅ​ជិត*លោក​យេស៊ូ គាត់​ជា​អ្នក​ដែល​លោក​ស្រឡាញ់។+ ២៤  ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ទៅ​អ្នក​នោះ ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ប្រាប់​យើង​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​អ្នក​ណា​»។ ២៥  ដូច្នេះ អ្នក​នោះ​ផ្អែក​ខ្លួន​ទៅ​លើ​ទ្រូង​លោក​យេស៊ូ ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្នក​ណា​ទៅ?​»។+ ២៦  លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ឲ្យ​នំ​ប៉័ង​ដែល​ខ្ញុំ​កំពុង​ជ្រលក់​នេះ​»។+ ដូច្នេះ លោក​ក៏​ហុច​នំ​ប៉័ង​ដែល​លោក​បាន​ជ្រលក់ ទៅ​ឲ្យ​យូដាស ជា​កូន​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត។ ២៧  បន្ទាប់​ពី​យូដាស​ទទួល​នំ​ប៉័ង​នោះ សាថាន*ក៏​ចូល​គាត់។+ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់​ទៅ​»។ ២៨  ក៏​ប៉ុន្តែ ពួក​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ មិន​ដឹង​មូលហេតុ​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ទៅ​យូដាស​ទេ។ ២៩  ដោយ​សារ​យូដាស​ជា​អ្នក​កាន់​ប្រអប់​ទុក​ប្រាក់+ នោះ​អ្នក​កាន់​តាម​ខ្លះ​បាន​គិត​ថា​លោក​យេស៊ូ​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ទៅ​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ​សម្រាប់​បុណ្យ​នេះ​»​ ឬ​ប្រាប់​គាត់​ឲ្យ​ទៅ​ចែក​ប្រាក់​ខ្លះ​ដល់​អ្នក​ក្រ។ ៣០  ដូច្នេះ ក្រោយ​ពី​គាត់​បាន​ទទួល​នំ​ប៉័ង​នោះ គាត់​ក៏​ចេញ​ទៅ​ភ្លាម។ ពេល​នោះ​គឺ​យប់​ហើយ។+ ៣១  ក្រោយ​ពី​យូដាស​ចេញ​ទៅ​បាត់ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ​កូន​មនុស្ស​បាន​ត្រូវ​លើក​តម្កើង+ ហើយ​ព្រះ​បាន​ត្រូវ​លើក​តម្កើង​តាម​រយៈ​លោក។ ៣២  ព្រះ​នឹង​លើក​តម្កើង​លោក​ដោយ​ផ្ទាល់+ ហើយ​នឹង​លើក​តម្កើង​លោក​ភ្លាម​ៗ។ ៣៣  កូន​ៗ​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ។ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ឥឡូវ​នេះ​ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​យូដា​ដែរ​ថា​៖ ‹កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›។+ ៣៤  ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក+ ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។+ ៣៥  យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។+ ៣៦  ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​ទៅ​ឯ​ណា?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​មិន​អាច​មក​តាម​ខ្ញុំ​ឥឡូវ​នេះ​បាន​ទេ តែ​អ្នក​នឹង​មក​នៅ​ពេល​ក្រោយ​»។+ ៣៧  ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ទៅ​តាម​លោក​ឥឡូវ​នេះ? ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត*ដើម្បី​លោក​»។+ ៣៨  លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​ពិត​ជា​សុខ​ចិត្ត​លះ​បង់​ជីវិត*ដើម្បី​ខ្ញុំ​មែន​ឬ? ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា មាន់​នឹង​មិន​រងាវ​ទេ រហូត​ដល់​អ្នក​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+

កំណត់សម្គាល់

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
ឬ​«​មាន​កាតព្វកិច្ច​»​
ន័យ​ត្រង់​«​ជិត​ដើម​ទ្រូង​»​
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​