សៀវភៅយ៉ូហាន ៦:១-៧១

  • លោក​យេស៊ូ​ផ្ដល់​អាហារ​ឲ្យ​មនុស្ស​៥.០០០​នាក់ (​១​-​១៥)

  • លោក​យេស៊ូ​ដើរ​លើ​ទឹក (​១៦​-​២១)

  • លោក​យេស៊ូ​ជា​«​នំ​ប៉័ង​នៃ​ជីវិត​»​ (​២២​-​៥៩)

  • មនុស្ស​ជា​ច្រើន​ជំពប់​ដួល​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ (​៦០​-​៧១)

 បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​បាន​ចេញ​ដំណើរ​ឆ្លង​សមុទ្រ*កាលីឡេ ឬ​ទិបេរៀស។+ ២  ប៉ុន្តែ មនុស្ស​មួយ​ក្រុម​ធំ​បាន​តាម​លោក​ជាប់+ ពី​ព្រោះ​ពួក​គេ​ឃើញ​អព្ភូតហេតុ​ដែល​លោក​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ។+ ៣  ដូច្នេះ លោក​យេស៊ូ​បាន​ឡើង​ភ្នំ​មួយ រួច​បាន​អង្គុយ​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក។ ៤  ពេល​នោះ គឺ​ជិត​ដល់​បុណ្យ​រំលង+ ជា​បុណ្យ​របស់​ជនជាតិ​យូដា។ ៥  កាល​ដែល​លោក​យេស៊ូ​ងើប​ភ្នែក​ទៅ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ដើរ​តម្រង់​មក​រក​លោក នោះ​លោក​មាន​ប្រសាសន៍​ទៅ​ភីលីព​ថា​៖ ​«​តើ​យើង​នឹង​ទិញ​នំ​ប៉័ង​ពី​កន្លែង​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ?​»។+ ៦  លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​សាក​ល្បង​គាត់ ព្រោះ​លោក​ដឹង​រួច​ហើយ​ថា​លោក​ហៀប​នឹង​ធ្វើ​អ្វី។ ៧  ភីលីព​តប​ឆ្លើយ​ថា​៖ ​«​សូម្បី​តែ​យើង​ទិញ​នំ​ប៉័ង​អស់​២០០​ឌីណារី* ហើយ​ឲ្យ​ពួក​គេ​បរិភោគ​ម្នាក់​បន្តិច​ៗ ក៏​មិន​គ្រប់​គ្រាន់​ដែរ​»។ ៨  អនទ្រេ​ជា​បង​ប្អូន​របស់​ស៊ីម៉ូន​ពេត្រុស និង​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក បាន​ជម្រាប​លោក​ថា​៖ ៩  ​«​ក្មេង​ប្រុស​នេះ​មាន​នំ​ប៉័ង*ប្រាំ​ដុំ​និង​ត្រី​តូច​ពីរ​កន្ទុយ។ ប៉ុន្តែ តើ​របស់​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​យ៉ាង​នេះ?​»។+ ១០  លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រាប់​មនុស្ស​ទាំង​នេះ​ឲ្យ​អង្គុយ​ចុះ​»។ កន្លែង​នោះ​មាន​ស្មៅ​ច្រើន ដូច្នេះ​ពួក​គេ​ក៏​អង្គុយ​ចុះ។ ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ មាន​បុរស​ប្រហែល​៥.០០០​នាក់។+ ១១  បន្ទាប់​មក លោក​យេស៊ូ​យក​នំ​ប៉័ង​ទាំង​នោះ ក៏​អរគុណ​ព្រះ រួច​ចែក​ដល់​អស់​អ្នក​ដែល​កំពុង​អង្គុយ ថែម​ទាំង​ចែក​ត្រី​តូច​ៗ​ទាំង​នោះ​តាម​ដែល​ពួក​គេ​ចង់​បាន។ ១២  ប៉ុន្តែ ពេល​ដែល​ពួក​គេ​បាន​បរិភោគ​ឆ្អែត​ហើយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ចូរ​ប្រមូល​អាហារ​ដែល​នៅ​សល់ កុំ​ឲ្យ​ខាត​បង់​អ្វី​ឡើយ​»។ ១៣  ដូច្នេះ ពួក​គាត់​ក៏​ប្រមូល​អាហារ​ដែល​សល់ បាន​ពេញ​១២​កញ្ជើ ជា​អាហារ​ដែល​នៅ​សល់​ពី​នំ​ប៉័ង​ប្រាំ​ដុំ​ដែល​មនុស្ស​ទាំង​នោះ​បាន​បរិភោគ។ ១៤  ពេល​ដែល​មនុស្ស​ទាំង​នោះ​ឃើញ​សញ្ញា​សម្គាល់​ដែល​លោក​បាន​ធ្វើ នោះ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​អ្នក​នេះ​ប្រាកដ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​ចូល​មក​ក្នុង​ពិភព​លោក​ហើយ​»។+ ១៥  ពេល​លោក​យេស៊ូ​ដឹង​ថា​ពួក​គេ​ហៀប​នឹង​មក​ចាប់​លោក ហើយ​តែង​តាំង​លោក​ជា​ស្ដេច នោះ​លោក​ក៏​ចេញ​ទៅ+ភ្នំ​ម្ដង​ទៀត​តែ​ម្នាក់​ឯង។+ ១៦  លុះ​ដល់​ល្ងាច ពួក​អ្នក​កាន់​តាម​លោក​បាន​ចុះ​ទៅ​ឯ​សមុទ្រ+ ១៧  រួច​ចុះ​ទូក​មួយ ហើយ​ចេញ​ដំណើរ​ឆ្លង​សមុទ្រ​ទៅ​ក្រុង​កាពើណិម។ ពេល​នោះ​មេឃ​ងងឹត​ហើយ ចំណែក​លោក​យេស៊ូ លោក​មិន​ទាន់​មក​ឯ​ពួក​គាត់​នៅ​ឡើយ។+ ១៨  ម្យ៉ាង​ទៀត ខ្យល់​បក់​មក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ចាប់​ផ្ដើម​បោក​កញ្ជ្រោល។+ ១៩  ប៉ុន្តែ ពេល​ដែល​ពួក​គាត់​អុំ​បាន​ប្រហែល​៥​ទៅ​៦​គីឡូ​ម៉ែត្រ* ពួក​គាត់​ឃើញ​លោក​យេស៊ូ​កំពុង​ដើរ​លើ​សមុទ្រ មក​កាន់​តែ​ជិត​ទូក នោះ​ពួក​គាត់​ក៏​តាំង​ភ័យ​ខ្លាច។ ២០  ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ!​»។+ ២១  ដូច្នេះ ពួក​គាត់​សប្បាយ​ចិត្ត​ទទួល​លោក​ចូល​ក្នុង​ទូក។ មួយ​ស្របក់​ក្រោយ​មក ទូក​ក៏​ទៅ​ដល់​គោក គឺ​នៅ​ចំ​កន្លែង​ដែល​ពួក​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ។+ ២២  លុះ​ស្អែក​ឡើង បណ្ដា​ជន​ដែល​នៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ ឃើញ​មាន​តែ​ទូក​តូច​មួយ​នៅ​ទី​នោះ ពួក​គេ​ក៏​យល់​ឃើញ​ថា​លោក​យេស៊ូ​មិន​បាន​ចុះ​ទូក​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​ឡើយ។ ២៣  ពេល​នោះ ទូក​ខ្លះ​ពី​ក្រុង​ទិបេរៀស​បាន​មក​ដល់​ជិត​កន្លែង​ដែល​លោក​ម្ចាស់​បាន​ចែក​នំ​ប៉័ង​ឲ្យ​ពួក​គេ ក្រោយ​ពី​លោក​បាន​អរគុណ​ព្រះ។ ២៤  ដូច្នេះ កាល​ដែល​បណ្ដា​ជន​ឃើញ​ថា​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​មិន​នៅ​ទី​នោះ​ទេ ពួក​គេ​ក៏​ចុះ​ទូក​ទៅ​ក្រុង​កាពើណិម​ដើម្បី​រក​លោក​យេស៊ូ។ ២៥  លុះ​រក​ឃើញ​លោក​នៅ​ត្រើយ​ម្ខាង​ហើយ ពួក​គេ​សួរ​លោក​ថា​៖ ​«​រ៉ាប៊ី*+ តើ​លោក​មក​ទី​នេះ​តាំង​ពី​ពេល​ណា?​»។ ២៦  លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​មិន​មែន​រក​ខ្ញុំ​ដោយ​សារបាន​ឃើញ​សញ្ញា​សម្គាល់​ទេ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ប៉័ង​ឆ្អែត។+ ២៧  កុំ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​ខូច​ទៅ​ឡើយ តែ​ចូរ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត​ស្ថេរ ជា​អាហារ​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ និង​ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពោល​គឺ​ព្រះ​បាន​បិទ​ត្រា​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​កូន​មនុស្ស​ហើយ​»។+ ២៨  ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត?​»។ ២៩  លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ជំនឿ​លើ​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​»។+ ៣០  រួច​ពួក​គេ​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​លោក​នឹង​ធ្វើ​សញ្ញា​សម្គាល់​អ្វី​ឲ្យ​យើង​ឃើញ+ ដើម្បី​ឲ្យ​យើង​មាន​ជំនឿ​លើ​លោក? តើ​លោក​នឹង​ធ្វើ​កិច្ច​ការ​អ្វី? ៣១  នៅ​តំបន់​ស្ងាត់​ជ្រងំ បុព្វបុរស​របស់​យើង​បាន​បរិភោគ​ម៉ាណា​ដែល​ព្រះ​ផ្ដល់​ឲ្យ+ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ‹លោក​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌*ឲ្យ​ពួក​គេ​បរិភោគ›​»។+ ៣២  ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ម៉ូសេ​មិន​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ​បិតា​របស់​ខ្ញុំ​ផ្ដល់​នំ​ប៉័ង​ដ៏​ពិត​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា។ ៣៣  ព្រោះ​នំ​ប៉័ង​ពី​ព្រះ គឺ​អ្នក​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ផ្ដល់​ជីវិត​ឲ្យ​ពិភព​លោក​»។ ៣៤  ម្ល៉ោះ​ហើយ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ផ្ដល់​នំ​ប៉័ង​នេះ​ឲ្យ​យើង​ជា​និច្ច​»។ ៣៥  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត។ អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ឃ្លាន​ឡើយ ហើយ​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ស្រេក​ទេ។+ ៣៦  ក៏​ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ ប៉ុន្តែ​នៅ​តែ​មិន​ជឿ។+ ៣៧  អស់​អ្នក​ណា​ដែល​បិតា​ខ្ញុំ​ឲ្យ​មក​ខ្ញុំ អ្នក​ទាំង​នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​បណ្ដេញ​អ្នក​ដែល​មក​ឯ​ខ្ញុំ​ចេញ​ឡើយ+ ៣៨  ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌+ ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក មិន​មែន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ។+ ៣៩  បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​គឺ កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​អ្នក​ណា​ម្នាក់​ពី​ចំណោម​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​មក​ខ្ញុំ តែ​លោក​ឲ្យ​ខ្ញុំ​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ៤០  ពី​ព្រោះ​នេះ​ជា​បំណង​ប្រាថ្នា​របស់​បិតា​ខ្ញុំ ពោល​គឺ​អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​បុត្រ​លោក ហើយ​បង្ហាញ​ជំនឿ​លើ​បុត្រ​លោក អ្នក​ទាំង​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​»។ ៤១  បន្ទាប់​មក ជនជាតិ​យូដា​ចាប់​ផ្ដើម​ត្អូញត្អែរ​អំពី​លោក ដោយ​សារ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌​»។+ ៤២  ពួក​គេ​ក៏​និយាយ​ថា​៖ ​«​នេះ​ជា​យេស៊ូ ជា​កូន​ប្រុស​របស់​យ៉ូសែប ហើយ​យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់​គាត់ មែន​ទេ?+ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ឥឡូវ​នេះ​គាត់​បែរ​ជា​និយាយថា​៖ ‹ខ្ញុំបាន​ចុះ​មក​ពី​ស្ថាន​សួគ៌›​ទៅ​វិញ?​»។ ៤៣  លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ឈប់​ត្អូញត្អែរ​ដាក់​គ្នា​ទៅ។ ៤៤  គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក+ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។+ ៤៥  ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា​៖ ‹ពួក​គេ​ទាំង​អស់​គ្នា​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា›។*+ អស់​អ្នក​ណា​ដែល​ស្ដាប់​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បាន​រៀន​ពី​លោក អ្នក​នោះ​មក​ឯ​ខ្ញុំ។ ៤៦  មិន​ធ្លាប់​មាន​មនុស្ស​ណា​ម្នាក់​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌​ឡើយ+ លើក​លែង​តែ​អ្នក​ដែល​មក​ពី​ព្រះ គឺ​អ្នក​នោះ​ឯង​ដែល​បាន​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌។+ ៤៧  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ជឿ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ៤៨  ​«​ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត។+ ៤៩  បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​ម៉ាណា​នៅ​តំបន់​ស្ងាត់​ជ្រងំ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ស្លាប់។+ ៥០  ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ។ ៥១  ខ្ញុំ​ជា​នំ​ប៉័ង​រស់​ដែល​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌។ បើ​អ្នក​ណា​បរិភោគ​នំ​ប៉័ង​នេះ អ្នក​នោះ​នឹង​រស់​ជា​រៀង​រហូត ហើយ​ជា​ការ​ពិត​ថា នំ​ប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺ​ជា​សាច់​របស់​ខ្ញុំ ដើម្បី​ឲ្យ​មនុស្សជាតិ​អាច​រស់​»។+ ៥២  ដូច្នេះ ជនជាតិ​យូដា​ចាប់​ផ្ដើម​ឈ្លោះ​ប្រកែក​គ្នា​ថា​៖ ​«​តើ​បុរស​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​ដូច​ម្ដេច​បាន?​»។ ៥៣  រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​របស់​កូន​មនុស្ស ហើយ​មិន​ផឹក​ឈាម​របស់​លោក​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ជីវិត​ឡើយ។*+ ៥៤  អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ៥៥  ព្រោះ​សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត ហើយ​ឈាម​របស់​ខ្ញុំ​ជា​ភេសជ្ជៈ​ដ៏​ពិត។ ៥៦  អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​នៅ​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ​ដែរ។+ ៥៧  ដូច​បិតា​នៅ​ស្ថាន​សួគ៌​ដែល​មាន​ជីវិត​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​រស់​ដោយ​សារ​បិតា នោះ​អ្នក​ណា​ដែល​បរិភោគ​សាច់​ខ្ញុំ អ្នក​នោះ​ក៏​នឹង​រស់​ដោយ​សារ​ខ្ញុំ​ដែរ។+ ៥៨  នេះ​ជា​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌។ មិន​មែន​ដូច​នំ​ប៉័ង​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​ហើយ ក៏​នៅ​តែ​ស្លាប់​នោះ​ទេ។ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង​នេះ អ្នក​នោះ​នឹង​រស់​ជា​រៀង​រហូត​»។+ ៥៩  លោក​បាន​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ កាល​ដែល​លោក​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ*មួយ​នៅ​ក្រុង​កាពើណិម។ ៦០  ពេល​ឮ​ដូច្នោះ ពួក​អ្នក​កាន់​តាម​ជា​ច្រើន​របស់​លោក​បាន​និយាយ​ថា​៖ ​«​សម្ដី​នេះ​គួរ​ឲ្យ​ទាស់​ចិត្ត​ណាស់ តើ​អ្នក​ណា​ទ្រាំ​ស្ដាប់​បាន?​»។ ៦១  ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​ថា ពួក​អ្នក​កាន់​តាម​កំពុង​ត្អូញត្អែរ​ដោយ​សារ​សម្ដី​នេះ ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​តើ​សម្ដី​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល*ឬ? ៦២  ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​រាល់​គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពី​មុន?+ ៦៣  គឺ​ឫទ្ធានុភាព​របស់​ព្រះ​ទេ​ដែល​ផ្ដល់​ជីវិត+ សាច់​ឈាម​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ ហើយ​ក៏​ផ្ដល់​ជីវិត។+ ៦៤  ប៉ុន្តែ មាន​អ្នក​រាល់​គ្នា​ខ្លះ​មិន​ជឿ​ទេ​»។ ព្រោះ​លោក​យេស៊ូ​ជ្រាប​ជា​មុន*អំពី​អ្នក​ខ្លះ​ដែល​មិន​ជឿ​លោក និង​អំពី​អ្នក​ដែល​នឹង​ក្បត់​លោក។+ ៦៥  លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ លុះ​ត្រា​តែ​បិតា​នៅ​ស្ថាន​សួគ៌​អនុញ្ញាត​»។+ ៦៦  ប្រសាសន៍​របស់​លោក​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​ជា​ច្រើន ត្រឡប់​ទៅ​ប្រកប​កិច្ច​ការ​ពី​មុន​វិញ+ ហើយ​លែង​ទៅ​តាម​លោក​ទៀត។ ៦៧  ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​សាវ័ក​ទាំង​១២​នាក់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ដែរ​ឬ?​»។ ៦៨  ស៊ីម៉ូន​ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ?+ ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ៦៩  យើង​បាន​ជឿ ក៏​បាន​ដឹង​ថា លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។+ ៧០  លោក​យេស៊ូ​តប​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ទាំង​១២ មែន​ទេ?+ ប៉ុន្តែ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ជា​អ្នក​បង្កាច់​បង្ខូច​»។*+ ៧១  ការ​ពិត លោក​កំពុង​មាន​ប្រសាសន៍​អំពី​យូដាស​ដែល​ជា​កូន​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ព្រោះ​អ្នក​នោះ​នឹង​ក្បត់​លោក ទោះ​ជា​គាត់​នៅ​ក្នុង​ចំណោម​សាវ័ក​ទាំង​១២​នាក់​ក៏​ដោយ។+

កំណត់សម្គាល់

មើល​កំណត់​សម្គាល់​ម៉ាថ ៤:១៨
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ភាសា​ក្រិច​«​នំ​ប៉័ង​ធ្វើ​ពី​គ្រីធី​»​ ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី ហើយ​ច្រើន​តែ​ជា​អាហារ​របស់​មនុស្ស​ក្រី​ក្រ
ន័យ​ត្រង់​«​ប្រហែល​២៥​ឬ​៣០​ស្ដាដ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មាន​ន័យ​ថា​«​លោក​គ្រូ​»​
ឬ​«​មេឃ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ការ​ប្រជុំ​សាធារណៈ​»​
សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ
ន័យ​ត្រង់​«​តាំង​ពី​ដំបូង​»​
ឬ​«​មេកំណាច​»​