សៀវភៅយ៉ូហាន ២០:១-៣១

  • ទី​បញ្ចុះ​សព​នៅ​ទទេ (​១​-​១០)

  • លោក​យេស៊ូ​លេច​មក​ឲ្យ​ម៉ារៀ​ម៉ាក់ដាឡេន​ឃើញ (​១១​-​១៨)

  • លោក​យេស៊ូ​លេច​មក​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ (​១៩​-​២៣)

  • ថូម៉ាស់​សង្ស័យ តែ​ក្រោយ​មក​ជឿ​ជាក់ (​២៤​-​២៩)

  • គោល​បំណង​នៃ​រមូរ​នេះ (​៣០, ៣១)

២០  នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ម៉ារៀ​ម៉ាក់ដាឡេន​បាន​មក​ទី​បញ្ចុះ​សព​តាំង​ពី​ព្រលឹម+ កាល​ដែល​មេឃ​ងងឹត​នៅ​ឡើយ។ ពេល​នោះ នាង​ឃើញ​ថា​ថ្ម​បាន​ត្រូវ​ប្រមៀល​ចេញ​ពី​ទី​បញ្ចុះ​សព​ហើយ។+ ២  ដូច្នេះ នាង​រត់​ទៅ​រក​ស៊ីម៉ូន​ពេត្រុស​និង​អ្នក​កាន់​តាម​ម្នាក់​ទៀត​ដែល​លោក​យេស៊ូ​ស្រឡាញ់+ ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ពួក​គេ​បាន​យក​លោក​ម្ចាស់​ចេញ​ពី​ទី​បញ្ចុះ​សព​បាត់​ហើយ។+ យើង​មិន​ដឹង​ថា​ពួក​គេ​បាន​ដាក់​លោក​នៅ​កន្លែង​ណា​ទេ​»។ ៣  រួច​មក ពេត្រុស​និង​អ្នក​កាន់​តាម​នោះ​បាន​ចេញ​ទៅ​ទី​បញ្ចុះ​សព។ ៤  ពួក​គាត់​ទាំង​ពីរ​នាក់​ចាប់​ផ្ដើម​រត់​ទៅ​ជា​មួយ​គ្នា តែ​អ្នក​កាន់​តាម​នោះ​រត់​លឿន​ជាង​ពេត្រុស ដូច្នេះ​គាត់​បាន​ទៅ​ដល់​ទី​បញ្ចុះ​សព​មុន។ ៥  រួច​គាត់​ឱន​ទៅ​ឃើញ​ក្រណាត់​សាច់​ល្អ​នៅ​ទី​នោះ+ តែ​គាត់​មិន​បាន​ចូល​ក្នុង​ទេ។ ៦  ស៊ីម៉ូន​ពេត្រុស​មក​តាម​ក្រោយ​គាត់ ក៏​ចូល​ទៅ​ក្នុង​ទី​បញ្ចុះ​សព ហើយ​ឃើញ​ក្រណាត់​សាច់​ល្អ​នៅ​ទី​នោះ។ ៧  ក្រណាត់​ដែល​គេ​បាន​ដាក់​លើ​ក្បាល​លោក មិន​នៅ​ជា​មួយ​នឹង​ក្រណាត់​ផ្សេង​ទៀត​ទេ តែ​បាន​ត្រូវ​មូរ​ទុក​ដោយ​ឡែក​នៅ​កន្លែង​មួយ។ ៨  រួច​អ្នក​កាន់​តាម​ដែល​បាន​មក​ដល់​ទី​បញ្ចុះ​សព​មុន ក៏​ចូល​ទៅ​ក្នុង​ដែរ គាត់​បាន​ឃើញ ហើយ​ក៏​ជឿ។ ៩  ប៉ុន្តែ ពួក​គាត់​នៅ​មិន​ទាន់​យល់​ទេ​អំពី​បទ​គម្ពីរ​ដែល​ចែង​ថា លោក​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ។+ ១០  ដូច្នេះ ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន។ ១១  ក៏​ប៉ុន្តែ ម៉ារៀ​នៅ​ឈរ​យំ​ខាង​ក្រៅ​ជិត​ទី​បញ្ចុះ​សព​នោះ។ កាល​ដែល​នាង​កំពុង​យំ​នៅ​ឡើយ នាង​ឱន​ទៅ​មើល​ក្នុង​ទី​បញ្ចុះ​សព ១២  ហើយ​ឃើញ​ទេវតា​ពីរ​រូប+ស្លៀក​ពាក់​ស កំពុង​អង្គុយ​នៅ​កន្លែង​ដែល​គេ​បាន​ដាក់​សព​លោក​យេស៊ូ ម្នាក់​អង្គុយ​នៅ​ក្បាល​និង​ម្នាក់​អង្គុយ​នៅ​ជើង។ ១៣  ទេវតា​សួរ​នាង​ថា​៖ ​«​ហេតុ​អ្វី​នាង​យំ?​»។ នាង​ឆ្លើយ​ថា​៖ ​«​ពួក​គេ​បាន​យក​លោក​ម្ចាស់​របស់​ខ្ញុំ​ចេញ​បាត់​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​ដាក់​លោក​នៅ​កន្លែង​ណា​ទេ​»។ ១៤  លុះ​និយាយ​ចប់ នាង​បែរ​ទៅ ក៏​ឃើញ​លោក​យេស៊ូ​ឈរ​នៅ​ទី​នោះ តែ​នាង​មិន​បាន​ដឹង​ថា​ជា​លោក​យេស៊ូ​ទេ។+ ១៥  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ហេតុ​អ្វី​នាង​យំ? តើ​នាង​កំពុង​រក​អ្នក​ណា?​»។ នាង​គិត​ថា​លោក​ជា​អ្នក​ថែ​សួន​ច្បារ ដូច្នេះ​នាង​និយាយ​ទៅ​កាន់លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​បាន​យក​សព​របស់​លោក​ចេញ សូម​ប្រាប់​ខ្ញុំ​ថា​អ្នក​បាន​ដាក់​លោក​នៅ​កន្លែង​ណា ខ្ញុំ​នឹង​ទៅ​យក​»។ ១៦  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ម៉ារៀ!​»។ នាង​ក៏​បែរ​ទៅ​រក​លោក ហើយ​និយាយ​ទៅ​លោក​ជា​ភាសា​ហេប្រឺ​ថា​៖ ​«​រ៉ាបូនី!​»​ (​ដែល​មាន​ន័យ​ថា​«​លោក​គ្រូ!​»​)។ ១៧  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ឈប់​តោង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌​ទេ។ ប៉ុន្តែ ចូរ​នាង​ទៅ​ឯ​បង​ប្អូន​របស់​ខ្ញុំ+ ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ‹ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​បិតា​របស់​ខ្ញុំ+ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា ហើយ​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ+ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។ ១៨  ម៉ារៀ​ម៉ាក់ដាឡេន​បាន​នាំ​ដំណឹង​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​លោក​ម្ចាស់!​»។ នាង​ក៏​បាន​រៀប​រាប់​ប្រាប់​ពួក​គាត់​អំពី​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ទៅ​នាង។+ ១៩  នៅ​ល្ងាច​ថ្ងៃ​ដដែល ជា​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​អ្នក​កាន់​តាម​បាន​ជួប​ជុំ​គ្នា ហើយ​បាន​ចាក់​សោ​ទ្វារ​ដោយ​សារ​ខ្លាច​ជនជាតិ​យូដា។ លោក​យេស៊ូ​បាន​លេច​មក​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។+ ២០  បន្ទាប់​ពី​មាន​ប្រសាសន៍​ដូច្នេះ លោក​បាន​បង្ហាញ​ដៃ​ទាំង​ពីរ​និង​ចំហៀង​ខ្លួន​ឲ្យ​ពួក​គាត់​ឃើញ។+ រួច​ពួក​អ្នក​កាន់​តាម​ក៏​ត្រេក​អរ ដោយ​សារ​ឃើញ​លោក​ម្ចាស់។+ ២១  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ម្ដង​ទៀត​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។+ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ+ ដូច​បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។+ ២២  លុះ​មាន​ប្រសាសន៍​ហើយ លោក​ក៏​ផ្លុំ​លើ​ពួក​គាត់ រួច​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ចុះ។+ ២៣  ប្រសិន​បើ​អ្នក​រាល់​គ្នា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ណា ការ​ខុស​ឆ្គង​របស់​អ្នក​នោះ​នឹង​ត្រូវ​អភ័យ​ទោស។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ណា ការ​ខុស​ឆ្គង​របស់​អ្នក​នោះ​នឹង​មិន​ត្រូវ​អភ័យ​ទោស​ទេ​»។ ២៤  ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​លេច​មក ថូម៉ាស់+ដែល​គេ​ហៅ​ថា​កូន​ភ្លោះ* ដែល​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២​នាក់ មិន​បាន​នៅ​ជា​មួយ​នឹង​ពួក​គាត់​ទេ។ ២៥  ដូច្នេះ ពួក​អ្នក​កាន់​តាម​ឯ​ទៀត​ប្រាប់​គាត់​ថា​៖ ​«​យើង​បាន​ឃើញ​លោក​ម្ចាស់!​»។ ប៉ុន្តែ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ជឿ​ដាច់​ខាត លុះ​ត្រា​តែ​ខ្ញុំ​ឃើញ​ស្នាម​ដែកគោល​លើ​ដៃ​របស់​លោក ហើយ​ដាក់​ម្រាម​ដៃ​ខ្ញុំ​ក្នុង​ស្នាម​ដែក​គោល​នោះ ថែម​ទាំង​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​លោក​»។+ ២៦  លុះ​៨​ថ្ងៃ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​នៅ​ក្នុង​ផ្ទះ​ម្ដង​ទៀត ហើយ​ថូម៉ាស់​ក៏​នៅ​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ លោក​យេស៊ូ​បាន​លេច​មក ទោះ​ជា​ទ្វារ​ចាក់​សោ​ក៏​ដោយ ហើយ​លោក​បាន​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។+ ២៧  រួច​លោក​មាន​ប្រសាសន៍​ទៅ​ថូម៉ាស់​ថា​៖ ​«​ចូរ​ដាក់​ម្រាម​ដៃ​របស់​អ្នក​នៅ​ទី​នេះ មើល​ដៃ​របស់​ខ្ញុំ ហើយ​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​ខ្ញុំ ហើយ​ឈប់​សង្ស័យ តែ​ចូរ​ជឿ​ចុះ​»។ ២៨  ថូម៉ាស់​និយាយ​ទៅ​លោក​ថា​៖ ​«​លោក​ម្ចាស់​របស់​ខ្ញុំ​និង​ព្រះ​របស់​ខ្ញុំ​អើយ!​»។ ២៩  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ជឿ​ដោយ​សារបាន​ឃើញ​ខ្ញុំ​ឬ? អស់​អ្នក​ណា​ដែល​ជឿ​ទោះ​ជា​មិន​ឃើញ​ក៏​ដោយ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។ ៣០  តាម​ការ​ពិត លោក​យេស៊ូ​ក៏​បាន​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន​ទៀត​នៅ​មុខ​ពួក​អ្នក​កាន់​តាម​លោក​ដែរ តែ​មិន​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នេះ​ទេ។+ ៣១  ប៉ុន្តែ ការ​ទាំង​នេះ​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា លោក​យេស៊ូ​ជា​គ្រិស្ត និង​ជា​បុត្រ​របស់​ព្រះ ហើយ​ឲ្យ​ជឿ​ថា​អ្នក​រាល់​គ្នា​អាច​បាន​ជីវិត​តាម​រយៈ​នាម​របស់​លោក ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ។+

កំណត់សម្គាល់

ឬ​«​ឌីឌីម​»​