សៀវភៅយ៉ូហាន ១៤:១-៣១

  • លោក​យេស៊ូ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​ចូល​ទៅ​ជិត​បិតា​នៅ​ស្ថាន​សួគ៌ (​១​-​១៤)

    • «​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​»​ (​)

  • លោក​យេស៊ូ​សន្យា​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ (​១៥​-​៣១)

    • «​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ​»​ (​២៨)

១៤  ​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។+ ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ+ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ដែរ។ ២  ក្នុង​លំនៅ​របស់​បិតា​ខ្ញុំ​មាន​ទី​អាស្រ័យ​ជា​ច្រើន។ បើ​មិន​មាន​ច្រើន​ទេ ខ្ញុំ​មិន​និយាយ​ដូច្នេះ​ទេ។ ប៉ុន្តែ ខ្ញុំ​នឹង​ទៅ​ដើម្បី​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា។+ ៣  ម្យ៉ាង​ទៀត ប្រសិន​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​មក​ម្ដង​ទៀត រួច​នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​លំនៅ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ។+ ៤  ឯ​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ហើយ​»។ ៥  ថូម៉ាស់+និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ យើង​មិន​ដឹង​ថា​លោក​នឹង​ទៅ​ឯ​ណា​ទេ តើ​យើង​អាច​ស្គាល់​ផ្លូវ​ដូច​ម្ដេច​បាន?​»។ ៦  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ+ ជា​សេចក្ដី​ពិត+ និង​ជា​ជីវិត។+ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ។+ ៧  ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។ ចាប់​ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ស្គាល់​លោក តាម​ពិត​អ្នក​រាល់​គ្នា​បាន​ឃើញ​លោក​ហើយ​»។+ ៨  ភីលីព​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌ នោះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​យើង​»។ ៩  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ភីលីព ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​ហើយ តើ​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ។+ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​និយាយ​ថា​៖ ‹សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌›​ដូច្នេះ? ១០  តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បិតា​នៅ​ស្ថាន​សួគ៌​ក៏​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ដែរ​ទេ​ឬ?+ អ្វី​ៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​ខ្ញុំ​ឡើយ+ ប៉ុន្តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច លោក​កំពុង​ធ្វើ​កិច្ច​ការ​របស់​លោក។ ១១  ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បិតា​នៅ​ស្ថាន​សួគ៌​ក៏​រួប​រួម​ជាមួយ​នឹង​ខ្ញុំ​ដែរ។ បើ​មិន​ដូច្នោះ​ទេ ចូរ​ជឿ​ដោយ​សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ។+ ១២  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​នោះ​ទៅ​ទៀត+ ពី​ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌។+ ១៣  ម្យ៉ាង​ទៀត អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ ដើម្បី​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​បុត្រ​របស់​លោក។+ ១៤  ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ។ ១៥  ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​ខ្ញុំ។+ ១៦  ខ្ញុំ​នឹង​សុំ​បិតា​នៅ​ស្ថាន​សួគ៌ រួច​លោក​នឹង​ឲ្យ​អ្នក​ជួយ*មួយ​ទៀត​ដល់​អ្នក​រាល់​គ្នា ដែល​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រហូត+ ១៧  ពោល​គឺ​ឫទ្ធានុភាព​ដែល​បង្ហាញ​ពី​សេចក្ដី​ពិត។+ ពិភព​លោក​នេះ​មិន​អាច​ទទួល​ឫទ្ធានុភាព​នោះ​បាន​ទេ ពី​ព្រោះ​ពិភព​លោក​នេះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ឫទ្ធានុភាព​នោះ​ឡើយ។+ អ្នក​រាល់​គ្នា​ស្គាល់​ឫទ្ធានុភាព​នោះ ពី​ព្រោះ​ឫទ្ធានុភាព​នោះ​នៅ​ជាប់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ទៀត​ផង។ ១៨  ខ្ញុំ​នឹង​មិន​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កំព្រា​ឡើយ។ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា។+ ១៩  បន្តិច​ទៀត​ពិភព​លោក​នេះ​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ+ ពី​ព្រោះ​ខ្ញុំ​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។ ២០  នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។+ ២១  អ្នក​ណា​ដែល​មាន​បញ្ញត្ដិ​របស់​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ស្រឡាញ់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ថែម​ទាំង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​អ្នក​នោះ​ឃើញ​ផង​»។ ២២  យូដាស+ (​មិន​មែន​អ៊ីស្ការីយ៉ុត​ទេ​) បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​បាន​កើត​ឡើង​បាន​ជា​លោក​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​យើង​ឃើញ តែ​មិន​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ឃើញ?​»។ ២៣  លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ+ ហើយ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ រួច​យើង​ទាំង​ពីរ​នឹង​មក​ឯ​អ្នក​នោះ ហើយ​តាំង​លំនៅ​ជា​មួយ​នឹង​គាត់។+ ២៤  អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្ដាប់ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ តែ​ជា​បណ្ដាំ​របស់​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ២៥  ​«​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា។ ២៦  ប៉ុន្តែ អ្នក​ជួយ*ដែល​ជា​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​ឲ្យ​មក​ក្នុង​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់។+ ២៧  ខ្ញុំ​ទុក​សេចក្ដី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា។ ខ្ញុំ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា។+ ខ្ញុំ​មិន​ឲ្យ​តាម​របៀប​ដែល​ពិភព​លោក​នេះ​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ ហើយ​កុំ​មាន​ចិត្ត​រួញ​រា​ឡើយ។ ២៨  អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ រួច​នឹង​ត្រឡប់​មកឯ​អ្នក​រាល់​គ្នា​វិញ›។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រេក​អរ​ដោយ​សារ​ខ្ញុំ​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពី​ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ។+ ២៩  ដូច្នេះ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​មុន​ការ​ទាំង​នោះ​កើត​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ ពេល​ដែល​ការ​ទាំង​នោះ​កើត​ឡើង។+ ៣០  ខ្ញុំ​នឹង​មិន​និយាយ​ច្រើន​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ថែម​ទៀត​ឡើយ ព្រោះ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ+ជិត​មក​ដល់​ហើយ។ អ្នក​នោះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ+ ៣១  ប៉ុន្តែ ពិភព​លោក​នេះ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌ ព្រោះ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ។+ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ។

កំណត់សម្គាល់

ឬ​«​អ្នក​សម្រាល​ទុក្ខ​»​
ឬ​«​អ្នក​សម្រាល​ទុក្ខ​»​