សៀវភៅយ៉ូហាន ១៥:១-២៧

  • ឧទាហរណ៍​អំពី​វល្លិ​ទំពាំង​បាយ​ជូរ​ដ៏​ពិត (​១​-​១០)

  • បញ្ញត្តិ​ដែល​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​គ្រិស្ត (​១១​-​១៧)

    • ‹គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​នេះ​ទេ› (​១៣)

  • ពិភព​លោក​ស្អប់​អ្នក​កាន់​តាម​លោក​យេស៊ូ (​១៨​-​២៧)

១៥  ​«​ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​បិតា​របស់​ខ្ញុំ​ជា​អ្នក​ដាំ។ ២  មែក​ណា​របស់​ខ្ញុំ​ដែល​មិន​មាន​ផល​ផ្លែ លោក​នឹង​យក​មែក​នោះ​ចេញ ហើយ​លោក​នឹង​សម្អាត*មែក​ណា​ដែល​មាន​ផល​ផ្លែ ដើម្បី​ឲ្យ​មែក​នោះ​អាច​មាន​ផល​ផ្លែ​ថែម​ទៀត។+ ៣  អ្នក​រាល់​គ្នា​គឺ​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។+ ៤  ចូរ​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​ក៏​នឹង​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​និច្ច​ដែរ។ បើ​មែក​ទំពាំង​បាយ​ជូរ​មិន​នៅ​ជាប់​នឹង​ដើម​ទេ នោះ​វា​មិន​អាច​មាន​ផល​ផ្លែ​បាន​ឡើយ។ អ្នក​រាល់​គ្នា​ក៏​នឹង​ដូច្នេះ​ដែរ បើ​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច។+ ៥  ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ ហើយ​អ្នក​រាល់​គ្នា​ជា​មែក។ បើ​អ្នក​ណា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ អ្នក​នោះ​មាន​ផល​ផ្លែ​ជា​ច្រើន+ ពី​ព្រោះ​បើ​មិន​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​សោះ។ ៦  ប្រសិន​បើ​អ្នក​ណា​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​ទេ អ្នក​នោះ​ជា​មែក​ដែល​នឹង​ត្រូវ​បោះ​ចោល ហើយ​នឹង​ក្រៀម​ស្វិត។ រួច​គេ​នឹង​ប្រមូល​មែក​ទាំង​នោះ រួច​បោះ​ក្នុង​ភ្លើង​ឲ្យ​ឆេះ​អស់​ទៅ។ ៧  ប្រសិន​បើ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ពាក្យ​របស់​ខ្ញុំ​ក៏​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ជា​និច្ច​ដែរ នោះ​ទោះ​ជា​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ការ​នោះ​នឹង​កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា។+ ៨  បិតា​របស់​ខ្ញុំ​បាន​ត្រូវ​លើក​តម្កើង ពេល​ដែល​អ្នក​រាល់​គ្នា​បន្ត​មាន​ផល​ផ្លែ​ជា​ច្រើន និង​ពេល​ដែល​អ្នក​រាល់​គ្នា​បង្ហាញ​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ។+ ៩  ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ដូច​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ។+ ដូច្នេះ ចូរ​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ ១០  ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​ដែរ។ ១១  ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អ្វី​ៗ​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពោរ​ពេញ​ដោយ​អំណរ​ដូច​ខ្ញុំ​ដែរ។+ ១២  នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ​គឺ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។+ ១៣  គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត*ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ។+ ១៤  អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បញ្ញត្តិ​របស់​ខ្ញុំ។+ ១៥  ខ្ញុំ​មិន​ហៅ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​បម្រើ​ទៀត​ឡើយ ពី​ព្រោះ​ខ្ញុំ​បម្រើ​មិន​ដឹង​ថា​ម្ចាស់​របស់​ខ្លួន​ធ្វើ​អ្វី​ទេ។ ប៉ុន្តែ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់ ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ ១៦  អ្នក​រាល់​គ្នា​មិន​បាន​ជ្រើស​រើស​ខ្ញុំ​ទេ តែ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​វិញ ក៏​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាន​ផល​ផ្លែ​ត​ទៅ​ទៀត ពោល​គឺ​ផល​ផ្លែ​ដែល​ស្ថិត​ស្ថេរ ដើម្បី​ឲ្យ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ផ្ដល់​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។+ ១៧  ​«​ការ​ទាំង​នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។+ ១៨  ប្រសិន​បើ​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ មុន​គេ​ស្អប់​អ្នក​រាល់​គ្នា។+ ១៩  ប្រសិន​បើ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ពិភព​លោក នោះ​ពិភព​លោក​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ តែ​ឥឡូវ អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ+ ពី​ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ចេញ​ពី​ពិភព​លោក ហេតុ​នេះ​ហើយ​បាន​ជា​ពិភព​លោក​ស្អប់​អ្នក​រាល់​គ្នា។+ ២០  ចូរ​ចង​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​បម្រើ​មិន​មែន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ។ ប្រសិន​បើ​ពួក​គេ​បាន​បៀត​បៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀត​បៀន​អ្នករាល់គ្នា​ដែរ។+ ប្រសិន​បើ​ពួក​គេ​បាន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ នោះ​ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។ ២១  ប៉ុន្តែ ពួក​គេ​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ទាស់​នឹង​អ្នក​រាល់​គ្នា ដោយ​សារ​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​ពួក​គេ​មិន​ស្គាល់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។+ ២២  ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​និយាយ​ជា​មួយ​នឹង​ពួក​គេ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ទេ។+ ប៉ុន្តែ​ឥឡូវ ពួក​គេ​មិន​អាច​ដោះ​សា​អំពី​ភាព​ខុស​ឆ្គង​របស់​ពួក​គេ​បាន​ឡើយ។+ ២៣  អ្នក​ណា​ដែល​ស្អប់​ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​បិតា​របស់​ខ្ញុំ​ដែរ។+ ២៤  ប្រសិន​បើ​ក្នុង​ចំណោម​ពួក​គេ ខ្ញុំ​មិន​បាន​ធ្វើ​កិច្ច​ការ​ដែល​អ្នក​ផ្សេង​ទៀត​មិន​បាន​ធ្វើ​ទេ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ឡើយ។+ ប៉ុន្តែ​ឥឡូវ ពួក​គេ​បាន​ឃើញ ហើយ​បាន​ស្អប់​ខ្ញុំ ព្រម​ទាំង​ស្អប់​បិតា​របស់​ខ្ញុំ​ផង។ ២៥  ប៉ុន្តែ នេះ​គឺ​ដើម្បី​សម្រេច​អ្វី​ដែល​ចែង​ក្នុង​ច្បាប់​របស់​ពួក​គេ​ថា​៖ ‹ពួក​គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូលហេតុ›។+ ២៦  ខ្ញុំ​នឹង​ចាត់​អ្នក​ជួយ*ពី​បិតា​នៅ​ស្ថាន​សួគ៌​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​បង្ហាញ​ពី​សេចក្ដី​ពិត+ និង​ដែល​ចេញ​មក​ពី​បិតា​នៅ​ស្ថាន​សួគ៌។ ពេល​ដែល​អ្នក​ជួយ​មក​ដល់ អ្នក​នោះ​នឹង​បញ្ជាក់​អំពី​ខ្ញុំ។+ ២៧  ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ+ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​តាំង​ពី​ដើម​ដំបូង។

កំណត់សម្គាល់

ឬ​«​លួស​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ឬ​«​អ្នក​សម្រាល​ទុក្ខ​»​