សៀវភៅយ៉ូហាន ១:១-៥១

  • បណ្ដាំ​បាន​ទៅ​ជា​សាច់​ឈាម (​១​-​១៨)

  • ការ​បញ្ជាក់​របស់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក (​១៩​-​២៨)

  • លោក​យេស៊ូ​ជា​កូន​ចៀម​របស់​ព្រះ (​២៩​-​៣៤)

  • អ្នក​កាន់​តាម​ដំបូង​របស់​លោក​យេស៊ូ (​៣៥​-​៤២)

  • ភីលីព​និង​ណាថាណែល (​៤៣​-​៥១)

 នៅ​ដើម​ដំបូង មាន​លោក​ដែល​ហៅ​ថា​បណ្ដាំ+ ហើយ​លោក​ដែល​ហៅ​ថា​បណ្ដាំ​បាន​នៅ​ជា​មួយ​នឹង​ព្រះ+ ហើយ​លោក​ដែល​ហៅ​ថា​បណ្ដាំ​ប្រៀប​ដូច​ជា​ព្រះ​មួយ។*+ ២  នៅ​ដើម​ដំបូង លោក​បាន​នៅ​ជា​មួយ​នឹង​ព្រះ។ ៣  អ្វី​ៗ​ទាំង​អស់​បាន​កើត​មក​តាម​រយៈ​លោក+ ហើយ​គ្មាន​អ្វី​ដែល​មិន​កើត​មក​តាម​រយៈ​លោក​ឡើយ សូម្បី​តែ​អ្វី​មួយ។ អ្វី​ដែល​បាន​កើត​មក ៤  តាម​រយៈ​លោក​គឺ​ជា​ជីវិត ហើយ​ជីវិត​នោះ​គឺ​ជា​ពន្លឺ​បំភ្លឺ​មនុស្សជាតិ+ ៥  ហើយ​ពន្លឺ​នោះ​កំពុង​ភ្លឺ​ក្នុង​ភាព​ងងឹត+ តែ​ភាព​ងងឹត​នោះ​មិន​ឈ្នះ​ពន្លឺ​ឡើយ។ ៦  មាន​បុរស​ម្នាក់​ដែល​ព្រះ​បាន​ចាត់​ជា​តំណាង​លោក គាត់​ឈ្មោះ​យ៉ូហាន។+ ៧  គាត់​បាន​មក​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ពន្លឺ+ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ជឿ​តាម​រយៈ​គាត់។ ៨  គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ+ តែ​គាត់​បាន​មក​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ពន្លឺ​នោះ​វិញ។ ៩  ពេល​នោះ ពន្លឺ​ដ៏​ពិត​ដែល​បំភ្លឺ​មនុស្ស​គ្រប់​ប្រភេទ ហៀប​នឹង​ចូល​មក​ក្នុង​ពិភព​លោក។+ ១០  លោក​បាន​នៅ​ក្នុង​ពិភព​លោក+ ហើយ​ពិភព​លោក​បាន​កើត​មក​តាម​រយៈ​លោក+ តែ​ពិភព​លោក​មិន​បាន​ស្គាល់​លោក​ទេ។ ១១  លោក​បាន​មក​ឯ​ជន​រួម​ជាតិ​របស់​លោក តែ​ពួក​គេ​មិន​បាន​ទទួល​លោក​ទេ។ ១២  ក៏​ប៉ុន្តែ ចំពោះ​អស់​អ្នក​ណា​ដែល​បាន​ទទួល​លោក នោះ​លោក​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គេ​ទៅ​ជា​កូន​របស់​ព្រះ+ ពី​ព្រោះ​ពួក​គេ​មាន​ជំនឿ​លើ​នាម​របស់​លោក+ ១៣  ហើយ​ពួក​គេ​មិន​មែន​កើត​មក​ពី​សាច់​ឈាម​ឡើយ ក៏​មិន​បាន​កើត​មក​ដោយ​សារ​បំណង​ប្រាថ្នា​របស់​ឪពុក​ជា​មនុស្ស​ដែរ។ ប៉ុន្តែ ពួក​គេ​បាន​កើត​មក​ពី​ព្រះ​វិញ។+ ១៤  ដូច្នេះ លោក​ដែល​ហៅ​ថា​បណ្ដាំ​បាន​ទៅ​ជា​សាច់​ឈាម+ ក៏​បាន​រស់​នៅ​ជា​មួយ​នឹង​យើង ហើយ​យើង​បាន​ឃើញ​សិរី​រុង​រឿង​របស់​លោក គឺ​ជា​សិរី​រុង​រឿង​របស់​បុត្រ​តែ​មួយ*+ពី​បិតា ហើយ​លោក​ជា​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង* និង​ជា​អ្នក​ដែល​បង្រៀន​សេចក្ដី​ពិត ១៥  (​យ៉ូហាន​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក ដោយ​ស្រែក​ប្រកាស​ថា​៖ ​«​លោក​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ប្រាប់​ថា​៖ ‹លោក​ដែល​មក​ក្រោយ​ខ្ញុំ​បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពី​ព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ›​»​)។+ ១៦  ដោយ​សារ​លោក​ពេញ​ទៅ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ នោះ​យើង​ទាំង​អស់​គ្នា​បន្ត​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ជា​បរិបូរ។ ១៧  ពី​ព្រោះ​ច្បាប់​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​ម៉ូសេ+ តែ​គុណ​ដ៏​វិសេស​លើស​លប់+និង​សេចក្ដី​ពិត​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។+ ១៨  គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឃើញ​ព្រះ​ម្ដង​ណា​ឡើយ។+ ប៉ុន្តែ បុត្រ​តែ​មួយ​របស់​ព្រះ*+ដែល​នៅ​ក្បែរ​បិតា*+ គឺ​ជា​អ្នក​ដែល​បាន​ពន្យល់​អំពី​លោក។+ ១៩  នេះ​ជា​ការ​បញ្ជាក់​របស់​យ៉ូហាន ពេល​ដែល​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​និង​ពួក​លេវី​ខ្លះ​ពី​ក្រុង​យេរូសាឡិម ឲ្យ​មក​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា?​»។+ ២០  យ៉ូហាន​បាន​ឆ្លើយ​ត្រង់​ដោយ​ឥត​លាក់​លៀម​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ​»។ ២១  រួច​ពួក​គេ​សួរ​គាត់​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​ជា​អ្នក​ណា​វិញ? ជា​អេលីយ៉ា​ឬ?​»។+ យ៉ូហាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​អេលីយ៉ា​ទេ​»។ ពួក​គេ​សួរ​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​មក​ឬ?​»។+ គាត់​ឆ្លើយ​ថា​៖ ​«​ទេ!​»។ ២២  ម្ល៉ោះ​ហើយ ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា? ចូរ​ប្រាប់​មក ដើម្បី​យើង​អាច​ប្រាប់​ពួក​អ្នក​ដែល​បាន​ចាត់​យើង​ឲ្យ​មក។ តើ​អ្នក​ថា​ខ្លួន​ជា​អ្នក​ណា?​»។ ២៣  គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ដែល​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ឥត​ឈប់​ថា​៖ ‹ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​ទទួល​ព្រះ​យេហូវ៉ា›*+ ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​»។+ ២៤  ពួក​អ្នក​ដែល​សួរ​នោះ គឺ​ជា​ពួក​អ្នក​ដែល​ពួក​ផារិស៊ី​បាន​ចាត់​ឲ្យ​មក។ ២៥  ដូច្នេះ ពួក​គេ​បាន​សួរ​គាត់​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​ដូច្នេះ បើ​អ្នក​មិន​មែន​ជា​គ្រិស្ត មិន​មែន​ជា​អេលីយ៉ា ឬ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​មក​នោះ?​»។ ២៦  យ៉ូហាន​ឆ្លើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ជ្រមុជ​គេ​ក្នុង​ទឹក។ ប៉ុន្តែ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ២៧  គឺ​លោក​ដែល​មក​ក្រោយ​ខ្ញុំ តែ​ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ផង​»។+ ២៨  ការ​ទាំង​នេះ​បាន​កើត​ឡើង​នៅ​បេថានី* នា​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ។+ ២៩  លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​លោក​យេស៊ូ​កំពុង​ដើរ​តម្រង់​មក​រក​គាត់ រួច​គាត់​និយាយ​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម+របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង+របស់​ពិភព​លោក​ចេញ!+ ៣០  គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​បាន​និយាយ​ថា​៖ ‹បុរស​ម្នាក់​ដែល​មក​ក្រោយ​ខ្ញុំ បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពី​ព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ›។+ ៣១  សូម្បី​តែ​ខ្ញុំ​ក៏​មិន​ស្គាល់​លោក​ដែរ។ ប៉ុន្តែ មូលហេតុ​ដែល​ខ្ញុំ​បាន​មក​ជ្រមុជ​ទឹកឲ្យ​គេ គឺ​ដើម្បី​ឲ្យ​អ៊ីស្រាអែល​ស្គាល់​លោក​»។+ ៣២  យ៉ូហាន​ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ដោយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ឫទ្ធានុភាព​របស់​ព្រះ​ចុះ​ពី​ស្ថាន​សួគ៌​មក​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​លើ​លោក។+ ៣៣  សូម្បី​តែ​ខ្ញុំ​ក៏​មិន​ស្គាល់​លោក​ដែរ។ ប៉ុន្តែ ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជ្រមុជ​គេ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ពេល​អ្នក​ឃើញ​ឫទ្ធានុភាព​របស់​ខ្ញុំ​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា+ គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ជ្រមុជ​គេ​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ខ្ញុំ›។+ ៣៤  រួច​ខ្ញុំ​បាន​ឃើញ​ការ​នោះ ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា លោក​នេះ​ហើយ​ជា​បុត្រ​របស់​ព្រះ​»។+ ៣៥  នៅ​ថ្ងៃ​មួយ​ទៀត យ៉ូហាន​កំពុង​ឈរ​ជា​មួយ​នឹង​អ្នក​កាន់​តាម​ពីរ​នាក់​របស់​គាត់ ៣៦  ហើយ​កាល​ដែល​គាត់​មើល​លោក​យេស៊ូ​កំពុង​ដើរ នោះ​គាត់​និយាយ​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម+របស់​ព្រះ!​»។ ៣៧  ពេល​ដែល​ឮ​គាត់​និយាយ​ដូច្នេះ អ្នក​កាន់​តាម​ពីរ​នាក់​នោះ​ក៏​ទៅ​តាម​លោក​យេស៊ូ។ ៣៨  រួច​លោក​យេស៊ូ​បែរ​ទៅ​ឃើញ​ពួក​គាត់​កំពុង​ដើរ​តាម ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​កំពុង​រក​អ្វី?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​រ៉ាប៊ី (​ដែល​មាន​ន័យ​ថា​«​លោក​គ្រូ​»​) តើ​លោក​ស្នាក់​នៅ​ឯ​ណា?​»។ ៣៩  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ នោះ​អ្នក​នឹង​ឃើញ​»។ ដូច្នេះ ពួក​គាត់​បាន​ទៅ​ឃើញ​កន្លែង​ដែល​លោក​កំពុង​ស្នាក់​នៅ ហើយ​ពួក​គាត់​ក៏​នៅ​ជា​មួយ​នឹង​លោក​នៅ​ថ្ងៃ​នោះ។ ពេល​នោះ​គឺ​ប្រហែល​ជា​ម៉ោង​ទី​១០។* ៤០  អនទ្រេ+ជា​បង​ប្អូន​របស់​ស៊ីម៉ូន​ពេត្រុស គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​កាន់​តាម​ពីរ​នាក់​ដែល​បាន​ឮ​អ្វី​ដែល​យ៉ូហាន​បាន​និយាយ ហើយ​គាត់​បាន​ទៅ​តាម​លោក​យេស៊ូ។ ៤១  មុន​បង្អស់ គាត់​ទៅ​ជួប​ស៊ីម៉ូន​ជា​បង​ប្អូន​របស់​គាត់ ហើយ​ប្រាប់​ថា​៖ ​«​យើង​បាន​ជួប​មេស្ស៊ី​ហើយ​»​+ (​ដែល​មាន​ន័យ​ថា​«​គ្រិស្ត​»​)។ ៤២  បន្ទាប់​មក គាត់​នាំ​ស៊ីម៉ូន​ទៅ​ឯ​លោក​យេស៊ូ។ ពេល​លោក​យេស៊ូ​មើល​គាត់ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​គឺ​ស៊ីម៉ូន+ ជា​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវ​ហៅ​ថា​កេផាស​»​ (​ដែល​ភាសា​ក្រិច​ហៅ​ថា​«​ពេត្រុស​»​)។*+ ៤៣  លុះ​ថ្ងៃ​បន្ទាប់ លោក​យេស៊ូ​ចង់​ចេញ​ទៅ​ស្រុកកាលីឡេ។ រួច​លោក​បាន​ជួប​ភីលីព+ ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។* ៤៤  ភីលីព​មក​ពី​ក្រុង​បេតសេដា ដូច​អនទ្រេ​និង​ពេត្រុស​ដែរ។ ៤៥  ភីលីព​បាន​ជួប​ណាថាណែល+ ហើយ​ប្រាប់​គាត់​ថា​៖ ​«​យើង​បាន​ជួប​លោក ដែល​ច្បាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ចែង​អំពី​លោក គឺ​លោក​យេស៊ូ ជា​កូន​យ៉ូសែប+ពី​ក្រុង​ណាសារ៉ែត​»។ ៤៦  ប៉ុន្តែ ណាថាណែល​បាន​និយាយ​ថា​៖ ​«​តើ​អាច​មាន​អ្វី​ល្អ​ចេញ​មក​ពី​ក្រុង​ណាសារ៉ែត​ឬ?​»។ ភីលីព​ប្រាប់​គាត់​ថា​៖ ​«​សូម​មក​មើល​»។ ៤៧  លោក​យេស៊ូ​ឃើញ​ណាថាណែល​កំពុង​ដើរ​តម្រង់​មក​រក​លោក ក៏​មាន​ប្រសាសន៍​អំពី​គាត់​ថា​៖ ​«​មើល​ហ្ន៎! ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ម្នាក់ ដែល​គ្មាន​កិច្ចកល​អ្វី​សោះ​»។+ ៤៨  ណាថាណែល​សួរ​លោក​ថា​៖ ​«​ម្ដេច​បាន​ជា​លោក​ស្គាល់ខ្ញុំ?​»។ លោក​យេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​មុន​ភីលីព​ហៅ​អ្នក​កាល​ដែល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ នោះ​ខ្ញុំ​បាន​ឃើញ​អ្នក​ហើយ​»។ ៤៩  ណាថាណែល​ជម្រាប​លោក​ថា​៖ ​«​រ៉ាប៊ី លោក​ជា​បុត្រ​របស់​ព្រះ ហើយ​លោក​ជា​ស្ដេច​នៃ​អ៊ីស្រាអែល​»។+ ៥០  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ជឿ​ដោយ​សារ​ខ្ញុំ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​ឬ? អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ច្រើន​ជាង​នេះ​ទៅ​ទៀត​»។ ៥១  លោក​មាន​ប្រសាសន៍​ទៅ​គាត់​ត​ទៅ​ទៀត​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ស្ថាន​សួគ៌​បើក​ឡើង ហើយ​ក៏​ឃើញ​បណ្ដា​ទេវតា​របស់​ព្រះ​ឡើង​ចុះ​ៗ ដើម្បី​មក​ឯ​កូន​មនុស្ស​»។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ជា​ព្រះ​មួយ​»​
ឬ​«​ជា​អ្នក​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ពី​ព្រះ​»​
ន័យ​ត្រង់​«​កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់​»​
ឬ​«​កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់ ហើយ​ដែល​មាន​លក្ខណៈ​ដូច​ព្រះ​»​
ឬ​«​នៅ​ជិត​ដើម​ទ្រូង​របស់​បិតា​»​ នេះ​សំដៅ​លើ​កន្លែង​កិត្តិយស​បំផុត
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មិន​មែន​ជា​ភូមិ​បេថានី​នៅ​ជិត​ក្រុង​យេរូសាឡិម​ទេ
ប្រហែល​ជា​ម៉ោង​បួន​រសៀល
​«​កេផាស​»​ឬ​«​ពេត្រុស​»​មាន​ន័យ​ថា​«​ថ្ម​»​
ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ