លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក​៥

នាមរបស់ព្រះក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច

បណ្ឌិត​គម្ពីរ​ទទួល​ស្គាល់​ថា នាម​របស់​ព្រះ​ដែល​តំណាង​ដោយ​អក្សរ​បួន​តួ​ហៅ​ថា​តេត្រាក្រាម (​יהוה​) មាន​ជិត​៧.០០០​ដង​ក្នុង​ឯកសារ​ដើម​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ក៏​ប៉ុន្តែ ពួក​គេ​ជាច្រើន​នាក់​គិត​ថា នាម​របស់​ព្រះ​មិន​មាន​ក្នុង​ឯកសារ​ដើម​នៃ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​ភាគ​ច្រើន​ដែល​បាន​ត្រូវ​បក​ប្រែ​នៅ​សម័យ​នេះ មិន​ដាក់​បញ្ចូល​នាមយេហូវ៉ា​ក្នុង​ផ្នែក​ដែល​គេ​ហៅ​ថា​សញ្ញា​ថ្មី​ឡើយ។ សូម្បី​តែ​ពេល​ដែល​ពួក​គេ​បក​ប្រែ​ខ​គម្ពីរ ដែល​ដក​ស្រង់​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​មាន​តេត្រាក្រាម ក៏​អ្នក​បក​ប្រែ​ភាគ​ច្រើន​មិន​ប្រើ​នាម​របស់​ព្រះ​ដែរ តែ​ដាក់​«​ព្រះ​ជា​ម្ចាស់​»​ជំនួស​វិញ។

គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​អង់គ្លេស ដែល​ជា​មូលដ្ឋាន​សម្រាប់​សេចក្ដី​បក​ប្រែ​ជា​ភាសា​ខ្មែរ មិន​ធ្វើ​តាម​ទម្លាប់​នេះ​ទេ។ សេចក្ដី​បក​ប្រែ​នោះ​មាន​នាម​ព្រះ​យេហូវ៉ា​សរុប​ចំនួន​២៣៧​ដង ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ ពេល​ដែល​សម្រេច​ចិត្ត​ដាក់​បញ្ចូល​នាម​របស់​ព្រះ​ឡើង​វិញ អ្នក​បក​ប្រែ​បាន​ពិចារណា​អំពី​កត្ដា​សំខាន់​ពីរ​គឺ (​១​) ឯកសារ​ភាសា​ក្រិច​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ឯកសារ​ដើម​ទេ។ ក្នុង​ចំណោម​ឯកសារ​ចម្លង​រាប់​ពាន់​ច្បាប់​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ ភាគ​ច្រើន​បាន​ត្រូវ​ចម្លង យ៉ាង​ហោច​ណាស់​២០០​ឆ្នាំ​ក្រោយ​ពី​ឯកសារ​ដើម​បាន​ត្រូវ​សរ​សេ​រ។ (​២​) នៅ​ពេល​នោះ អ្នក​ចម្លង​ឯកសារ​បាន​ផ្លាស់​ប្ដូរ​តេត្រាក្រាម​ទៅ​ជា​ឃីរីអុស ជា​ភាសា​ក្រិច​ដែល​មាន​ន័យ​ថា​«​ព្រះ​ជា​ម្ចាស់​»​ ឬ​ក៏​អ្នក​ចម្លង​ឯកសារ​បាន​ចម្លង​ពី​ឯកសារ​ដែល​បាន​ផ្លាស់​ប្ដូរ​ដោយ​ដាក់​ពាក្យ​ឃីរីអុស​រួច​ហើយ។

គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​យល់​ឃើញ​ថា មាន​ភ័ស្តុតាង​ច្បាស់​លាស់​ដែល​បញ្ជាក់​ថា ពិត​ជា​មាន​តេត្រាក្រាម​ក្នុង​ឯកសារ​ដើម​ជា​ភាសា​ក្រិច​មែន។ ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​មាន​មូលដ្ឋាន​លើ​ភ័ស្តុតាង​ដែល​មាន​ដូច​ត​ទៅ​នេះ​៖

  • ឯកសារ​ចម្លង​ជា​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​មនុស្ស​ធ្លាប់​ប្រើ​នៅ​សម័យ​លោក​យេស៊ូ​និង​ពួក​សាវ័ក មាន​តេត្រាក្រាម​ពី​ដើម​ដល់​ចប់។ ពី​មុន មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រកែក​មិន​ទទួល​ស្គាល់​ចំណុច​នោះ តែ​ដោយ​សារ​គេ​បាន​រក​ឃើញ​ឯកសារ​ចម្លង​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ពី​សតវត្សរ៍​ទី​១​ជិត​តំបន់​ខាំរ៉ាន នោះ​ជា​ភ័ស្តុតាង​កាន់​តែ​ច្បាស់​ថា តេត្រាក្រាម​ពិត​ជា​មាន​ក្នុង​ឯកសារ​បទ​គម្ពីរ​ភាសា​ហេប្រឺ​មែន។

  • នៅ​សម័យ​លោក​យេស៊ូ​និង​ពួក​សាវ័ក តេត្រាក្រាម​ក៏​មាន​ក្នុង​សេចក្ដី​បក​ប្រែ​ភាសា​ក្រិច​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែរ។ អស់​រាប់​រយ​ឆ្នាំ ពួក​បណ្ឌិត​ធ្លាប់​គិត​ថា​គ្មាន​តេត្រាក្រាម​ក្នុង​សេចក្ដី​បក​ប្រែ​សេបធួជីន​ជា​ភាសា​ក្រិច ដែល​បក​ប្រែ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទេ។ រួច​មក នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​២០ ពួក​បណ្ឌិត​បាន​ចាប់​អារម្មណ៍​ពិនិត្យ​មើល​បំណែក​ឯកសារ​បុរាណ​ខ្លះ​នៃ​សេបធួជីន​ជា​ភាសា​ក្រិច​ដែល​មាន​នៅ​សម័យ​លោក​យេស៊ូ។ បំណែក​ឯកសារ​ទាំង​នោះ​មាន​នាម​របស់​ព្រះ​ជា​អក្សរ​ហេប្រឺ។ ដូច្នេះ នៅ​សម័យ​លោក​យេស៊ូ ឯកសារ​ចម្លង​នៃ​បទ​គម្ពីរ​ភាសា​ក្រិច​មាន​នាម​របស់​ព្រះ​មែន។ ក៏​ប៉ុន្តែ នៅ​សតវត្សរ៍​ទី​៤ គ.ស. ឯកសារ​សំខាន់​នៃ​សេបធួជីន​ជា​ភាសា​ក្រិច​ដូច​ជា​ឯកសារ​ខូឌីក វ៉ានធីខេន (​Codex Vaticanus​) និង​ខូឌីក ស៊ីណាយធីកឹស (​Codex Sinaiticus​) គ្មាន​នាម​របស់​ព្រះ​ទាល់​តែ​សោះ​ក្នុង​សៀវភៅ​ដើម​កំណើត​ដល់​ម៉ាឡាគី (​ប៉ុន្តែ ឯកសារ​ដែល​ចាស់​ជាង​ឯកសារ​ខូឌីក​ទាំង​នោះ​មាន​នាម​របស់​ព្រះ​)។ ដូច្នេះ គឺ​មិន​ចម្លែក​ទេ​ថា ឯកសារ​ពី​សម័យ​នោះ​ដែល​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ មិន​មាន​នាម​របស់​ព្រះ​ក្នុង​គម្ពីរ​ដែល​គេ​ហៅ​ថា​សញ្ញា​ថ្មី​ឬ​បទ​គម្ពីរ​ភាសា​ក្រិច។

    លោក​យេស៊ូ​បាន​ប្រាប់​យ៉ាង​ចំ​ៗ​ថា​៖ ​«​ខ្ញុំ​បាន​មកក្នុង​នាម​បិតា​របស់​ខ្ញុំ​»។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​លោក​ធ្វើ​កិច្ច​ការ​ទាំង​ប៉ុន្មាន​គឺ​ក្នុង​«​នាម​បិតា​»​របស់លោក

  • បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​បាន​រៀប​រាប់​ថា លោក​យេស៊ូ​ច្រើន​តែ​មាន​ប្រសាសន៍​អំពី​នាម​របស់​ព្រះ ហើយ​បង្ហាញ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​នាម​របស់​ព្រះ។ (​យ៉ូហាន ១៧:៦, ១១, ១២, ២៦​) លោក​យេស៊ូ​បាន​ប្រាប់​យ៉ាង​ចំ​ៗ​ថា​៖ ​«​ខ្ញុំ​បាន​មក​ក្នុង​នាម​បិតា​របស់​ខ្ញុំ​»​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​ធ្វើ​កិច្ច​ការ​ទាំង​ប៉ុន្មាន​គឺ​ក្នុង​«​នាម​បិតា​»​របស់​លោក។—យ៉ូហាន ៥:៤៣; ១០:២៥

  • ដោយ​សារ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដូច​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែរ នោះ​គឺ​មិន​សម​ហេតុ​សម​ផល​ទេ ដែល​នាម​របស់​ព្រះ​ស្រាប់​តែ​បាត់​ពី​បទ​គម្ពីរ​ភាសា​ក្រិច។ ប្រហែល​ជា​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១ គ.ស. យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​ថា​៖ ​«​ស៊ីម្មាន​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​របៀប​ដែល​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជាជាតិ​នា​នា ដើម្បី​ជ្រើស​រើស​រាស្ដ្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្មភាព ១៥:១៤​) បើ​គ្មាន​អ្នក​ណា​បាន​ដឹង​ឬ​ប្រើ​នាម​របស់​ព្រះ​នៅ​សតវត្សរ៍​ទី​១​ទេ នោះ​អ្វី​ដែល​យ៉ាកុប​និយាយ​គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ។

  • នាម​របស់​ព្រះ​បាន​ត្រូវ​សរសេរ​កាត់​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ នៅ​ការ​បើក​បង្ហាញ ១៩:១, ៣, ៤, នាម​របស់​ព្រះ​មាន​ក្នុង​ពាក្យ​«​ហាឡេលូយ៉ា​»។ នាម​នោះ​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​ចូរ​សរសើរ​យ៉ា​»។ ពាក្យ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា។ ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច មាន​ឈ្មោះ​ជា​ច្រើន​ដែល​មក​ពី​នាម​របស់​ព្រះ។ តាម​ការ​ពិត ឯកសារ​យោង​ផ្សេង​ៗ​ពន្យល់​ថា នាម​លោក​យេស៊ូ​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ​»។

  • ឯកសារ​ផ្សេង​ៗ​របស់​ជនជាតិ​យូដា​ពី​សម័យ​មុន​បញ្ជាក់​ថា គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​បាន​ប្រើ​នាម​របស់​ព្រះ​ក្នុង​សំណេរ​របស់​ពួក​គេ។ កម្រង​ច្បាប់​មួយ​ដែល​បាន​ត្រូវ​ចង​ក្រង​រួច​រាល់​ប្រហែល​នៅ​ឆ្នាំ​៣០០ គ.ស. បាន​ចែង​អំពី​សំណេរ​របស់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​ដុត​នៅ​ថ្ងៃ​ឈប់​សម្រាក​ថា​៖ ​«​សៀវភៅ​របស់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​សៀវភៅ​របស់​ពួក​មិនិម[​ដែល​គេ​គិត​ថា​ជា​គ្រិស្ត​សាសនិក​ជនជាតិ​យូដា​] ក៏​បាន​ត្រូវ​ដុត​ចោល​ដែរ។ ពេល​ពួក​គេ​ប្រទះ​ឃើញ​សៀវភៅ​នៅ​កន្លែង​ណា ពួក​គេ​ដុត​នៅ​កន្លែង​នោះ គឺ​ដុត​ឲ្យ​ឆេះ​ទាំង​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​សៀវភៅ​ទាំង​នោះ​ផង​»​ (​The Tosefta​)។ ឯកសារយោង​ដដែល​នេះ បាន​ដក​ស្រង់​សម្ដី​របស់​រ៉ាប៊ី​ម្នាក់​ហៅ​ថា​យ៉ូសេ​ពី​ស្រុកកាលីឡេ ដែលរស់​នៅដើម​សតវត្សរ៍​ទី​២ គ.ស.។ រ៉ាប៊ី​នោះ​ប្រាប់​ថា នៅ​ថ្ងៃ​ផ្សេង​ទៀត​ក្រៅ​ពី​ថ្ងៃ​ឈប់​សម្រាក​«​មានម្នាក់​កាត់​នាម​របស់​ព្រះ​ចេញ​ពី​សៀវភៅ​ទាំង​នោះ[​សំដៅ​លើ​សំណេរ​របស់​គ្រិស្ត​សាសនិក​] ហើយ​យក​ទៅ​ទុក តែ​អ្វី​ដែល​នៅ​សល់ គាត់​ដុត​ចោល​»។

  • បណ្ឌិត​ខាង​គម្ពីរ​ខ្លះ​ទទួល​ស្គាល់​ថា នាម​របស់​ព្រះ​ទំនង​ជា​មាន​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច នៅ​បទ​គម្ពីរ​ដែល​បាន​ត្រូវ​ដក​ស្រង់​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ក្នុង​វចនានុក្រម​គម្ពីរ​មួយ មាន​ចំណង​ជើង​ធំ​«​តេត្រាក្រាម​ក្នុង​សញ្ញា​ថ្មី​»​ ហើយ​នៅ​ក្រោម​ចំណង​ជើង​ធំ​នោះ​បាន​ពន្យល់​ថា​៖ ​«​មាន​ភ័ស្តុតាង​ខ្លះ​ដែល​បញ្ជាក់​ថា តេត្រាក្រាម​យ៉ាវេ​ដែល​ជា​តំណាង​នាម​របស់​ព្រះ មាន​ក្នុង​បទ​គម្ពីរ​ខ្លះ ឬ​បទ​គម្ពីរ​ទាំង​អស់​ដែល​បាន​ត្រូវ​ដក​ស្រង់​ពី​សញ្ញា​ចាស់​មក​ដាក់​ក្នុង​សញ្ញា​ថ្មី ពេល​សញ្ញា​ថ្មី​បាន​ត្រូវ​សរសេរ​ជា​លើក​ដំបូង​»​ (​The Anchor Bible Dictionary​)។ បណ្ឌិត​ចច ហាវឺដ ប្រាប់​ថា​៖ ​«​ដោយ​សារ​គ្រិស្ត​សាសនិក​សម័យ​ដើម​ធ្លាប់​ប្រើ​ឯកសារ​ចម្លង​នៃ​បទ​គម្ពីរ​ភាសា​ក្រិច[​សេបធួជីន​] ដែល​នៅ​តែ​មាន​តេត្រាក្រាម នោះ​គឺ​សម​ហេតុ​សម​ផល​ដែល​យើង​ជឿ​ជាក់​ថា អ្នក​សរសេរ​គម្ពីរ​សញ្ញា​ថ្មី​បាន​ទុក​តេត្រាក្រាម ពេល​ដក​ស្រង់​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​»។

  • អ្នក​បក​ប្រែ​គម្ពីរ​ដែល​ល្បី​ល្បាញ​បាន​ប្រើ​នាម​របស់​ព្រះ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ ពួក​គេ​ខ្លះ​បាន​ធ្វើ​ដូច្នេះ យូរ​ឆ្នាំ​មុន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​បោះ​ពុម្ព។ សៀវភៅ​របស់​អ្នក​បក​ប្រែ​ទាំង​នោះ​រួម​មាន​៖ A Literal Translation of the New Testament . . . From the Text of the Vatican Manuscript របស់ Herman Heinfetter (​1863​); The Emphatic Diaglott របស់ Benjamin Wilson (​1864​); The Epistles of Paul in Modern English របស់ George Barker Stevens (​1898​); St. Paul’s Epistle to the Romans របស់ W. G. Rutherford (​1900​); The New Testament Letters របស់ J.W.C. Wand និង Bishop of London (​1946​)។ បន្ថែម​ទៅ​ទៀត ក្នុង​សេចក្ដី​បក​ប្រែ​ជា​ភាសា​អេស្ប៉ាញ​នៅ​ដើម​សតវត្សរ៍​ទី​២០ អ្នក​បក​ប្រែ​ម្នាក់​ឈ្មោះ​ប៉ាប្លូ បេសុន បាន​ប្រើ​នាម​«​យេហូវ៉ា​»​ក្នុង​សៀវភៅ​លូកា ២:១៥ និង​យូដាស ខ​១៤។ ក្នុង​កំណត់​សម្គាល់​នៃ​សេចក្ដី​បក​ប្រែ​នោះ​គាត់​បាន​បញ្ជាក់​ជាង​១០០​ដង​ថា​នាម​របស់​ព្រះ​ទំនង​ជា​មាន​នៅ​ក្នុង​ខ​គម្ពីរ។ យូរ​ឆ្នាំ​មុន​មាន​សេចក្ដី​បក​ប្រែ​ទាំង​នោះ សេចក្ដី​បក​ប្រែ​ភាសា​ហេប្រឺ​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ប្រើ​តេត្រាក្រាម​ក្នុង​ខ​គម្ពីរ​ជា​ច្រើន​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​ម្ល៉េះ។ ជា​ឧទាហរណ៍ គ្រាន់​តែ​ភាសា​អាល្លឺម៉ង់​ប៉ុណ្ណោះ យ៉ាង​ហោច​ណាស់​មាន​១១​សេចក្ដី​បក​ប្រែ​ដែល​ប្រើ​នាម​«​យេហូវ៉ា​»​ (​ឬ​បក​តាម​ពាក្យ​ភាសា​ហេប្រឺ​ថា​«​យ៉ាវេ​»​) ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ មាន​អ្នក​បក​ប្រែ​បួន​នាក់​ទៀត​ដែល​បាន​ថែម​នាម​នោះ​ក្នុង​វង់​ក្រចក​ក្រោយ​ពាក្យ​«​ព្រះ​ជា​ម្ចាស់​»។ មាន​សេចក្ដី​បក​ប្រែ​ជាង​៧០​ជា​ភាសា​អាល្លឺម៉ង់ ដែល​ប្រើ​នាម​របស់​ព្រះ​ក្នុង​កំណត់​សម្គាល់​ឬសេចក្ដី​ពន្យល់​បន្ថែម។

    នាម​របស់​ព្រះ​នៅ​សកម្មភាព ២:៣៤ ក្នុង​គម្ពីរ​The Emphatic Diaglot របស់ Benjamin Wilson (​1864​)

  • សេចក្ដី​បក​ប្រែ​គម្ពីរ​ជាង​១០០​ភាសា​មាន​នាម​របស់​ព្រះ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិកជា​ភាសា​ក្រិច។ ភាសា​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក អាស៊ី អឺរ៉ុប នៅ​កោះ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក និង​ភាសា​របស់​ជន​ជាតិ​ដើម​អាម៉េរិក​ប្រើ​នាម​របស់​ព្រះ​ដោយ​សេរី (​សូម​មើល​តារាង​នៅ​ ទំព័រ​២៧០២​និង​២៧០៣​)។ អ្នក​បក​ប្រែ​គម្ពីរ​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ប្រើ​នាម​របស់​ព្រះ ដោយ​មាន​មូលហេតុ​ស្រដៀង​នឹង​អ្វី​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ។ សេចក្ដី​បក​ប្រែ​ខ្លះ​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ត្រូវ​បោះ​ពុម្ព​មិន​យូរ​មុន​នេះ​ដូច​ជា គម្ពីរ​ភាសា​រ៉ូទូម៉ាន (​ឆ្នាំ​១៩៩៩​) បាន​ប្រើ​នាម​«​ជីហូវ៉ា​»​៥១​ដង​ក្នុង​៤៨​ខ ហើយ​គម្ពីរ​ភាសា​បាតាក់ (​ទូបារ​) របស់​ឥណ្ឌូណេស៊ី (​ឆ្នាំ​១៩៨៩​) បាន​ប្រើ​នាម​«​ចាហូវ៉ា​»​១១០​ដង។

    នាម​របស់​ព្រះ​នៅ​ម៉ាកុស ១២:២៩, ៣០ ក្នុង​សេចក្ដី​បក​ប្រែ​ភាសា​ហាវ៉ៃ

អាស្រ័យ​ហេតុ​នេះ គឺ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ដាក់​បញ្ចូល​នាម​យេហូវ៉ា​ឡើង​វិញ ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ នោះ​ជា​អ្វី​ដែល​អ្នក​បក​ប្រែ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​ធ្វើ។ ពួក​គេ​កោត​ខ្លាច​ព្រះ ហើយ​គោរព​នាម​របស់​លោក​យ៉ាង​ជ្រាល​ជ្រៅ។ ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ដក​ចេញ​នូវ​អ្វី​ដែល​ធ្លាប់​មាន​ក្នុង​ឯកសារ​ដើម​នោះ​ទេ។—ការ​បើក​បង្ហាញ ២២:​១៨, ១៩