សៀវភៅយ៉ូហាន ៥:១-៤៧

  • ការ​ធ្វើ​ឲ្យ​បុរស​ដែល​មាន​ជំងឺ​ជា​សះ​ស្បើយ​នៅ​បេតសាថា (​១​-​១៨)

  • លោក​យេស៊ូ​ទទួល​អំណាច​ពី​បិតា​លោក (​១៩​-​២៤)

  • មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​លោក​យេស៊ូ (​២៥​-​៣០)

  • សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ (​៣១​-​៤៧)

 បន្ទាប់​ពី​ការ​ទាំង​នេះ មាន​បុណ្យ​មួយ+របស់​ជនជាតិ​យូដា ហើយ​លោក​យេស៊ូ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ២  នៅ​ក្រុង​យេរូសាឡិម ជិត​ខ្លោង​ទ្វារ​មួយ​ឈ្មោះ​ថា​ខ្លោង​ទ្វារ​ចៀម+ មាន​អាង​ទឹក​មួយ​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​បេតសាថា ហើយ​អាង​នោះ​ព័ទ្ធ​ដោយ​ល្វែង​ប្រាំ។ ៣  ក្នុង​ល្វែង​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ងងឹត​ភ្នែក ខ្វិន ស្វិត​ដៃ ឬ​ស្វិត​ជើង*កំពុង​ដេក​នៅ​ទី​នោះ។ ៤  *—— ៥  ប៉ុន្តែ​នៅ​ទី​នោះ មាន​បុរស​ម្នាក់​ដែល​បាន​ឈឺ​អស់​៣៨​ឆ្នាំ។ ៦  ពេល​ដែល​លោក​យេស៊ូ​ឃើញ​បុរស​នេះ​កំពុង​ដេក​នៅ​ទី​នោះ និង​ដោយ​ដឹង​ថា​គាត់​ឈឺ​យូរ​ហើយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ចង់​ជា​ឡើង​វិញ​ទេ?​»។+ ៧  បុរស​ដែល​ឈឺ​នោះ​បាន​ឆ្លើយ​ថា​៖ ​«​លោក គ្មាន​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ក្នុង​អាង​ពេល​ដែល​ទឹក​កំពុង​កម្រើក​ទេ តែ​ពេល​ខ្ញុំ​កំពុង​ចុះ​ទៅ ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ​»។ ៨  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ងើប​ឡើង! យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ​»។+ ៩  រំពេច​នោះ បុរស​នោះ​បាន​ជា​ឡើង​វិញ ក៏​យក​គ្រែ​ស្នែង​របស់​គាត់ ហើយ​ចាប់​ផ្ដើម​ដើរ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក។* ១០  ដូច្នេះ ជនជាតិ​យូដា​ចាប់​ផ្ដើម​ប្រាប់​បុរស​ដែល​បាន​ជា​ឡើង​វិញ​នោះ​ថា​៖ ​«​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក អ្នក​គ្មាន​ច្បាប់​យួរ​គ្រែ​ស្នែង​ទេ​»។+ ១១  ប៉ុន្តែ គាត់​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ឡើង​វិញ បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›​»។ ១២  ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​ប្រាប់​អ្នក​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›?​»។ ១៣  ប៉ុន្តែ បុរស​ដែល​បាន​ជា​ឡើង​វិញ​មិន​បាន​ដឹង​ថា​លោក​ជា​អ្នក​ណា​ឡើយ ព្រោះ​លោក​យេស៊ូ​បាន​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ​នៅ​ទី​នោះ។ ១៤  បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​បាន​ប្រទះ​ឃើញ​គាត់​ក្នុង​វិហារ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​មើល! អ្នក​ជា​ឡើង​វិញ​ហើយ។ កុំ​ធ្វើ​ខុស​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​អ្វី​អាក្រក់​ជាង​នេះ​កើត​ឡើង​ដល់​អ្នក​»។ ១៥  បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជនជាតិ​យូដា​ថា គឺ​លោក​យេស៊ូ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ឡើង​វិញ។ ១៦  ម្ល៉ោះ​ហើយ ជនជាតិ​យូដា​ចាប់​ផ្ដើម​បៀត​បៀន​លោក​យេស៊ូ ពី​ព្រោះ​លោក​ធ្វើ​ការ​ទាំង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ១៧  ប៉ុន្តែ លោក​តប​ទៅ​ពួក​គេ​ថា​៖ ​«​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ​»។+ ១៨  ហេតុ​នេះ​ហើយ​បាន​ជា​ជនជាតិ​យូដា​ខំ​ប្រឹង​ខ្លាំង​ជាង​មុន​ដើម្បី​រក​វិធី​សម្លាប់​លោក ពី​ព្រោះ​ពួក​គេ​គិត​ថា​លោក​មិន​ត្រឹម​តែ​ឥត​គោរព​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ​ទេ តែ​ក៏​ហៅ​ព្រះ​ថា​ជា​បិតា​របស់​លោក+ ថែម​ទាំង​តាំង​ខ្លួន​ស្មើ​នឹង​ព្រះ​ទៀត​ផង។+ ១៩  ដូច្នេះ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា បុត្រ​ព្រះ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​លោក​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ។ ប៉ុន្តែ លោក​ធ្វើ​តែ​អ្វី​ដែល​លោក​ឃើញ​បិតា​របស់​លោក​ធ្វើ​ប៉ុណ្ណោះ+ ព្រោះ​អ្វី​ក៏​ដោយ​ដែល​បិតា​ធ្វើ នោះ​បុត្រ​របស់​លោក​ក៏​ធ្វើ​ដូច្នោះ​ដែរ។ ២០  បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក+ ក៏​បង្ហាញ​បុត្រ​របស់​លោក​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ ថែម​ទាំង​នឹង​បង្ហាញ​បុត្រ​លោក​នូវ​ការ​អស្ចារ្យ​ច្រើន​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។+ ២១  ព្រោះ​ដូច​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ+ នោះ​បុត្រ​របស់​លោក​ក៏​ប្រោស​អ្នក​ណា​ដែល​លោក*ចង់​ឲ្យ​រស់​ឡើង​វិញ​ដែរ។+ ២២  ព្រោះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​មិន​វិនិច្ឆ័យ​អ្នក​ណា​ឡើយ តែ​លោក​បាន​ប្រគល់​ការ​វិនិច្ឆ័យ​ទាំង​អស់​ឲ្យ​បុត្រ​របស់​លោក+ ២៣  ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ផ្ដល់​កិត្តិយស​ជូន​បុត្រ​របស់​លោក ដូច​ពួក​គេ​ផ្ដល់​កិត្តិយស​ជូន​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។ អ្នក​ណា​ដែល​មិន​ផ្ដល់​កិត្តិយស​ជូន​បុត្រ​របស់​លោក អ្នក​នោះ​ក៏​មិន​ផ្ដល់​កិត្តិយស​ជូន​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។+ ២៤  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ ហើយ​ជឿ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ហើយ​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ តែ​អ្នក​នោះ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត​រួច​ហើយ។+ ២៥  ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នឹង​មាន​វេលា​មក​ដល់ ក៏​នៅ​ឥឡូវ​នេះ​ហើយ ពេល​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​បុត្រ​របស់​ព្រះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​នឹង​មាន​ជីវិត។ ២៦  ព្រោះ​ដូច​បិតា​ដែល​នៅ​ស្ថាន​សួគ៌​មាន​អំណាច​ផ្ដល់​ជីវិត+ នោះ​លោក​ក៏​ឲ្យ​បុត្រ​របស់​លោក​មាន​អំណាច​ផ្ដល់​ជីវិត​ដែរ។+ ២៧  លោក​បាន​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​បុត្រ​របស់​លោក​ធ្វើ​ការ​វិនិច្ឆ័យ+ ព្រោះ​បុត្រ​របស់​លោក​ជា​កូន​មនុស្ស។+ ២៨  កុំ​ឲ្យ​ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​បុត្រ​របស់​លោក+ ២៩  ហើយ​ចេញ​មក គឺ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​បាន​ជីវិត ឯ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ការ​កាត់​ទោស។+ ៣០  ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ។ ខ្ញុំ​វិនិច្ឆ័យ​តាម​អ្វី​ដែល​ខ្ញុំ​ឮ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​គឺ​សុចរិត+ ពី​ព្រោះ​ខ្ញុំ​មិន​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៣១  ​«​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​សាក្សី​អំពី​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ឯង នោះ​ការ​បញ្ជាក់​របស់​ខ្ញុំ​គឺ​មិន​ពិត​ឡើយ។+ ៣២  ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​ជា​សាក្សី​អំពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​លោក​បញ្ជាក់​អំពី​ខ្ញុំ​គឺ​ជា​ការ​ពិត។+ ៣៣  អ្នក​រាល់​គ្នា​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ជួប​យ៉ូហាន ហើយ​គាត់​បាន​បញ្ជាក់​អំពី​សេចក្ដី​ពិត។+ ៣៤  ក៏​ប៉ុន្តែ ខ្ញុំ​មិន​ពឹង​ផ្អែក​លើ​ការ​បញ្ជាក់​របស់​មនុស្ស​ទេ តែ​ខ្ញុំ​និយាយ​អ្វី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទទួល​សេចក្ដី​សង្គ្រោះ។ ៣៥  បុរស​នោះ​ធ្លាប់​ជា​ចង្កៀង​មួយ​ដែល​ឆេះ ហើយ​ភ្លឺ​ត្រចះ។ អស់​មួយ​រយៈ​ពេល​ខ្លី អ្នក​រាល់​គ្នា​ព្រម​ត្រេក​អរ​យ៉ាង​ខ្លាំង​នឹង​ពន្លឺ​របស់​គាត់។+ ៣៦  ប៉ុន្តែ ខ្ញុំ​មាន​ការ​បញ្ជាក់​ដែល​ប្រសើរ​ជាង​ការ​បញ្ជាក់​របស់​យ៉ូហាន ព្រោះ​កិច្ចការ​ដែល​បិតា​របស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​សម្រេច ពោល​គឺ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ គឺ​កិច្ច​ការ​នោះ​ឯង​ដែល​បញ្ជាក់​ថា បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៣៧  ម្យ៉ាង​ទៀត បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​ដែរ។+ អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​សំឡេង​របស់​លោក ឬ​ឃើញ​រូប​លោក​ម្ដង​ណា​ឡើយ+ ៣៨  ហើយ​បណ្ដាំ​របស់​លោក​មិន​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​អ្នក​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ឲ្យ​មក​នោះ​ទេ។ ៣៩  ​«​អ្នក​រាល់​គ្នា​ពិនិត្យ​មើល​បទ​គម្ពីរ+ ពី​ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​តាម​រយៈ​បទ​គម្ពីរ ហើយ​គឺ​បទ​គម្ពីរ​នោះ​ឯង​ដែល​បញ្ជាក់​អំពីខ្ញុំ។+ ៤០  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​ចង់​មក​ឯ​ខ្ញុំ+ដើម្បី​អាច​ទទួល​ជីវិតទេ។ ៤១  ខ្ញុំ​មិន​ព្រម​ទទួល​ការ​លើក​តម្កើង​ពី​មនុស្ស​ទេ។ ៤២  ប៉ុន្តែ ខ្ញុំ​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ។ ៤៣  ខ្ញុំ​បាន​មក​ក្នុង​នាម​បិតា​របស់​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ។ ប្រសិន​បើ​អ្នក​ផ្សេង​ទៀត​មក​ក្នុង​នាម​ផ្ទាល់​ខ្លួន អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ។ ៤៤  អ្នក​រាល់​គ្នា​កំពុង​ទទួល​ការ​លើក​តម្កើង​ពី​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ស្វែង​រក​ការ​លើក​តម្កើង​ដែល​មក​ពី​ព្រះ​តែ​មួយ​ទេ ដូច្នេះ​តើ​អ្នក​រាល់​គ្នា​អាច​ជឿ​ខ្ញុំ​ដូច​ម្ដេច​បាន?+ ៤៥  កុំ​គិត​ថា​ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​នៅ​មុខ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ឡើយ។ មាន​តែ​ម្នាក់​ដែល​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា គឺ​ម៉ូសេ+ដែល​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ ៤៦  តាម​ពិត បើ​អ្នក​រាល់​គ្នា​ជឿ​ម៉ូសេ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ជឿ​ខ្ញុំ​ដែរ ព្រោះ​គាត់​បាន​សរសេរ​អំពី​ខ្ញុំ។+ ៤៧  ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​អ្វី​ដែល​គាត់​បាន​សរសេរ​ទេ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ពាក្យ​របស់​ខ្ញុំ​ដូច​ម្ដេច​បាន?​»។

កំណត់សម្គាល់

ឬ​«​ស្លាប់​ដៃ​ឬ​ស្លាប់​ជើង​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣
មើល​និយម​ន័យ​ពាក្យ​«​ថ្ងៃ​ឈប់​សម្រាក​»​
នេះ​សំដៅ​លើ​បុត្រ​របស់​លោក