សៀវភៅម៉ាថាយ ២៨:១-២០

  • លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ (​១​-​១០)

  • ការ​សូក​ប្រាក់​ពួក​ទាហាន​ឲ្យ​និយាយ​កុហក (​១១​-​១៥)

  • សេចក្ដី​បង្គាប់​ឲ្យ​ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម (​១៦​-​២០)

២៨  បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក ពេល​ដែល​ថ្ងៃ​ចាប់​ផ្ដើម​រះ​នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ ម៉ារៀ​ម៉ាក់ដាឡេន​និង​ម៉ារៀ​មួយ​ទៀត​បាន​ទៅ​មើល​កន្លែង​បញ្ចុះ​សព​នោះ។+ ២  មើល! មុន​ពេល​នោះ​ដី​បាន​រញ្ជួយ​យ៉ាង​ខ្លាំង ព្រោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​ចុះ​ពី​ស្ថាន​សួគ៌​មក ហើយ​ទៅ​ប្រមៀល​ថ្ម​នោះ​ចេញ រួច​អង្គុយ​លើ​ថ្ម​នោះ។+ ៣  អាការ​ក្រៅ​របស់​ទេវតា​នោះ​ដូច​ផ្លេក​បន្ទោរ ហើយ​សម្លៀក​បំពាក់​របស់​គាត់​គឺ​ស​ស្គុស។+ ៤  ឯ​ពួក​អ្នក​យាម​វិញ ដោយ​សារ​ភ័យ​ខ្លាច​ទេវតា​នោះ ពួក​គេ​ញ័រ​រន្ធត់​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​នៅ​ស្ងៀម​ឥត​កម្រើក​ដូច​ជា​មនុស្ស​ស្លាប់។ ៥  ប៉ុន្តែ ទេវតា​នោះ​បាន​តប​ទៅ​ស្ត្រី​ទាំង​ពីរ​នាក់​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ខ្ញុំ​ដឹង​ថា​ពួក​នាង​កំពុង​រក​លោក​យេស៊ូ​ដែល​គេ​បាន​ព្យួរ។+ ៦  លោក​មិន​នៅ​ទី​នេះ​ទេ ព្រោះ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដូច​លោក​បាន​មាន​ប្រសាសន៍។+ សូម​មក​មើល​កន្លែង​ដែល​គេ​បាន​ដាក់​សព​របស់​លោក។ ៧  រួច​ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ ព្រោះ​មើល! លោក​នឹង​ទៅ​ស្រុកកាលីឡេ​មុន​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​នឹង​ឃើញ​លោក​នៅ​ទី​នោះ។ មើល! ខ្ញុំ​បាន​ប្រាប់​អ្នក​ហើយ​»។+ ៨  ដូច្នេះ ពួក​នាង​ក៏​ប្រញាប់​ចាក​ចេញ​ពី​ទី​បញ្ចុះ​សព​ទាំង​ភ័យ​ផង​ទាំង​ត្រេក​អរ​ក្រៃ​លែង​ផង ដើម្បី​រត់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក។+ ៩  ខណៈ​នោះ លោក​យេស៊ូ​បាន​ជួប​ពួក​នាង ហើយ​ពោល​ថា​៖ ​«​សួ​ស្ដី!​»។ ពួក​នាង​បាន​ចូល​ទៅ​ជិត​ឱប​ជើង​លោក រួច​លំឱន​កាយ​គោរព​លោក។ ១០  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ! ចូរ​ទៅ​ប្រាប់​បង​ប្អូន​របស់​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​ទៅ​ស្រុកកាលីឡេ ហើយ​ពួក​គាត់​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ​»។ ១១  កាល​ដែល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ នោះ​ពួក​អ្នក​យាម​ខ្លះ+បាន​ចូល​ទៅ​ក្នុង​ក្រុង រាយ​ការណ៍​ប្រាប់​ពួក​សង្ឃនាយក​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង។ ១២  ក្រោយ​ពី​អ្នក​ទាំង​នោះ​បាន​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំហើយ នោះ​ពួក​គេ​ក៏​ឲ្យ​កាក់​ប្រាក់​មួយ​ចំនួន​ល្មម​ដល់​ពួក​ទាហាន ១៣  រួច​ប្រាប់​ថា​៖ ​«​ចូរ​និយាយ​ថា​៖ ‹ពួក​អ្នក​កាន់​តាម​គាត់​បាន​មក​ទាំង​យប់ ហើយ​លួច​សព​គាត់​ពេល​ដែល​យើង​កំពុង​ដេក​លក់›+ ១៤  ហើយ​បើ​រឿង​នេះ​លេច​ឮ​ដល់​អភិបាល យើង​នឹង​ពន្យល់​ប្រាប់*គាត់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​បារម្ភ​»។ ១៥  ដូច្នេះ ពួក​ទាហាន​បាន​យក​កាក់​ប្រាក់​ទាំង​នោះ ហើយ​ធ្វើ​តាម​បង្គាប់​ពួក​គេ។ រួច​រឿង​នោះ​បាន​ត្រូវ​ផ្សាយ​សុសសាយ​ក្នុង​ចំណោម​ជនជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ១៦  ក៏​ប៉ុន្តែ អ្នក​កាន់​តាម​លោក​ទាំង​១១​នាក់​បាន​ចូល​ស្រុកកាលីឡេ+ រួច​ទៅ​ឯ​ភ្នំ​ដែល​លោក​យេស៊ូ​បាន​កំណត់​ឲ្យ​ទៅ។+ ១៧  ពេល​ដែល​ពួក​គាត់​ឃើញ​លោក នោះ​ពួក​គាត់​បាន​លំឱន​កាយ​គោរព តែ​អ្នក​ខ្លះ​បាន​សង្ស័យ​ថា​មិន​មែន​លោក​ទេ។ ១៨  លោក​យេស៊ូ​ក៏​ចូល​ទៅ​ជិត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី។+ ១៩  ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ+ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ+ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ២០  រួច​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។+ មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។*+

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​បញ្ចុះ​បញ្ចូល​»​
ឬ​«​ចុង​បញ្ចប់​នៃ​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​