សំបុត្រទី២ជូនចំពោះធីម៉ូថេ ៣:១-១៧

  • គ្រា​ចុង​ក្រោយ​បង្អស់​លំបាក​ខ្លាំង​ណាស់ (​១​-​៧)

  • ធ្វើ​តាម​គំរូ​របស់​ប៉ូល​យ៉ាង​ដិត​ដល់ (​៨​-​១៣)

  • «​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន​»​ (​១៤​-​១៧)

    • គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ (​១៦)

 ប៉ុន្តែ ចូរ​ដឹង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់+នឹង​លំបាក​ខ្លាំង​ណាស់។ ២  ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ គ្មាន​ភក្ដី​ភាព ៣  គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ៤  ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ ៥  ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ តែ​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ភក្ដី​ភាព​នោះ​ទេ។+ ចូរ​ជៀស​ចេញ​ពី​មនុស្ស​ទាំង​នេះ។ ៦  ក្នុង​ចំណោម​អ្នក​ទាំង​នេះ នឹង​មាន​បុរស​ខ្លះ​ប្រើ​ល្បិច​បោក​បញ្ឆោត​ពួក​អ្នក​ផ្ទះ​ផ្សេង​ៗ​បន្តិច​ម្ដង​ៗ ហើយ​ចាប់​ស្ត្រី​ខ្សោយ​ៗ​ធ្វើ​ជា​ឈ្លើយ ជា​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន និង​ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ផ្សេង​ៗ។ ៧  ពួក​គេ​តែង​តែ​រៀន តែ​មិន​អាច​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​បាន​ឡើយ។ ៨  បុរស​ទាំង​នោះ​ចេះ​តែ​ប្រឆាំង​សេចក្ដី​ពិត ដូច​ដែល​យ៉ានីស​និង​យ៉ាមប្រេស​បាន​ប្រឆាំង​ម៉ូសេ​ដែរ។ គំនិត​របស់​បុរស​បែប​នោះ​បាន​ខូច​ទាំង​ស្រុង ហើយ​ពួក​គេ​មិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ ពី​ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​ជំនឿ។ ៩  ដូច្នេះ ពួក​គេ​នឹង​មិន​រីក​ចម្រើន​ទៀត​ទេ ព្រោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ច្បាស់​នូវ​ភាព​ល្ងង់​ខ្លៅ*របស់​ពួក​គេ ដូច​ឃើញ​ភាព​ល្ងង់​ខ្លៅ​របស់​បុរស​ទាំង​ពីរ​នាក់​នោះ​ដែរ។+ ១០  ប៉ុន្តែ អ្នក​បាន​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​យ៉ាង​ដិត​ដល់ ព្រម​ទាំង​មាន​របៀប​រស់​នៅ​ដូច​ខ្ញុំ+ និង​មាន​គោល​បំណង ជំនឿ ចិត្ត​អត់​ធ្មត់ សេចក្ដី​ស្រឡាញ់ និង​ការ​ស៊ូ​ទ្រាំ​ដូច​ខ្ញុំ​ដែរ ១១  ព្រម​ទាំង​រង​ការ​បៀត​បៀន និង​រង​ទុក្ខ​វេទនា​ដូច​ដែល​បាន​កើត​ឡើង​ដល់​ខ្ញុំ​នៅ​ក្រុង​អាន់ទីយ៉ូក+ ក្រុង​អ៊ីកូនាម+ និង​ក្រុង​លីស្ត្រា។+ ខ្ញុំ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន​ទាំង​នេះ ហើយ​លោក​ម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ទាំង​អស់​នេះ។+ ១២  តាម​ពិត អស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀត​បៀន។+ ១៣  ប៉ុន្តែ មនុស្ស​ទុច្ចរិត​និង​ជន​បោក​ប្រាស់​នឹង​មាន​ការ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ពួក​គេ​នឹង​បំភាន់​អ្នក​ឯ​ទៀត ហើយ​ក៏​ត្រូវ​គេ​បំភាន់​ដែរ។+ ១៤  ចំណែក​អ្នក​វិញ ចូរ​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន​និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់+ ព្រោះ​អ្នក​ស្គាល់​ច្បាស់​ថា​អ្នក​ណា​បាន​បង្រៀន​អ្នក​អំពី​អ្វី​ៗ​ទាំង​នោះ ១៥  ហើយ​ថា​តាំង​ពី​អ្នក​នៅ​ជា​ទារក​នៅ​ឡើយ+ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា+ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​លើ​គ្រិស្ត​យេស៊ូ។+ ១៦  គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ*+ ក៏​មាន​ប្រយោជន៍​សម្រាប់​បង្រៀន+ កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត+ ១៧  ដើម្បី​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​មាន​សមត្ថភាព​ពេញ​លេញ និង​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង។

កំណត់សម្គាល់

ឬ​«​ភាព​ឆ្កួត​លីលា​»​
មាន​ន័យ​ថា​បាន​ត្រូវ​សរសេរ​ក្រោម​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ