លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​ទី​បញ្ចប់​ជិត​មក​ដល់​ឬ?

​«​ទី​បញ្ចប់​»​ តើ​នេះ​មាន​ន័យ​អ្វី?

​«​ទី​បញ្ចប់​»​ តើ​នេះ​មាន​ន័យ​អ្វី?

ពេល​លោក​អ្នក​ឮ​ពាក្យ​ថា​«​ទី​បញ្ចប់​ជិត​មក​ដល់​ហើយ!​»​ តើ​លោក​អ្នក​ស្រមៃ​គិត​អំពី​អ្វី? តើ​លោក​អ្នក​ស្រមៃ​ឃើញ​ភ្លើង​កំពុង​ឆេះ​បំផ្លាញ​ចោល​ផែន​ដី​ឬ? ឬ​មួយ​ក៏​ស្រមៃ​ឃើញ​សង្គ្រាម​លោក​លើក​ទី៣​នឹង​បំផ្លាញ​ចោល​ផែន​ដី​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ​វិញ? គំនិត​ទាំង​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ព្រួយ​បារម្ភ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​មិន​សូវ​ជឿ​លើ​រឿង​ទាំង​នោះ​ទេ ថែម​ទាំង​សើច​ចំអក​ឲ្យ​អ្នក​ដែល​គិត​ដូច្នោះ​ទៀត​ផង។

គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​៖ ​«​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) គម្ពីរ​ហៅ​ព្រឹត្ដិការណ៍​នេះ​ថា​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​»​ឬ​«​ហាម៉ាគេដូន​»។ (​ការ​បើក​បង្ហាញ ១៦:១៤, ១៦​) ស្ដី​អំពី​រឿង​នេះ សាសនា​ជា​ច្រើន​មាន​ការ​ភាន់​ច្រឡំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ប្លែក​ៗ​អំពី​ទី​បញ្ចប់។ យ៉ាង​ណា​ក្ដី គម្ពីរ​ចែង​យ៉ាង​ច្បាស់​អំពី​អ្វី​ជា​ទី​បញ្ចប់​និង​អ្វី​មិន​មែន​ជា​ទី​បញ្ចប់។ បន្ថែម​ទៅ​ទៀត គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ជួយ​យើង​ឲ្យ​ដឹង​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់​ឬ​ក៏​នៅ​យូរ​ទៀត។ ប៉ុន្ដែ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ គម្ពីរ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​រួច​រស់​ជីវិត! មុន​ដំបូង សូម​ឲ្យ​យើង​ពិចារណា​អំពី​ការ​ភាន់​ច្រឡំ​ខ្លះ​ស្ដី​អំពី​ទី​បញ្ចប់ ហើយ​ស្វែង​យល់​អត្ថន័យ​ពិត​នៃ​ទី​បញ្ចប់។ យោង​ទៅ​តាម​គម្ពីរ តើ​«​ទី​បញ្ចប់​»​មាន​ន័យ​អ្វី?

តើ​អ្វី​មិន​មែន​ជា​ទី​បញ្ចប់?

  1. ទី​បញ្ចប់​មិន​មែន​ជា​ការ​បំផ្លាញ​ផែន​ដី​ដោយ​ភ្លើង​ឡើយ។

    គម្ពីរ​ចែង​ថា​៖ ​«​[​ព្រះ​]បាន​តាំង​ឫស​ផែន​ដី ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់​កល្ប​»។ (​ទំនុក​តម្កើង ១០៤:៥​) ខ​គម្ពីរ​នេះ​និង​បទ​គម្ពីរ​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​នឹង​មិន​បំផ្លាញ​ផែន​ដី ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្វី​មក​បំផ្លាញ​ផែន​ដី​ចោល​ឡើយ!—សាស្តា ១:៤; អេសាយ ៤៥:១៨

  2. ទី​បញ្ចប់​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។

    គម្ពីរ​រៀប​រាប់​ថា​ទី​បញ្ចប់​គឺ​បាន​ត្រូវ​គ្រោង​ទុក​ជា​មុន ពោល​គឺ​ព្រះ​បាន​កំណត់​ពេល​រួច​ទៅ​ហើយ។ គម្ពីរ​ប្រាប់​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប។ ចូរ​ឃ្លាំ​មើល​ជា​និច្ច ចូរ​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​ឡើយ​»។ (​ម៉ាកុស ១៣:៣២, ៣៣​) ពិត​ណាស់ ព្រះ (​«​បិតា​»​) បាន​ដាក់​«​ពេល​កំណត់​»​យ៉ាង​ជាក់​លាក់​ដើម្បី​នាំ​ឲ្យ​ទី​បញ្ចប់​មក​ដល់។

  3. ទី​បញ្ចប់​មិន​មែន​កើត​ឡើង​ដោយ​សារ​មនុស្ស ឬ​អាចម៍​ផ្កាយ​ឡើយ។

    តើ​អ្វី​នឹង​នាំ​ឲ្យ​ទី​បញ្ចប់​មក​ដល់? សៀវភៅ​ការ​បើក​បង្ហាញ ១៩:១១ ចែង​ថា​៖ ​«​ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ឡើង ហើយ​មើល! មាន​សេះ​សម្បុរ​ស។ លោក​ដែល​អង្គុយ​លើ​សេះ​នោះ​មាន​នាម​ថា ស្មោះ​ត្រង់​និង​ពិត​ត្រង់​»។ បន្ថែម​ទៅ​ទៀត ខ​១៩ រៀប​រាប់​ថា​៖ ​«​ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​និង​ស្ដេច​ទាំង​ឡាយ​នៅ​ផែន​ដី​ព្រម​ទាំង​កង​ទ័ព​របស់​ពួក​គេ មូល​គ្នា​ដើម្បី​ច្បាំង​នឹង​លោក​ដែល​កំពុង​ជិះ​លើ​សេះ ហើយ​ច្បាំង​នឹង​កង​ទ័ព​របស់​លោក​»។ (​ការ​បើក​បង្ហាញ ១៩:១១​-​២១​) ភាគ​ច្រើន ការ​រៀប​រាប់​ខាង​លើ​នេះ​ជា​ន័យ​ធៀប។ យ៉ាង​ណា​ក្ដី យើង​អាច​យល់​ច្បាស់​ថា: ព្រះ​នឹង​បញ្ជា​ទេវតា​ជា​ច្រើន​រូប​ដែល​ជា​កង​ទ័ព​របស់​លោក ឲ្យ​បំផ្លាញ​សត្រូវ​ទាំង​អស់។

ដំណឹង​ពី​គម្ពីរ​ស្ដី​អំពី​ទី​បញ្ចប់​គឺ​ជា​ដំណឹង​ល្អ​មិន​មែន​ដំណឹង​អាក្រក់​ទេ

តើ​អ្វី​ជា​ទី​បញ្ចប់?

  1. ទី​បញ្ចប់​នៃ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។

    គម្ពីរ​ពន្យល់​ថា​៖ ​«​ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ[​រដ្ឋាភិបាល​]១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។ (​ដានីយ៉ែល ២:៤៤​) ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ចំណុច​ទី៣​ខាង​លើ នឹង​មាន​ការ​បំផ្លាញ​ចោល​នៃ​«​ស្ដេច​ទាំង​ឡាយ​នៅ​ផែន​ដី​ព្រម​ទាំង​កង​ទ័ព​របស់​ពួក​គេ​»​ ពេល​ពួក​គេ​«​មូល​គ្នា​ដើម្បី​ច្បាំង​នឹង​លោក​ដែល​កំពុង​ជិះ​លើ​សេះ ហើយ​ច្បាំង​នឹង​កង​ទ័ព​របស់​លោក​»។—ការ​បើក​បង្ហាញ ១៩:១៩

  2. ទី​បញ្ចប់​នៃ​សង្គ្រាម អំពើ​ហិង្សា និង​អំពើ​អយុត្ដិធម៌។

    គម្ពីរ​ចែង​ថា​៖ ​«​[​ព្រះ​]បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែន​ដី​»។ (​ទំនុក​តម្កើង ៤៦:៩​) គម្ពីរ​ចែង​ទៀត​ថា​៖ ​«​មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែន​ដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែន​ដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ​»។ (​សុភាសិត ២:២១, ២២​) បន្ថែម​ទៅ​ទៀត គម្ពីរ​រៀប​រាប់​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី​»។—ការ​បើក​បង្ហាញ ២១:៤, ៥

  3. ទី​បញ្ចប់​នៃ​សាសនា​ដែល​បោក​បញ្ឆោត​មនុស្ស និង​ដែល​មិន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

    គម្ពីរ​ប្រាប់​ថា​៖ ​«​គឺ​ពួក​ហោរា​បាន​ទាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់​គ្រង ដោយ​កំឡាំង​ដៃ​ខ្លួន​វិញ . . . ដូច្នេះ ដល់​ចុង​បំផុត តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច​ទៅ​»។ (​យេរេមា ៥:៣១​) ម្យ៉ាង​ទៀត គម្ពីរ​ចែង​ថា​៖ ​«​នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់! តើ​យើង​មិន​បាន​ប្រកាស​ទំនាយ​តាង​នាម​លោក ហើយ​បណ្ដេញ​វិញ្ញាណ​កំណាច​តាង​នាម​លោក ថែម​ទាំង​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ជា​ច្រើន​តាង​នាម​លោក​ទេ​ឬ?›។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពួក​គេ​ជា​សាធារណៈ​នៅ​ពេល​នោះ​ថា​៖ នែ! មនុស្ស​ប្រព្រឹត្ដ​ប្រឆាំង​ច្បាប់! ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។—ម៉ាថាយ ៧:២១​-​២៣

  4. ទី​បញ្ចប់​របស់​មនុស្ស​ទុច្ចរិត​ដែល​បង្ក​ឲ្យ​មាន​ស្ថានភាព​ក្នុង​ពិភព​លោក​ដូច​សព្វ​ថ្ងៃ​នេះ។

    លោក​យេស៊ូ​គ្រិស្ដ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​មូលដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ ពោល​គឺ ពន្លឺ​បាន​ចូល​ក្នុង​ពិភព​លោក តែ​មនុស្ស​បាន​ស្រឡាញ់​ភាព​ងងឹត​ជា​ជាង​ពន្លឺ​នោះ ព្រោះ​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ​គឺ​ទុច្ចរិត​»។ (​យ៉ូហាន ៣:១៩​) គម្ពីរ​បាន​រៀប​រាប់​អំពី​ការ​បំផ្លាញ​ចោល​ពិភព​លោក​ទាំង​មូល​នៅ​ជំនាន់​បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​ណូអេ។ គម្ពីរ​ចែង​ទៀត​ថា​៖ ​«​ពិភព​លោក​នៅ​សម័យ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល ពេល​ដែល​មាន​ទឹក​ជំនន់។ ក៏​ប៉ុន្ដែ ដោយ​សារ​ប្រសាសន៍​ដដែល​នោះ មេឃ​និង​ផែន​ដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ ហើយ​បាន​ត្រូវ​ទុក​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ហើយ​បំផ្លាញ​ពួក​គេ​ចោល​»។—ពេត្រុស​ទី២ ៣:៥​-​៧

សូម​កត់​សម្គាល់​ថា​«​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ហើយ​បំផ្លាញ​ពួក​គេ​ចោល​»​នៅ​ថ្ងៃ​ខាង​មុខ បាន​ត្រូវ​ប្រដូច​ទៅ​នឹង​ការ​បំផ្លាញ​ចោល​«​ពិភព​លោក​»​នៅ​សម័យ​ណូអេ។ តើ​ពិភព​លោក​អ្វី​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​សម័យ​នោះ? ភព​ផែន​ដី​យើង​មិន​បាន​ត្រូវ​បំផ្លាញ​ចោល​ទេ តែ​«​មនុស្ស​ទុច្ចរិត​»​ដែល​ជា​សត្រូវ​របស់​ព្រះ បាន​ត្រូវ​«​បំផ្លាញ​ចោល​»​វិញ។ ស្រដៀង​គ្នា​ដែរ ក្នុង​អំឡុង​«​ថ្ងៃ​វិនិច្ឆ័យ​»​របស់​ព្រះ​នា​អនាគត មនុស្ស​ដែល​ជ្រើស​រើស​ធ្វើ​ជា​សត្រូវ​របស់​ព្រះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ក៏​ប៉ុន្ដែ ដូច​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់ អស់​អ្នក​ដែល​ជា​សម្លាញ់​របស់​ព្រះ​នឹង​រួច​រស់​ជីវិត។—ម៉ាថាយ ២៤:៣៧​-​៤២

សូម​ស្រមៃ​គិត​ថា​ផែន​ដី​យើង​នឹង​មាន​ស្ថានភាព​អស្ចារ្យ​យ៉ាង​ណា​ទៅ​ពេល​ព្រះ​បំបាត់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់! មែន​ហើយ ដំណឹង​ពី​គម្ពីរ​ស្ដី​អំពី​ទី​បញ្ចប់​គឺ​ជា​ដំណឹង​ល្អ មិន​មែន​ជា​ដំណឹង​អាក្រក់​ឡើយ។ យ៉ាង​ណា​ក្ដី លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​គម្ពីរ​ប្រាប់​យើង​អំពី​ពេល​ដែល​ទី​បញ្ចប់​នឹង​មក​ដល់​ឬ​ទេ? តើ​ទី​បញ្ចប់​ជិត​មក​ដល់​ឬ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ?›។