ដានីយ៉ែល ២:១-៤៩

  • ស្ដេច​នេប៊ូក្នេសា​យល់​សុបិន​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់​ចិត្ត (​១​-​៤)

  • គ្មាន​អ្នក​ប្រាជ្ញ​ណា​ម្នាក់​អាច​ប្រាប់​និង​បក​ស្រាយ​សុបិន​របស់​គាត់​ទេ (​៥​-​១៣)

  • ដានីយ៉ែល​សុំ​ជំនួយ​ពី​ព្រះ (​១៤​-​១៨)

  • គាត់​សរសើរ​តម្កើង​ព្រះ​សម្រាប់​ការ​បើក​បង្ហាញ​អាថ៌​កំបាំង (​១៩​-​២៣)

  • ដានីយ៉ែល​ប្រាប់​សុបិន​ដល់​ស្ដេច (​២៤​-​៣៥)

  • ការ​បក​ស្រាយ​សុបិន (​៣៦​-​៤៥)

    • ថ្ម​រាជាណាចក្រ​នឹង​បំបែក​រូប​ខ្ទេច​ខ្ទី​អស់ (​៤៤, ៤៥)

  • ដានីយ៉ែល​បាន​ត្រូវ​ស្ដេច​លើក​កិត្តិយស (​៤៦​-​៤៩)

 នៅ​ឆ្នាំ​ទី​២​នៃ​រាជ្យ​នេប៊ូក្នេសា គាត់​បាន​យល់​សប្ដិ ហើយ​គាត់​ខ្វល់​ចិត្ត​ដល់​ម្ល៉េះ+រហូត​ដល់​សម្រាន្ត​មិន​លក់។ ២  ដូច្នេះ ស្ដេច​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ទៅ​ហៅ​គ្រូ​វេទមន្ត គ្រូ​ទាយ គ្រូ​ធ្មប់ និង​ពួក​ខាល់ដេ* ឲ្យ​មក​រៀប​រាប់​ប្រាប់​សុបិន​របស់​ស្ដេច។ ម្ល៉ោះ​ហើយ ពួក​គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ស្ដេច។+ ៣  បន្ទាប់​មក ស្ដេច​បាន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​យល់​សប្ដិ​មួយ ហើយ​ខ្ញុំ​ខ្វល់​ចិត្ត​ខ្លាំង​ណាស់​ព្រោះ​ខ្ញុំ​ចង់​ដឹង​ថា​ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​អ្វី​»។ ៤  ពួក​ខាល់ដេ​បាន​តប​ទៅ​ស្ដេច​ជា​ភាសា​អេរ៉ាម*ថា​៖+ ​«​សូម​ឲ្យ​ស្ដេច​ជា​ម្ចាស់​រស់​ជា​រៀង​រហូត។ សូម​លោក​ម្ចាស់​រៀប​រាប់​ប្រាប់​សុបិន​ដល់​ពួក​ខ្ញុំ​បាទ​ជា​មុន​សិន ទើប​ពួក​ខ្ញុំ​បាទ​អាច​បក​ស្រាយ​ជូន​លោក​បាន​»។ ៥  ស្ដេច​ក៏​ឆ្លើយ​ទៅ​ពួក​ខាល់ដេ​វិញ​ថា​៖ ​«​ខ្ញុំ​សម្រេច​ចិត្ត​ថា បើ​អ្នក​រាល់​គ្នា​មិន​អាច​ប្រាប់​អំពី​សុបិន​របស់​ខ្ញុំ ហើយ​មិន​អាច​បក​ស្រាយ​សុបិន​នោះ​បាន​ទេ នោះ​ដៃ​ជើង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ ហើយ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បន្ទោបង់​សាធារណៈ។* ៦  ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​អាច​រៀប​រាប់​ប្រាប់​និង​បក​ស្រាយ​សុបិន​ឲ្យ​ខ្ញុំ​បាន នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​និង​អំណោយ​ជា​ច្រើន ព្រម​ទាំង​ទទួល​បាន​កិត្តិយស​ឧត្តុង្គ​ឧត្តម​ទៀត​ផង។+ ដូច្នេះ ឥឡូវ​ចូរ​ប្រាប់​អំពី​សុបិន​នោះ​មក ហើយ​បក​ស្រាយ​ផង​»។ ៧  ពួក​គេ​បាន​ឆ្លើយ​ទៅ​ស្ដេច​ជា​លើក​ទី​២​ថា​៖ ​«​សូម​ស្ដេច​ជា​ម្ចាស់​រៀប​រាប់​ប្រាប់​សុបិន​ដល់​ពួក​ខ្ញុំ​បាទ​ជា​មុន​សិន ទើប​ពួក​ខ្ញុំ​បាទ​អាច​បក​ស្រាយ​ជូន​លោក​បាន​»។ ៨  ស្ដេច​បាន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​បាន​សម្រេច​ចិត្ត​បែប​ណា​ហើយ។ ៩  ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អាច​រៀប​រាប់​ប្រាប់​សុបិន​របស់​ខ្ញុំ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​ទទួល​ទោស​ដូច​គ្នា។ អ្នក​រាល់​គ្នា​បាន​ព្រម​ព្រៀង​គ្នា​ប្រឌិត​រឿង​មក​បញ្ឆោត​ខ្ញុំ ដោយ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ផ្លាស់​ប្ដូរ​គំនិត។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​អំពី​សុបិន​នោះ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​អាច​បក​ស្រាយ​បាន​ឬ​យ៉ាង​ណា​»។ ១០  ពួក​ខាល់ដេ​បាន​ឆ្លើយ​តប​ទៅ​ស្ដេច​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​នៅ​ផែនដី​នេះ អាច​ធ្វើ​តាម​អ្វី​ដែល​ស្ដេច​ទាម​ទារ​បាន​នោះ​ទេ ហើយ​ក៏​មិន​ដែល​មាន​ស្ដេច​ដ៏​ខ្លាំង​ក្លា​ឬ​អ្នក​គ្រប់​គ្រង​ដ៏​ធំ​ណា​ម្នាក់ ធ្លាប់​បង្គាប់​គ្រូ​វេទមន្ត គ្រូ​ទាយ ឬ​ពួក​ខាល់ដេ​ឲ្យ​ធ្វើ​បែប​នេះ​ដែរ។ ១១  អ្វី​ដែល​ស្ដេច​ជា​ម្ចាស់​បង្គាប់​នេះ​គឺ​ពិបាក​ណាស់ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ប្រាប់​ស្ដេច​បាន​ទេ លើក​លែង​តែ​បណ្ដា​ព្រះ​ប៉ុណ្ណោះ តែ​ព្រះ​ទាំង​នោះ​មិន​នៅ​ក្នុង​ចំណោម​មនុស្ស​ទេ​»។ ១២  ឮ​ដូច្នេះ ស្ដេច​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង រួច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ីឡូន។+ ១៣  បន្ទាប់​មក គេ​បាន​ប្រកាស​បញ្ជា​នោះ ហើយ​ក៏​ត្រៀម​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់។ ពេល​នោះ គេ​ក៏​ស្វែង​រក​ដានីយ៉ែល​និង​មិត្ត​ភក្ដិ​របស់​គាត់ ដើម្បី​យក​ទៅ​សម្លាប់​ដែរ។ ១៤  គ្រា​នោះ អារីអាក់​ជា​មេ​លើ​អង្គរក្ស​ស្ដេច បាន​ទទួល​បញ្ជា​ឲ្យ​ទៅ​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ក្នុង​ស្រុក​បាប៊ីឡូន។ ដូច្នេះ ដានីយ៉ែល​ក៏​បាន​សាកសួរ​គាត់​យ៉ាង​សម្ងាត់​និង​ដោយ​ប្រុង​ប្រយ័ត្ន។ ១៥  គាត់​បាន​សួរ​អារីអាក់​ជា​មន្ត្រី​ស្ដេច​ថា​៖ ​«​ហេតុ​អ្វី​ក៏​ស្ដេច​ចេញ​បញ្ជា​យ៉ាង​តឹងរ៉ឹង​បែប​នេះ?​»។ អារីអាក់​ក៏​រៀប​រាប់​រឿង​នោះ​ប្រាប់​ដានីយ៉ែល។+ ១៦  ដូច្នេះ ដានីយ៉ែល​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​សុំ​ពេល​ដើម្បី​បក​ស្រាយ​សុបិន​ជូន​ស្ដេច។ ១៧  បន្ទាប់​មក ដានីយ៉ែល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​បាន​ប្រាប់​ហាណានា មីសាអែល និង​អាសារៀ​ដែល​ជា​មិត្ត​ភក្ដិ​របស់​គាត់​អំពី​រឿង​នោះ។ ១៨  គាត់​សុំ​ពួកគេ​ឲ្យ​អធិដ្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​សួគ៌​ឲ្យ​លោក​បង្ហាញ​ក្ដី​មេត្តា​និង​ប្រាប់​អំពី​អាថ៌​កំបាំង​នៃ​សុបិន​នោះ ដើម្បី​កុំ​ឲ្យ​ខ្លួន​គាត់​និង​មិត្ត​ភក្ដិ​របស់​គាត់​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ីឡូន​ឡើយ។ ១៩  បន្ទាប់​មក ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ដានីយ៉ែល​ឃើញ​ក្នុង​គំនិត​អំពី​អាថ៌​កំបាំង​នៃ​សុបិន​នោះ​នៅ​ពេល​យប់។+ ដូច្នេះ ដានីយ៉ែល​បាន​សរសើរ​តម្កើង​ព្រះ​នៃ​ស្ថាន​សួគ៌។ ២០  ដានីយ៉ែល​បាន​ពោល​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូតព្រោះ​មាន​តែ​លោក​ទេ​ដែល​មាន​ប្រាជ្ញា​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ ២១  លោក​ផ្លាស់​ប្ដូរ​ពេល​វេលា​និង​រដូវ​កាល+លោក​តាំង​ស្ដេច​ឡើង ហើយ​ក៏​ដក​ស្ដេច​ចេញ​ដែរ+លោក​ឲ្យ​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ឲ្យ​ចំណេះ​ដល់​អស់​អ្នក​ដែល​ចេះ​ពិចារណា។+ ២២  លោក​បើក​បង្ហាញ​អ្វី​ដែល​ជ្រាល​ជ្រៅ​និង​លាក់​កំបាំង+លោក​ដឹង​អ្វី​ដែល​នៅ​ក្នុង​ទី​ងងឹត+ ហើយ​នៅ​ជា​មួយ​លោក​មាន​ពន្លឺ។+ ២៣  ឱ​ព្រះ​នៃ​បុព្វ​បុរស​របស់​ខ្ញុំ​អើយ! ខ្ញុំ​ថ្លែង​អំណរ​គុណ​លោក ហើយ​សរសើរ​តម្កើង​លោកព្រោះ​លោក​បាន​ឲ្យ​ប្រាជ្ញា​និង​កម្លាំង​ខ្លាំង​ក្លា​ដល់​ខ្ញុំ។ ឥឡូវ​លោក​បាន​ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្វី​ដែល​យើង​បាន​សុំគឺ​លោក​បាន​ឲ្យ​យើង​ដឹង​អំពី​រឿង​រ៉ាវ​របស់​ស្ដេច​»។+ ២៤  បន្ទាប់​មក ដានីយ៉ែល​បាន​ចូល​ទៅ​ជួប​អារីអាក់ ជា​អ្នក​ដែល​បាន​ទទួល​បញ្ជា​ឲ្យ​ទៅ​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ក្នុង​ស្រុក​បាប៊ីឡូន។+ ដានីយ៉ែល​បាន​ប្រាប់​គាត់​ថា​៖ ​«​សូម​កុំ​ទាន់​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​ឡើយ។ សូម​នាំ​ខ្ញុំ​ទៅ​ជួប​ស្ដេច​សិន ខ្ញុំ​នឹង​បក​ស្រាយ​សុបិន​ជូន​លោក​»។ ២៥  ឮ​ដូច្នេះ អារីអាក់​ក៏​ប្រញាប់​នាំ​ដានីយ៉ែល​ចូល​ទៅ​ជួប​ស្ដេច រួច​ជម្រាប​ថា​៖ ​«​ខ្ញុំ​បាន​រក​ឃើញ​បុរស​ម្នាក់​នេះ គាត់​អាច​បក​ស្រាយ​សុបិន​ជូន​លោក​បាន។ គាត់​ជា​ជន​និរទេស​មក​ពី​ស្រុក​យូដា​»។+ ២៦  រួច​ស្ដេច​ក៏​សួរ​ដានីយ៉ែល​(​ហៅ​ថា​បេលថេសាសា​)​ថា​៖+ ​«​តើ​អ្នក​ពិត​ជា​អាច​រៀប​រាប់​ប្រាប់​សុបិន​របស់​ខ្ញុំ ហើយ​បក​ស្រាយ​ឲ្យ​ខ្ញុំ​បាន​មែន​ឬ?​»។+ ២៧  ដានីយ៉ែល​បាន​តប​ថា​៖ ​«​គ្មាន​អ្នក​ប្រាជ្ញ ឬ​គ្រូ​ទាយ គ្រូ​វេទមន្ត ឬ​អ្នក​ចេះ​ហោរាសាស្ត្រ​ណា​ម្នាក់ អាច​បក​ស្រាយ​អាថ៌​កំបាំង​នៃ​សុបិន​ដែល​លោក​បាន​បង្គាប់​នោះ​ទេ។+ ២៨  ប៉ុន្តែ មាន​ព្រះ​មួយ​រូប​នៅ​ស្ថាន​សួគ៌ ជា​អ្នក​បើក​បង្ហាញ​រឿង​អាថ៌​កំបាំង។+ ព្រះ​នោះ​ហើយ​ដែល​បាន​ឲ្យ​ស្ដេច​ជា​ម្ចាស់​ជ្រាប​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​បញ្ចប់។ ដូច្នេះ សុបិន​និង​ការ​បើក​បង្ហាញ​ដែល​ស្ដេច​បាន​ឃើញ​ក្នុង​គំនិត​នៅ​ពេល​ដែល​លោក​សម្រាន្ត មាន​ដូច​ត​ទៅ​៖ ២៩  ​«​ឱ​ស្ដេច​ជា​ម្ចាស់​អើយ! កាល​ដែល​លោក​សម្រាន្ត លោក​បាន​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​អនាគត ហើយ​ព្រះ​ដែល​ជា​អ្នក​បើក​បង្ហាញ​រឿង​អាថ៌​កំបាំង​បាន​ឲ្យ​លោក​ដឹង​អំពី​ហេតុ​ការណ៍​នៅ​ថ្ងៃ​ខាង​មុខ។ ៣០  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ដឹង​រឿង​អាថ៌​កំបាំង ដោយ​សារ​តែ​ខ្ញុំ​មាន​ប្រាជ្ញា​ជាង​មនុស្ស​ឯ​ទៀត​នោះ​ទេ តែ​ដោយ​សារ​ខ្ញុំ​ត្រូវ​បក​ស្រាយ​ជូន​ស្ដេច ដើម្បី​ឲ្យ​លោក​ដឹង​អំពី​អ្វី​ដែល​មាន​ក្នុង​គំនិត​លោក។+ ៣១  ​«​ឱ​ស្ដេច​ជា​ម្ចាស់​អើយ! ក្នុង​សុបិន លោក​បាន​ឃើញ​រូប​ដ៏​ធំ​សម្បើម​មួយ ហើយ​ភ្លឺ​ចិញ្ចាច។ រូប​នោះ​ឈរ​នៅ​ចំពោះ​លោក ហើយ​មើល​ទៅ​គួរ​ឲ្យ​ខ្លាច។ ៣២  ក្បាល​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ+ ទ្រូង​និង​ដៃ​ធ្វើ​ពី​ប្រាក់+ ពោះ​និង​ភ្លៅ​ធ្វើ​ពី​ស្ពាន់+ ៣៣  ជើង​ធ្វើ​ពី​ដែក+ ហើយ​ប្រអប់​ជើង​ធ្វើ​ពី​ដែក​លាយ​ដី​ឥដ្ឋ។+ ៣៤  កាល​ដែល​លោក​កំពុង​សម្លឹង​មើល​រូប​នោះ ស្រាប់​តែ​ឃើញ​មាន​ដុំ​ថ្ម​មួយ​កាត់​ចេញ​ពី​ភ្នំ​មក តែ​មិន​មែន​កាត់​ចេញ​មក​ដោយ​ដៃ​មនុស្ស​ទេ។ ថ្ម​នោះ​បាន​មក​បុក​ទង្គិច​ចំ​ប្រអប់​ជើង​ធ្វើ​ពី​ដែក​លាយ​ដី​ឥដ្ឋ ហើយ​ក៏​បាក់​បែក​ខ្ទេច​ខ្ទី​អស់។+ ៣៥  ពេល​នោះ ធាតុ​ដែក ដី​ឥដ្ឋ ស្ពាន់ ប្រាក់ និង​មាស បាន​ខ្ទេច​អស់​ដូច​ជា​អង្កាម​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​នា​រដូវ​ប្រាំង ហើយ​ខ្យល់​បាន​បក់​ផាត់​នាំ​យក​ទៅ​អស់​គ្មាន​សល់។ ឯ​ដុំ​ថ្ម​ដែល​បុក​ទង្គិច​រូប​នោះ ក៏​បាន​ក្លាយ​ទៅ​ជា​ភ្នំ​ដ៏​ធំ នៅ​ពេញ​ផែនដី​ទាំង​មូល។ ៣៦  ​«​នេះ​ហើយ​ជា​សុបិន​របស់​ស្ដេច​ជា​ម្ចាស់។ ឥឡូវ​យើង​ខ្ញុំ​នឹង​បក​ស្រាយ​សុបិន​នេះ​ជូន​លោក។ ៣៧  ឱ​ស្ដេច​ជា​ម្ចាស់​អើយ! លោក​ហើយ​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ដែល​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​ប្រគល់​រាជាណាចក្រ+ កម្លាំង​ខ្លាំង​ក្លា និង​កិត្តិយស ៣៨  ថែម​ទាំង​ប្រគល់​មនុស្ស​ដែល​រស់​នៅ​គ្រប់​កន្លែង​លើ​ផែនដី​ក្នុង​កណ្ដាប់​ដៃ​លោក ព្រម​ទាំង​សត្វ​នៅ​ឯ​វាល និង​សត្វ​ស្លាប​នៅ​លើ​មេឃ គឺ​ព្រះ​ឲ្យ​លោក​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​នេះ។+ ដូច្នេះ លោក​ហើយ​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។+ ៣៩  ​«​ប៉ុន្តែ ក្រោយ​លោក​នឹង​មាន​រាជាណាចក្រ​មួយ​ទៀត+ដែល​អន់​ជាង។ បន្ទាប់​មក មាន​រាជាណាចក្រ​មួយ​ទៀត​ជា​រាជាណាចក្រ​ទី​៣ គឺ​ផ្នែក​ដែល​ធ្វើ​ពី​ស្ពាន់។ រាជាណាចក្រ​នោះ​នឹង​គ្រប់​គ្រង​ពេញ​ផែនដី។+ ៤០  ​«​រាជាណាចក្រ​ទី​៤​មាន​កម្លាំង​ខ្លាំង​ក្លា​ដូច​ដែក។+ ដូច​ដែក​បំបាក់​បំបែក​អ្វី​ៗ​ឲ្យ​ខ្ទេច​ខ្ទី​យ៉ាង​ណា រាជាណាចក្រ​នេះ​នឹង​បំបាក់​បំបែក​រាជាណាចក្រ​ដែល​នៅ​មុន​ៗ​ឲ្យ​សាប​សូន្យ​យ៉ាង​នោះ​ដែរ។+ ៤១  ​«​ឯ​ប្រអប់​ជើង​និង​ម្រាម​ជើង​ពី​ធាតុ​ដែក​លាយ​ដី​ឥដ្ឋ​ដែល​លោក​ឃើញ គឺ​ជា​រាជាណាចក្រ​ដែល​នឹង​គ្មាន​ការ​រួប​រួម​គ្នា​ទេ តែ​ផ្នែក​ខ្លះ​រឹង​ដូច​ជា​ដែក ផ្នែក​ខ្លះ​ទន់​ដូច​ជា​ដី​ឥដ្ឋ។ ៤២  ការ​ដែល​ប្រអប់​ជើង​មាន​ធាតុ​ដែក​លាយ​ដី​ឥដ្ឋ នេះ​បង្ហាញ​ថា​រាជាណាចក្រ​នោះ​មាន​ផ្នែក​ខ្លាំង ហើយ​មាន​ផ្នែក​ខ្សោយ។ ៤៣  ធាតុ​ដែក​លាយ​នឹង​ដី​ឥដ្ឋ​ដែល​លោក​បាន​ឃើញ​នោះ មាន​ន័យ​ថា​ផ្នែក​ខ្លាំង​នៃ​រាជាណាចក្រ​នោះ​នឹង​លាយ​ឡំ​ជា​មួយ​នឹង​បណ្ដា​ជន តែ​ពួក​គេ​នឹង​មិន​ជាប់​ជា​មួយ​គ្នា​ទេ គឺ​ដូច​ដែក​មិន​អាច​ជាប់​ជា​មួយ​នឹង​ដី​ឥដ្ឋ​ដូច្នោះ​ដែរ។ ៤៤  ​«​នៅ​គ្រា​ដែល​ស្ដេច​ទាំង​នោះ​កំពុង​គ្រប់​គ្រង ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង+ដែល​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ+ ហើយ​ក៏​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​មនុស្ស​ណា​ដែរ។+ រាជាណាចក្រ​នេះ​នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ​ទាំង​អស់​នោះ​ឲ្យ​សាប​សូន្យ​ទៅ+ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ៤៥  នេះ​នឹង​កើត​ឡើង​ដូច​ដែល​លោក​បាន​ឃើញ​ដុំ​ថ្ម​មួយ​ត្រូវ​កាត់​ចេញ​ពី​ភ្នំ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ ហើយ​ដុំ​ថ្ម​នោះ​មក​បំបាក់​បំបែក​ធាតុ​ដែក ស្ពាន់ ដី​ឥដ្ឋ ប្រាក់ និង​មាស​ឲ្យ​ខ្ទេច​ខ្ទី​អស់។+ នេះ​ហើយ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ដែល​ព្រះ​ដ៏​ឧត្ដម​បំផុត​បាន​ឲ្យ​ស្ដេច​ជា​ម្ចាស់​ជ្រាប។+ សុបិន​នោះ​ជា​ការ​ពិត ហើយ​ការ​បក​ស្រាយ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត​»។ ៤៦  បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​ក្រាប​មុខ​ដល់​ដី​នៅ​ចំពោះ​ដានីយ៉ែល ហើយ​ផ្ដល់​កិត្តិយស​ដល់​គាត់។ រួច​ស្ដេច​ក៏​បង្គាប់​គេ​ឲ្យ​យក​អំណោយ​និង​គ្រឿង​ក្រអូប​មក​ឲ្យ​ដានីយ៉ែល។ ៤៧  ស្ដេច​ក៏​និយាយ​ទៅ​ដានីយ៉ែល​ថា​៖ ​«​ព្រះ​របស់​អ្នក ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ជា​ម្ចាស់​លើ​អស់​ទាំង​ស្ដេច ហើយ​ជា​អ្នក​បើក​បង្ហាញ​រឿង​អាថ៌​កំបាំង​ពិត​មែន ព្រោះ​អ្នក​អាច​បក​ស្រាយ​អាថ៌​កំបាំង​នៃ​សុបិន​នេះ​បាន​»។+ ៤៨  បន្ទាប់​មក ស្ដេច​បាន​ឲ្យ​អំណោយ​វិសេស​ជា​ច្រើន​ដល់​ដានីយ៉ែល ហើយ​ដំឡើង​តំណែង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​អាណាខេត្ត​ទាំង​ឡាយ​នៅ​ស្រុក​បាប៊ីឡូន+ និង​ឲ្យធ្វើ​ជា​មេ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ក្នុង​ស្រុក​នោះ។ ៤៩  លើស​ពី​នោះ​ទៅ​ទៀត ស្ដេច​ក៏​ធ្វើ​តាម​សំណូម​ពរ​របស់​ដានីយ៉ែល ដោយ​តែង​តាំង​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ+ ឲ្យ​ធ្វើ​ជា​អភិបាលរង​គ្រប់​គ្រង​លើ​តំបន់​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាប៊ីឡូន។ ប៉ុន្តែ ដានីយ៉ែល​បម្រើ​នៅ​ក្នុង​វិមាន​ស្ដេច។

កំណត់សម្គាល់

នេះ​សំដៅ​ទៅ​លើ​មនុស្ស​មួយ​ក្រុម​ដែល​ចេះ​ទស្សន៍​ទាយ​និង​មើល​ហោរាសាស្ត្រ
ចាប់​ពី​ដាន ២:៤​ខ រហូត​ដល់​៧:២៨ ច្បាប់​ដើម​បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​ចាក់​សំរាម ឬ​ទួល​លាមក​»​