ការបើកបង្ហាញចំពោះយ៉ូហាន ២១:១-២៧

  • មេឃ​ថ្មី​និង​ផែនដី​ថ្មី (​១​-​៨)

    • សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត (​)

    • អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​ធ្វើ​ឲ្យ​ថ្មី (​)

  • ការ​រៀប​រាប់​អំពី​ក្រុង​យេរូសាឡិម​ថ្មី (​៩​-​២៧)

២១  ក្រោយ​មក ខ្ញុំ​ឃើញ​មេឃ​ថ្មី​និង​ផែនដី​ថ្មី+ ព្រោះ​មេឃ​និង​ផែនដី​ដែល​មាន​ពី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ+ ឯ​សមុទ្រ+ក៏​លែង​មាន​ទៀត។  ខ្ញុំ​ក៏​ឃើញ​ក្រុង​បរិសុទ្ធ គឺ​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌។+ ក្រុង​នោះ​បាន​ត្រូវ​រៀបចំ​ដូច​កូន​ក្រមុំ​ដែល​បាន​តុបតែង​ខ្លួន​ដើម្បី​ស្វាមី​របស់​នាង។+  រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា​៖ ​«​មើល! ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​លោក។ ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់។+  លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ+ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត+ ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។+ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។  លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក+មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី​»។+ ម្យ៉ាង​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សរសេរ ពី​ព្រោះ​ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត* ហើយ​ក៏​ពិត​ត្រង់​»។  លោក​ក៏​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ការ​ទាំង​នោះ​បាន​សម្រេច​ហើយ! ខ្ញុំ​ជា​អាលផា​និង​ជា​អូមេហ្គា* ជា​ដើម​និង​ជា​ចុង។+ ខ្ញុំ​នឹង​ឲ្យ​ទឹក​ពី​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក​ណា​ដែល​ស្រេក ដោយ​ឥតគិត​ថ្លៃ។+  អ្នក​ណា​ដែល​ឈ្នះ​នឹង​ទទួល​អ្វី​ៗ​ទាំង​នោះ​ជា​មត៌ក ហើយ​ខ្ញុំ​នឹង​ធ្វើជា​ព្រះ​របស់​អ្នក​នោះ ឯ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​ខ្ញុំ។  ប៉ុន្តែ ពួក​អ្នក​ដែលកំសាក ពួក​អ្នក​ដែល​គ្មាន​ជំនឿ+ ពួក​អ្នក​ដែល​កខ្វក់​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម ពួក​ឃាតករ+ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ ពួក​អ្នក​ដែល​ទាក់​ទង​នឹង​វិញ្ញាណ​អាក្រក់ ពួក​អ្នក​ដែល​គោរព​បូជា​រូប​ព្រះ និង​ពួក​អ្នក​ដែល​ភូត​ភរ+ ពួក​គេ​នឹង​ទទួល​ចំណែក​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ។+ នេះ​តំណាង​សេចក្ដី​ស្លាប់​ទី​២​»។+  ទេវតា​មួយ​ពី​ចំណោម​ទេវតា​ទាំង​៧ ដែល​មាន​ចាន​គោម​៧​ពេញ​ទៅ​ដោយ​សេចក្ដី​វេទនា​ចុង​ក្រោយ​ទាំង​៧+ បាន​មក​ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា​៖ ​«​ចូរ​មក ខ្ញុំ​នឹង​បង្ហាញ​អ្នក​ឲ្យ​ឃើញ​កូន​ក្រមុំ​ដែល​ជា​ភរិយា​របស់​កូន​ចៀម​»។+ ១០  ដូច្នេះ ដោយ​ឫទ្ធានុភាព​របស់​ព្រះ គាត់​បាន​យក​ខ្ញុំ​ទៅ​ឯ​ភ្នំ​មួយ​ដែល​ធំ​និង​ខ្ពស់​ត្រដែត រួច​គាត់​បង្ហាញ​ខ្ញុំ​ឲ្យ​ឃើញ​ក្រុង​យេរូសាឡិម​ជា​ក្រុង​បរិសុទ្ធ ដែល​កំពុង​ចុះ​ពី​ព្រះ​នៅ​ស្ថាន​សួគ៌។+ ១១  ក្រុង​នោះ​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​ព្រះ។+ រស្មី​របស់​ក្រុង​នោះគឺ​ដូច​ត្បូង​ថ្លៃ​វិសេស និង​ដូច​ត្បូង​យ៉ាស្បា​ដែល​ភ្លឺ​ថ្លា​ដូច​កែវ​ចរណៃ។+ ១២  ក្រុង​នោះ​មាន​កំពែង​ធំ​និង​ខ្ពស់​ណាស់ ព្រម​ទាំង​មាន​ទ្វារ​កំពែង​១២ ហើយ​នៅ​ទ្វារ​កំពែង​ទាំង​នោះ​មាន​ទេវតា​១២។ ម្យ៉ាង​ទៀត ឈ្មោះ​របស់​កុល​សម្ព័ន្ធ​ទាំង​១២​នៃ​អ៊ីស្រាអែល បាន​ត្រូវ​សរសេរ​លើ​ទ្វារ​ទាំង​នោះ។ ១៣  នៅ​ខាង​កើត​មាន​ទ្វារ​៣ នៅ​ខាង​ជើង​មាន​ទ្វារ​៣ នៅ​ខាង​ត្បូង​មាន​ទ្វារ​៣ ហើយ​នៅ​ខាង​លិច​មាន​ទ្វារ​៣។+ ១៤  កំពែង​ក្រុង​នោះ​ក៏​មាន​ថ្ម​គ្រឹះ​១២ ហើយ​នៅ​លើ​ថ្ម​ទាំង​នោះ​មាន​ឈ្មោះ​សាវ័ក​ទាំង​១២+របស់​កូន​ចៀម។ ១៥  រី​ឯ​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​ខ្ញុំ គាត់​កាន់​ដើម​ត្រែង​មាស​មួយ​ដើម្បី​ប្រើ​ជា​ប្រដាប់​វាស់​ក្រុង​នោះ ព្រម​ទាំង​វាស់​ទ្វារ​និង​កំពែង​របស់​ក្រុង​នោះ​ផង។+ ១៦  ក្រុង​នោះ​មាន​រាង​បួន​ជ្រុង​ស្មើ ឯ​បណ្ដោយ​និង​ទទឹង​នៃ​ក្រុង​នោះ​គឺ​ស្មើ​គ្នា។ រួច​គាត់​យក​ដើម​ត្រែង​មក​វាស់​ក្រុង​នោះ ហើយ​ឃើញ​មាន​១២.០០០​ស្ដាដ។* បណ្ដោយ ទទឹង និង​កម្ពស់​នៃ​ក្រុង​នោះ​គឺ​ស្មើ​គ្នា។ ១៧  គាត់​ក៏​វាស់​កំពែង​ក្រុង​នោះ​ដែរ ឃើញ​មាន​១៤៤​ហត្ថ* តាម​រង្វាស់​របស់​មនុស្ស​ដែល​ដូច​គ្នា​នឹង​រង្វាស់​របស់​ទេវតា។ ១៨  កំពែង​ក្រុង​នោះ​ធ្វើ​ពី​ត្បូង​យ៉ាស្បា+ ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ប្រៀប​ដូច​ជា​កញ្ចក់​ថ្លា។ ១៩  គ្រឹះ​នា​នា​នៃ​កំពែង​ក្រុង​នោះ​បាន​ត្រូវ​ធ្វើ​ពី​ត្បូង​ថ្លៃ​វិសេស​គ្រប់​ប្រភេទ​៖ គ្រឹះ​ទី​១​បាន​ត្រូវ​ធ្វើ​ពី​ត្បូង​យ៉ាស្បា ទី​២​ត្បូង​កណ្ដៀង ទី​៣​ត្បូង​ខាលសេដូនី ទី​៤​ត្បូង​មរកត ២០  ទី​៥​ត្បូង​សាដូនិច ទី​៦​ត្បូង​សាដៀស ទី​៧​ត្បូង​គ្រីសូឡែត ទី​៨​ត្បូង​បេរីល ទី​៩​ត្បូង​ថូផាស ទី​១០​ត្បូង​គ្រីសូប្រេស ទី​១១​ត្បូង​ហៃយ៉ាស៊ីន ទី​១២​ត្បូង​អេម៉ាទេស។ ២១  ម្យ៉ាង​ទៀត ទ្វារ​ទាំង​១២ គឺ​ជា​គជ់​ខ្យង១២ ដោយ​ទ្វារ​នី​មួយ​ៗ​ធ្វើ​ពី​គជ់​ខ្យង​មួយ។ ចំណែក​ឯ​ផ្លូវ​ធំ​ក្នុង​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ ដែល​ប្រៀប​ដូច​ជា​កញ្ចក់​ថ្លា។ ២២  ខ្ញុំ​មិន​ឃើញ​វិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ ព្រោះ​ព្រះ​យេហូវ៉ា*ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត+ លោក​និង​កូន​ចៀម​ជា​វិហារ​នៃ​ក្រុង​នោះ។ ២៣  ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ឬ​ដួង​ខែ​បំភ្លឺ​ទេ ពី​ព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​បាន​បំភ្លឺ​ក្រុង​នោះ+ ហើយ​កូន​ចៀម​ជា​ចង្កៀង​នៃ​ក្រុង​នោះ។+ ២៤  ប្រជាជាតិ​នា​នា​នឹង​ដើរ​ដោយ​សារ​ពន្លឺ​នៃ​ក្រុង​នោះ+ ហើយ​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​នឹង​នាំ​សិរី​រុង​រឿង​របស់​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​នោះ។ ២៥  ទ្វារ​ក្រុង​នោះ​នឹង​មិន​ត្រូវ​បិទ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​នៅ​ក្រុង​នោះ​នឹង​មិន​មាន​យប់​ទេ។+ ២៦  ពួក​គេ​នឹង​នាំ​សិរី​រុង​រឿង​និង​កិត្តិយស​នៃ​ប្រជាជាតិ​នា​នា​ចូល​ទៅ​ក្រុង​នោះ។+ ២៧  ប៉ុន្តែ អ្វី​ដែល​ស្មោក​គ្រោក ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​និង​អំពើ​បោក​បញ្ឆោត នឹង​មិន​បាន​ចូល​ក្នុង​ក្រុង​នោះ​ទេ+ មាន​តែ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​រមូរ​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​នឹង​ចូល​បាន។+

កំណត់សម្គាល់

ឬ​«​ស្មោះ​ត្រង់​»​
អាលផា​និង​អូមេហ្គា​ជា​តួ​អក្សរ​ទី​១​និង​តួ​អក្សរ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ភាសា​ក្រិច
មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
ប្រហែល​ជា​២.២២០​គីឡូ​ម៉ែត្រ។ មួយ​ស្តាដ​ស្មើ​នឹង​១៨៥​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ប្រហែល​៦៤​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥