សុភាសិត ១៥:១-៣៣

  • សម្ដី​ទន់ភ្លន់​រម្ងាប់​កំហឹង (​)

  • ភ្នែក​របស់​ព្រះ​យេហូវ៉ា​ឃើញ​គ្រប់​ទី​កន្លែង (​)

  • ព្រះ​ពេញ​ចិត្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទៀង​ត្រង់ (​)

  • បើ​គ្មាន​ការ​ប្រឹក្សា​ទេ នោះ​គម្រោង​នឹង​បរាជ័យ (​២២)

  • គិត​សិន​មុន​នឹង​ឆ្លើយ (​២៨)

១៥  សម្ដី​ទន់ភ្លន់*រម្ងាប់​កំហឹង+តែ​ពាក្យ​គំរោះ​គំរើយ*ធ្វើ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង។+  ២  មនុស្ស​ដែល​មាន​ប្រាជ្ញា​និយាយ​អ្វី​ល្អ​ៗ​ដែល​ខ្លួន​ដឹង+ប៉ុន្តែ មនុស្ស​ល្ងី​ល្ងើ​ចេះ​តែ​របូត​មាត់​ពោល​ពាក្យ​ល្ងង់​ខ្លៅ។  ៣  ភ្នែក​របស់​ព្រះ​យេហូវ៉ា​ឃើញ​គ្រប់​ទី​កន្លែងលោក​សង្កេត​មើល​ទាំង​មនុស្ស​ល្អ​ទាំង​មនុស្ស​អាក្រក់។+  ៤  អណ្ដាត​សុភាព*ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត+តែ​សម្ដី​វៀច​វេរ​នាំ​ឲ្យ​កើត​ទុក្ខ​ព្រួយ។*  ៥  កូន​ល្ងង់​ខ្លៅ*មើល​ងាយ​ការ​ប្រៀន​ប្រដៅ​របស់​ឪពុក+តែ​មនុស្ស​ឈ្លាស​វៃ​ទទួល​យក​ការ​កែ​តម្រង់។+  ៦  នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរតែ​ផល​ដែល​មនុស្ស​ទុច្ចរិត​រក​បាន នាំ​ឲ្យ​មាន​បញ្ហា​ដល់​គាត់​វិញ។+  ៧  បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា​តែង​ចែក​រំលែក​ចំណេះ+តែ​មនុស្ស​ល្ងី​ល្ងើ​គ្មាន​ចិត្ត​ចង់​ធ្វើ​ដូច្នោះ​ឡើយ។+  ៨  ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​គ្រឿង​បូជា​របស់​មនុស្ស​ទុច្ចរិត+តែ​លោក​ពេញ​ចិត្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទៀង​ត្រង់។+  ៩  ព្រះ​យេហូវ៉ា​ស្អប់​ផ្លូវ​របស់​មនុស្ស​ទុច្ចរិត+តែ​លោក​ស្រឡាញ់​អ្នក​ណា​ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​សុចរិត។+ ១០  អ្នក​ដែល​បោះ​បង់​ចោល​ផ្លូវ​ល្អ មិន​ចូល​ចិត្ត​ការ​ប្រៀន​ប្រដៅ​ទេ+តែ​អ្នក​ណា​ដែល​ស្អប់​ការ​កែ​តម្រង់ អ្នក​នោះ​នឹង​ស្លាប់។+ ១១  សូម្បី​តែ​ទី​បញ្ចុះ​សព*និង​ទី​នៃ​សេចក្ដី​ហិន​វិនាស* ព្រះ​យេហូវ៉ា​មើល​ឃើញ​អស់​ទៅ​ហើយ+ទម្រាំ​តែ​ចិត្ត​របស់​មនុស្ស លោក​ប្រាកដ​ជា​មើល​ឃើញ​ច្បាស់​ជាង​នោះ​ទៅ​ទៀត!+ ១២  មនុស្ស​មាន​អំណួត​មិន​ស្រឡាញ់​អ្នក​ដែល​កែ​តម្រង់​គាត់​ទេ+គាត់​នឹង​មិន​សុំ​យោបល់​ពី​អ្នក​ដែល​មាន​ប្រាជ្ញា​ឡើយ។+ ១៣  ចិត្ត​ត្រេក​អរ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រស់ស្រាយតែ​ចិត្ត​ក្រៀម​ក្រំ​នាំ​ឲ្យ​ព្រួយ​ចំ​បែង។+ ១៤  មនុស្ស​ដែល​មាន​ការ​យល់​ដឹង​ស្វះ​ស្វែង​រក​ចំណេះ​ថែម​ទៀត+តែ​មាត់​របស់​មនុស្ស​ល្ងី​ល្ងើ​សប្បាយ​និយាយ​តែ​ពាក្យ​ល្ងង់​ខ្លៅ។+ ១៥  ចំពោះ​អ្នក​ដែល​រង​ទុក្ខ​វេទនា ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ+តែ​អ្នក​ដែល​មាន​ចិត្ត​រីករាយ*វិញ គាត់​ដូច​ជា​នៅ​ក្នុង​ពិធី​ជប់​លៀង​រាល់​ថ្ងៃ។+ ១៦  មាន​ទ្រព្យ​តិច តែ​កោត​ខ្លាច​ព្រះ​យេហូវ៉ា+នោះ​ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន តែ​ខ្វល់​ចិត្ត។+ ១៧  បើ​បរិភោគ​បន្លែ​មួយ​ចាន​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ស្រឡាញ់+នោះ​ប្រសើរ​ជាង​បរិភោគ​សាច់​គោ*នៅ​កន្លែង​ដែល​មាន​ការ​ស្អប់។+ ១៨  មនុស្ស​ដែល​ឆាប់​ខឹង​បង្ក​ឲ្យ​មាន​ទំនាស់+តែ​អ្នក​ដែល​មិន​រហ័ស​ខឹង​ធ្វើ​ឲ្យ​ជម្លោះ​ស្ងប់​ស្ងាត់។+ ១៩  ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស​ប្រៀប​ដូច​ជា​របង​បន្លា+តែ​ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់​ប្រៀប​ដូច​ជា​មហា​វិថី​រាប​ស្មើ។+ ២០  កូន​ដែល​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​អរ​សប្បាយ+តែ​កូន​ដែល​ល្ងី​ល្ងើ​មើល​ងាយ​ម្ដាយ។+ ២១  អ្នក​ដែល​ខ្វះ​ការ​ពិចារណា​ចាត់​ទុក​ភាព​ល្ងង់​ខ្លៅ​ជា​អំណរ​របស់​ពួក​គេ+តែ​អ្នក​ដែល​មាន​សមត្ថភាព​វែក​ញែក​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ​ជា​និច្ច។+ ២២  បើ​គ្មាន​ការ​ប្រឹក្សា​ទេ នោះ​គម្រោង​នឹង​បរាជ័យតែ​បើ​មាន​ការ​ប្រឹក្សា​ច្រើន* នោះ​គម្រោង​នឹង​បាន​ជោគ​ជ័យ​វិញ។+ ២៣  អ្នក​ដែល​ឆ្លើយ​ត្រឹម​ត្រូវ​តែង​តែ​សប្បាយ​ចិត្ត+ហើយ​ពាក្យ​មួយ​ម៉ាត់​ដែល​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎!+ ២៤  ផ្លូវ​ដែល​ផ្ដល់​ជីវិត​នាំ​មនុស្ស​ដែល​យល់​ធ្លុះ​ជ្រៅ​ឡើង​ទៅ​លើ+ដើម្បី​ជួយ​គាត់​ឲ្យ​ជៀស​ផុត​ពី​ផ្នូរ*ដែល​នៅ​ខាង​ក្រោម។+ ២៥  ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ក្រអឺត​ក្រទម+តែ​លោក​នឹង​រក្សា​ការ​ពារ​ព្រំ​ប្រទល់​ដី​របស់​ស្ត្រី​មេម៉ាយ។+ ២៦  ព្រះ​យេហូវ៉ា​ស្អប់​ឧបាយ​កល​របស់​ជន​ទុច្ចរិត+តែ​លោក​ពេញ​ចិត្ត​ពាក្យ​សម្ដី​ពីរោះ។+ ២៧  អ្នក​ដែល​រក​កម្រៃ​តាម​របៀប​មិន​ទៀង​ត្រង់ នាំ​ឲ្យ​ក្រុម​គ្រួសារ​ជួប​បញ្ហា*+តែ​អ្នក​ដែល​ស្អប់​សំណូក​នឹង​រស់​នៅ​យូរ​អង្វែង។+ ២៨  មនុស្ស​សុចរិត​គិត​សិន​មុន​នឹង​ឆ្លើយ*+តែ​មនុស្ស​ទុច្ចរិត​ចេះ​តែ​របូត​មាត់​និយាយ​អ្វី​ដែល​អាក្រក់។ ២៩  ព្រះ​យេហូវ៉ា​នៅ​ឆ្ងាយ​ពី​មនុស្ស​ទុច្ចរិតតែ​លោក​ឮ​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​សុចរិត។+ ៣០  ក្រសែ​ភ្នែក​ដែល​ពោរ​ពេញ​ដោយ​អំណរ​ធ្វើ​ឲ្យ​ចិត្ត​សប្បាយចំណែក​ឯ​ដំណឹង​ល្អ​នាំ​ឲ្យ​មាន​កម្លាំង។*+ ៣១  អ្នក​ណា​ដែល​ស្ដាប់​ការ​កែ​តម្រង់​ដែល​ផ្ដល់​ជីវិតអ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ប្រាជ្ញា។+ ៣២  អ្នក​ណា​ដែល​បដិសេធ​ការ​ប្រៀន​ប្រដៅ អ្នក​នោះ​ស្អប់​ជីវិត​ខ្លួន+ប៉ុន្តែ អ្នក​ណា​ដែល​ស្ដាប់​ការ​កែ​តម្រង់ អ្នក​នោះ​ខំ​ឲ្យ​បាន​ការ​យល់​ដឹង។+ ៣៣  ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា បង្រៀន​មនុស្ស​ឲ្យ​មាន​ប្រាជ្ញា+ហើយ​ចិត្ត​រាប​ទាប​នាំ​ឲ្យ​ទទួល​កិត្តិយស។+

កំណត់សម្គាល់

ឬ​«​ពាក្យ​ដែល​នាំ​ឲ្យ​ឈឺ​ចិត្ត​»​
ឬ​«​ស្លូត​បូត​»​
ឬ​«​អណ្ដាត​ដែល​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​»​
ន័យ​ត្រង់​«​នាំ​ឲ្យ​ចិត្ត​ខ្ទេច​ខ្ទាំ​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ឬ​«​និង​អាបាដូន​»​
ឬ​«​ចិត្ត​គំនិត​ល្អ​»​
ន័យ​ត្រង់​«​គោ​ធាត់​»​
ឬ​«​មាន​មនុស្ស​ច្រើន​ឲ្យ​យោបល់​»​
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ឬ​«​អាប់​ឱន​កិត្តិយស​»​
ឬ​«​គិត​យ៉ាង​ដិត​ដល់​អំពី​របៀប​តប​ឆ្លើយ​»​
ន័យ​ត្រង់​«​នាំ​ឲ្យ​ឆ្អឹង​មាន​ខ្លាញ់​»​