សៀវភៅម៉ាថាយ ១៩:១-៣០

  • ការ​រៀប​ការ​និង​ការ​លែង​លះ (​១​-​៩)

  • អំណោយ​ទាន​នៅ​លីវ (​១០​-​១២)

  • លោក​យេស៊ូ​ឲ្យ​ពរ​កូន​ក្មេង (​១៣​-​១៥)

  • សំណួរ​របស់​យុវជន​អ្នក​មាន (​១៦​-​២៤)

  • ការ​លះបង់​ដើម្បី​រាជាណាចក្រ​ព្រះ (​២៥​-​៣០)

១៩  ពេល​ដែល​លោក​យេស៊ូ​បាន​ពោល​ពាក្យ​ទាំង​នេះ​ចប់​ហើយ លោក​បាន​ចាក​ចេញ​ពី​ស្រុកកាលីឡេ ហើយ​ឆ្លង​ទន្លេ​យ៉ូដាន់ រួច​ទៅ​ដល់​ព្រំ​ប្រទល់​តំបន់​យូឌា។+ ២  ម្យ៉ាង​ទៀត មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​បាន​ទៅ​តាម​លោក ហើយ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​នៅ​ទី​នោះ។ ៣  ក្រោយ​មក ពួក​ផារិស៊ី​បាន​មក​ឯ​លោក​ក្នុង​បំណង​ល្បង​ល​លោក ដោយ​សួរ​ថា​៖ ​«​តើ​មាន​ច្បាប់​ឲ្យ​បុរស​លែង​លះ​ប្រពន្ធ ដោយ​មូលហេតុ​អ្វី​ក៏​ដោយ​ឬ​ទេ?​»។+ ៤  លោក​តប​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ​ថា ព្រះ​ដែល​បាន​បង្កើត​មនុស្សជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី+ ៥  ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​នេះ​ហើយ​បាន​ជា​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›​នោះ?+ ៦  ដូច្នេះ ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ។ ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ*ឡើយ​»។+ ៧  ពួក​គេ​សួរ​លោក​ថា​៖ ​«​បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង​លះ​ទៅ​នាង ហើយ​ឲ្យ​នាង​ចុះ​ចេញ?​»។+ ៨  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​លះ​ប្រពន្ធ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង។+ ក៏​ប៉ុន្តែ នៅ​ដើម​ដំបូង មិន​មែន​ដូច្នេះ​ទេ។+ ៩  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។+ ១០  អ្នក​កាន់​តាម​លោក​បាន​ជម្រាប​លោក​ថា​៖ ​«​ប្រសិន​បើ​ប្ដី​ប្រពន្ធ​គឺ​ដូច្នោះ​មែន មិន​រៀប​ការ​ល្អ​ជាង​»។ ១១  លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​មិន​មែន​មនុស្ស​ទាំង​អស់​ធ្វើ​ដូច្នេះ​ឡើយ មាន​តែ​អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​នេះ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នេះ។+ ១២  មាន​អ្នក​ខ្លះ​ជា​ជន​គម្រៀវ​ពី​កំណើត ហើយ​មាន​អ្នក​ខ្លះ​ទៀត​បាន​ត្រូវ​គេ​គ្រៀវ រីឯ​អ្នក​ខ្លះ​មិន​រៀប​ការ​ព្រោះ​តែ​រាជាណាចក្រ​ស្ថាន​សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​យក​អ្វី​បែប​នេះ​បាន ចូរ​ទទួល​យក​ចុះ​»។+ ១៣  រួច​មក មាន​គេ​នាំ​កូន​ក្មេង​មក​ឯ​លោក ដើម្បី​ឲ្យ​លោក​ដាក់​ដៃ​លើ* ហើយ​អធិដ្ឋាន​ឲ្យ​ពួក​គេ។ ប៉ុន្តែ អ្នក​កាន់​តាម​លោក​បាន​ស្ដី​បន្ទោស​មនុស្ស​ទាំង​នោះ។+ ១៤  ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​កូន​ក្មេង​ទាំង​នោះ​»។+ ១៥  ក្រោយ​មក លោក​ដាក់​ដៃ​លើ​ពួក​គេ រួច​ចាក​ចេញ​ពី​កន្លែង​នោះ។ ១៦  មើល! មនុស្ស​ម្នាក់​បាន​មក​ឯ​លោក ហើយ​សួរ​ថា​៖ ​«​លោក​គ្រូ តើ​ខ្ញុំត្រូវ​ធ្វើ​អំពើ​ល្អ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?​»។+ ១៧  លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​សួរ​ខ្ញុំ​ដើម្បី​ដឹង​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។*+ ប៉ុន្តែ ប្រសិន​បើ​អ្នក​ចង់​ទទួល​ជីវិត ចូរ​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​ប៉ុន្មាន​ជា​ដរាប​ចុះ​»។+ ១៨  គាត់​សួរ​លោក​ថា​៖ ​«​តើ​បញ្ញត្ដិ​អ្វី​ខ្លះ​លោក?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​មិន​ត្រូវ​ធ្វើ​ឃាតកម្ម+ អ្នក​មិន​ត្រូវ​ផិត​ក្បត់+ អ្នក​មិន​ត្រូវ​លួច+ អ្នក​មិន​ត្រូវ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ+ ១៩  ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក+ ហើយ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។+ ២០  យុវជន​នោះ​បាន​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?​»។ ២១  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ចង់​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ ចូរ​ទៅ​លក់​អ្វី​ដែល​អ្នក​មាន ហើយ​ឲ្យ​ដល់​អ្នក​ក្រ នោះ​អ្នក​នឹង​មាន​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌+ រួច​ចូរ​មក​តាម​ខ្ញុំ​»។+ ២២  ពេល​ដែល​យុវជន​នោះ​ឮ​លោក​មាន​ប្រសាសន៍​ដូច្នេះ គាត់​បាន​ចេញ​ទៅ​ទាំង​កើត​ទុក្ខ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+ ២៣  រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​មាន​នឹង​ពិបាក​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ណាស់។+ ២៤  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​អាច​ចូល​តាម​រន្ធ​ម្ជុល​បាន​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ទៅ​ទៀត​»។+ ២៥  ឮ​ដូច្នេះ អ្នក​កាន់​តាម​លោក​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក៏​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ទៅ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?​»។+ ២៦  លោក​យេស៊ូ​មើល​ចំ​មុខ​ពួក​គាត់ រួច​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​មិន​អាច​សម្រេច​ការ​នេះ​បាន​ឡើយ ប៉ុន្តែ​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។+ ២៧  នោះ​ពេត្រុស​ជម្រាប​លោក​ថា​៖ ​«​មើល! យើង​ខ្ញុំ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​ទាំង​អស់ ហើយ​មក​តាម​លោក តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី?​»។+ ២៨  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​គ្រា​បង្កើត​សា​ជាថ្មី ពេល​ដែល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​រុង​រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​កាន់​តាម​ខ្ញុំ នឹង​អង្គុយ​លើ​បល្ល័ង្ក​១២ ហើយ​វិនិច្ឆ័យ​ក្ដី​កុល​សម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​១២+ ២៩  ហើយ​អ្នក​ណា​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ ឬ​បង​ប្អូន​ប្រុស​ស្រី ឬ​ឪពុក ឬ​ម្ដាយ ឬ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​នាម​របស់​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​អ្វី​ៗ​ទាំង​នោះ​១ជា​១០០ ក៏​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក​ដែរ។+ ៣០  ​«​ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ ហើយ​អ្នក​ដែល​ក្រោយ​គេ នឹង​ទៅ​ជា​អ្នក​មុន​គេ​វិញ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​បាន​ទឹម​នឹម​ជា​មួយ​គ្នា​»​
ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
នេះ​សំដៅ​លើ​ការ​ឲ្យ​ពរ
សំដៅ​លើ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​អំពី​អ្វី​ដែល​ល្អ