សៀវភៅម៉ាថាយ ២:១-២៣

  • ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​បាន​ទៅ​លេង (​១​-​១២)

  • រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប (​១៣​-​១៥)

  • ហេរ៉ូឌ​សម្លាប់​ក្មេង​ប្រុស​ៗ​ (​១៦​-​១៨)

  • ការ​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត​វិញ (​១៩​-​២៣)

 ក្រោយ​ពី​លោក​យេស៊ូ​បាន​កើត​នៅ​ក្រុង​បេថ្លេហិម+ក្នុង​តំបន់​យូឌា អំឡុង​ពេល​ដែល​ស្ដេច*ហេរ៉ូឌ*+កំពុង​គ្រប់​គ្រង នោះ​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ពី​តំបន់​ខាង​កើត បាន​មក​ដល់​ក្រុង​យេរូសាឡិម* ២  ហើយ​សួរ​ថា​៖ ​«​តើ​ស្ដេច​នៃ​ជនជាតិ​យូដា​ដែល​ទើប​តែ​កើត​មក​នោះ​នៅ​ឯ​ណា?+ ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​លោក​ពេល​ដែល​យើង​នៅ​តំបន់​ខាង​កើត ហើយ​យើង​មក​ទី​នេះ​ដើម្បី​លំឱន​កាយ​គោរព​លោក​»។ ៣  ពេល​ដែល​ឮ​សម្ដី​នេះ ស្ដេច​ហេរ៉ូឌ​ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់ ក៏​ចាប់​ផ្ដើម​ជ្រួល​ច្របល់​ក្នុង​ចិត្ត។ ៤  ក្រោយ​មក ស្ដេច​ហេរ៉ូឌ​ហៅ​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់*គ្រប់​រូប​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​គាត់​ចាប់​ផ្ដើម​សួរ​ពួក​គេ​ដើម្បី​ឲ្យ​ដឹង​អំពី​កន្លែង​ដែល​គ្រិស្ត*បាន​កើត។ ៥  ពួក​គេ​តប​ឆ្លើយ​ថា​៖ ​«​នៅ​ក្រុង​បេថ្លេហិម+ក្នុង​តំបន់​យូឌា ពី​ព្រោះ​នោះ​បាន​ត្រូវ​សរសេរ​ទុក​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ថា​៖ ៦  ‹ឯ​អ្នក ឱ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​អើយ! អ្នក​មិន​មែន​តូច​តាច​ជាង​គេ​ក្នុង​ចំណោម​ពួក​អភិបាល​ស្រុក​យូដា​ឡើយ ព្រោះ​នឹង​មាន​អភិបាល​មួយ​រូប​ចេញ​ពី​អ្នក​មក ហើយ​គាត់​នឹង​ឃ្វាល​អ៊ីស្រាអែល​ជា​រាស្ដ្រ​របស់​ខ្ញុំ›​»។+ ៧  រួច​មក ហេរ៉ូឌ​បាន​ហៅ​ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​មក​ជួប​ដោយ​សម្ងាត់ ហើយ​សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​នោះ​បាន​លេច​មក។ ៨  នៅ​ពេល​ដែល​ស្ដេចចាត់​ពួក​គេ​ឲ្យ​ទៅ​ក្រុង​បេថ្លេហិម គាត់​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​រក​កូន​តូច​នោះ​ឲ្យ​ទាល់​តែ​ឃើញ។ ពេល​រក​ឃើញ​ហើយ ចូរ​ត្រឡប់​មក​ប្រាប់​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទៅ​លំឱន​កាយ​គោរព​កូន​តូច​នោះ​ដែរ​»។ ៩  ក្រោយ​ពី​ស្ដេច​បង្គាប់​ហើយ នោះ​ពួក​គេ​បាន​ចេញ​ទៅ។ ខណៈ​នោះ ផ្កាយ​ដែល​ពួក​គេ​បាន​ឃើញ​ពេល​ដែល​ពួក​គេ​នៅ​តំបន់​ខាង​កើត+ បាន​នាំ​ផ្លូវ​ពួក​គេ​រហូត​ដល់​កន្លែង​ដែល​កូន​តូច​នោះ​នៅ រួច​ផ្កាយ​បាន​ឈប់​នៅ​ពី​លើ​កន្លែង​នោះ។ ១០  ពេល​ដែល​ឃើញ​ផ្កាយ​នោះ​ឈប់ ពួក​គេ​ត្រេក​អរ​ជា​ខ្លាំង។ ១១  លុះ​ចូល​ក្នុង​ផ្ទះ​នោះ​ហើយ ពួក​គេ​បាន​ឃើញ​កូន​តូច​នៅ​ជា​មួយ​នឹង​ម៉ារៀ​ជា​ម្ដាយ។ រួច​មក ពួក​គេ​លំឱន​កាយ​គោរព​កូន​តូច​នោះ ព្រម​ទាំង​បើក​យក​មាស ម្សៅ​ក្រអូប និង​ជ័រ​ល្វីង​ទេស* ធ្វើ​ជា​អំណោយ​ជូន​ដល់​កូន​តូច​នោះ​ផង។ ១២  ក៏​ប៉ុន្តែ ព្រះ​បាន​ព្រមាន​ពួក​គេ​តាម​រយៈ​សុបិន+មិន​ឲ្យ​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ​វិញ​ទេ។ ដូច្នេះ ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គេ​តាម​ផ្លូវ​ផ្សេង​វិញ។ ១៣  ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ទៅ នោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​លេច​មក​ក្នុង​សុបិន​ប្រាប់​យ៉ូសែប+ថា​៖ ​«​ចូរ​ក្រោក​ឡើង យក​កូន​តូច​និង​ប្រពន្ធ​អ្នក ហើយ​រត់​ទៅ​ស្រុក​អេហ្ស៊ីប។ អ្នក​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​ឲ្យ​ត្រឡប់​មក​វិញ ព្រោះ​ហេរ៉ូឌ​បម្រុង​នឹង​ស្វែង​រក​កូន​តូច​នោះ​ដើម្បី​សម្លាប់​ចោល​»។ ១៤  ដូច្នេះ យ៉ូសែប​បាន​ក្រោក​ឡើង ហើយ​យក​កូន​តូច​និង​ប្រពន្ធ ចេញ​ទៅ​ស្រុក​អេហ្ស៊ីប​ទាំង​យប់។ ១៥  គាត់​បាន​នៅ​ទី​នោះ រហូត​ដល់​ហេរ៉ូឌ​ទទួល​មរណភាព។ នេះ​បាន​សម្រេច​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា*បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖ ​«​ខ្ញុំ​បាន​ហៅ​បុត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+ ១៦  រួច​មក ពេល​ដែល​ហេរ៉ូឌ​ដឹង​ថា​គាត់​បាន​ចាញ់​បោក​ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​ទាំង​នោះ គាត់​ខឹង​ខ្លាំង​ណាស់ ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​បេថ្លេហិម​និង​គ្រប់​តំបន់​នៅ​ជុំវិញ​នោះ ដើម្បី​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​ពីរ​ឆ្នាំ​ចុះ យោង​តាម​អ្វី​ដែល​ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​បាន​បញ្ជាក់ ស្ដី​អំពី​ពេល​ដែល​ផ្កាយ​នោះ​បាន​លេច​មក។+ ១៧  នោះ​បាន​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖ ១៨  ​«​នៅ​ក្រុង​រ៉ាម៉ា មាន​សំឡេង​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ នោះ​ជា​សំឡេង​របស់​រ៉ាជែល+ដែល​កំពុង​យំ​ស្ដាយ​កូន​ៗ​របស់​នាង ហើយ​នាង​មិន​ព្រម​ឲ្យ​អ្នក​ណា​មក​សម្រាល​ទុក្ខ​នាង​ឡើយ ពី​ព្រោះ​កូន​ៗ​របស់​នាង​លែង​នៅ​ទៀត​ហើយ​»។+ ១៩  ក្រោយ​ពី​ហេរ៉ូឌ​បាន​ទទួល​មរណភាព នោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា*លេច​មក​ក្នុង​សុបិន+របស់​យ៉ូសែប ពេល​គាត់​នៅ​ស្រុក​អេហ្ស៊ីប។ ២០  ទេវតា​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​យក​កូន​តូច​និង​ប្រពន្ធ​អ្នក​ទៅ​ស្រុក​អ៊ីស្រាអែល ព្រោះ​អស់​អ្នក​ដែល​រក​ប្រហារ​ជីវិត*កូន​តូច​នោះ​បាន​ស្លាប់​អស់​ហើយ​»។ ២១  ដូច្នេះ យ៉ូសែប​ក្រោក​ឡើង​យក​កូន​តូច​និង​ប្រពន្ធ​អ្នក ហើយ​ចូល​ទៅ​ស្រុក​អ៊ីស្រាអែល។ ២២  ប៉ុន្តែ គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​តំបន់​យូឌា​ទេ ពី​ព្រោះ​គាត់​បាន​ឮ​ថា អាខេឡាស​បាន​គ្រប់​គ្រង​ជា​ស្ដេច​ស្នង​ហេរ៉ូឌ​ដែល​ជា​ឪពុក។ ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​បាន​ព្រមាន​គាត់​តាម​រយៈ​សុបិន+ នោះ​គាត់​ក៏​ទៅ​តំបន់​កាលីឡេ​វិញ។+ ២៣  រួច​គាត់​ទៅ​រស់​នៅ​ក្នុង​ក្រុង​មួយ​ហៅ​ថា​ណាសារ៉ែត+ ដើម្បី​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ​«​លោក​នឹង​ត្រូវ​គេ​ហៅ​ថា​អ្នក​ក្រុង​ណាសារ៉ែត​»។*+

កំណត់សម្គាល់

តាម​ពិត​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ប៉ុន្តែ​បណ្ដា​ជន​និយម​ហៅ​គាត់​ថា​«​ស្ដេច​»​
មើល​និយម​ន័យ​ពាក្យ​«​ហេរ៉ូឌ​»​
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
នៅ​ដើម​ដំបូង​ពាក្យ​នេះ​សំដៅ​លើ​អ្នក​ដែល​មាន​មុខ​ងារ​ចម្លង​បទ​គម្ពីរ ប៉ុន្តែ​នៅ​សម័យ​លោក​យេស៊ូ ពាក្យ​នេះ​សំដៅ​លើ​អ្នក​ចេះ​ស្ទាត់​ខាង​ច្បាប់​ម៉ូសេ ក៏​ជា​អ្នក​បង្រៀន​ច្បាប់​នោះ​ទៀត​ផង
ឬ​«​មេស្ស៊ី​»​ ឬ​«​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​»​
មើល​និយម​ន័យ​ពាក្យ​«​ជ័រ​ល្វីង​ទេស​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ប្រហែល​ជា​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​«​ពន្លក​»​