សៀវភៅម៉ាថាយ ៥:១-៤៨

  • សុន្ទរកថា​នៅ​លើ​ភ្នំ (​១​-​៤៨)

 ពេល​លោក​ឃើញ​បណ្ដា​ជន លោក​ក៏​ឡើង​លើ​ភ្នំ ហើយ​អង្គុយ​ចុះ។ រួច​ពួក​អ្នក​កាន់​តាម​បាន​មក​ឯ​លោក។ ២  បន្ទាប់​មក លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍ ហើយ​បង្រៀន​ពួក​គេ​ថា​៖ ៣  ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ ៤  ​«​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ។+ ៥  ​«​អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូត​បូត* នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក។+ ៦  ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់។+ ៧  ​«​អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ករុណា នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​ក៏​នឹង​ទទួល​សេចក្ដី​មេត្តា​ករុណា​ដែរ។ ៨  ​«​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ឃើញ​ព្រះ។ ៩  ​«​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ហៅ​ថា​កូន​ព្រះ។ ១០  ​«​អស់​អ្នក​ដែល​ត្រូវ​គេ​បៀត​បៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ ១១  ​«​នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល+ បៀត​បៀន+ និង​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង​ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!+ ១២  ពី​ព្រោះ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​មុន ក៏​ធ្លាប់​ត្រូវ​គេ​បៀត​បៀន​ដូច​អ្នក​រាល់​គ្នា​ដែរ។+ ហេតុ​នេះ ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ!+ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់+យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌។ ១៣  ​«​អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី។+ ប៉ុន្តែ ប្រសិន​បើ​អំបិល​បាត់​បង់​ជាតិ​ប្រៃ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​នឹង​គ្មាន​ប្រយោជន៍​អ្វី​សោះ គឺ​សម​តែ​បោះ​ចោល+ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ ១៤  ​«​អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក។+ ក្រុង​មួយ​ដែល​ស្ថិត​នៅ​លើ​ភ្នំ គឺ​មិន​កំបាំង​ពី​ភ្នែក​មនុស្ស​ឡើយ។ ១៥  មនុស្ស​មិន​ដែល​អុជ​ចង្កៀង រួច​ដាក់​ក្រោម​កញ្ឆេ*ឡើយ តែ​ពួក​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​បំភ្លឺ​ផ្ទះ​ទាំង​មូល។+ ១៦  ដូច​គ្នា​ដែរ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​រាល់​គ្នា។+ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ស្ថាន​សួគ៌+ ពេល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។+ ១៧  ​«​កុំ​គិត​ស្មានថា ខ្ញុំ​បាន​មក​ដើម្បី​បំផ្លាញ​ច្បាប់* ឬ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ឡើយ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​បំផ្លាញ​នោះ​ទេ តែ​ខ្ញុំ​មក​ដើម្បី​ធ្វើឲ្យ​ច្បាប់ និង​សេចក្ដី​បង្រៀន​ទាំង​នោះ​បាន​សម្រេច​វិញ។+ ១៨  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ទោះ​ជា​មេឃ​និង​ផែនដី​បាត់​សូន្យ​ទៅ​ក៏​ដោយ ក៏​សញ្ញា​បន្តក់​មួយ​ក្នុង​ច្បាប់​នឹង​មិន​បាត់​សូន្យ​ឡើយ ទាល់​តែ​ច្បាប់​ទាំង​មូល​បាន​ត្រូវ​សម្រេច​គ្រប់​ជំពូក។+ ១៩  ហេតុ​នេះ សូម្បី​តែ​បញ្ញត្ដិ​ដែល​មនុស្ស​ចាត់​ទុក​ថា​មិន​សូវ​សំខាន់ តែ​បើ​អ្នក​ណា​ល្មើស​បញ្ញត្ដិ​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ អ្នក​នោះ​មិន​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​តាម​ដែរ អ្នក​នោះ​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌។ ២០  ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន​បើ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​មិន​សុចរិត​ជាង​ពួក​ផារិស៊ី និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទេ+ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។+ ២១  ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹កុំ​ធ្វើ​ឃាតកម្ម​ឲ្យ​សោះ+ តែ​អ្នក​ណា​ដែល​ធ្វើ​ឃាតកម្ម អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ›។+ ២២  ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​ខឹង​ងំ​នឹង​បង​ប្អូន​ខ្លួន+ អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ។ តែ​អ្នក​ណា​ដែល​និយាយ​ទៅ​កាន់​បង​ប្អូន​ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​មិន​គួរ​ឲ្យ​ពោល អ្នក​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​តុលាការ​កំពូល។ រីឯ​អ្នក​ដែល​ប្រើ​ពាក្យ​ថា​៖ ‹អា​គម្រក់!› នឹង​ត្រូវ​ទទួល​ទោស​ក្នុង​ភ្លើង​កេហេណា។*+ ២៣  ​«​ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា+ ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​មាន​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ២៤  ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​របស់​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ។+ ២៥  ​«​កាល​ដែល​ធ្វើ​ដំណើរ​ទៅ​តុលាការ​ជា​មួយ​នឹង​អ្នក​ដែល​រក​ប្ដឹង​អ្នក ចូរ​ឆាប់​ដោះ​ស្រាយ​ជា​មួយ​នឹង​គាត់។ បើ​មិន​ដូច្នោះ​ទេ គាត់​អាច​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម រួច​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​មន្ត្រី​ជំនួយ​តុលាការ ហើយ​អ្នក​ត្រូវ​ជាប់​គុក។+ ២៦  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា គេ​ប្រាកដ​ជា​មិន​ដោះ​លែង​អ្នក​ពី​គុក​ទេ ទាល់​តែ​អ្នក​បាន​សង​បំណុល​ឲ្យ​អស់​ឥត​ខ្វះ​មួយ​សេន។* ២៧  ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឡើយ›។+ ២៨  ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី+រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ។+ ២៩  ដូច្នេះ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល* ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ+ ពី​ព្រោះ​បើ​អ្នក​បាត់​បង់​ភ្នែក​ម្ខាង គឺ​ប្រសើរ​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។*+ ៣០  បន្ថែម​ទៅ​ទៀត ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ+ ពី​ព្រោះ​បើ​អ្នក​បាត់​បង់​ដៃ​ម្ខាង គឺ​ប្រសើរ​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។*+ ៣១  ​«​ម្យ៉ាង​វិញ​ទៀត អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ អ្នក​នោះ​ត្រូវ​ឲ្យ​លិខិត​លែង​លះ​ទៅ​នាង›។+ ៣២  ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អ្នក​នោះ​ធ្វើ​ឲ្យ​នាង​អាច​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​ផិត​ក្បត់។ រីឯ​អ្នក​ណា​ដែល​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​ប្ដី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។+ ៣៣  ​«​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹អ្នក​មិន​ត្រូវ​ស្បថ​បំពាន​ឡើយ+ តែ​អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​ចំពោះ​ព្រះ​យេហូវ៉ា*កុំ​ខាន›។+ ៣៤  ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ។+ អ្នក​មិន​ត្រូវ​ស្បថ​ដោយ​យក​ស្ថាន​សួគ៌​ជា​សាក្សី​ឡើយ ពី​ព្រោះ​នោះ​ជា​បល្ល័ង្ក​របស់​ព្រះ ៣៥  ក៏​មិន​ត្រូវ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ពី​ព្រោះ​នោះ​ជា​ទី​កំណល់​ជើង​របស់​លោក។+ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូសាឡិម​ជា​សាក្សី​ឡើយ ពី​ព្រោះ​នោះ​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម+ ៣៦  ហើយ​អ្នក​មិន​ត្រូវ​យក​ជីវិត*ខ្លួន​មក​ស្បថ​ទេ ពី​ព្រោះ​សូម្បី​តែ​សក់​មួយ​សរសៃ ក៏​អ្នក​មិន​អាច​ធ្វើ​ឲ្យ​ប្រែ​ទៅ​ជា​ស​ឬ​ខ្មៅ​បាន​ដែរ។ ៣៧  អ្នក​គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ+ ពី​ព្រោះ​សម្ដី​ណា​ដែល​លើស​ពី​នេះ គឺ​មក​ពី​មេកំណាច។+ ៣៨  ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​របួស​ភ្នែក អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​របួស​ភ្នែក​ដែរ ហើយ​បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​បាក់​ធ្មេញ អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​បាក់​ធ្មេញ​ដែរ›។+ ៣៩  ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​សង​សឹក​មនុស្ស​ទុច្ចរិត​ឡើយ តែ​បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ+ ៤០  ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ចង់​ប្ដឹង​អ្នក​ទៅ​តុលាការ ដើម្បី​ទារ​យក​សម្លៀក​បំពាក់​ក្នុង​របស់​អ្នក នោះ​ចូរ​ឲ្យ​អ្នក​នោះ​យក​ទាំង​សម្លៀក​បំពាក់​ក្រៅ​របស់​អ្នក​ផង។+ ៤១  បន្ថែម​ទៅ​ទៀត បើ​អ្នក​ដែល​មាន​អំណាច​ប្រើ​អ្នក​ឲ្យ​ធ្វើ​ការ ដោយ​បញ្ជា​ឲ្យ​ទៅ​តាម​គាត់​មួយ​គីឡូ​ម៉ែត្រ* ចូរ​ទៅ​ជា​មួយ​នឹង​គាត់​ពីរ​គីឡូ​ម៉ែត្រ​ចុះ។ ៤២  ពេល​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​ទៅ​អ្នក​នោះ​ចុះ ហើយ​កុំ​បែរ​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី*អ្វី​ពី​អ្នក​ឡើយ។+ ៤៣  ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង+ តែ​ត្រូវ​ស្អប់​សត្រូវ›។ ៤៤  ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក+ ហើយ​អធិដ្ឋាន​ឲ្យ​អ្នក​ដែល​បៀត​បៀន​អ្នក។+ ៤៥  យ៉ាង​នេះ អ្នក​អាច​បង្ហាញ​ថា​អ្នក​ជា​កូន​នៃ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌+ ពី​ព្រោះ​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត។+ ៤៦  ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក តើ​នោះ​មាន​ប្រយោជន៍​អ្វី?+ ពួក​អ្នក​យក​ពន្ធ​ក៏​ធ្វើ​ដូច្នោះ​ដែរ មែន​ទេ? ៤៧  ហើយ​បើ​អ្នក​រាល់​គ្នា​សួរ​សុខ​ទុក្ខ​តែ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ​ទៅ? ពី​ព្រោះ​ជន​ជាតិ​ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ មែន​ទេ? ៤៨  ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់ ដូច​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់​ដែរ។+

កំណត់សម្គាល់

ឬ​«​មាន​ចិត្ត​សុភាព​»​
ឬ​«​ប្រដាប់​វាល់​ស្រូវ​»​
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
ន័យ​ត្រង់​«​មួយ​ខ្វាដ្រាន​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​ក្បាល​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
នេះ​សំដៅ​លើ​ការ​ខ្ចី​ដោយ​មិន​យក​ការ