ការបើកបង្ហាញចំពោះយ៉ូហាន ៥:១-១៤

  • រមូរ​មួយ​ដែល​បាន​ត្រូវ​បិទ​ត្រា​៧ (​១​-​៥)

  • កូន​ចៀម​បាន​យក​រមូរ (​៦​-​៨)

  • កូន​ចៀម​សម​នឹង​បក​ត្រា​ទាំង​នោះ (​៩​-​១៤)

 រួច​ខ្ញុំ​ឃើញ​រមូរ​មួយ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​លោក​ដែល​កំពុង​អង្គុយ​លើ​បល្ល័ង្ក។+ រមូរ​នោះ​មាន​អក្សរ​ទាំង​សង​ខាង* ហើយ​បាន​ត្រូវ​បិទ​ត្រា​៧។  រួច​មក ខ្ញុំ​ឃើញ​ទេវតា​ខ្លាំង​ក្លា​មួយ​រូប​ប្រកាស​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​តើ​អ្នក​ណា​សម​នឹង​បក​ត្រា​ទាំង​នេះ ហើយ​បើក​រមូរ?​»។  ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី អាច​បើក​រមូរ​នោះ​មើល​បាន​ទេ។  ខ្ញុំ​ក៏​ចាប់​ផ្ដើម​យំ​យ៉ាង​ខ្លាំង ពី​ព្រោះ​គ្មាន​អ្នក​ណា​សម​នឹង​បើក​រមូរ​នោះ​មើល​ទេ។  ប៉ុន្តែ អ្នក​ចាស់​ទុំ​ម្នាក់​ប្រាប់​ខ្ញុំ​ថា​៖ ​«​ឈប់​យំ​ទៅ។ មើល! លោក​ដែល​ជា​តោ​ពី​កុល​សម្ព័ន្ធ​យូដា+ និង​ជា​ឫស+នៃ​ដាវីឌ+បាន​ឈ្នះ+ ដូច្នេះ​លោក​សម​នឹង​បក​ត្រា​ទាំង​៧​នោះ ហើយ​បើក​រមូរ​»។  ខ្ញុំ​ឃើញ​កូន​ចៀម​មួយ+ដែល​មើល​ទៅ​ដូច​ជា​បាន​ត្រូវ​សម្លាប់+ កំពុង​ឈរ​នៅ​ជិត​បល្ល័ង្ក​និង​នៅ​កណ្ដាល​ចេរូប៊ីន​ទាំង​បួន​និង​ពួក​អ្នក​ចាស់​ទុំ។+ កូន​ចៀម​នោះ​មាន​ស្នែង​៧​និង​ភ្នែក​៧ ហើយ​ភ្នែក​ទាំង​នោះ​ជា​តំណាង​ឫទ្ធានុភាព​ទាំង​៧​របស់​ព្រះ+ ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ពេញ​ផែនដី​ទាំង​មូល។  ភ្លាម​នោះ កូន​ចៀម​បាន​ទៅ​យក​រមូរ​នោះ​ពី​ដៃ​ស្ដាំ​របស់​លោក​ដែល​កំពុង​អង្គុយ​លើ​បល្ល័ង្ក។+  ពេល​ដែល​កូន​ចៀម​យក​រមូរ​នោះ ចេរូប៊ីន​៤​រូប​និង​ពួក​អ្នក​ចាស់​ទុំ​ទាំង​២៤​នាក់+បាន​លំឱន​កាយ​នៅ​មុខ​កូន​ចៀម ដោយ​មាន​ពិណ​និង​ចាន​គោម​មាស​ម្នាក់​មួយ​ៗ ហើយ​ចាន​គោម​នោះ​គឺ​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប (​ឯ​គ្រឿង​ក្រអូប​នោះ​ជា​តំណាង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​បរិសុទ្ធ​)។+  រួច​មក ពួក​គាត់​ច្រៀង​ចម្រៀង​ថ្មី​មួយ+ថា​៖ ​«​លោក​សម​នឹង​យក​រមូរ​និង​បក​ត្រា​ទាំង​នោះ ពី​ព្រោះ​លោក​បាន​ត្រូវ​សម្លាប់ ហើយ​បាន​ទិញ​មនុស្ស​សម្រាប់​ព្រះ ជា​មនុស្ស​ពី​គ្រប់​កុល​សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជាជាតិ ដោយ​ឈាម​របស់​លោក+ ១០  ហើយ​លោក​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​រាជាណាចក្រ​មួយ+និង​ជា​សង្ឃ​របស់​ព្រះ​នៃ​យើង+ ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​ស្ដេច+គ្រប់​គ្រង​លើ​ផែនដី​»។ ១១  ខ្ញុំ​ឃើញ ហើយ​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ព្រម​ទាំង​ចេរូប៊ីន​បួន​រូប និង​ពួក​អ្នក​ចាស់​ទុំ​ផង​ដែរ។ ឯ​ទេវតា​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​គុណ​នឹង​រាប់​ម៉ឺន ហើយ​រាប់​ពាន់​គុណ​នឹង​រាប់​ពាន់+ ១២  រួច​ពួក​គេ​និយាយ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​កូន​ចៀម​ដែល​បាន​ត្រូវ​សម្លាប់+ គឺ​សម​នឹង​ទទួល​ឫទ្ធានុភាព ទ្រព្យ​សម្បត្តិ ប្រាជ្ញា កម្លាំង​ខ្លាំង​ក្លា កិត្តិយស សិរី​រុង​រឿង និង​ពរ​»។+ ១៣  ខ្ញុំ​ឮ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី នៅ​ក្រោម​ដី+ នៅក្នុង​សមុទ្រ និង​អ្វី​ៗ​ដែល​នៅ​ទី​នោះ​ទាំង​អស់ ពោល​ថា​៖ ​«​សូម​ឲ្យ​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក+និង​កូន​ចៀម+ប្រកប​ដោយ​ពរ កិត្តិយស+ សិរី​រុង​រឿង និង​កម្លាំង​ខ្លាំង​ក្លា​ជា​រៀង​រហូត​»។+ ១៤  រួច​មក ចេរូប៊ីន​ទាំង​បួន​បាន​និយាយ​ថា​៖ ​«​អាមេន!​»​ រួច​ពួក​អ្នក​ចាស់​ទុំ​បាន​លំឱន​កាយ​គោរព​ប្រណិប័តន៍​ព្រះ។

កំណត់សម្គាល់

ន័យ​ត្រង់​«​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​»​