ការបើកបង្ហាញចំពោះយ៉ូហាន ៤:១-១១

  • ការ​បើក​បង្ហាញ​អំពី​វត្តមាន​របស់​ព្រះ​យេហូវ៉ា​នៅស្ថាន​សួគ៌ (​១​-​១១)

    • ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក (​)

    • អ្នក​ចាស់​ទុំ​២៤​នាក់​អង្គុយ​លើ​បល្ល័ង្ក (​)

    • ចេរូប៊ីន​បួន​រូប (​)

 បន្ទាប់​ពី​ការ​នោះ មើល! ខ្ញុំ​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន​សួគ៌ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ដំបូង គឺ​សំឡេង​ដូច​ត្រែ បាន​បន្លឺ​មក​កាន់​ខ្ញុំ​ថា​៖ ​«​ចូរ​ឡើង​មក​ទី​នេះ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នូវ​អ្វី​ៗ​ដែល​ត្រូវ​កើត​ឡើង​»។  បន្ទាប់​ពី​ការ​នោះ ឫទ្ធានុភាព​បរិសុទ្ធ​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើ​ខ្ញុំ​ភ្លាម ហើយ​មើល! មាន​បល្ល័ង្ក​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​មាន​អ្នក​អង្គុយ​លើ​បល្ល័ង្ក​នោះ។+  អ្នកដែល​អង្គុយ​លើ​បល្ល័ង្ក​នោះ​មាន​លក្ខណៈ​ដូច​ត្បូង​យ៉ាស្បា*+ និង​ត្បូង​វិសេស​ពណ៌​ក្រហម ហើយ​នៅ​ជុំវិញ​បល្ល័ង្ក​នោះ​មាន​ឥន្ទធនូ​ដែល​មាន​លក្ខណៈ​ដូច​ត្បូង​មរកត។+  មាន​បល្ល័ង្ក​២៤​ទៀត​នៅ​ជុំវិញ​បល្ល័ង្ក​នោះ ហើយ​មាន​អ្នក​ចាស់​ទុំ​២៤​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ។+ អ្នក​ចាស់​ទុំ​ទាំង​នោះ​មាន​សម្លៀក​បំពាក់​ពណ៌​ស ហើយ​ពាក់​មកុដ​មាស​លើ​ក្បាល។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​ផ្លេក​បន្ទោរ+ សំឡេង​និយាយ និង​ផ្គរ​លាន់+កំពុង​ចេញ​ពី​បល្ល័ង្ក​មក ហើយ​មាន​ចង្កៀង​ភ្លើង​៧​ដែល​កំពុង​ឆេះ​នៅ​មុខ​បល្ល័ង្ក ហើយ​ចង្កៀង​ទាំង​នោះ​ជា​តំណាង​ឫទ្ធានុភាព​ទាំង​៧​របស់​ព្រះ។+  នៅ​មុខ​បល្ល័ង្ក​មាន​អ្វី​ដែល​មើល​ទៅ​ដូច​ជា​សមុទ្រ​ដែល​ដូច​កញ្ចក់+ ថ្លា​ដូច​កែវ​ចរណៃ។ នៅ​កណ្ដាល​បល្ល័ង្ក​និង​នៅ​ជុំវិញ​បល្ល័ង្ក មាន​ចេរូប៊ីន​បួន​រូប+ពេញ​ទៅ​ដោយ​ភ្នែក​ទាំង​មុខ​ទាំង​ក្រោយ។  ចេរូប៊ីន​ទី​១​គឺ​ដូច​សត្វ​តោ+ ហើយ​ចេរូប៊ីន​ទី​២​គឺ​ដូច​គោ​ឈ្មោល​ស្ទាវ+ ឯ​ចេរូប៊ីន​ទី​៣+មាន​មុខ​ដូច​មនុស្ស ហើយ​ចេរូប៊ីន​ទី​៤+គឺ​ដូច​ឥន្ទ្រី​ដែល​ហោះហើរ។+  ចំណែក​ចេរូប៊ីន​ទាំង​បួន​នោះ ពួក​គេ​ម្នាក់​ៗ​មាន​ស្លាប​៦ ហើយ​នៅ​ជុំវិញ​និង​នៅ​ខាង​ក្រោម​ស្លាប​ទាំង​នោះ​មាន​ពេញ​ទៅ​ដោយ​ភ្នែក។+ ចេរូប៊ីន​ទាំង​នោះ​និយាយ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ថា​៖ ​«​បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា*+ ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន​និង​រស់​នៅ​ឥឡូវ​នេះ ហើយ​ជា​ព្រះ​ដែល​នឹង​មក​»។+  ពេល​ណា​ចេរូប៊ីន​ទាំង​នោះ​ផ្ដល់​សិរី​រុង​រឿង កិត្តិយស និង​ថ្លែង​អំណរ​គុណ​ដល់​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក គឺ​លោក​ដែល​រស់​ជា​រៀង​រហូត+ ១០  នោះ​អ្នក​ចាស់​ទុំ​២៤​នាក់+លំឱន​កាយ​នៅ​មុខ​បល្ល័ង្ក ហើយ​គោរព​ប្រណិប័តន៍​លោក​ដែល​រស់​ជា​រៀង​រហូត ក៏​បោះ​មកុដ​ខ្លួន​នៅ​មុខ​បល្ល័ង្ក ហើយ​ជម្រាប​ថា​៖ ១១  ​«​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង+ កិត្តិយស+ និង​ឫទ្ធានុភាព+ ពី​ព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់+ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។

កំណត់សម្គាល់

អ្នក​ខ្លះ​អះអាង​ថា​យ៉ាស្បា​សំដៅ​លើ​ត្បូង​ពេជ្រ
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥