លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី៣

របៀបដោះស្រាយបញ្ហា

របៀបដោះស្រាយបញ្ហា

«ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។—ពេត្រុសទី១ ៤:៨

កាលដែលចាប់ផ្ដើមរួមរស់ជាប្ដីប្រពន្ធ អ្នកនឹងឃើញថាមានបញ្ហាផ្សេងកើតឡើង។ បញ្ហាទាំងនោះអាចបណ្ដាលមកពីអ្នកទាំងពីរមានរបៀបគិតគូរ របៀបបង្ហាញអារម្មណ៍ និងរបៀបដោះស្រាយបញ្ហាខុសពីគ្នា។ ម្យ៉ាងទៀត បញ្ហាខ្លះអាចមកពីអ្នកខាងក្រៅរង្វង់គ្រួសារ និងព្រឹត្ដិការណ៍ដែលមិនដឹងទុកជាមុន។

ពេលមានបញ្ហា យើងប្រហែលជាធ្វើមិនដឹងមិនចំពោះបញ្ហានោះ។ ប៉ុន្ដែ គម្ពីរចែងថាយើងត្រូវខំប្រឹងដោះស្រាយបញ្ហាទាំងនោះ។ (ម៉ាថាយ ៥:២៣, ២៤) ដូច្នេះ បើអ្នកធ្វើតាមគោលការណ៍គម្ពីរ នោះអ្នកនឹងរកឃើញដំណោះស្រាយល្អបំផុតចំពោះបញ្ហារបស់អ្នក។

១ និយាយគ្នាអំពីបញ្ហា

គម្ពីររៀបរាប់ថា: «មាន . . . ពេលសំរាប់និយាយ»។ (សាស្តា ៣:១,) សូមប្រាកដថាអ្នកចំណាយពេលនិយាយអំពីបញ្ហាជាមួយនឹងគូរបស់អ្នក។ សូមប្រាប់គូដោយត្រង់អំពីអារម្មណ៍និងគំនិតរបស់អ្នកចំពោះបញ្ហានោះ។ អ្នកត្រូវ«និយាយសេចក្ដីពិត»ជាមួយនឹងគូជានិច្ច។ (អេភេសូរ ៤:២៥) ទោះជាអ្នកមានអារម្មណ៍ចង់ឈ្នះចង់ចាញ់ក៏ដោយ សូមខំទប់ចិត្ដកុំឲ្យឈ្លោះប្រកែកគ្នា។ ផ្ទុយទៅវិញ បើអ្នកតបឆ្លើយដោយស្រទន់ នេះនឹងជួយអ្នកព្រមទាំងគូឲ្យនិយាយគ្នាតាមសម្រួល មិនមែននិយាយដោយទាស់ទែងគ្នាទេ។—សុភាសិត ១៥:៤; ២៦:២០

ទោះជាពេលដែលអ្នកមិនយល់ស្របគ្នាក្ដី សូមបន្ដនិយាយដោយសប្បុរស ហើយកុំភ្លេចបង្ហាញសេចក្ដីស្រឡាញ់និងការគោរពចំពោះគូរបស់អ្នកឲ្យសោះ។ (កូឡុស ៤:៦) សូមព្យាយាមដោះស្រាយបញ្ហាឲ្យបានឆាប់បំផុត ហើយកុំឈប់និយាយរកគ្នាឡើយ។—អេភេសូរ ៤:២៦

សូមសាកធ្វើតាមយោបល់នេះ:

  • សូមរកពេលសមរម្យដើម្បីពិគ្រោះអំពីបញ្ហាជាមួយនឹងគូ

  • សូមស្តាប់គូរបស់អ្នក ពេលដែលគាត់និយាយ ហើយកុំនិយាយកាត់គាត់។ ក្រោយមកអ្នកនឹងមានឱកាសនិយាយម្ដង

២ ស្តាប់ហើយព្យាយាមស្វែងយល់

គម្ពីររៀបរាប់ថា: «ចូរស្រឡាញ់គ្នា . . . ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន»។ (រ៉ូម ១២:១០) របៀបដែលអ្នកស្តាប់គូគឺសំខាន់ណាស់។ ដូច្នេះ សូមព្យាយាមយល់មូលហេតុដែលគាត់គិតដូច្នោះ ហើយសូម«មានចិត្ដរាបទាប»។ (ពេត្រុសទី១ ៣:៨; យ៉ាកុប ១:១៩) កុំពុតធ្វើជាស្តាប់ឡើយ។ បើអាចធ្វើបាន សូមទុកអ្វីដែលអ្នកកំពុងធ្វើមួយឡែកសិន ហើយខំយកចិត្ដទុកដាក់ស្តាប់គូរបស់អ្នក ឬក៏អ្នកអាចសុំពិភាក្សាអំពីរឿងនោះនៅពេលក្រោយ។ បើអ្នកចាត់ទុកគូអាពាហ៍ពិពាហ៍របស់អ្នកដូចជាមិត្ដ មិនមែនជាសត្រូវ នោះអ្នកនឹង‹មិនរហ័សខឹងឡើយ›។—សាស្តា ៧:៩

សូមសាកធ្វើតាមយោបល់នេះ:

  • សូមស្តាប់ដោយមានទស្សនៈទូលំទូលាយ ទោះជាគូនិយាយអ្វីមួយដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ដក៏ដោយ

  • សូមខំយល់អ្វីដែលគូចង់និយាយ មិនមែនស្តាប់តែពាក្យរបស់គាត់ប៉ុណ្ណោះទេ។ សូមចេះសម្គាល់កាយវិការនិងទំហំសំឡេងរបស់គាត់

៣ ធ្វើតាមការសម្រេចចិត្ដ

គម្ពីររៀបរាប់ថា: «អស់ទាំងការដែលខំធ្វើ សុទ្ធតែមាន[«ផលប្រយោជន៍»] តែសំដីទទេនាំឲ្យក្រខ្សត់វិញ»។ (សុភាសិត ១៤:២៣; ព.ថ.) ការយល់ស្របគ្នាអំពីដំណោះស្រាយណាមួយគឺមិនគ្រប់គ្រាន់ទេ តែអ្នកត្រូវធ្វើតាមអ្វីដែលអ្នកទាំងពីរបានសម្រេចគ្នា។ ដើម្បីធ្វើដូច្នេះ អ្នកប្រហែលជាត្រូវខំព្យាយាមខ្លាំងណាស់ ប៉ុន្ដែអ្នកនឹងទទួលផលសមនឹងការខំប្រឹងរបស់អ្នក។ (សុភាសិត ១០:៤) បើអ្នកនិងគូខំព្យាយាមសហការគ្នា នោះអ្នកទាំងពីរនឹង«មានរង្វាន់យ៉ាងល្អ»។—សាស្តា ៤:៩

សូមសាកធ្វើតាមយោបល់នេះ:

  • ត្រូវសម្រេចគ្នាថាអ្នកនិងគូត្រូវធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហា

  • សូមពិនិត្យមើលម្ដងម្កាលថា តើអ្នកបានដោះស្រាយបញ្ហារបស់អ្នកដល់ណាហើយ