ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ១២:១-២១

  • ប្រគល់​រូប​កាយ​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត (​១, ២)

  • អំណោយ​ផ្សេង​ៗ តែ​រូប​កាយ​តែ​មួយ (​៣​-​៨)

  • ឱវាទ​អំពី​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក (​៩​-​២១)

១២  បង​ប្អូន​អើយ ហេតុ​នេះ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​មេត្តា​ករុណារបស់​ព្រះ ឲ្យ​ប្រគល់​រូប​កាយ​របស់​ខ្លួន+ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ+ ហើយ​គាប់​ចិត្ត​ព្រះ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​ប្រើ​សមត្ថភាព​រិះ​គិត។+ ២  ចូរ​ឈប់​យក​តម្រាប់​របៀប​របប​ពិភព​លោក*នេះ តែ​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក+ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សម​រម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។ ៣  ព្រោះ​តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ខ្ញុំ​បាន​ទទួល ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នោះ​ថា កុំ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត+ តែ​ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល តាម​ដែល​ព្រះ​បាន​ផ្ដល់​ជំនឿ​មួយ​កម្រិត​ដល់​អ្នក​រាល់​គ្នា​ម្នាក់​ៗ។+ ៤  ដូច​រូប​កាយ​មួយ​ដែល​មាន​អវយវៈ​ជា​ច្រើន+ ហើយ​អវយវៈ​នី​មួយ​ៗ​មាន​មុខ​ងារ​ខុស​ៗ​គ្នា ៥  នោះ​យើង​ក៏​ជា​រូប​កាយ​តែ​មួយ​រួម​ជា​មួយនឹងគ្រិស្តដែរ ទោះ​ជា​យើង​មាន​គ្នា​ច្រើន​ក៏​ដោយ យើង​ជា​អវយវៈ​ដែល​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។+ ៦  ដោយ​សារ​យើង​បាន​អំណោយ*ផ្សេង​ៗ​ពី​គ្នា ស្រប​ទៅ​តាម​គុណ​ដ៏​វិសេស​លើស​លប់​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​យើង+ ដូច្នេះ​ប្រសិន​បើ​យើង​បាន​អំណោយ​ជា​ការ​ប្រកាស​ទំនាយ ចូរ​បន្ត​ប្រកាស​ទំនាយ ស្រប​ទៅ​តាម​កម្រិត​នៃ​ជំនឿ​របស់​យើង ៧  ឬ​បើ​យើង​បាន​អំណោយ​ក្នុង​ការ​បម្រើ​អ្នក​ឯ​ទៀត* ចូរ​បន្ត​បម្រើ​ត​ទៅ​ទៀត។ ម្យ៉ាង​ទៀត បើ​អ្នក​ណា​បាន​អំណោយ​ជា​អ្នក​បង្រៀន ចូរ​ឲ្យ​អ្នក​នោះ​បន្ត​បង្រៀន​ចុះ+ ៨  ឬ​បើ​អ្នក​ណា​បាន​អំណោយ​ខាង​ការ​បំផុស​ទឹក​ចិត្ត* ចូរ​ឲ្យ​អ្នក​នោះ​បន្ត​បំផុស​ទឹក​ចិត្ត​ទៅ+ ឯ​អ្នក​ណា​បាន​អំណោយ​ខាង​ការ​ចែក​ចាយ ចូរ​ឲ្យ​អ្នកនោះ​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ+ ហើយ​អ្នក​ណា​បាន​អំណោយ​ខាង​ការ​ដឹក​នាំ ចូរ​ឲ្យ​អ្នក​នោះ​ដឹក​នាំ​យ៉ាង​ខ្នះ​ខ្នែង*+ ឯ​អ្នក​ណា​បាន​អំណោយ​ខាង​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដោយ​ចិត្ត​រីករាយ​ចុះ។+ ៩  ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​គ្មាន​ពុត​ត្បុត។+ ចូរ​ស្អប់​ខ្ពើម​អ្វី​ៗ​ដែល​អាក្រក់+ ហើយ​កាន់​ខ្ជាប់​អ្វី​ៗ​ដែល​ល្អ។ ១០  ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្តិយស​គេ​មុន។+ ១១  ចូរ​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​កិច្ច​ការ​របស់​អ្នក កុំ​ខ្ជិល​ឡើយ។+ ចូរ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។+ ចូរ​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា។*+ ១២  ចូរ​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម។ ចូរ​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​វេទនា។+ ចូរ​ត​ស៊ូ​ក្នុង​ការ​អធិដ្ឋាន។+ ១៣  ចូរ​ចែក​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់។+ ចូរ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។+ ១៤  ចូរ​ឲ្យ​ពរ​អ្នក​ដែល​បៀត​បៀន។+ ចូរ​ឲ្យ​ពរ ហើយ​កុំ​ដាក់​បណ្ដាសា​ឡើយ។+ ១៥  ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​អរ​សប្បាយ។ ចូរ​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ។ ១៦  ចូរ​មាន​ទស្សនៈ​ចំពោះ​អ្នក​ឯ​ទៀត ដូច​ទស្សនៈ​ដែល​អ្នក​មាន​ចំពោះ​ខ្លួន​ឯង។ កុំ​មាន​គំនិត​អួត​ខ្លួន តែ​ចូរ​ឲ្យ​គំនិត​រាប​ទាប​ដឹក​នាំ​អ្នក​វិញ។+ កុំ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា​ឡើយ។+ ១៧  កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក។+ ចូរ​ធ្វើ​អ្វី​ដែល​មនុស្ស​ទាំង​អស់​ចាត់​ទុក​ជា​ការ​ល្អ​ប្រសើរ។ ១៨  ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។+ ១៩  បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​ចំពោះ​អំពើ​ខុស​ឆ្គង+ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ›​»។+ ២០  ប៉ុន្តែ ​«​ប្រសិន​បើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​អាហារ​គាត់​បរិភោគ ហើយ​ប្រសិន​បើ​គាត់​ស្រេក ចូរ​ឲ្យ​គាត់​ផឹក​ចុះ ព្រោះ​បើ​ធ្វើ​ដូច្នេះ អ្នក​នឹង​គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​គាត់​»។*+ ២១  កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ។+

កំណត់សម្គាល់

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
ឬ​«​សមត្ថភាព​»​
ន័យ​ត្រង់​«​ក្នុង​កិច្ច​បម្រើ​»​
ឬ​«​ការ​ដាស់​តឿន​»​
ឬ​«​យ៉ាង​អស់​ពី​ចិត្ត​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
គឺ​ធ្វើ​ឲ្យ​គាត់​ទន់​ចិត្ត ហើយ​បន្ថយ​ចិត្ត​រឹង​ទទឹង​របស់​គាត់