លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី២

ចូរស្មោះត្រង់ចំពោះគ្នា

ចូរស្មោះត្រង់ចំពោះគ្នា

«កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។—ម៉ាកុស ១០:៩

ព្រះយេហូវ៉ាតម្រូវឲ្យយើងមានភក្ដីភាពនិងចិត្ដស្មោះត្រង់។ (ទំនុកតម្កើង ៣១:២៣) ក្នុងអាពាហ៍ពិពាហ៍ គុណសម្បត្ដិនេះគឺសំខាន់ណាស់ ព្រោះបើប្ដីប្រពន្ធគ្មានភាពស្មោះត្រង់ទេ នោះពួកគេមិនអាចទុកចិត្ដគ្នាបានឡើយ។ ម្យ៉ាងទៀត ការទុកចិត្ដគ្នានេះគឺចាំបាច់ដើម្បីឲ្យគូអាពាហ៍ពិពាហ៍ស្រឡាញ់គ្នាកាន់តែខ្លាំងឡើង។

នៅសព្វថ្ងៃនេះ មានអ្វីជាច្រើនក្នុងពិភពលោកដែលអាចបំផ្លាញភាពស្មោះត្រង់របស់គូអាពាហ៍ពិពាហ៍។ ដូច្នេះ ដើម្បីការពារអាពាហ៍ពិពាហ៍របស់អ្នក អ្នកត្រូវតាំងចិត្ដធ្វើអ្វីទាំងពីរយ៉ាងដូចខាងក្រោមនេះ។

១ ចាត់ទុកអាពាហ៍ពិពាហ៍របស់អ្នកសំខាន់បំផុត

គម្ពីររៀបរាប់ថា: ចូរ«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភីលីព ១:១០) អាពាហ៍ពិពាហ៍របស់អ្នកគឺជាអ្វីមួយដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ ដូច្នេះ អ្នកគួរយកចិត្ដទុកដាក់ចំពោះអាពាហ៍ពិពាហ៍របស់អ្នកមុនអ្វីផ្សេងទៀត។

ព្រះយេហូវ៉ាចង់ឲ្យអ្នកផ្ដោតអារម្មណ៍ទៅលើគូរបស់អ្នក ហើយ«រស់នៅដោយអំណរ»ជាមួយគ្នា។ (សាស្តា ៩:៩) លោកបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកមិនគួរភ្លេចគូរបស់អ្នកទេ។ ផ្ទុយទៅវិញ អ្នកទាំងពីរគួររកវិធីផ្សេងដើម្បីធ្វើយ៉ាងណាឲ្យអ្នកទាំងពីរមានចិត្ដសប្បាយ។ (កូរិនថូសទី១ ១០:២៤) សូមធ្វើឲ្យគូដឹងថាអ្នកត្រូវការគាត់ ហើយឲ្យតម្លៃចំពោះគាត់។

សូមសាកធ្វើតាមយោបល់នេះ:

  • សូមចំណាយពេលជាទៀងទាត់ជាមួយនឹងគូ ហើយប្រមូលអារម្មណ៍ទៅលើគាត់ទាំងស្រុងនៅពេលនោះ

  • សូមចាំថាអ្នកត្រូវគិតអំពីគូរបស់អ្នកជានិច្ច មុននឹងធ្វើការសម្រេចចិត្ដណាមួយ កុំគិតតែអំពីខ្លួនអ្នកឡើយ

២ ការពារចិត្ដរបស់អ្នក

គម្ពីររៀបរាប់ថា: «អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្ដស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្ដរួចហើយ»។ (ម៉ាថាយ ៥:២៨) ដូច្នេះ បើអ្នកណាម្នាក់មមៃគិតអំពីការប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ នោះគាត់កំពុងតែមិនស្មោះត្រង់នឹងគូរបស់គាត់ហើយ។

ព្រះយេហូវ៉ាបានប្រាប់ថា អ្នកត្រូវ«រក្សាចិត្ដ»ការពារចិត្ដរបស់អ្នក។ (សុភាសិត ៤:២៣; យេរេមា ១៧:៩) ដើម្បីធ្វើដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្ននឹងអ្វីដែលអ្នកមើល។ (ម៉ាថាយ ៥:២៩, ៣០) សូមធ្វើតាមគំរូរបស់យ៉ូបដែលជាបុរសម្នាក់រស់នៅសម័យបុរាណ។ គាត់បានធ្វើកិច្ចសន្យានឹងភ្នែករបស់គាត់ថា គាត់នឹងមិនសម្លឹងមើលស្ដ្រីទៀតដោយមានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវទេ។ (យ៉ូប ៣១:១) សូមតាំងចិត្ដមិនមើលរូបអាសអាភាសជាដាច់ខាត។ ណាមួយទៀត សូមតាំងចិត្ដមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ក្រៅពីគូរបស់អ្នកឡើយ។

សូមសាកធ្វើតាមយោបល់នេះ:

  • សូមបង្ហាញឲ្យអ្នកទៀតឃើញច្បាស់ថា អ្នកស្មោះប្ដូរផ្ដាច់នឹងគូរបស់អ្នក

  • សូមគិតអំពីអារម្មណ៍របស់គូអ្នក ហើយប្រញាប់បញ្ឈប់រាល់ទំនាក់ទំនងណាដែលធ្វើឲ្យគូមានអារម្មណ៍មិនស្រួល