លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២

តើ​ព្រះ​ពិត​ជា​នរណា?

តើ​ព្រះ​ពិត​ជា​នរណា?

១​. ហេតុ​អ្វី​យើង​គួរ​គោរព​ប្រណិប័តន៍​ព្រះ?

ព្រះ​ពិត​គឺ​ជា​អ្នក​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ លោក​គ្មាន​ទី​ចាប់​ផ្ដើម ហើយ​ក៏​គ្មាន​ទី​បញ្ចប់​ដែរ។ (​ទំនុក​តម្កើង ៩០:២​) ដំណឹង​ល្អ​ក្នុង​គម្ពីរ​គឺ​មក​ពី​ព្រះ។ (​ធីម៉ូថេ​ទី១ ១:១១​) ដោយ​សារ​ព្រះ​ជា​អ្នក​ផ្ដល់​ជីវិត​ឲ្យ​យើង នោះ​យើង​គួរ​គោរព​ប្រណិប័តន៍​លោក​តែ​មួយ​ប៉ុណ្ណោះ។—សូម​អាន ការ​បើក​បង្ហាញ ៤:១១

២​. តើ​ព្រះ​ពិត​ជា​ព្រះ​បែប​ណា?

គ្មាន​មនុស្ស​ជាតិ​ណា​ម្នាក់​ធ្លាប់​ឃើញ​ព្រះ​នោះ​ទេ ពី​ព្រោះ​លោក​ជា​បុគ្គល​វិញ្ញាណ។ នេះ​មាន​ន័យ​ថា លោក​មាន​ជីវិត​មួយ​ប្រភេទ​ដែល​ខ្ពង់​ខ្ពស់​ជាង​ជីវិត​ទាំង​ឡាយ​ដែល​រស់​នៅ​ផែន​ដី។ (​យ៉ូហាន ១:១៨; ៤:២៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​អាច​យល់​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​ដោយ​ពិចារណា​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ជា​ឧទាហរណ៍ ពេល​យើង​ឃើញ​ផ្លែ​ឈើ​មាន​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា ហើយ​ផ្កា​ដែល​មាន​ច្រើន​យ៉ាង​ផ្សេង​គ្នា នោះ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា​របស់​លោក។ ពេល​យើង​ឃើញ​ទំហំ​នៃ​សកល​លោក នេះ​ក៏​បញ្ជាក់​ឲ្យ​យើង​ដឹង​អំពី​ឫទ្ធា​នុភាព​របស់​លោក​ដែរ។—សូម​អាន រ៉ូម ១:២០

យើង​អាច​រៀន​ច្រើន​ថែម​ទៀត​អំពី​គុណ​សម្បត្តិ​របស់​ព្រះ ដោយ​អាន​គម្ពីរ។ ជា​ឧទាហរណ៍ គម្ពីរ​ប្រាប់​យើង​អំពី​អ្វី​ដែល​លោក​ចូល​ចិត្ត និង​អ្វី​ដែល​លោក​មិន​ចូល​ចិត្ត ហើយ​ក៏​ប្រាប់​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស។ គម្ពីរ​ក៏​ប្រាប់​អំពី​អ្វី​ដែល​លោក​ធ្វើ​ក្នុង​ស្ថានការណ៍​ផ្សេង​ៗ​ដែរ។—សូម​អាន ទំនុក​តម្កើង ១០៣:៧​-​១០

៣​. តើ​ព្រះ​មាន​នាម​ឬ​ទេ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:៩​) ទោះ​ជា​ព្រះ​មាន​ងារ​ជា​ច្រើន​ក៏​ដោយ លោក​មាន​នាម​តែ​មួយ​ទេ ហើយ​តាម​ភាសា​នីមួយ​ៗ មាន​របៀប​បញ្ចេញ​សំឡេង​ខុស​ៗ​គ្នា។ ក្នុង​ភាសា​ខ្មែរ យើង​អាន​ថា​«​យេហូវ៉ា​»។—សូម​អាន ទំនុក​តម្កើង ៨៣:១៨

ក្នុង​គម្ពីរ​ជា​ច្រើន នាម​របស់​ព្រះ​បាន​ត្រូវ​ដក​ចេញ ហើយ​ដាក់​ជំនួស​វិញ​ដោយ​ពាក្យ​ព្រះ​អម្ចាស់ ឬ​ព្រះ​ជា​ម្ចាស់។ ប៉ុន្តែ ពេល​គម្ពីរ​បាន​ត្រូវ​សរសេរ នោះ​មាន​នាម​របស់​ព្រះ​ជិត​៧.០០០​ដង។ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ​ពេល​ដែល​លោក​បង្រៀន​មនុស្ស​អំពី​ព្រះ។—សូម​អាន យ៉ូហាន ១៧:២៦

សូម​មើល​វីដេអូ តើ​ព្រះ​មាន​នាម​ឬ​ទេ?

៤​. តើ​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ឬ​ទេ?

ដូច​ឪ​ពុក​ក្នុង​រូប​ភាព​នេះ អ្វី​ដែល​ព្រះ​កំពុង​ធ្វើ គឺ​ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​នៅ​ថ្ងៃ​ខាង​មុខ

ការ​ដែល​មនុស្ស​ជា​ច្រើន​រង​ទុក្ខ​វេទនា តើ​នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ឬ? មនុស្ស​ខ្លះ​និយាយ​ថា លោក​បាន​បង្កើត​ឲ្យ​មាន​ទុក្ខ​វេទនា​ដើម្បី​សាកល្បង​យើង។ ប៉ុន្តែ នេះ​មិន​មែន​ជា​រឿង​ពិត​ទេ។—សូម​អាន យ៉ាកុប ១:១៣

ព្រះ​បាន​លើក​កិត្តិយស​យើង​ដោយ​ឲ្យ​យើង​មាន​ចិត្ត​សេរី។ យើង​ពិត​ជា​រីក​រាយ​ដែល​យើង​មាន​សេរី​ភាព​ដើម្បី​សម្រេច​ចិត្ត​បម្រើ​ព្រះ មែន​ទេ? (​យ៉ូស្វេ ២៤:១៥​) ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ការ​ធ្វើ​ដូច្នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​រង​ទុក្ខ​វេទនា។ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ភាព​អយុត្តិធម៌​បែប​នេះ នោះ​ធ្វើ​ឲ្យ​លោក​ពិបាក​ចិត្ត​ណាស់។—សូម​អាន លោកុប្បត្តិ ៦:៥, ៦

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​យើង។ លោក​ចង់​ឲ្យ​យើង​មាន​ជីវិត​សប្បាយ។ បន្តិច​ទៀត លោក​នឹង​បំបាត់​ចោល​ការ​ឈឺ​ចាប់ និង​អស់​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទាំង​នោះ។ ទម្រាំ​ដល់​ពេល​នោះ លោក​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​បណ្ដោះ​អាសន្ន។ យើង​នឹង​រៀន​អំពី​មូលហេតុ​នេះ​ក្នុង​មេ​រៀន​ទី​៨។—សូម​អាន ពេត្រុស​ទី២ ២:៩; ៣:៧, ១៣

៥​. តើ​យើង​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក​តាម​រយៈ​ការ​អធិដ្ឋាន​ជម្រាប​លោក​អំពី​អ្វី​ក្នុង​ចិត្ត។ លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ។ (​ទំនុក​តម្កើង ៦៥:២; ១៤៥:១៨​) លោក​បម្រុង​តែ​នឹង​អត់​ទោស​ឲ្យ​យើង។ ទោះ​ជា​ពេល​ខ្លះ​យើង​ភ្លាត់​ធ្វើ​ខុស​ក៏​ដោយ លោក​កត់​សម្គាល់​ការ​ខំ​ប្រឹង​ព្យាយាម​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ដូច្នេះ ទោះ​ជា​យើង​មិន​ល្អ​ឥត​ខ្ចោះ តែ​យើង​ពិត​ជា​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​បាន។—សូម​អាន ទំនុក​តម្កើង ១០៣:១២​-​១៤; យ៉ាកុប ៤:៨

ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជីវិត​ឲ្យ​យើង យើង​គួរ​ស្រឡាញ់​លោក​ច្រើន​ជាង​អ្នក​ឯ​ទៀត។ (​ម៉ាកុស ១២:៣០​) កាល​ដែល​លោក​អ្នក​បង្ហាញ​ថា​លោក​អ្នក​ស្រឡាញ់​ព្រះ​ដោយ​រៀន​កាន់​តែ​ច្រើន​អំពី​លោក និង​ដោយ​ធ្វើ​តាម​បង្គាប់​លោក នោះ​លោក​អ្នក​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​ថែម​ទៀត។—សូម​អាន ធីម៉ូថេ​ទី១ ២:៤; យ៉ូហាន​ទី១ ៥:៣