សៀវភៅម៉ាកុស ១២:១-៤៤

  • ឧទាហរណ៍​អំពី​កសិករ​ដែល​ជា​ឃាតករ (​១​-​១២)

  • ព្រះ​និង​សេសារ (​១៣​-​១៧)

  • សំណួរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ (​១៨​-​២៧)

  • បញ្ញត្ដិ​ពីរ​ដ៏​សំខាន់ (​២៨​-​៣៤)

  • តើ​គ្រិស្ត​ជា​បុត្រ​របស់​ដាវីឌ​ឬ? (​៣៥​-​៣៧​ក)

  • ការ​ព្រមាន​អំពី​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ (​៣៧ខ​-​៤០)

  • កាក់​ពីរ​របស់​ស្ត្រី​មេម៉ាយ​ក្រី​ក្រ (​៤១​-​៤៤)

១២  ក្រោយ​មក លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ ដោយ​ប្រើ​ឧទាហរណ៍​ថា​៖ ​«​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ+ ក៏​បាន​ព័ទ្ធ​របង និង​ជីក​កន្លែង​សម្រាប់​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ហើយ​សង់​ប៉ម​មួយ+ រួច​ប្រវាស់​ចម្ការ​នោះ​ឲ្យ​ពួក​កសិករ។ បន្ទាប់​មក បុរស​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។+ ២  លុះ​ដល់​រដូវ​ផ្លែ​ទុំ គាត់​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​កសិករ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​គេ។ ៣  ប៉ុន្តែ ពួក​កសិករ​បាន​ចាប់ខ្ញុំ​បម្រើ​នោះ វាយ​ដំ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ៤  ក្រោយ​មក បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួក​កសិករ​ម្ដង​ទៀត តែ​ពួក​គេ​វាយ​ក្បាល​អ្នក​នោះ ហើយ​ប្រមាថ​មើល​ងាយ​គាត់។+ ៥  រួច​បុរស​នោះ​បាន​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត តែ​ពួក​កសិករ​សម្លាប់​អ្នក​នោះ​ចោល។ បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ជា​ច្រើន​នាក់​ទៀត​ឲ្យ​ទៅ តែ​អ្នក​ខ្លះ​ត្រូវ​ពួក​កសិករ​វាយ​ដំ ហើយ​ខ្លះ​ទៀត​ត្រូវ​ពួក​គេ​សម្លាប់។ ៦  បុរសនោះ​មាន​កូន​ប្រុស​ម្នាក់​ដែល​គាត់​ស្រឡាញ់​ខ្លាំង​ណាស់។+ ក្រោយ​បង្អស់ គាត់​ក៏​ចាត់​កូន​ប្រុស​នោះ​ឲ្យ​ទៅ ដោយ​ពោល​ថា​៖ ‹ពួក​គេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ›។ ៧  ប៉ុន្តែ កសិករ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។+ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់ រួច​មត៌ក​នេះ​នឹង​ក្លាយ​ជា​របស់​យើង›។ ៨  ដូច្នេះ ពួក​គេ​ចាប់​កូន​ប្រុស​នោះ ហើយ​សម្លាប់​ចោល រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។+ ៩  តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​យ៉ាង​ណា? គាត់​នឹង​មក​សម្លាប់​កសិករ​ទាំង​នោះ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ផ្សេង​ទៀត។+ ១០  តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ‹ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត›*ទេ​ឬ?+ ១១  តើ​មិន​ធ្លាប់​អាន​ទេ​ឬ​ថា​៖ ‹ព្រះ​យេហូវ៉ា*បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង ហើយ​នោះ​ជា​ការ​អស្ចារ្យ​ចំពោះ​យើង›?​»។+ ១២  ឮ​ដូច្នេះ ពួក​គេ​ចង់​ចាប់​លោក ព្រោះ​ពួក​គេ​ដឹង​ថា​លោក​លើក​ឧទាហរណ៍​នេះ​សំដៅ​លើ​ពួក​គេ។ ប៉ុន្តែ ដោយ​សារ​ខ្លាច​បណ្ដា​ជន ពួក​គេ​បាន​ចេញ​ពី​លោក​ទៅ។+ ១៣  បន្ទាប់​មក ពួក​គេ​ចាត់​ផារិស៊ី​ខ្លះ និង​អ្នក​គាំទ្រ​ខ្លះ​របស់​ហេរ៉ូឌ ឲ្យ​ទៅ​និយាយ​ជា​មួយ​នឹង​លោក ដើម្បី​រក​ហេតុ​ចោទ​ប្រកាន់​លោក។+ ១៤  ពេល​ទៅ​ដល់ អ្នក​ទាំង​នោះ​ក៏​សួរ​លោក​ថា​៖ ​«​លោក​គ្រូ! យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​ជា​សេចក្ដី​ពិត ហើយ​មិន​ផ្គាប់​ផ្គុន​អ្នក​ណា​ឡើយ ពី​ព្រោះ​លោក​មិន​ចាប់​អារម្មណ៍​នឹង​សម្បក​ក្រៅ​របស់​អ្នក​ណា​ទេ តែ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ។ សូម​ប្រាប់​យើង តើ​មាន​ច្បាប់​ឲ្យ​បង់​ពន្ធ​ជូន​សេសារ*ឬ​ទេ?* ១៥  តើ​យើង​ត្រូវ​បង់​ពន្ធ​ឬ​មិន​ត្រូវ​បង់?​»។ ប៉ុន្តែ លោក​ជ្រាប​អំពី​ពុត​ត្បុត​របស់​ពួក​គេ។ លោក​ក៏​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​ល្បង​មើល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​ឌីណារី*មួយ​មក​បង្ហាញ​ខ្ញុំ​»។ ១៦  ពួក​គេ​យក​ប្រាក់​ឌីណារី​មួយ​មក រួច​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ ១៧  លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ+ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។+ រួច​ពួក​គេ​កោត​ស្ងើច​នឹង​លោក។ ១៨  បន្ទាប់​មក ពួក​សាឌូស៊ី​ដែល​ជា​អ្នក​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ បាន​មក​សួរ​លោក​ថា​៖+ ១៩  ​«​លោក​គ្រូ! ម៉ូសេ​បាន​សរសេរ​បង្គាប់​យើង​ថា បើ​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ ហើយ​មិន​មាន​កូន​ទេ នោះ​បង​ឬ​ប្អូន​ប្រុស​របស់​គាត់​គួរ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​បង​ឬ​ប្អូន​ដែល​បាន​ស្លាប់​ទៅ។+ ២០  មាន​បង​ប្អូន​ប្រុស​៧​នាក់។ បង​ច្បង​បាន​រៀប​ការ តែ​ពេល​ស្លាប់​ទៅ គាត់​មិន​មាន​កូន​ទេ។ ២១  រួច​មក ប្អូន​បន្ទាប់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ តែ​ពេល​ស្លាប់​ទៅ គាត់​ក៏​គ្មាន​កូន​ដែរ។ ប្អូន​ទី​២​ក៏​ដូច្នេះ​ដែរ។ ២២  បង​ប្អូន​ទាំង​៧​នាក់​នោះ​មិន​មាន​កូន​សោះ។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ២៣  នៅ​ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ថា​បង​ប្អូន​ទាំង​៧​នាក់​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​»។ ២៤  លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​គឺ​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​យល់​ខុស ពី​ព្រោះ​អ្នក​មិន​ស្គាល់​បទ​គម្ពីរ ហើយ​ក៏​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។+ ២៥  ពេល​ដែល​មនុស្ស​រស់​ឡើង​វិញ បុរស​និង​ស្ត្រី​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ តែ​ពួក​គេ​គឺ​ដូច​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ។+ ២៦  ប៉ុន្តែ ស្ដី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​ដែល​ម៉ូសេ​បាន​សរសេរ​អំពី​គុម្ព​បន្លា​ទេ​ឬ ពេល​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›?+ ២៧  លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​»។+ ២៨  ពេល​នោះ មាន​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​កំពុង​ស្ដាប់​ពួក​គេ​ជជែក​ជា​មួយ​នឹង​លោក។ គាត់​ឃើញ​ថា​លោក​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​យ៉ាង​ល្អ​ប្រសើរ។ ដូច្នេះ គាត់​សួរ​លោក​ថា​៖ ​«​តើ​បញ្ញត្ដិ​មួយ​ណា​ជា​បញ្ញត្ដិ​ទី​១?​»។+ ២៩  លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​បញ្ញត្ដិ​ទី​១​គឺ ‹ឱ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់! ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​យើង គឺ​ព្រះ​យេហូវ៉ា*តែ​មួយ​ប៉ុណ្ណោះ។ ៣០  អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត* អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ›។+ ៣១  បញ្ញត្ដិ​ទី​២​គឺ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›។+ គ្មាន​បញ្ញត្ដិ​ណា​សំខាន់​ជាង​បញ្ញត្ដិ​ទាំង​នេះ​ឡើយ​»។ ៣២  អ្នក​ជំនាញ​ខាង​ច្បាប់​នោះ​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ! លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​សម​ស្រប​តាម​សេចក្ដី​ពិត​ថា​៖ ‹មាន​ព្រះ​តែ​មួយ​ទេ ហើយ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ›។+ ៣៣  ម្យ៉ាង​ទៀត បើ​មនុស្ស​ម្នាក់​ស្រឡាញ់​ព្រះ​អស់​ពី​ដួង​ចិត្ត អស់​ពី​សមត្ថភាព​យល់​ដឹង និង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​មាន​តម្លៃ​ជាង​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត​ទាំង​អស់​»។+ ៣៤  ឮ​ដូច្នេះ លោក​យេស៊ូ​ជ្រាប​ថា​គាត់​បាន​ឆ្លើយ​ដោយ​ប្រាជ្ញា ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​នៅ​មិន​ឆ្ងាយ​ពី​រាជាណាចក្រ​របស់​ព្រះ​ទេ​»។ រួច​គ្មាន​អ្នក​ណា​ហ៊ាន​សួរ​លោក​ត​ទៅ​ទៀត​ឡើយ។+ ៣៥  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បន្ត​បង្រៀន​ក្នុង​វិហារ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បង្រៀន​ថា​គ្រិស្ត​ជា​បុត្រ​របស់​ដាវីឌ?+ ៣៦  ប៉ុន្តែ ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ+ ដាវីឌ​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›។+ ៣៧  បើ​ដាវីឌ​បាន​ហៅ​លោក​ថា​លោក​ម្ចាស់ នោះ​តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។+ បណ្ដា​ជន​មួយ​ក្រុម​ធំ​ពេញ​ចិត្ត​ស្ដាប់​អ្វី​ដែល​លោក​មាន​ប្រសាសន៍។  ៣៨  រួច​លោក​បង្រៀន​ត​ទៅ​ទៀត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល​ចូល​ចិត្ត​ពាក់​អាវ​ផាយ​ដើរ​ចុះ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​មនុស្ស​ជម្រាប​សួរ បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ឯ​ផ្សារ+ ៣៩  ព្រម​ទាំង​ចូល​ចិត្ត​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ពេល​ពិសា​ភោជនាហារ ពួក​គេ​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ។+ ៤០  ពួក​គេ​ប្រវ័ញ្ច​យក​ផ្ទះ*របស់​ស្ត្រី​មេម៉ាយ ហើយ​អធិដ្ឋាន​យ៉ាង​យូរ​ដើម្បី​ឲ្យ​មនុស្ស​កោត​ស្ងើច។ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់​ជាង​អ្នក​ឯ​ទៀត​»។ ៤១  រួច​មក លោក​អង្គុយ​នៅ​ទល់​មុខ​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់+ ហើយ​សង្កេត​មើល​បណ្ដា​ជន​មក​ដាក់​កាក់​ក្នុង​ប្រដាប់​ទាំង​នោះ។ ពួក​អ្នក​មាន​ជា​ច្រើន​នាក់​បាន​ដាក់​កាក់​ជា​ច្រើន។+ ៤២  ពេល​នោះ មាន​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​មក​ដាក់​កាក់​តូច​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់។*+ ៤៣  ម្ល៉ោះ​ហើយ លោក​ហៅ​ពួក​អ្នក​កាន់​តាម​ឲ្យ​មក​ឯ​លោក រួច​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ស្ត្រី​មេម៉ាយ​ក្រី​ក្រ​មួយ​រូប​នេះ បាន​ដាក់​ច្រើន​ជាង​ពួក​គេ​ទាំង​អស់​ដែល​មក​ដាក់​ក្នុង​ប្រដាប់​ដាក់​កាក់+ ៤៤  ព្រោះ​ពួក​គេ​បាន​ដាក់​ប្រាក់​សំណល់​របស់​ខ្លួន។ ចំណែក​នាង​វិញ ពិត​មែន​តែ​នាង​ខ្វះ​ខាត ប៉ុន្តែ​នាង​បាន​ដាក់​ប្រាក់​ទាំង​អស់ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត​»។+

កំណត់សម្គាល់

សំដៅ​លើ​ដុំ​ថ្ម​ដែល​ដាក់​នៅ​ជំនួប​ជញ្ជាំង​ពីរ​នៅ​កែង​ឬ​ជ្រុង​សំណង់
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​អធិរាជ​»​
ឬ​«​តើ​ការ​បង់​ពន្ធ​ជូន​សេសារ​ជា​ការ​ត្រឹម​ត្រូវ​ទេ?​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ទ្រព្យ​សម្បត្តិ​»​
ន័យ​ត្រង់​«​ពីរ​ឡិបតា ស្មើ​នឹង​មួយ​ខ្វាដ្រាន​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤