សកម្មភាពរបស់ពួកសាវ័ក ៣:១-២៦

  • ពេត្រុស​ធ្វើ​ឲ្យ​បុរស​ខ្វិន​ដែល​ជា​អ្នក​សុំ​ទាន​បាន​ជា​សះ​ស្បើយ (​១​-​១០)

  • សុន្ទរកថា​របស់​ពេត្រុស​នៅ​ល្វែង​សាឡូម៉ូន (​១១​-​២៦)

    • «​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»​ (​២១)

    • អ្នក​ប្រកាស​ទំនាយ​ដូច​ម៉ូសេ (​២២)

 ថ្ងៃ​មួយ នៅ​ម៉ោង​ទី​៩*ដែល​ជា​ម៉ោង​អធិដ្ឋាន ពេត្រុស​និង​យ៉ូហាន​កំពុង​ឡើង​ទៅ​ឯ​វិហារ ២  ហើយ​បុរស​ម្នាក់​ដែល​ខ្វិន​តាំង​ពី​កំណើត កំពុង​ត្រូវ​គេ​សែង​មក។ ជា​រៀង​រាល់​ថ្ងៃ គេ​ដាក់​គាត់​នៅ​ជិត​ទ្វារ​វិហារ​ដែល​ហៅ​ថា​ទ្វារលម្អ ដើម្បី​គាត់​អាច​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​វិហារ។ ៣  ពេល​ដែល​គាត់​ក្រឡេក​ទៅ​ឃើញ​ពេត្រុស​និង​យ៉ូហាន​ហៀប​នឹង​ចូល​វិហារ គាត់​ចាប់​ផ្ដើម​សុំ​ទាន​ពី​ពួក​គាត់។ ៤  ប៉ុន្តែ ពេត្រុស​និង​យ៉ូហាន​សម្លឹង​មើល​គាត់ ហើយ​ពេត្រុស​និយាយ​ថា​៖ ​«​សូម​មើល​មក​យើង​»។ ៥  ដូច្នេះ បុរស​នោះ​ក៏​សម្លឹង​មើល​ពួក​គាត់ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទាន​ពី​ពួក​គាត់។ ៦  ក៏​ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ​«​មាស​និង​ប្រាក់​ខ្ញុំ​មិន​មាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​នឹង​ឲ្យ​អ្នក។ ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត​ពី​ក្រុង​ណាសារ៉ែត ចូរ​ដើរ​ទៅ​ចុះ!​»។+ ៧  រួច​ពេត្រុស​ក៏​ចាប់​ដៃ​ស្ដាំ​របស់​បុរស​នោះ ហើយ​លើក​គាត់​ឡើង។+ រំពេច​នោះ ជើង​និង​ក​ជើង​របស់​បុរស​នោះ​បាន​មាំ​ឡើង។+ ៨  គាត់​ស្ទុះ​ឈរ+ ចាប់​ផ្ដើម​ដើរ រួច​ចូល​ក្នុង​វិហារ​ជា​មួយ​នឹង​ពួក​គាត់ ដោយ​ដើរ​ផង លោត​ផង ហើយ​សរសើរ​ព្រះ​ផង។ ៩  បណ្ដា​ជន​ទាំង​ឡាយ​បាន​ឃើញ​គាត់​កំពុង​ដើរ​ទាំង​សរសើរ​ព្រះ។ ១០  ពេល​ពួក​គេ​ដឹង​ថា​គាត់​ជា​បុរស​ដែល​ធ្លាប់​អង្គុយ​សុំ​ទាន​នៅ​ទ្វារលម្អ​នៃ​វិហារ+ នោះ​ពួក​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក៏​រំភើប​ចិត្ត​ក្រៃ​លែង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គាត់។ ១១  កាល​ដែល​បុរស​នោះ​កំពុង​តោង​ពេត្រុស​និង​យ៉ូហាន មនុស្ស​ទាំង​ឡាយ​បាន​រត់​មក​ឯ​ពួក​គាត់​នៅ​ល្វែង​សាឡូម៉ូន+ ដោយ​ភ្ញាក់​ផ្អើល​ហួស​ប្រមាណ។ ១២  ពេល​ឃើញ​ដូច្នេះ ពេត្រុស​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​ជន​ជាតិ​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ្ញាក់​ផ្អើល​អំពី​រឿង​នេះ? ហេតុ​អ្វី​អ្នក​រាល់​គ្នា​សម្លឹង​មើល​យើង​ដូច​ជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ ដោយ​សារ​ឫទ្ធានុភាព​របស់​យើង​ផ្ទាល់ ឬ​ដោយ​សារ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ? ១៣  ព្រះ​របស់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប+ ជា​ព្រះ​នៃ​ពួក​បុព្វ​បុរស​របស់​យើង បាន​តម្កើង​អ្នក​បម្រើ​របស់​លោក+ គឺ​លោក​យេស៊ូ+ ដែល​អ្នក​រាល់​គ្នា​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស+ ក៏​មិន​ទទួល​ស្គាល់​លោក​នៅ​មុខ​ពីឡាត ទោះ​ជា​គាត់​បាន​សម្រេច​ចិត្ត​ដោះ​លែង​លោក​ក៏​ដោយ។ ១៤  អ្នក​រាល់​គ្នា​មិន​ទទួល​ស្គាល់​លោក​ដែល​បរិសុទ្ធ​និង​សុចរិត​នោះ​ទេ តែ​បែរ​ជា​សុំ​ឲ្យ​ដោះ​លែង​បុរស​ម្នាក់​ដែល​ជា​ឃាតករ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​វិញ។+ ១៥  រីឯ​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត+ អ្នក​រាល់​គ្នា​បាន​សម្លាប់​ចោល។ ប៉ុន្តែ ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​យើង​ជា​សាក្សី​អំពី​ការ​ពិត​នោះ។+ ១៦  បុរស​នេះ​ដែល​អ្នក​រាល់​ឃើញ​និង​ស្គាល់ បាន​ត្រូវ​ធ្វើ​ឲ្យ​មាំ​មួន​ឡើង​វិញ ដោយ​សារ​នាម​របស់​លោក និង​ដោយ​សារ​ជំនឿ​របស់​យើង​លើ​នាម​របស់​លោក។ ជំនឿ​ដែល​យើង​មាន​លើ​លោក បាន​ធ្វើ​ឲ្យ​បុរស​នេះ​ជា​ទាំង​ស្រុង​នៅ​មុខ​អ្នក​រាល់​គ្នា។ ១៧  បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន+ ដូច​ពួក​អ្នក​គ្រប់​គ្រង​របស់​អ្នក​រាល់​គ្នា​ដែរ។+ ១៨  ប៉ុន្តែ ព្រះ​បាន​ឲ្យ​ការ​នេះ​កើត​ឡើង​ដើម្បី​សម្រេច​តាម​សេចក្ដី​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន តាម​រយៈ​មាត់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ថា គ្រិស្ត​របស់​ព្រះ​នឹង​រង​ទុក្ខ។+ ១៩  ​«​ដូច្នេះ ចូរ​ប្រែ​ចិត្ត+ ហើយ​វិល​មក​វិញ​ចុះ+ ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ត្រូវ​លុប​ចោល។+ យ៉ាង​នេះ ព្រះ​យេហូវ៉ា*នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ២០  រួច​ព្រះ​នឹង​ចាត់​គ្រិស្ត​ឲ្យ​មក ជា​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​សម្រាប់​អ្នក​រាល់​គ្នា គឺ​លោក​យេស៊ូ។ ២១  លោក​យេស៊ូ​ត្រូវ​នៅ​ស្ថាន​សួគ៌​រហូត​ដល់​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ ដូច​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​មាត់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដ៏​បរិសុទ្ធ​របស់​លោក​នៅ​សម័យ​បុរាណ។ ២២  តាម​ការ​ពិត ម៉ូសេ​បាន​និយាយ​ថា​៖ ‹ពី​ចំណោម​បង​ប្អូន​របស់​អ្នក ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ប្រាប់​អ្នក​រាល់​គ្នា។+ ២៣  អ្នក​ណា​ដែល​មិន​ស្ដាប់​អ្នក​ប្រកាស​ទំនាយ​នោះ អ្នក​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ពី​ចំណោម​បណ្ដា​ជន›។+ ២៤  ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​គ្នា ចាប់​តាំង​ពី​សាំយូអែល​រៀង​មក ក៏​បាន​ប្រកាស​ជា​ចំហ​អំពី​គ្រា​នេះ​ដែរ។+ ២៥  អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ និង​ជា​អ្នក​ដែល​ទទួល​មត៌ក​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា+ ដូច​លោក​បាន​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ថា​៖ ‹តាម​រយៈ​ពូជ​ពង្ស​របស់​អ្នក គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​នឹង​ទទួល​ពរ›។+ ២៦  ក្រោយ​ពី​ព្រះ​បាន​តែង​តាំង​អ្នក​បម្រើ​របស់​លោក នោះ​លោក​ក៏​ចាត់​អ្នក​នោះ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​មុន​គេ+ ដើម្បី​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ជួយ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ឲ្យ​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​»។

កំណត់សម្គាល់

ប្រហែល​ជា​ម៉ោង​បី​រសៀល
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥