សកម្មភាពរបស់ពួកសាវ័ក ១០:១-៤៨

  • កូនេលាស​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត (​១​-​៨)

  • ពេត្រុស​ឃើញ​ក្នុង​គំនិត​អំពី​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ (​៩​-​១៦)

  • ពេត្រុស​ទៅ​ជួប​កូនេលាស (​១៧​-​៣៣)

  • ពេត្រុស​ប្រកាស​ដំណឹង​ល្អ​ដល់​ជន​ជាតិ​ដទៃ (​៣៤​-​៤៣)

    • «​ព្រះ​មិន​រើស​មុខ​ទេ​»​ (​៣៤, ៣៥)

  • ជន​ជាតិ​ដទៃ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ និង​ទទួល​ការ​ជ្រមុជ​ទឹក (​៤៤​-​៤៨)

១០  នៅ​ក្រុង​សេសារៀ មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន*ក្នុង​កង​ទ័ព​ហៅ​ថា កង​ទ័ព​អ៊ីតាលី។* ២  គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ។ គាត់​ធ្វើ​ទាន​ជា​ច្រើន​ដល់​បណ្ដា​ជន ហើយ​ក៏​អធិដ្ឋាន​អង្វរ​ព្រះ​ជា​និច្ច។ ៣  នៅ​ថ្ងៃ​មួយ​ប្រហែល​ជា​ម៉ោង​ទី​៩*+ គាត់​ឃើញ​ទេវតា​មួយ​រូប​របស់​ព្រះ​យ៉ាង​ច្បាស់​ក្នុង​គំនិត ហើយ​ទេវតា​នោះ​ចូល​មក​ជិត​គាត់ រួច​និយាយ​ថា​៖ ​«​កូនេលាស!​»។ ៤  កូនេលាស​សម្លឹង​មើល​ទេវតា​ទាំង​ភ័យ​ខ្លាច ហើយ​សួរ​ថា​៖ ​«​តើ​លោក​ម្ចាស់​មាន​ការ​អ្វី?​»។ ទេវតា​និយាយ​ទៅ​កូនេលាស​ថា​៖ ​«​ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ក៏​បាន​កត់​សម្គាល់ ហើយ​ចាំ​ការ​ដែល​អ្នក​បាន​ធ្វើ​ទាន​ដល់​ជន​ក្រី​ក្រ។+ ៥  ដូច្នេះ ចូរ​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា ដើម្បី​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក។ ៦  បុរស​នេះ​ជា​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​ជា​អ្នក​កែ​ច្នៃ​ស្បែក ហើយ​ស៊ីម៉ូន​មាន​ផ្ទះ​នៅ​ក្បែរ​មាត់​សមុទ្រ​»។ ៧  កាល​ទេវតា​ដែល​និយាយ​ជា​មួយ​នឹង​គាត់​បាន​ចេញ​ទៅ​ផុត គាត់​ហៅ​អ្នក​បម្រើ​ពីរ​នាក់​និង​កូន​ទាហាន​ម្នាក់​ដែល​ជា​អ្នក​គោរព​ព្រះ ពី​ចំណោម​ពួក​អ្នក​ដែល​នៅ​បម្រើ​គាត់​ជា​ប្រចាំ ឲ្យ​មក​ជួប​គាត់ ៨  ហើយ​គាត់​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​ហេតុ​ការណ៍​ទាំង​អស់ រួច​ចាត់​ពួក​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា។ ៩  លុះ​ស្អែក​ឡើង កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង នោះ​ពេត្រុស​បាន​ឡើង​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិដ្ឋាន នៅ​ប្រហែល​ម៉ោង​ទី​៦។* ១០  ក្រោយ​មក គាត់​ក៏​ឃ្លាន​ខ្លាំង ហើយ​ចង់​បរិភោគ។ កាល​ដែល​គេ​កំពុង​រៀបចំ​អាហារ ស្រាប់​តែ​គាត់​លង់​ស្មារតី​ឃើញ​អ្វី​មួយ​ក្នុង​គំនិត។+ ១១  គាត់​ឃើញ​មេឃ​បើក​ឡើង ហើយ​ឃើញ​អ្វី​មួយ*ដែល​មើល​ទៅ​ដូច​ជា​ផ្ទាំង​ក្រណាត់​ធំ​មួយ​ដែល​បាន​ត្រូវ​ចង​ចុង​ជាយ​ទាំង​បួន កំពុង​ចុះ​មក​ដី ១២  ហើយ​ក្នុង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​ជា​សត្វ​ជើង​បួន សត្វ​លូន​វារ​នៅ​លើ​ដី និង​សត្វ​ហើរ​លើ​អាកាស។ ១៣  រួច​មក មាន​សំឡេង​មួយ​បន្លឺ​ទៅ​កាន់​គាត់​ថា​៖ ​«​ពេត្រុស! ចូរ​ក្រោក​ឡើង ហើយ​សម្លាប់ រួច​បរិភោគ​ទៅ!​»។ ១៤  ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ​«​ទេ លោក​ម្ចាស់ ពី​ព្រោះ​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ឡើយ​»។+ ១៥  សំឡេង​នោះ​បន្លឺ​ទៅ​គាត់​ម្ដង​ទៀត ជា​លើក​ទី​២​ថា​៖ ​«​ឈប់​ហៅ​អ្វី​ៗ​ដែល​ព្រះ​បាន​សម្អាត ថា​មិន​ស្អាត​ឡើយ​»។ ១៦  សំឡេង​នោះ​បន្លឺ​ជា​លើក​ទី​៣​ទៅ​កាន់​គាត់ រួច​អ្វី​នោះ​បាន​ត្រូវ​លើក​ឡើង​ទៅ​លើ​មេឃ​វិញ។ ១៧  កាល​ដែល​ពេត្រុស​កំពុង​ងឿង​ឆ្ងល់​ក្នុង​ចិត្ត​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត ស្រាប់​តែ​បុរស​ទាំង​ប៉ុន្មាន​ដែល​កូនេលាស​បាន​ចាត់​ឲ្យ​មក កំពុង​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន កាល​ដែល​ពួក​គេ​ឈរ​នៅ​ក្បែរ​របង​ផ្ទះ។+ ១៨  ពួក​គេ​ស្រែក​សួរ​ឲ្យ​ដឹង​ថា​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​កំពុង​ស្នាក់​នៅ​ទី​នោះ​ឬ​ទេ។ ១៩  កាល​ដែល​ពេត្រុស​បន្ត​រំពឹង​គិត​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត នោះ​ឫទ្ធានុភាព​របស់​ព្រះ+បាន​និយាយ​ថា​៖ ​«​មើល! បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក។ ២០  ដូច្នេះ ចូរ​ក្រោក​ឡើង ចុះ​ទៅ​ក្រោម ហើយ​ទៅ​ជា​មួយ​នឹង​ពួក​គេ កុំ​សង្ស័យ​ឡើយ ព្រោះ​ខ្ញុំ​បាន​ចាត់​ពួក​គេ​ឲ្យ​មក​»។ ២១  រួច​ពេត្រុស​ក៏​ចុះ​ទៅ​ឯ​បុរស​ទាំង​នោះ ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​រាល់​គ្នា​មក​ទី​នេះ​មាន​ការ​អ្វី?​»។ ២២  ពួក​គេ​និយាយ​ថា​៖ ​«​មាន​នាយ​ទាហាន​ម្នាក់​ឈ្មោះ​កូនេលាស+ ដែល​ជា​មនុស្ស​សុចរិត​និង​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​គាត់​ជា​អ្នក​ដែល​ជនជាតិ​យូដា​សរសើរ​គ្រប់​ៗ​គ្នា។ ព្រះ​បាន​ណែនាំ​គាត់​តាម​រយៈ​ទេវតា​បរិសុទ្ធ​មួយ​រូប ឲ្យ​ចាត់​មនុស្ស​មក​សុំ​អ្នក​ឲ្យ​ទៅ​ផ្ទះ​របស់​គាត់ ដើម្បី​គាត់​អាច​ស្ដាប់​អ្វី​ដែល​អ្នក​នឹង​និយាយ​»។ ២៣  ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​ពួក​គេ​ចូល​ក្នុង​ផ្ទះ ហើយ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់។ លុះ​ថ្ងៃ​ស្អែក គាត់​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ​ជា​មួយ​នឹង​ពួក​គេ។ បង​ប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉ា​ក៏​បាន​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ២៤  នៅ​ថ្ងៃ​បន្ទាប់​ពី​នោះ គាត់​ចូល​ក្រុង​សេសារៀ។ កូនេលាស​កំពុង​រង់​ចាំ​ពួក​គាត់ ហើយ​បាន​ហៅ​ញាតិ​សន្ដាន​និង​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ឲ្យ​មក​ជុំ​គ្នា។ ២៥  កាល​ពេត្រុស​ចូល​មក​ដល់ កូនេលាស​បាន​ចូល​ទៅ​ជិត រួច​លំឱន​កាយ​គោរព​នៅ​ទាប​ជើង​គាត់។ ២៦  ប៉ុន្តែ ពេត្រុស​បាន​លើក​គាត់​ឡើង ដោយ​និយាយ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​»។+ ២៧  កាល​ដែល​ពួក​គាត់​សន្ទនា​បណ្ដើរ ហើយ​ដើរ​ចូល​ក្នុង​ផ្ទះ​បណ្ដើរ នោះ​ពេត្រុស​ឃើញ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួប​ជុំ​គ្នា។ ២៨  ពេត្រុស​ក៏​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ជនជាតិ​យូដា​គ្មាន​ច្បាប់​ចូល​ទៅ​ជិត​ឬ​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ​ទេ។+ ប៉ុន្តែ ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ហៅ​មនុស្ស​ណា​ម្នាក់​ថា​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ឡើយ។+ ២៩  ដូច្នេះ ពេល​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ដោយ​មិន​ជំទាស់​ទេ។ ម្ល៉ោះ​ហើយ ខ្ញុំ​សូម​សួរ​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ហៅ​ខ្ញុំ​មក​»។ ៣០  រួច​កូនេលាស​និយាយ​ថា​៖ ​«​បួន​ថ្ងៃ​មុន​នៅ​ម៉ោង​ថ្មើរ​នេះ ខ្ញុំ​កំពុង​អធិដ្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ គឺ​នៅ​ម៉ោង​ទី​៩* ស្រាប់​តែ​បុរស​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់ភ្លឺត្រចះ​បាន​ឈរ​នៅ​មុខ​ខ្ញុំ ៣១  ហើយ​និយាយ​ថា​៖ ‹កូនេលាស ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ក៏​ចាំ​ទាន​ដែល​អ្នក​បាន​ធ្វើ​ដែរ។ ៣២  ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅក្រុង​យ៉ុបប៉ា ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក។ បុរស​នេះ​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​ជា​អ្នក​កែ​ច្នៃ​ស្បែក ហើយ​ស៊ីម៉ូន​មាន​ផ្ទះ​នៅ​ក្បែរ​មាត់​សមុទ្រ›។+ ៣៣  ហេតុ​នេះ ភ្លាម​ៗ​ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក ហើយ​ជា​ការ​ល្អ​ណាស់​ដែល​អ្នក​បាន​មក​ទី​នេះ។ ដូច្នេះ ឥឡូវ​នេះ​យើង​ទាំង​អស់​នៅ​ជុំ​គ្នា​ចំពោះ​មុខ​ព្រះ ដើម្បី​ស្ដាប់​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា*បាន​បង្គាប់​អ្នក​ឲ្យ​និយាយ​»។ ៣៤  ពេល​ឮ​ដូច្នេះ ពេត្រុស​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​យល់​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ទេ។+ ៣៥  ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាចលោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ។+ ៣៦  លោក​បាន​ផ្ញើ​បណ្ដាំ​ទៅ​ពួក​កូន​អ៊ីស្រាអែល ដើម្បី​ប្រកាស​ប្រាប់​ពួក​គេ​នូវ​ដំណឹង​ល្អ​ស្ដី​អំពី​សន្តិភាព+តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​ម្ចាស់​លើ​មនុស្ស​ទាំង​អស់។+ ៣៧  អ្នក​រាល់គ្នាដឹង​អំពី​រឿង​ដែល​គេ​បាន​និយាយ​ពេញ​តំបន់​យូឌា​ចាប់​ពី​ស្រុកកាលីឡេ+ បន្ទាប់​ពី​យ៉ូហាន​បាន​ផ្សព្វ​ផ្សាយ​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក ៣៨  ពោល​គឺ​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត និង​អំពី​ការ​ដែល​ព្រះ​បាន​រើស​តាំង​លោក​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ+និង​ឫទ្ធិ​អំណាច។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេកំណាច*បៀត​បៀន​បាន​ជា​សះ​ស្បើយ+ ពី​ព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក។+ ៣៩  យើង​ជា​សាក្សី​អំពី​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​នៅ​ស្រុក​របស់​ជនជាតិ​យូដា​និង​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ពួក​គេ​បាន​សម្លាប់​លោក​ដោយ​ព្យួរ​នឹង​បង្គោល​ឈើ។ ៤០  ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣+ ហើយ​បាន​អនុញ្ញាត​ឲ្យ​លោក​បង្ហាញ​ខ្លួន ៤១  មិន​មែន​ដល់​បណ្ដា​ជន​ទាំង​អស់​ទេ តែ​ឲ្យបង្ហាញ​ខ្លួន​ដល់​ពួក​សាក្សី​ដែល​ព្រះ​បាន​តែង​តាំង​ទុក​ជា​មុន គឺ​ពួក​យើង​ដែល​បាន​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​លោក បន្ទាប់​ពី​លោក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។+ ៤២  ម្យ៉ាង​ទៀត លោក​បាន​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់+ថា គឺ​លោក​ហើយ​ដែល​ព្រះ​បាន​ចេញ​បង្គាប់​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​នៃ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។+ ៤៣  ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក+ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​លើ​លោក ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ដោយ​នូវ​នាម​របស់​លោក​»។+ ៤៤  កាល​ដែល​ពេត្រុស​កំពុង​និយាយ​អំពី​ការ​ទាំង​នេះ នោះ​អស់​អ្នក​ដែល​កំពុង​ស្ដាប់​បណ្ដាំ​របស់​ព្រះ​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ។+ ៤៥  ឯ​ពួក​អ្នក​ជឿ*ដែលបាន​មក​ជា​មួយ​នឹង​ពេត្រុស គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​កាត់​ចុង​ស្បែក*បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពី​ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​ជា​អំណោយ​ទាន​ពី​ព្រះ កំពុង​ត្រូវ​ចាក់​ទៅ​លើ​ជន​ជាតិ​ដទៃ​ផង​ដែរ ៤៦  ព្រោះ​ពួក​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ផ្សេង​ៗ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះ។+ ពេល​នោះ​ពេត្រុស​តប​ថា​៖ ៤៧  ​«​តើ​មាន​អ្នក​ណា​អាច​ហាម​អ្នក​ទាំង​នេះ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក+ ក្រោយ​ពី​ពួក​គេ​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ដូច​យើង​ដែរ?​»។ ៤៨  លុះ​និយាយ​ចប់ ពេត្រុស​បង្គាប់​ពួក​គេ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត។+ រួច​មក ពួក​គេ​សុំ​គាត់​ឲ្យ​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គេ​មួយ​រយៈ។

កំណត់សម្គាល់

ឬ​«​មេ​ទាហាន​»​ដែល​ត្រួត​ត្រា​លើ​ទាហាន​១០០​នាក់
នេះ​ជា​កង​ទ័ព​រ៉ូម​ដែល​មាន​ទាហាន​ចំនួន​៦០០​នាក់
ប្រហែល​ជា​ម៉ោង​បី​រសៀល
ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់
ន័យ​ត្រង់​«​ភាជនៈ​មួយ​»​
ប្រហែល​ជា​ម៉ោង​បី​រសៀល
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
ឬ​«​ពួក​អ្នក​ស្មោះ​ត្រង់​»​
មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​