សកម្មភាពរបស់ពួកសាវ័ក ១១:១-៣០

  • ពេត្រុស​រាយ​ការណ៍​ប្រាប់​ពួក​សាវ័ក (​១​-​១៨)

  • បាណាបាស​និង​សុល​នៅ​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ស៊ីរី (​១៩​-​២៦)

    • ពួក​អ្នក​កាន់​តាម​ដំបូង​បាន​ត្រូវ​ហៅ​ថា​គ្រិស្ត​សាសនិក (​២៦)

  • អាកាប៊ូស​ប្រកាស​ទុក​ជា​មុន​អំពី​ការ​អត់​ឃ្លាន (​២៧​-​៣០)

១១  ពួក​សាវ័ក​និង​បង​ប្អូន​ទាំង​ឡាយ​នៅ​តំបន់​យូឌា​បាន​ឮ​ថា ជន​ជាតិ​ដទៃ​ក៏​បាន​ទទួល​បណ្ដាំ​របស់​ព្រះ​ដែរ។ ២  ដូច្នេះ ពេល​ដែល​ពេត្រុស​បាន​ឡើង​មក​ក្រុង​យេរូសាឡិម​វិញ នោះ​ពួក​អ្នក​ដែល​គាំទ្រ​ការ​កាត់​ចុង​ស្បែក*+ ចាប់​ផ្ដើម​រិះ​គន់​គាត់ ៣  ដោយ​និយាយ​ថា​៖ ​«​អ្នក​បាន​ចូល​ក្នុង​ផ្ទះ​របស់​បុរស​ដែល​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក ថែម​ទាំង​បរិភោគ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង​»។ ៤  ឮ​ដូច្នេះ ពេត្រុស​ចាប់​ផ្ដើម​និយាយ ហើយ​ពន្យល់​ពួក​គេ​យ៉ាង​ល្អិត​ល្អន់​អំពី​ហេតុ​ការណ៍​នោះ​ថា​៖ ៥  ​«​ខ្ញុំ​កំពុង​អធិដ្ឋាន​នៅ​ក្រុង​យ៉ុបប៉ា ហើយ​ខ្ញុំ​បាន​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​មួយ*ដែល​មើល​ទៅ​ដូច​ជា​ផ្ទាំង​ក្រណាត់​ធំ​មួយ ដែល​បាន​ត្រូវ​ចង​ចុង​ជាយ​ទាំង​បួន កំពុង​ចុះ​មក​ពី​លើ​មេឃ។ អ្វី​នោះ​បាន​ចុះ​មក​ជិត​ខ្ញុំ។+ ៦  ពេល​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្នុង​អ្វី​នោះ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​មាន​សត្វ​ជើង​បួន​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ព្រៃ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស។ ៧  ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​បន្លឺ​មក​កាន់​ខ្ញុំ​ថា​៖ ‹ពេត្រុស! ចូរ​ក្រោក​ឡើង ហើយ​សម្លាប់ រួច​បរិភោគ​ទៅ!›។ ៨  ប៉ុន្តែ ខ្ញុំ​និយាយ​ថា​៖ ‹ទេ លោក​ម្ចាស់ ពី​ព្រោះ​ខ្ញុំ​មិន​ដែល​ដាក់​អ្វី​ដែល​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ក្នុង​មាត់​របស់​ខ្ញុំ​ឡើយ›។ ៩  សំឡេង​នោះ​បន្លឺ​តប​មក​ពី​លើ​មេឃ ជា​លើក​ទី​២​ថា​៖ ‹ឈប់​ហៅ​អ្វី​ៗ​ដែល​ព្រះ​បាន​សម្អាត ថា​មិន​ស្អាត​ឡើយ›។ ១០  សំឡេង​នោះ​ក៏​បន្លឺ​មក​ជា​លើក​ទី៣ រួច​អ្វី​ទាំង​អស់​នោះ​បាន​ត្រូវ​លើក​ឡើង​ទៅ​លើ​មេឃ​វិញ។ ១១  រំពេច​នោះ មាន​បុរស​បី​នាក់​ឈរ​នៅ​មុខ​ផ្ទះ​ដែល​យើង​កំពុង​ស្នាក់​នៅ។ ពួក​គេ​បាន​ត្រូវ​ចាត់​ពី​ក្រុង​សេសារៀ​ឲ្យ​មក​ជួប​ខ្ញុំ។+ ១២  បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ជា​មួយ​នឹង​ពួក​គេ ហើយ​កុំ​ឲ្យ​សង្ស័យ​ឡើយ។ ប៉ុន្តែ បង​ប្រុស​៦​នាក់​នេះ​ក៏​បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ រួច​ពួក​យើង​បាន​នាំ​គ្នា​ចូល​ក្នុង​ផ្ទះ​របស់​បុរស​នោះ។ ១៣  ​«​បុរស​នោះ​បាន​រៀប​រាប់​ប្រាប់​យើង​អំពី​ការ​ដែល​គាត់​ឃើញ​ទេវតា​មួយ​រូប​ឈរ​ក្នុង​ផ្ទះ​គាត់ ដោយ​ប្រាប់​ថា​៖ ‹ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា ដើម្បី​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក+ ១៤  ហើយ​គាត់​នឹង​ប្រាប់​អ្នក​អំពី​របៀប​ដែល​អ្នក​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​អ្នក​អាច​ទទួល​សេចក្ដី​សង្គ្រោះ›។ ១៥  ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ពួក​គេ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ដូច​យើង​បាន​ទទួល​នៅ​ដើម​ដំបូង​ដែរ។+ ១៦  ពេល​នោះ ខ្ញុំ​នឹក​ឃើញ​ប្រសាសន៍​របស់​លោក​ម្ចាស់​ថា​៖ ‹យ៉ូហាន​បាន​ជ្រមុជ​គេ​ក្នុង​ទឹក+ តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ការ​ជ្រមុជ​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ›។+ ១៧  ដូច្នេះ ប្រសិន​បើ​ព្រះ​បាន​ផ្ដល់​អំណោយ​ទាន​ដល់​ពួក​គេ ដូច​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​យើង​ដែល​បាន​ជឿ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត តើ​ខ្ញុំ​ជា​អ្នក​ណា​ដែល​អាច​ឃាត់​ព្រះ​បាន?​»។+ ១៨  កាល​ដែល​ឮ​អ្វី​ៗ​ទាំង​នេះ ពួក​គេ​ក៏​លែង​ជំទាស់​ទៀត ហើយ​ពួក​គេ​តម្កើង​ព្រះ​ដោយ​ពោល​ថា​៖ ​«​បើ​ដូច្នេះ ព្រះ​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​ជន​ជាតិ​ដទៃ​ប្រែ​ចិត្ត ដើម្បី​ទទួល​ជីវិត​ដែរ​»។+ ១៩  ចំណែក​ឯ​អស់​អ្នក​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ+ដោយ​សារ​ការ​បៀត​បៀន​ដែល​បាន​កើត​មក​ពី​រឿង​ស្ទេផាន ពួក​គេ​ក៏​បាន​ទៅ​រហូត​ដល់​ស្រុក​ភេនីស៊ី កោះ​គីប្រុស និង​ក្រុង​អាន់ទីយ៉ូក តែ​ពួក​គេ​ផ្សព្វ​ផ្សាយ​ដល់​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ។+ ២០  ក៏​ប៉ុន្តែ ក្នុង​ចំណោម​ពួក​គាត់ មាន​បុរស​ខ្លះ​ពី​កោះ​គីប្រុស​និង​ក្រុង​គីរេន​បាន​មក​ក្រុង​អាន់ទីយ៉ូក ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិច ដោយ​ប្រកាស​ប្រាប់​ពួក​គេ​នូវ​ដំណឹង​ល្អ​អំពី​លោក​ម្ចាស់​យេស៊ូ។ ២១  បន្ថែម​ទៀត ព្រះ​យេហូវ៉ា*នៅ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​មនុស្ស​ច្រើន​សន្ធឹក​ក៏​បាន​ជឿ ហើយ​បែរ​មក​កាន់​តាម​លោក​ម្ចាស់។+ ២២  ដំណឹង​អំពី​ពួក​គេ​បាន​ឮ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម រួច​ពួក​គាត់​ចាត់​បាណាបាស+ឲ្យ​ទៅ​រហូត​ដល់​ក្រុង​អាន់ទីយ៉ូក។ ២៣  លុះ​ទៅ​ដល់ ហើយ​ឃើញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ គាត់​ក៏​ត្រេក​អរ ហើយ​ចាប់​ផ្ដើម​លើក​ទឹក​ចិត្ត​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​បន្ត​នៅ​ស្មោះ​ត្រង់​នឹង​លោក​ម្ចាស់។+ ២៤  ព្រោះ​បាណាបាស​ជា​មនុស្ស​ល្អ ក៏​ពោរ​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​និង​ជំនឿ ហើយ​មាន​មនុស្ស​មួយ​ក្រុម​ធំ​ចាប់​ផ្ដើម​ជឿ​លោក​ម្ចាស់។+ ២៥  ដូច្នេះ គាត់​បាន​ចេញ​ទៅ​ក្រុង​តើសុស ដើម្បី​រក​សុល​ទាល់​តែ​ឃើញ។+ ២៦  លុះ​ឃើញ​ហើយ គាត់​ក៏​នាំ​សុល​មក​ក្រុង​អាន់ទីយ៉ូក។ ដូច្នេះ អស់​មួយ​ឆ្នាំ​គត់ ពួក​គាត់​បាន​ជួប​ជុំ​ជា​មួយ​នឹង​ពួក​អ្នក​ក្នុង​ក្រុម​ជំនុំ ក៏​បាន​បង្រៀន​មនុស្ស​មួយ​ក្រុម​ធំ ហើយ​គឺ​នៅ​ក្រុង​អាន់ទីយ៉ូក​ដែល​ពួក​អ្នក​កាន់​តាម​បាន​ត្រូវ​ហៅ​ថា​គ្រិស្ត​សាសនិក​ជា​លើក​ដំបូង តាម​ការ​ណែនាំ​របស់​ព្រះ។+ ២៧  នៅ​គ្រា​នេះ មាន​ពួក​អ្នក​ប្រកាស​ទំនាយ+ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។ ២៨  អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អាកាប៊ូស+បាន​ក្រោក​ឡើង ហើយ​ឫទ្ធានុភាព​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​គាត់​ប្រាប់​ទុក​ជា​មុន​ថា មិន​យូរ​ទៀត​នឹង​មាន​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ផែនដី+ ហើយ​ការ​នោះ​ពិត​ជា​បាន​កើត​ឡើង​មែន​នៅ​សម័យ​ក្លូឌាស។ ២៩  ដូច្នេះ ពួក​អ្នក​កាន់​តាម​បាន​សម្រេច​ថា ពួក​គាត់​នឹង​ផ្ញើ​ជំនួយ+ទៅ​បង​ប្អូន​ដែល​រស់​នៅ​តំបន់​យូឌា តាម​លទ្ធភាព​របស់​ពួក​គាត់​ម្នាក់​ៗ។+ ៣០  ពួក​គាត់​បាន​ធ្វើ​ដូច្នេះ​មែន ដោយ​ផ្ញើ​ជំនួយ​តាម​បាណាបាស​និង​សុល​ទៅ​ឯ​ពួក​បុរស​ចាស់​ទុំ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​
ន័យ​ត្រង់​«​ភាជនៈ​មួយ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥