អេសាយ ៤៣:១-២៨

  • ព្រះ​យេហូវ៉ា​ប្រមូល​រាស្ត្រ​របស់​លោក​មក​វិញ (​១​-​៧)

  • ព្រះ​នា​នា​បាន​ត្រូវ​កាត់​ក្ដី (​៨​-​១៣)

    • «​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ​»​ (​១០, ១២)

  • ការ​ដោះ​លែង​ពី​បាប៊ីឡូន (​១៤​-​២១)

  • «​ចូរ​ឲ្យ​យើង​នាំ​យក​រឿង​ក្ដី​របស់​ខ្លួន​មក​ជជែក​តវ៉ា​គ្នា​»​ (​២២​-​២៨)

៤៣  ឱ​យ៉ាកុប​អើយ! ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្នក ឱ​អ៊ីស្រាអែល​អើយ! ព្រះ​ដែល​បាន​សូន​អ្នក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖+ ​«​កុំ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​បាន​លោះ​អ្នក​ហើយ។+ ខ្ញុំ​បាន​ហៅ​អ្នក​តាម​ឈ្មោះ​របស់​អ្នក​ផ្ទាល់ព្រោះ​អ្នក​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ។  ២  ពេល​អ្នក​ឆ្លង​កាត់​ទឹក ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក+ពេល​អ្នក​ឆ្លង​កាត់​ទន្លេ ទឹក​ក៏​មិន​ជន់​លិច​អ្នក​ដែរ។+ ពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក​ទេហើយ​អណ្ដាត​ភ្លើង​មិន​ឆាប​ឆេះ​អ្នក​ឡើយ។  ៣  ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នកខ្ញុំ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​អ្នក​សង្គ្រោះ​អ្នក។ ខ្ញុំ​បាន​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃ​លោះ​សម្រាប់​អ្នកហើយ​ប្រគល់​អេត្យូពី​និង​ស៊ីបា​ជា​ថ្នូរ​សម្រាប់​អ្នក។  ៤  ព្រោះ​អ្នក​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​កែវ​ភ្នែក​ខ្ញុំ+អ្នក​បាន​ទទួល​កិត្តិយស ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ខ្លាំង​ដែរ។+ ដូច្នេះ ខ្ញុំ​នឹង​ប្រគល់​បណ្ដា​ជន​នោះ​ជំនួស​អ្នកហើយ​ខ្ញុំ​យក​ប្រជា​ជាតិ​ទាំង​នោះ​ទៅ​ប្ដូរ​នឹង​ជីវិត​អ្នក​វិញ។  ៥  កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ។+ ខ្ញុំ​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ទិស​ខាង​កើតហើយ​ប្រមូល​អ្នក​ឲ្យ​មក​ជួប​ជុំ​គ្នា​វិញ​ពី​ទិស​ខាង​លិច។+  ៦  ខ្ញុំ​នឹង​និយាយ​ទៅ​ទិស​ខាង​ជើង​ថា​៖ ‹ចូរ​ប្រគល់​ពួក​គេ​មក​វិញ!›+ហើយ​ក៏​បង្គាប់​ទៅ​ទិស​ខាង​ត្បូង​ថា​៖ ‹កុំ​ឃាត់​ឃាំង​ពួក​គេ​ឡើយ។ ចូរ​នាំ​កូន​ប្រុស​ៗ​របស់​ខ្ញុំ​មក​ពី​កន្លែង​ឆ្ងាយ ហើយ​នាំ​កូន​ស្រី​ៗ​របស់​ខ្ញុំ​មក​ពី​ចុង​ផែនដី+  ៧  គឺ​គ្រប់​គ្នា​ដែល​តាង​នាម​ខ្ញុំ+និង​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​បង្កើត​ដើម្បី​ជា​សិរី​រុង​រឿង​ដល់​ខ្ញុំ ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​សូន​ធ្វើ›។+  ៨  ចូរ​នាំ​បណ្ដា​ជន​ចេញ​មក ពួក​គេ​មាន​ភ្នែក​តែ​មើល​មិន​ឃើញ​ទេពួក​គេ​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ​ឡើយ។+  ៩  ចូរ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ប្រជុំ​គ្នា​នៅ​កន្លែង​មួយហើយ​ឲ្យ​បណ្ដា​ជន​មក​ជួប​ជុំ​គ្នា។+ ក្នុង​ចំណោម​ពួក​គេ តើ​អ្នក​ណា​អាច​ប្រាប់​អំពី​រឿង​នេះ​បាន? តើ​អ្នក​ណា​អាច​រៀប​រាប់​ប្រាប់​អំពី​ហេតុ​ការណ៍​ដែល​នឹង​កើត​ឡើង​មុន​បង្អស់?*+ ចូរ​ឲ្យ​ពួក​គេ​នាំ​សាក្សី​របស់​ខ្លួន មក​ធ្វើ​ការ​បញ្ជាក់​ថា​ខ្លួន​ត្រឹម​ត្រូវ​ចុះដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​អាច​ស្ដាប់ រួច​និយាយ​ថា​៖ ‹រឿង​នេះ​ជា​ការ​ពិត​មែន!›​»។+ ១០  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ+ជា​អ្នក​បម្រើ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+ដើម្បី​ឲ្យ​អ្នក​អាច​ស្គាល់​ខ្ញុំ​និង​មាន​ជំនឿ​លើ​ខ្ញុំហើយ​យល់​ថា​គឺ​ខ្ញុំ​ជា​បុគ្គល​ដដែល ឥត​ប្រែ​ប្រួល​ឡើយ។+ មុន​ខ្ញុំ​គ្មាន​ព្រះ​ណា​ទេ ហើយ​ក្រោយ​ខ្ញុំ​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។+ ១១  គឺ​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា+ ក្រៅ​ពី​ខ្ញុំ​គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ទេ​»។+ ១២  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ប្រកាស បាន​សង្គ្រោះ​និង​បាន​បង្ហាញ​ឲ្យ​ដឹងក្នុង​កាល​ដែល​មិន​ទាន់​មាន​ព្រះ​ដទៃ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នៅ​ឡើយ។+ ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ ហើយ​ខ្ញុំ​គឺ​ជា​ព្រះ។+ ១៣  បន្ថែម​ទៀត ខ្ញុំ​តែង​តែ​នៅ​ដដែល ឥត​ប្រែ​ប្រួល​ឡើយ។+ គ្មាន​អ្នក​ណា​ម្នាក់​អាច​កញ្ឆក់​អ្វី​ចេញ​ពី​ដៃ​ខ្ញុំ​បាន​ទេ។+ បើ​ខ្ញុំ​ចាត់​វិធានការ​ហើយ តើ​អ្នក​ណា​អាច​រា​រាំង​បាន​ទៅ?​»។+ ១៤  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​និង​ជា​អ្នក​លោះ​អ្នក​រាល់​គ្នា+ លោក​មាន​ប្រសាសន៍​ថា​៖+ ​«​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​ចាត់​ទ័ព​ឲ្យ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​បំបាក់​រនុក​ទ្វារ​ក្រុង។+ ពេល​នោះ ពួក​ខាល់ដេ​ដែល​នៅ​ក្នុង​សំពៅ​នឹង​ស្រែក​យំ​ដោយ​ទុក្ខ​ព្រួយ។+ ១៥  ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ+ ជា​មហា​ក្សត្រ​របស់​អ្នក​រាល់​គ្នា+​និង​ជា​អ្នក​បង្កើត​នៃ​អ៊ីស្រាអែល​»។+ ១៦  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ធ្វើ​ផ្លូវ​កាត់​តាម​សមុទ្រនិង​រៀបចំ​ផ្លូវ​កាត់​ទឹក​ដែល​កញ្ជ្រោល​បក់​បោក+ ១៧  លោក​ជា​អ្នក​ដែល​ទាញ​នាំ​ទ័ព​រទេះ​ចម្បាំង​និង​ទ័ព​សេះ​ចេញ​មក+ព្រម​ជា​មួយ​នឹង​កង​ទ័ព​និង​ទាហាន​ដ៏​ខ្លាំង​ក្លា។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​ដេក​ស្ដូក​ស្ដឹង មិន​អាច​ក្រោក​ឡើង​បាន​ទេ។+ ពួក​គេ​នឹង​ត្រូវ​ពន្លត់​ដូច​គេ​ពន្លត់​ប្រឆេះ​ដូច្នោះ​ដែរ​»។ ១៨  ​«​ចូរ​បំភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​ពី​មុន ហើយ​កុំ​គិត​អំពី​អតីតកាល​ឡើយ។ ១៩  មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ថ្មី+ ហើយ​ឥឡូវ​ការ​នេះ​កំពុង​លាស់​ឡើង​ហើយ។ តើ​អ្នក​មិន​បាន​កត់​សម្គាល់​ទេ​ឬ? ខ្ញុំ​នឹង​រៀបចំ​ផ្លូវ​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ+ហើយ​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​ទី​រហោ​ស្ថាន។+ ២០  សត្វ​ព្រៃ​នៅ​ឯ​វាល​នឹង​លើក​កិត្តិយស​ខ្ញុំ ព្រម​ទាំង​ឆ្កែ​ព្រៃ​និង​សត្វ​អូទ្រីស​ដែរព្រោះ​នៅ​តំបន់​ស្ងាត់​ជ្រងំ ខ្ញុំ​ធ្វើ​ឲ្យ​មាន​ទឹក​សម្បូរ​ហូរ​ហៀរហើយ​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​ទី​រហោ​ស្ថាន+ដើម្បី​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+ មាន​ទឹក​ផឹក។ ២១  ពួក​គេ​ជា​ពួក​អ្នក​ដែល​ខ្ញុំ​បាន​បង្កើត​សម្រាប់​ខ្លួន​ខ្ញុំដើម្បី​ឲ្យ​ពួក​គេ​អាច​សរសើរ​តម្កើង​ដល់​ខ្ញុំ។+ ២២  ប៉ុន្តែ ឱ​យ៉ាកុប​អើយ! អ្នក​មិន​បាន​ហៅ​រក​នាម​ខ្ញុំ​ទេ+ឱ​អ៊ីស្រាអែល​អើយ! អ្នក​បាន​នឿយ​ណាយ​នឹង​ខ្ញុំ​ហើយ។+ ២៣  អ្នក​មិន​បាន​ជូន​ចៀម​ដល់​ខ្ញុំ​ជា​គ្រឿង​បូជា​ដុត​ទេហើយ​ក៏​មិន​បាន​លើក​កិត្តិយស​ខ្ញុំ​ដោយ​គ្រឿង​បូជា​របស់​អ្នក​ដែរ។ ខ្ញុំ​មិន​បាន​បង្ខំ​អ្នក​ឲ្យ​ជូន​អំណោយ​ដល់​ខ្ញុំ​ទេហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ធុញ​ទ្រាន់​ដោយ​ទាម​ទារ​នូវ​គ្រឿង​ក្រអូប​នោះ​ដែរ។+ ២៤  អ្នក​មិន​បាន​ចំណាយ​ប្រាក់​ទិញ​ដើម​ត្រែង​ក្រអូប​ឲ្យ​ខ្ញុំ​ទេហើយ​អ្នក​ក៏​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ដោយ​ខ្លាញ់​នៃ​គ្រឿង​បូជា​របស់​អ្នក​ដែរ។+ ផ្ទុយ​ទៅ​វិញ អ្នក​បាន​ធ្វើ​ជា​បន្ទុក​ដល់​ខ្ញុំ​ដោយ​អំពើ​ខុស​ឆ្គង​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​នឹង​កំហុស​ឆ្គង​របស់​អ្នក។+ ២៥  ទោះ​ជា​យ៉ាង​នោះ​ក្ដី ដោយ​យល់​ដល់​នាម​របស់​ខ្ញុំ+ ខ្ញុំ​នឹង​លុប​អំពើ​ខុស​ឆ្គង*របស់​អ្នក+ហើយ​ខ្ញុំ​នឹង​មិន​រំលឹក​អំពើ​ខុស​ឆ្គង​របស់​អ្នក​ទេ។+ ២៦  ចូរ​ឲ្យ​យើង​នាំ​យក​រឿង​ក្ដី​របស់​ខ្លួន​មក​ជជែក​តវ៉ា​គ្នា។ សូម​រំលឹក​ខ្ញុំ​មកសូម​ប្រាប់​ហេតុ​ផល​ដើម្បី​បញ្ជាក់​ថា​អ្នក​មិន​បាន​ធ្វើ​ខុស​មែន។ ២៧  បុព្វ​បុរស​ដំបូង​របស់​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គងហើយ​តំណាង*អ្នក​ក៏​បាន​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ដែរ។+ ២៨  ដូច្នេះ ខ្ញុំ​នឹង​បន្ទាប​ពួក​អ្នក​ដឹក​នាំ​នៅ​កន្លែង​បរិសុទ្ធហើយ​ខ្ញុំ​នឹង​ឲ្យ​យ៉ាកុប​ទទួល​ការ​បំផ្លាញហើយ​ឲ្យ​អ៊ីស្រាអែល​រង​ការ​ប្រមាថ​មើល​ងាយ។+

កំណត់សម្គាល់

ប្រហែល​ជា​សំដៅ​លើ​ហេតុ​ការណ៍​ដែល​នឹង​កើត​ឡើង​មុន​គេ​បង្អស់​នា​ពេល​អនាគត
ឬ​«​ទង្វើ​ដែល​បះ​បោរ​ប្រឆាំង​»​
ប្រហែល​ជា​សំដៅ​លើ​គ្រូ​បង្រៀន​ច្បាប់​ម៉ូសេ