អេសាយ ២:១-២២

  • ភ្នំ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​លើក​តម្កើង (​១​-​៥)

    • ដាវ​ទៅ​ជា​ផាល​នង្គ័ល (​)

  • ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​បន្ទាប​ពួក​អ្នក​មាន​អំណួត (​៦​-​២២)

 នេះ​ជា​អ្វី​ដែល​អេសាយ​ជា​កូន​អាម៉ុស​បាន​ឃើញ​ក្នុង​គំនិត ស្ដី​អំពី​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម​៖+  ២  នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ភ្នំ​ដែល​មាន​វិហារ​របស់​ព្រះ​យេហូវ៉ានឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​នៅ​លើ​ភ្នំ​ទាំង​អស់+គឺ​នឹង​ត្រូវ​លើក​ឡើង​ឲ្យ​ខ្ពស់​ជាង​ទី​ទួល​ទាំង​ប៉ុន្មាន​ទៅ​ទៀតហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​នាំ​គ្នា​ឡើង​ទៅ​ភ្នំ​នោះ។+  ៣  ប្រជា​ជាតិ​ជា​ច្រើន​នឹង​នាំ​គ្នា​ឡើង​ទៅ​ហូរហែ ហើយ​និយាយ​ថា​៖​«​ចូរ​មក យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ​យេហូវ៉ាគឺ​ទៅ​ឯ​វិហារ​របស់​ព្រះ​នៃ​យ៉ាកុប។+ លោក​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​របស់​លោក ហើយ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។+ ព្រោះ​ក្រម​ច្បាប់*នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូនហើយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ចេញ​ពី​ក្រុង​យេរូសាឡិម​ដែរ។+  ៤  ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យហើយ​ដោះ​ស្រាយ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ជាតិ​ជា​ច្រើន។ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័លហើយ​យក​លំពែង ដំ​ធ្វើ​ជា​ដង្កាវ​វិញ។+ ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយហើយ​ក៏​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​ដែរ។+  ៥  ឱ​ពូជ​ពង្ស​យ៉ាកុប​អើយ! ចូរ​មក យើង​នឹង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​យេហូវ៉ា។+  ៦  លោក​បាន​បោះ​បង់​ចោល​ពូជ​ពង្ស​យ៉ាកុប​ដែល​ជា​រាស្ត្រ​របស់​លោក+ព្រោះ​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​ពី​ស្រុកខាងកើតថែម​ទាំង​ប្រើ​វេទមន្ត+ដូច​ពួក​ភីលីស្ទីន​ទៀត​ផងក្នុង​ចំណោម​ពួក​គេ មាន​កូន​ចៅ​ជន​ជាតិ​ដទៃ​ជា​ច្រើន។  ៧  ស្រុក​របស់​ពួក​គេ​ពេញ​ទៅ​ដោយ​មាស​និង​ប្រាក់ហើយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូរ ថែម​ទាំង​មាន​សេះ​ពេញ​ស្រុកហើយ​រទេះ​ចម្បាំង​ក៏​រាប់​មិន​អស់​ដែរ។+  ៨  ទឹក​ដី​របស់​ពួក​គេ​ពេញ​ទៅ​ដោយ​រូប​ព្រះ​ឥត​បាន​ការ។+ ពួក​គេ​ក្រាប​គោរព​ចំពោះ​ស្នា​ដៃ​របស់​ខ្លួន គឺ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។  ៩  យ៉ាង​នោះ មនុស្ស​បាន​បន្ទាប​បន្ថោក​ខ្លួន ហើយ​នឹង​ត្រូវ​អាប់​ឱន។ គ្មាន​ផ្លូវ​ឲ្យ​លោក​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទេ។ ១០  ចូរ​ចូល​ទៅ​ពួន​ក្នុង​រូង​ភ្នំ ហើយ​លាក់​ខ្លួន​នៅ​ក្នុង​ដី​ចុះដោយ​សារ​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ។+ ១១  មនុស្ស​ក្រអឺត​ក្រទម​នឹង​ត្រូវ​បាក់​មុខ ហើយ​មនុស្ស​អំណួត​នឹង​ត្រូវ​បន្ទាប​ចុះ។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​នឹង​ត្រូវ​លើក​តម្កើង។ ១២  ព្រោះ​នោះ​ជា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+ អស់​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ក្រអឺត​ក្រទម​នឹង​មិន​អាច​គេច​រួច​ឡើយគឺ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​រួច​ខ្លួន​បាន​ទេ ទោះ​ជា​អ្នក​ខ្ពង់​ខ្ពស់​ឬ​តូច​ទាប​ក្ដី+ ១៣  ដើម​ស៊ីដារ​ខ្ពស់​ៗ​នៅ​ភ្នំ​លីបង់និង​ដើម​អូក​ទាំង​ប៉ុន្មាន​នៅ​តំបន់​បាសាន ក៏​នឹង​គេច​មិន​រួច​ដែរ។ ១៤  អស់​ទាំង​ភ្នំ​ខ្ពស់​ត្រដែត ព្រម​ទាំង​ទួល​ខ្ពស់​ទាំង​ឡាយ នឹង​គេច​មិន​ផុត​ឡើយ។ ១៥  ប៉ម​ខ្ពស់​ទាំង​អស់ និង​កំពែង​រឹង​មាំ​នា​នា ក៏​នឹង​មិន​ធន់​នៅ​ដែរ។ ១៦  អស់​ទាំង​សំពៅ​តើស៊ីស+ និង​ទូក​ល្អ​ៗ នឹង​គេច​មិន​រួច​ឡើយ។ ១៧  មនុស្ស​ក្រអឺត​ក្រទម​នឹង​ត្រូវ​បាក់​មុខ ហើយ​មនុស្ស​អួតអាង​នឹង​ត្រូវ​បន្ទាប​ចុះ។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​នឹង​ត្រូវ​លើក​តម្កើង។ ១៨  រូប​ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​សាប​សូន្យ​ទៅ។+ ១៩  មនុស្ស​នឹង​ចូល​ទៅ​ពួន​ក្នុង​រូង​ភ្នំ ហើយ​លាក់​ខ្លួន​នៅ​ក្នុង​រូង​ដី+ដោយ​សារ​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ+គឺ​នៅ​ពេល​ដែល​លោក​ក្រោក​ឡើង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ញ័រ​រន្ធត់។ ២០  នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​យក​រូប​ព្រះ​ឥត​បាន​ការ​ដែល​ពួក​គេ​បាន​ធ្វើ​ពី​មាស​និង​ពី​ប្រាក់ ជា​រូប​ព្រះ​ដែល​ពួក​គេ​ទុក​សម្រាប់​គោរព​បូជា បោះ​ទៅ​ឯ​ហ្វូង​កណ្ដុរ​និង​ហ្វូង​ប្រចៀវ+ ២១  ហើយ​ចូល​ទៅ​ពួន​ក្នុង​រអាង​ថ្ម និង​លាក់​ខ្លួន​នៅ​ក្នុង​ក្រហែង​ថ្មដោយ​សារ​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យគឺ​នៅ​ពេល​ដែល​លោក​ក្រោក​ឡើង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ញ័រ​រន្ធត់។ ២២  ដើម្បី​ប្រយោជន៍​ខ្លួន ចូរ​ឈប់​ទុក​ចិត្ត​មនុស្សដែល​អាច​ផុត​ដង្ហើម​ស្លាប់​ទៅ។ តើ​គាត់​អាច​ជួយ​ម្ដេច​នឹង​បាន?

កំណត់សម្គាល់

ឬ​«​ការ​ណែនាំ​»​