ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ៥:១-២១

  • ការ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​តាម​រយៈ​គ្រិស្ត (​១​-​១១)

  • សេចក្ដី​ស្លាប់​តាម​រយៈ​អាដាម តែ​ជីវិត​តាម​រយៈ​គ្រិស្ត (​១២​-​២១)

    • អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​បាន​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ (​១២)

    • ការ​ដ៏​សុចរិត​តែ​មួយ (​១៨)

 ឥឡូវ​នេះ ព្រះ​បាន​ប្រកាស​ថា​យើង​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ+ ដូច្នេះ​ចូរ​យើង​រក្សា​សន្តិភាព*ជា​មួយ​នឹង​ព្រះ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង+ ២  និង​តាម​រយៈ​ជំនឿ​ដែល​យើង​មាន​លើ​លោក នោះ​បាន​បើក​ផ្លូវ​ឲ្យ​យើង​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ដែល​យើង​កំពុង​ទទួល​នៅ​ឥឡូវ​នេះ។+ ម្យ៉ាង​ទៀត ដោយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​សិរី​រុង​រឿង​ពី​ព្រះ ចូរ​យើង​ត្រេក​អរ។ ៣  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចូរ​យើង​ត្រេក​អរ​កាល​ដែល​មាន​ទុក្ខ​វេទនា+ ដោយ​សារ​យើង​ដឹង​ថា​ទុក្ខ​វេទនា​នាំ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ+ ៤  ឯ​ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត+ រីឯ​ការ​ពេញ​ចិត្ត​ពី​ព្រះ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម+ ៥  ហើយ​សេចក្ដី​សង្ឃឹម​នោះ​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ+ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​បាន​ត្រូវ​ចាក់​មក​ក្នុង​ចិត្ត​របស់​យើង​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ ដែល​លោក​បាន​ឲ្យ​ដល់​យើង។+ ៦  ព្រោះ​កាល​ដែល​យើង​នៅ​ខ្សោយ​នៅ​ឡើយ+ គ្រិស្ត​បាន​ស្លាប់​នៅ​ពេល​កំណត់ ដើម្បី​មនុស្ស​ដែល​មិន​គោរព​កោត​ខ្លាច​ព្រះ។ ៧  ពី​ព្រោះ​កម្រ​ណាស់​ដែល​មាន​អ្នក​ណា​សុខ​ចិត្ត​ស្លាប់​ដើម្បី​មនុស្ស​សុចរិត តែ​ដើម្បី​មនុស្ស​ល្អ ប្រហែល​ជា​មាន​អ្នក​ដែល​ហ៊ាន​ស្លាប់។ ៨  ប៉ុន្តែ ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង ដោយ​ឲ្យ​គ្រិស្ត​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ។+ ៩  ដូច្នេះ យើង​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹង​ត្រូវ​សង្គ្រោះ​តាម​រយៈ​លោក ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ+ ដោយ​សារ​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​តាម​រយៈ​ឈាម​របស់​លោក។+ ១០  ព្រោះ​កាល​ដែល​យើង​នៅ​ជា​សត្រូវ​នៅ​ឡើយ យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ តាម​រយៈ​សេចក្ដី​ស្លាប់​នៃ​បុត្រ​របស់​លោក។+ ដូច្នេះ ឥឡូវ​នេះ ក្រោយ​ពី​យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ហើយ យើង​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹង​ត្រូវ​សង្គ្រោះ​តាម​រយៈ​ជីវិត​របស់​បុត្រ​លោក។ ១១  មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ត្រេក​អរ​ដោយ​សារ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង គឺ​តាម​រយៈ​លោក ដែល​យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ។+ ១២  ម្ល៉ោះ​ហើយ ភាព​ខុស​ឆ្គង*បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​មក​តាម​រយៈ​ភាព​ខុស​ឆ្គង+ នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស។+ ១៣  ព្រោះ​មាន​ការ​ខុស​ឆ្គង​ក្នុង​ពិភព​លោក មុន​មាន​ច្បាប់* ហើយ​កាល​ដែល​គ្មាន​ច្បាប់ ការ​ខុស​ឆ្គង​មិន​បាន​ត្រូវ​យក​មក​គិត​ឡើយ។+ ១៤  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​មនុស្ស​ទាំង​អស់ ចាប់​តាំង​ពី​សម័យ​អាដាម​រហូត​ដល់​សម័យ​ម៉ូសេ ទោះ​ជា​ពួក​គេ​មិន​បាន​ធ្វើ​ខុស​ដូច​អាដាម​ក៏​ដោយ។ អាដាម​ជា​អ្នក​ដែល​មាន​ភាព​ស្រដៀង​នឹង​លោក​ដែល​ត្រូវ​មក។+ ១៥  ប៉ុន្តែ អំណោយ​នោះ​និង​កំហុស​នោះ មាន​លទ្ធផល​ខុស​គ្នា។ ព្រោះ​កំហុស​របស់​បុរស​ម្នាក់​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ តែ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​និង​អំណោយ​របស់​លោក បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​ប្រយោជន៍​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន!+ អំណោយ​នោះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​ព្រម​គ្នា​នឹង​គុណ​ដ៏​វិសេស​លើស​លប់ ដែល​មក​តាម​រយៈ​បុរស​តែ​ម្នាក់+ គឺ​លោក​យេស៊ូ​គ្រិស្ត។ ១៦  ម្យ៉ាង​ទៀត លទ្ធផល​ដែល​មក​ពី​អំណោយ​នោះ និង​លទ្ធផល​ដែល​មក​ពី​បុរស​ម្នាក់​នោះ​បាន​ធ្វើ​ខុស គឺ​មិន​ដូច​គ្នា​ទេ។+ ព្រោះ​ការ​រំលង​តែ​មួយ​បាន​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ការ​ផ្ដន្ទា​ទោស+ ប៉ុន្តែ​អំណោយ​នោះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត ទោះ​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​ការ​រំលង​ជា​ច្រើន​ក៏​ដោយ។+ ១៧  ព្រោះ​ប្រសិន​បើ​សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្ដេច ដោយ​សារ​ការ​រំលង​របស់មនុស្សម្នាក់​នោះ+ យើង​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួក​អ្នក​ដែល​ទទួល​គុណ​ដ៏​វិសេស​លើស​លប់និង​អំណោយ​ជា​ភាព​សុចរិត​ដ៏​បរិបូរ+ នឹង​រស់​ហើយ​គ្រប់​គ្រង​ជា​ស្ដេច+ដោយ​សារ​មនុស្ស​ម្នាក់​នេះ គឺ​លោក​យេស៊ូ​គ្រិស្ត!+ ១៨  ដូច្នេះ ដូច​ការ​រំលង​តែ​មួយ​បាន​នាំ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​ការ​ផ្ដន្ទា​ទោស+ នោះ​ការ​ដ៏​សុចរិត​តែ​មួយ​បាន​នាំ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ+បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត ហើយ​នាំ​ឲ្យ​បាន​ជីវិត។+ ១៩  ព្រោះ​ដូច​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​បុរស​ម្នាក់​នោះ​មិន​បាន​ស្ដាប់​បង្គាប់+ នោះ​មនុស្ស​ជា​ច្រើន​នឹង​ទៅ​ជា​មនុស្ស​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់​នេះ​បាន​ស្ដាប់​បង្គាប់។+ ២០  ឯ​ច្បាប់​បាន​ត្រូវ​បង្កើត​ឡើង ដើម្បី​ឲ្យ​មនុស្ស​ដឹង​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​ការ​រំលង​ជា​ច្រើន។+ ប៉ុន្តែ នៅ​កន្លែង​ណា​ដែល​មាន​ភាព​ខុស​ឆ្គង​កាន់​តែ​ច្រើន នៅ​កន្លែង​នោះ​មាន​គុណ​ដ៏​វិសេស​លើស​លប់​កាន់​តែ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ២១  តើ​ដើម្បី​អ្វី? ដូច​ភាព​ខុស​ឆ្គង​បាន​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​នឹង​សេចក្ដី​ស្លាប់+ នោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ក៏​គ្រប់​គ្រង​ជា​ស្ដេច​តាម​រយៈ​សេចក្ដី​សុចរិត​ដែរ ហើយ​នេះ​នាំ​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​យើង​មាន​សេចក្ដី​សុខ​សាន្ត​»​
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ