ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម ១៤:១-២៣

  • កុំ​វិនិច្ឆ័យ​គ្នា (​១​-​១២)

  • កុំ​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល (​១៣​-​១៨)

  • ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​និង​សាមគ្គីភាព (​១៩​-​២៣)

១៤  ចូរ​ទទួល​ស្វាគមន៍​អ្នក​ដែល​មាន​ចំណុច​ខ្សោយ​ក្នុង​ជំនឿ​របស់​គាត់+ តែ​កុំ​វិនិច្ឆ័យ​អំពី​របៀប​គិត​គូរ​របស់​គាត់​ឡើយ។* ២  អ្នក​ដែល​មាន​ជំនឿ បរិភោគ​អ្វី​ទាំង​អស់ ប៉ុន្តែ​អ្នក​ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ប៉ុណ្ណោះ។ ៣  អ្នក​ដែល​បរិភោគ មិន​ត្រូវ​មើល​ងាយ​អ្នក​ដែល​មិន​បរិភោគ​ឡើយ ឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​ដែល​បរិភោគ​ដែរ+ ព្រោះ​ព្រះ​បាន​ទទួល​ស្វាគមន៍​អ្នក​នោះ។ ៤  តើ​អ្នក​ជា​អ្នក​ណា​បាន​ជា​វិនិច្ឆ័យ​អ្នក​បម្រើ​ក្នុង​ផ្ទះ​អ្នក​ដទៃ?+ ម្ចាស់​របស់​អ្នក​បម្រើ​នោះ​ជា​អ្នក​សម្រេច​ថា គាត់​ត្រូវ​ឈរ ឬ​ត្រូវ​ដួល។+ គាត់​ប្រាកដ​ជា​នឹង​ឈរ​មែន ព្រោះ​ព្រះ​យេហូវ៉ា*អាច​ធ្វើ​ឲ្យ​គាត់​ឈរ។ ៥  មនុស្ស​ម្នាក់​វិនិច្ឆ័យ​ថា​ថ្ងៃ​មួយ​គឺ​សំខាន់​ជាង​ថ្ងៃ​មួយ​ទៀត+ ឯ​មនុស្ស​ម្នាក់​ទៀត​វិនិច្ឆ័យ​ថា​ថ្ងៃ​ទាំង​អស់​គឺ​ដូច​គ្នា។+ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ៗ​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន។ ៦  អ្នក​ណា​ដែល​កាន់​ថ្ងៃ​ណា​មួយ គឺ​កាន់​ថ្ងៃ​នោះ​ដោយ​គិត​ដល់​ព្រះ​យេហូវ៉ា* ហើយ​អ្នក​ណា​ដែល​បរិភោគ ក៏​បរិភោគ​ដោយ​គិត​ដល់​ព្រះ​យេហូវ៉ា*ដែរ ព្រោះ​គាត់​អរគុណ​ព្រះ។+ ឯ​អ្នក​ដែល​មិន​បរិភោគ ក៏​គិត​ដល់​ព្រះ​យេហូវ៉ា*ដែរ ព្រោះ​គាត់​នៅ​តែ​អរគុណ​ព្រះ។+ ៧  តាម​ការ​ពិត ក្នុង​ចំណោម​យើង​គ្មាន​អ្នក​ណា​ម្នាក់​រស់​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ+ ក៏​គ្មាន​អ្នក​ណា​ម្នាក់​ស្លាប់​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែរ។ ៨  ព្រោះ​ប្រសិន​បើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ​យេហូវ៉ា*+ ហើយ​បើ​យើង​ស្លាប់ យើង​ស្លាប់​ដើម្បី​ព្រះ​យេហូវ៉ា។* ដូច្នេះ ទោះ​ជា​យើង​រស់​ឬ​ស្លាប់​ក៏​ដោយ យើង​ជា​របស់​ព្រះ​យេហូវ៉ា។*+ ៩  ព្រោះ​នេះ​ជា​មូលហេតុ​ដែល​គ្រិស្ត​បាន​ស្លាប់ ហើយ​រស់​ឡើង​វិញ គឺ​ដើម្បី​ឲ្យ​លោក​ទៅ​ជា​ម្ចាស់​លើ​មនុស្ស​ស្លាប់​និង​លើ​មនុស្ស​រស់។+ ១០  ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​អ្នក​វិនិច្ឆ័យ​បង​ប្អូន​របស់​អ្នក?+ ឬ​ហេតុ​អ្វី​អ្នក​មើល​ងាយ​បង​ប្អូន​របស់​អ្នក? ព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ឈរ​នៅ​មុខ​កន្លែង​កាត់​ក្ដី​របស់​ព្រះ។+ ១១  ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ+ថា មនុស្ស​ទាំង​អស់​នឹង​លុត​ជង្គង់ ហើយ​មនុស្សជាតិ​គ្រប់​រូប​នឹង​ប្រកាស​ទទួល​ស្គាល់​ជា​ចំហ​ថា​ខ្ញុំ​ជា​ព្រះ›​»។+ ១២  ដូច្នេះ ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង។+ ១៣  ម្ល៉ោះ​ហើយ ចូរ​យើង​ឈប់​វិនិច្ឆ័យ​គ្នា​ត​ទៅ​ទៀត។+ ផ្ទុយ​ទៅ​វិញ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត​ថា​នឹង​មិន​ដាក់​ឧបសគ្គ​ដែល​នាំ​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​ដែល​នាំ​ឲ្យ​វង្វេង​ចេញ​ពី​ជំនឿ​ឡើយ។+ ១៤  ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់​យេស៊ូ ខ្ញុំ​ដឹង​ហើយ​ក៏​ជឿ​ជាក់​ថា គ្មាន​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ+ ទាល់​តែ​មាន​អ្នក​ណា​ម្នាក់​ចាត់​ទុក​របស់​ណា​មួយ​ថា​មិន​ស្អាត​បរិសុទ្ធ ទើប​របស់​នោះ​មិន​ស្អាត​បរិសុទ្ធ​ចំពោះ​អ្នក​នោះ។ ១៥  ព្រោះ​ប្រសិន​បើ​បង​ប្អូន​របស់​អ្នក​ទើស​ចិត្ត​ដោយ​សារ​អាហារ​របស់​អ្នក នោះ​អ្នក​លែង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ហើយ។+ កុំ​បំផ្លាញ*បង​ប្អូន​ដោយ​អាហារ​របស់​អ្នក ព្រោះ​គ្រិស្ត​បាន​ស្លាប់​ដើម្បី​បង​ប្អូន​នោះ​រួច​ហើយ។+ ១៦  ដូច្នេះ កុំ​ឲ្យ​គេ​និយាយ​អាក្រក់​អំពី​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។ ១៧  ព្រោះ​រាជាណាចក្រ​របស់​ព្រះ​មិន​មែន​ទាក់​ទង​នឹង​ការ​បរិភោគ​និង​ការ​ផឹក​នោះ​ទេ+ តែ​ទាក់​ទង​នឹង​សេចក្ដី​សុចរិត សន្តិភាព និង​អំណរ​ដែល​មក​ពី​ឫទ្ធានុភាព​បរិសុទ្ធ​វិញ។ ១៨  ព្រោះ​អ្នក​ណា​ដែល​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​គ្រិស្ត​ក្នុង​រឿង​នេះ អ្នក​នោះ​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​ពី​មនុស្ស។ ១៩  ដូច្នេះ ចូរ​យើង​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្តិភាព+ និង​ធ្វើ​អ្វី​ដែលជួយ​គ្នា​ឲ្យ​រឹង​មាំ។+ ២០  ឈប់​បំផ្លាញ​ស្នា​ដៃ​របស់​ព្រះ​ព្រោះ​តែ​អាហារ។+ ពិត​មែន​តែ​អ្វី​ៗ​ទាំង​អស់​ស្អាត​បរិសុទ្ធ ប៉ុន្តែ​បើ​អ្នក​ណា​ម្នាក់​បរិភោគ ហើយ​បណ្ដាល​ឲ្យ​គេ​ជំពប់​ដួល នោះ​ជា​ការ​អាក្រក់​វិញ។+ ២១  ជា​ការ​ល្អ​បំផុត ប្រសិន​បើ​មិន​បរិភោគ​សាច់ ឬ​ផឹក​ស្រា ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​របស់​អ្នក​ជំពប់​ដួល។+ ២២  ជំនឿ​ដែល​អ្នក​មាន ចូរ​ទុក​ជា​រឿង​រវាង​អ្នក​និង​ព្រះ។ អ្នក​ណា​ដែល​មិន​ផ្ដន្ទា​ទោស​ខ្លួនចំពោះ​អ្វី​ដែល​ខ្លួន​សម្រេច​ចិត្ត​ធ្វើ អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ២៣  ប៉ុន្តែ បើអ្នក​នោះ​សង្ស័យ ហើយ​បរិភោគ នោះ​គាត់​មាន​ទោស​ហើយ ព្រោះ​គាត់​មិន​មែន​បរិភោគ​ដោយ​មាន​ជំនឿ​ទេ។ អ្វី​ៗ​ទាំង​អស់​ដែល​មិន​មក​ពី​ជំនឿ គឺ​ជា​ការ​ខុស​ឆ្គង។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កុំ​វិនិច្ឆ័យ​ទៅ​លើ​សំណួរ​ដែល​គាត់​មាន​ក្នុង​ចិត្ត​ឡើយ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
សំដៅ​លើ​ការ​បំផ្លាញ​ឬ​បង្ខូច​ជំនឿ​របស់​ពួក​គេ ឬ​បំផ្លាញ​លទ្ធភាព​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​អនាគត